26 C
Phnom Penh

រដ្ឋាភិបាល​​​ចេញ​​​សេចក្តី​​​ព្រមាន​​​ចុង​​​ក្រោយ​​​​​​ទាក់​​​ទិន​​​ការ​​​ប្រើ​​​ប្រាស់​​​គោរមងារ​​​ ‘សម្តេច​​​’

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ ក្រសួងព័ត៌មានបានចេញសេចក្តីព្រមានចុងក្រោយចំពោះប្រព័ន្ធផ្សព្វផ្សាយដែលមិនបានហៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីសម្រាំងកំពូលៗថា “សម្តេច” ខណៈមន្ត្រីក្រសួងម្នាក់បានលើកឡើងថា ការដែលមិនបានប្រើគោរមងារនេះអាចនាំឲ្យមានការបញ្ចប់អាជ្ញាប័ណ្ណ។

cam-photo-hun-sen-channa-KHMERអ្នកយកព័ត៌មានត្រូវបានណែនាំជាលើកដំបូងឲ្យចាប់ផ្តើមប្រើគោរមងារនេះដែលបកប្រែសឹងតែមានន័យថា “ឧត្តមបំផុត” កាលពីខែធ្នូ។ នៅក្នុងខែឧសភា ក្រសួងបានលើកឡើងថា ស្ថាប័នសារព័ត៌មានមានពេលរហូតដល់ថ្ងៃទី១ ខែកក្កដា ក្នុងការអនុវត្តតាមការណែនាំនេះ។

កាលពីម្សិលមិញ ក្រសួងបានបង្កើនវោហារសាស្ត្ររបស់ខ្លួននៅក្នុងសេចក្តីណែនាំដែលចុះហត្ថលេខាដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងដែលមានកម្មវត្ថុថា “សេចក្តីព្រមានចុងក្រោយចំពោះលោក លោកស្រី ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ ចាងហ្វាងសារព័ត៌មាន និងគេហទំព័រទាំងអស់ដែលមិនទាន់គោរពបានពេញលេញអំពីការប្រើប្រាស់គោរមងារសម្តេច”។

សេចក្តីណែនាំនេះមានខ្លឹមសារថា “ដើម្បី ថែរក្សាឲ្យបាននូវអត្តសញ្ញាណ និងវប្បធម៌ប្រពៃណីដ៏ល្អរបស់ជាតិ ក្រសួងព័ត៌មានតែងតែជ្រើសរើសយកការចេញសេចក្តីណែនាំ អប់រំអ្នកសារព័ត៌មាន អ្នកបំពេញការងារលើវិស័យសារព័ត៌មាន និងសោតទស្សន៍ នៅព្រះរាជាណាចក្រកម្ពុជាឲ្យចេះប្រើប្រាស់អំណាចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈផងគោរពច្បាប់ជាតិផង និងគោរពប្រពៃណី ជាតិផង”។

សេចក្តីណែនាំនេះមានខ្លឹមសារបន្តថា “ប៉ុន្តែ ដោយសារប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានមួយចំនួនតូចនៅតែសំដែងនូវភាពគគ្លើន អនុវត្តផ្ទុយពីការណែនាំរបស់ក្រសួង ព្រមទាំងធ្វើការអត្ថាធិប្បាយផ្ទុយពីគោលបំណងពិតប្រាកដ មានលក្ខណៈបំពុលបរិយាកាសសង្គម ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំជាតិ ក៏ដូចជាប្រពៃណី វប្បធម៌ជាតិផងនោះ  ក្រសួងព័ត៌មានសូមធ្វើការព្រមានជាលើកចុងក្រោយ បើអង្គភាពណានៅតែបំពានសេចក្តីជូនដំណឹងខាងលើក្រសួងព័ត៌មាននឹងចាត់វិធានការតាមភារកិច្ច និងសមត្ថកិច្ចដែលច្បាប់រាជរដ្ឋាភិបាលប្រគល់ជូន”។

លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាននេះបានលើកឡើងថា រដ្ឋាភិបាលអាចដកអាជ្ញាប័ណ្ណរបស់ប្រព័ន្ធផ្សព្វផ្សាយណាដែលនៅតែបន្តធ្វើព្រងើយកន្តើយចំពោះការណែនាំនេះ។

លោកបានមានប្រសាសន៍ថា “មិនបន្តអាជ្ញាប័ណ្ណ ស្នើនឹងការបិទ”។ លោកបានបន្ថែមថា ក្រសួងមានសិទ្ធិដកអាជ្ញាប័ណ្ណតាមឆន្ទានុសិទ្ធិរបស់ខ្លួន ប៉ុន្តែលោកបានបដិសេធមិនពន្យល់ពីមូលដ្ឋានផ្លូវច្បាប់សម្រាប់សកម្មភាពបែបនេះឡើយ។

ច្បាប់សារព័ត៌មានរួមមានមាត្រាស្តីអំពីការគោរពវប្បធម៌ប្រពៃណីខ្មែរ ប៉ុន្តែបទប្បញ្ញត្តិផ្សេងៗផ្តោតលើភាសាអសុរស និងខ្លឹមសារពាក់ព័ន្ធផ្លូវភេទ ហើយដាក់ការពិន័យលើអ្នកដែលល្មើស មិនមែនបិទចោលនោះទេ។

ការសែតចេញផ្សាយជាភាសាអង់គ្លេសចំនួន៣នៅកម្ពុជា រួមទាំងវិទ្យុអាស៊ីសេរី(RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក  (VOA) ដែលសុទ្ធតែទទួលបានការឧបត្ថម្ភពីសហរដ្ឋអាមេរិក នៅមិនទាន់អនុវត្តតាមការណែនាំនៅឡើយទេ បើគិតត្រឹមថ្ងៃម្សិលមិញ ។

ទោះជាយ៉ាងណា សេចក្តីណែនាំរបស់រដ្ឋាភិបាលឲ្យប្រើប្រាស់គោរមងារដ៏កម្រនេះដែលត្រូវបានផ្តល់ទៅឲ្យលោក ហ៊ុន សែន លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោក គង់សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងនោះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនអនវុត្តតាមរួចហើយ។

សំឡេងប្រជាធិបតេយ្យ(VOD) ជាគេហ ទំព័រព័ត៌មាន និងវិទ្យុ ដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានចាប់ផ្តើមហៅលោក ហ៊ុន សែន ដោយប្រើគោរមងារ “សម្តេច” ជាលើកដំបូងកាលពីថ្ងៃច័ន្ទ ។

លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនេះ បានមានប្រសាសន៍ថា “តាមពិតយើងបានពិភាក្សាអំពីបញ្ហានេះអស់មួយរយៈមកហើយ ចាប់តាំងពីមានសេចក្តីណែនាំពីក្រសួងមក ហើយយើងបានចាប់ផ្តើមប្រើប្រាស់គោរមងារជាលើកដំបូង នៅដើមអត្ថបទ”។

លោកបានមានប្រសាសន៍ថា “ហេតុដូច្នេះយើងចាប់ផ្តើម ដោយពាក្យ ‘សម្តេច’ ហើយបន្ទាប់មកយើងនិយាយយ៉ាងម៉េចក៏បានដែរ។ ពេលយើងពិចារណាចាប់ផ្តើមប្រើពាក្យនេះវាមិនប៉ះពាល់…ខ្លឹមសាររបស់យើងទេ វាមិនអីទេ។ យើងក៏មិនចង់ប្រឈមនឹងការតតាំងដែរ”៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស