27 C
Phnom Penh

ភាព​​​លេច​​​ធ្លោ​​​និង​​​បដិវត្តន៍​​​​​​​​​នៃ​​​​​​’នារី​​​សង្គ្រោះ​​​’ ធី សុវណ្ណថា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុងរយៈពេល៦ខែបន្ទាប់ពីការបោះឆ្នោតជាតិនាខែកក្កដា ឆ្នាំ២០១៣ សកម្មជនសង្គ្រោះជាតិវ័យជំទង់ ធី សុវណ្ណថា គឺប្រហែលជាតួអង្គនយោបាយដែលមិនជ្រើសតាំងនិងមានប្រជាប្រិយបំផុតនៅក្នុងប្រទេសកម្ពុជា ដោយក្លាយជាមុខមាត់របស់រូបសណ្ឋាននៃនយោបាយហ្វេសប៊ុកក្នុងប្រទេសនេះ។

រូបភាពនិងវីដេអូនៃសិស្សវិទ្យាល័យវ័យ១៨ឆ្នាំដ៏ទាក់ទាញនេះត្រូវបានបង្ហោះដោយគណបក្សប្រឆាំងទៅលើបណ្តាញសង្គមក្នុងអំឡុងពេលឃោសនាបោះឆ្នោតដែលបង្ហាញភាពប៉ិនប្រសប់អំពីផលប្រយោជន៍នៃការចូលរួមយុទ្ធនាការរបស់គណបក្សសង្គ្រោះជាតិ។

cam-photo-sovantha-channaការបង្ហោះមួយក្នុងខែមិថុនា ឆ្នាំ២០១៣ដោយអ្នកចាត់ចែងយុទ្ធនាការប្រចាំក្រុងភ្នំពេញរបស់បក្សសង្គ្រោះជាតិគឺ លោក លី សុវិជ្ជា ដែលនៅជិតរូបថតរបស់កញ្ញា សុវណ្ណថាដែលប្រមូលផ្តុំទង់ជាតិគណបក្សសង្គ្រោះជាតិតូចៗថា “គេដឹងថា នារីសង្គ្រោះជាតិវ័យក្មេងគឺស្អាត ហើយទន់ភ្លន់ នៅពេលដែលលោកអ្នកជួបពួកគេ”។

ក្នុងរយៈពេលប៉ុន្មានខែនៃបាតុកម្ម បន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាស កញ្ញា សុវណ្ណថាបានជួយដឹកនាំ ដោយអង្គុយលើដំបូលរថយន្ត ឡិចស៊ីស ស៊ូវរបស់នាង ពោលគឺស្រែកពាក្យរបស់គណបក្សប្រឆាំងថា “ហ៊ុន សែន អើយ ចុះចេញទៅ” ទន្ទឹមនឹងនោះក៏ប្រើទូរស័ព្ទស្មាតហ្វូនរបស់នាងថតព័ត៌មានសម្រាប់ទំព័រហ្វេសប៊ុក “I Love Cambodia Hot News II” ដែរ។

វីដេអូឃ្លីបបានជួយបំបែកភាពរឹតត្បិតដ៏តឹងរ៉ឹងរបស់គណបក្សប្រជាជនកម្ពុជាទៅលើបណ្តាញសារព័ត៌មាន ហើយក៏ជួយជំរុញគណបក្សសង្គ្រោះជាតិជិតនឹងទទួលបានជ័យជម្នះ ហើយប្រជាប្រិយភាពនិងភាពក្លាហានរបស់នាងបានធ្វើឲ្យនាងចូលកៀកនឹងមេដឹកនាំគណបក្សប្រឆាំងគឺលោក សម រង្ស៊ី និងលោក កឹម សុខាតនៅឯការតវ៉ាដែលបានកើតឡើងនោះ។

កញ្ញា សុវណ្ណថា បានស្រែកទៅកាន់ក្រុមអ្នកតវ៉ាក្នុងខែធ្នូ ឆ្នាំ២០១៣ថា “ហ៊ុន សែន អន់អើយអន់ជាងស្រីទៀត។ បបួលបោះឆ្នោតឡើងវិញ អត់ហ៊ាន។ គាត់ចេញតាមទូរទស្សន៍ហើយសួរ ‘តើខ្ញុំធ្វើអីខុស?’ ពូមីង សួរតាមត្រង់ អ្នកណាធ្វើឲ្យពូមីងឈឺចាប់?”

