កាលពីម្សិលមិញ សាលាដំបូងខេត្តកំពតបានដោះលែងមន្ត្រីសហជីពបីនាក់ដោយមិនបានធ្វើការចោទប្រកាន់ឡើយបន្ទាប់ពីរោងចក្រកាត់ដេរ Cambo T.D.G. បានដកពាក្យបណ្តឹងប្តឹងអ្នកទាំងបីជាថ្នូរនឹងការបញ្ឈប់ការធ្វើកូដកម្មដែលមានរយៈពេលពីរសប្តាហ៍។
យោងតាមតំណាងបុគ្គលិកបានឱ្យដឹងថា ស្ទើរតែពាក់កណ្តាលក្នុងចំណោមកម្មករ៧០០នាក់របស់រោងចក្រដែលកាន់កាប់ដោយជនជាតិកូរ៉េខាងត្បូងនេះ បានធ្វើកូដកម្ម ដោយសារកម្មករ២១នាក់ត្រូវបានបណ្តេញចេញកាលពីថ្ងៃទី២៤ ខែមិថុនាចំពោះការព្យាយាមបង្កើតសហជីព។ មន្ត្រីសហជីពទាំងបីនាក់នេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារដែលតាមចោទថា បានបិទច្រកទ្វារមុខចូលរោងចក្រ និងព្យាយាមញុះញង់ឱ្យមានកូដកម្ម។
កាលពីម្សិលមិញ លោក មុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា លោកបានដោះលែងបុរសទាំងបីនាក់នេះគឺលោក យ៉ុន សំបូរ អាយុ៣៦ឆ្នាំ អគ្គលេខាធិការរងសហព័ន្ធសហជីពការងារកម្ពុជា លោក សុខ ស៊ីដែន អាយុ៣៦ឆ្នាំមកពីសហព័ន្ធសហជីពសេរីកម្ពុជា និងលោក មាស ទូច ក៏មកពីសហព័ន្ធសហជីពសេរីកម្ពុជាផងដែរ។
ដោយបង្វែរសំណួរបន្ថែមទៅលោក ខាន់ សុផល លោកបានមានប្រសាសន៍ថា “ពួកគេបានឈានដល់ការព្រមព្រៀងគ្នា ហើយក្រុមហ៊ុនបានដកពាក្យបណ្តឹង”។
លោក ខាន់ សុផល បានមានប្រសាសន៍ថា បុរសទាំងបីនាក់បានចុះហត្ថលេខាលើកិច្ចសន្យាដើម្បីទទួលបានការដោះលែង។ ប៉ុន្តែលោកបានលើកឡើងថា លោកមិនដឹងពីលក្ខខណ្ឌនៃកិច្ចសន្យានោះឡើយ ហើយបានបង្វែរសំណួរទៅលោក មុត ដារ៉ា វិញ។
លោក តូច សុធា ដែលជាប្រធានការិយាល័យដោះស្រាយវិវាទការងារខេត្តបានមានប្រសាសន៍ថា សេចក្តីសម្រេចបញ្ឈប់ការធ្វើកូដកម្មនេះបានជួយដល់ការព្រមព្រៀងគ្នា។ លោកបានថ្លែងថា “បញ្ហានេះត្រូវបានដោះស្រាយ ពីព្រោះកម្មករបានយល់ព្រមត្រឡប់ទៅធ្វើការវិញ ហើយមេដឹកនាំសហជីពទាំងនេះបញ្ឈប់ការធ្វើកូដកម្ម ពីព្រោះក្រុមហ៊ុនបានយល់ព្រមដកពាក្យបណ្តឹង។ កម្មករពីរនាក់ដែលត្រូវបានព្យួរការងារនោះ បានព្រមព្រៀងលាឈប់ ហើយក្រុមហ៊ុនកំពុងគិតប្រាក់អតីតភាពការងារឱ្យពួកគាត់”។
អ្នកទាំងពីរគឺជាអ្នកចុងក្រោយនៅក្នុងចំណោមកម្មករ២១នាក់ដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃទី២៤ ខែមិថុនា។ កម្មករ១៩នាក់ទៀតត្រូវបានទទួលយកមកធ្វើការងារវិញ។
លោក ដែន សំអាត ប្រធានសហព័ន្ធសហ ជីពការងារកម្ពុជាបានអះអាងថា សេចក្តីសម្រេចបញ្ឈប់ការធ្វើកូដកម្មនេះជាថ្នូរនឹងការដកពាក្យបណ្តឹងរបស់ក្រុមហ៊ុន។
លោក យ៉ុន សំបូរ មន្ត្រីម្នាក់ក្នុងចំណោមសហជីពដែលត្រូវបានចាប់ខ្លួនបានមានប្រសាសន៍ថា លោកត្រូវបានដោះលែងនៅម៉ោងប្រហែល៤និង៣០នាទីរសៀល។ លោកបានបដិសេធការអះអាងរបស់ក្រុមហ៊ុនដែលថា លោកបានញុះញង់កម្មករ៕ សារុន