មន្ត្រីតុលាការបានឲ្យដឹងថា សាលាដំបូងខេត្តមណ្ឌលគិរី នឹងសើុបអង្កេតលើបណ្តឹងដែលប្តឹងដោយអ្នកយកព័ត៌មានក្នុងមូលដ្ឋានម្នាក់កាលពីម្សិលមិញ ដែលបានចោទប្រកាន់មន្ត្រីនគរបាលពីរនាក់ថា បានគំរាមវាយដំគាត់ដោយសារគាត់បានថតរូបផ្តិតយកប្រតិបត្តិការឈើខុសច្បាប់របស់ពួកគេកាលពីចុងសប្តាហ៍។
លោក ឌឹម សឿន អ្នកយកព័ត៌មានឲ្យបណ្តាញព័ត៌មានអប្សរាបានលើកឡើងថា លោក សួស វ៉ូរ៉ា អធិការរងស្រុកកែវសីមា និងប្អូនប្រុសរបស់លោកឈ្មោះ សួស អង្គា ដែលជាមន្ត្រីនគរបាលការពារព្រំដែន បានចាប់គាត់ពេលថតផ្តិតយករូបភាពឈើកាប់ខុសច្បាប់មួយគំនរនៅក្នុងបរិវេណផ្ទះរបស់ពួកគេ ហើយពួកគេបានលុបរូបថតរបស់គាត់ចោល ដោយគំរាមវាយដំ និងបានឃាត់ខ្លួនគាត់អស់រយៈពេលជាង១ម៉ោង។
លោក ឌឹម សឿន បានមានប្រសាសន៍ថា លោកបានដាក់ពាក្យបណ្តឹងទៅលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរីកាលពីម្សិលមិញ បន្ទាប់ពីគាត់ត្រូវបានបដិសេធពីរលើកដោយព្រះរាជអាជ្ញារង ជា សុវណ្ណថេត។
លោកបាននិយាយថា ”ព្រះរាជអាជ្ញារូបនេះបានសន្យាថា គាត់នឹងស្វែងរកយុត្តិធម៌ឲ្យខ្ញុំ ហើយបំណងសំខាន់របស់ខ្ញុំគឺស្វែងរកយុត្តិធម៌ឲ្យខ្លួនឯង និងទប់ស្កាត់កុំឲ្យហេតុការណ៍បែបនេះកើតឡើងលើអ្នកកាសែតផ្សេងៗទៀតទៅថ្ងៃមុខ”។
លោក ឡុង ហុកម៉េង បានបញ្ជាក់អំពីការទទួលពាក្យបណ្តឹងនេះ ហើយបានសន្យា “បន្តសំណុំរឿងនេះ”។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ៕ស៊ុយឈាង