ហ្វូងមនុស្សបានឆ្លើយថា “ហ៊ុន សែន” ទន្ទឹមនោះកញ្ញា សុវណ្ណថាក៏ថតខ្លួនឯងសម្រាប់វីដេអូមួយទៀតដែរ។

បន្ទាប់មក មួយខែក្រោយពីរដ្ឋាភិបាលក្នុងខែមករា ឆ្នាំ២០១៤បានបង្ក្រាបហិង្សាលើការតវ៉ារបស់គណបក្សសង្គ្រោះជាតិទូទាំងក្រុងភ្នំពេញនោះ កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក សុខា បានចេញសេចក្តីថ្លែងការណ៍មួយបណ្តេញកញ្ញា សុវណ្ណថា ចេញពីបក្ស។

សេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី១ ខែកុម្ភៈសរសេរថា “គណបក្សសង្គ្រោះជាតិសូមបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា មិនជាប់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិទេ”។

លោក អេង ពន្លក ប្អូនប្រុសរបស់លោក អេង ឆៃអ៊ាង តំណាងរាស្ត្រជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាស្ថាបនិកទំព័រ “I Love Cambodia Hot News II” បាននិយាយប៉ុន្មានថ្ងៃក្រោយមកថា “ខ្ញុំព្រួយបារម្ភ។ ខ្ញុំសង្ស័យថា នាងជាគិញរបស់គណបក្សប្រជាជនកម្ពុជា”។

លោក ពន្លក បានពន្យល់ថា មានភ័ស្តុតាងដែលថា កញ្ញា សុវណ្ណថាជាចារនារីគណបក្សប្រជាជនកម្ពុជា ហើយក៏ជាដៃគូជាសម្ងាត់របស់សកម្មជនគណបក្សប្រជាជនកម្ពុជាលោក ផែ សុវណ្ណារិទ្ធ ដែលក្នុងអំឡុងពេលឃោសនាបោះឆ្នោតបានធ្វើជាគូបដិបក្សសំខាន់របស់នាងនៅលើហ្វេសប៊ុក ហើយក៏ការពារគណបក្សប្រជាជនយ៉ាងប្តូរផ្តាច់ដែរ។

លោក ពន្លក បាននិយាយថា “ខ្ញុំមិនដឹងទេក្នុងពេលអនាគតថា [គណបក្សប្រជាជនកម្ពុជា]នឹងធ្វើយ៉ាងម៉េចចំពោះប្រជាប្រិយភាពរបស់ សុវណ្ណថា ប៉ុន្តែ…មានសមាជិកគណបក្សសង្គ្រោះជាតិមួយចំនួនគឺព្រួយបារម្ភ”។ លោកបានពន្យល់ថា លោកព្រួយបារម្ភអំពីការនិយាយរិះគន់តាមអ៊ិនធើណិតរវាងកញ្ញា សុវណ្ណថា និងលោក សុវណ្ណារិទ្ធ។

សម្រាប់មនុស្សជាច្រើន ការបណ្តេញចេញជាសាធារណៈទៅលើសិស្សវិទ្យាល័យមានប្រជាប្រិយភាពនៃគណបក្សសង្គ្រោះជាតិ គឺដូចជាការលេងសើច ហើយចំណាប់អារម្មណ៍មិនមានប្រយោជន៍ចំពោះការឆ្លើយតបរបៀបចាស់ទុំរបស់នាងទេ ដោយទទួលយកការបណ្តេញចេញទាំងមិនត្អូញត្អែរ ហើយក៏និយាយថា នាងនៅតែគាំទ្រគណបក្សសង្គ្រោះជាតិ។

កញ្ញា សុវណ្ណថា បាននិយាយកាលពីខែតុលា ឆ្នាំ២០១៤ បន្ទាប់ពីការវាយប្រហារជាសាធារណៈកាន់តែច្រើនទៅលើផែនការដែលគេចោទថា ប្រឆាំងគណបក្សសង្គ្រោះជាតិថា “ខ្ញុំគិតថា កញ្ញា មនោវិទ្យា មិនគួរបារម្ភទេ”។

កញ្ញាបាននិយាយថា “អ្វីដែលគាត់និយាយគឺគ្មានភ័ស្តុតាងទេ។ វាមិនល្អសម្រាប់គណបក្សសង្គ្រោះជាតិ ឬសម្រាប់គាត់ទេ”។

វិធានការបែបនេះក៏មានឥទ្ធិពលតិចតួចក្នុងការកាត់បន្ថយប្រជាប្រិយភាពរបស់នាង ហើយនាងបន្តផលិតវីដេអូសម្រាប់អ្នកតាមដានទំព័រហ្វេសប៊ុកជិតកន្លះលាននាក់របស់នាង សូម្បីតែបើកបរទៅកាន់ក្រុងសៀមរាបក្នុងខែវិច្ឆិកា ដើម្បីគាំទ្រលោក រង្ស៊ី បន្ទាប់ពីលោកបាននិយាយថា លោកនឹងធ្វើដំណើរតាមយន្តហោះទៅទីនោះដើម្បីប្រឈមមុខនឹងការគំរាមចាប់ខ្លួនក៏ដោយ។

ប៉ុន្តែ រឿងនេះបានប្រែប្រួលក្នុងខែមីនា នៅពេលដែលមានខ្សែអាត់សំឡេងដែលត្រូវគេចោទថា ធ្វើឡើងរវាងលោក សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងស្រីស្នេហ៍របស់លោកត្រូវបានបែកធ្លាយនៅលើហ្វេសប៊ុក។ ក្នុងឃ្លិបមួយ បុរសម្នាក់អះអាងថា កញ្ញា សុវណ្ណថា កំពុងប្រើគណបក្សសង្គ្រោះជាតិ ដើម្បីបោកប្រាស់អ្នកគាំទ្រនៅសហរដ្ឋអាមេរិក។

ជាមួយនិស្សិតសាកលវិទ្យាល័យ ស្រី ចំរើន ដែលធ្វើយុទ្ធនាការបង្ខំឲ្យលោក សុខា ឆ្លើយតបនឹងការចោទប្រកាន់ថា លោកមានស្រីកំណាន់ ឬឲ្យលាលែងចេញពីតំណែងក្នុងគណបក្សសង្គ្រោះជាតិនោះ កញ្ញា សុវណ្ណថា ក៏បានចូលរួមយុទ្ធនាការនោះដែរ។

ចោទប្រកាន់លោក សុខា ថា ជួញដូរផ្លូវភេទ ចំពោះការនាំស្រីស្នេហ៍ទៅក្រុងបាងកក នាងក៏បានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីទារជំងឺចិត្ត១លានដុល្លារពីបទបរិហារកេរ្តិ៍ទាក់ទងនឹងការនិយាយផ្តោះផ្តងតាមទូរស័ព្ទ ហើយក៏អំពាវនាវឲ្យលោកអនុប្រធានបក្សរូបនេះចុះចេញពីតំណែងដែរ។

កញ្ញា សុវណ្ណថា បាននិយាយនៅក្នុងសន្និសីទកាសែតកាលពីខែឧសភា ដែលអង្គុយនៅក្បែរលោក ចំរើន ថា “បើបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ មានន័យថា គាំទ្រឲ្យមនុស្សថោកទាប ល្មោភកាម និងគំាទ្រអំពើសាហាយស្មន់”។

កញ្ញា សុវណ្ណថា បាននិយាយពីរបីថ្ងៃក្រោយមកថា “ប្រសិនបើ [លោក សុខា] ដឹកនាំប្រទេស ឬកាន់តំណែងខ្ពស់ ខ្ញុំគិតថា ប្រទេសជាតិនឹងពោរពេញទៅដោយអំពើអនាចារ។ ប្រសិនបើបក្សគ្មាន កឹម សុខា ក៏មិនរលាយដែរ”។

ទោះបីជាអ្នកគាំទ្រជាច្រើនបានបកស្រាយយុទ្ធនាការប្រឆាំងនឹងលោក សុខា ថាជាការវាយប្រហារដែលរៀបចំស៊ីសង្វាក់គ្នាបានយ៉ាងល្អិតល្អន់ដោយគណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏កញ្ញា សុវណ្ណថា បាននិយាយដោយទទូចថា នាងនៅតែគាំទ្រគណបក្សសង្គ្រោះជាតិ ហើយរិះគន់មេដឹកនាំរបស់ខ្លួនដោយសារតែព្រួយបារម្ភអំពីកិត្តិនាមរបស់គណបក្ស។

ទោះជាយ៉ាងនេះក្តី ការវាយប្រហារភ្លាមៗទៅលើលោក សុខា នាំឲ្យប្រជាប្រិយភាពរបស់នាងធ្លាក់ចុះយ៉ាងគំហុក។ ក្នុងខែឧសភា អតីតអ្នកគាំទ្ររបស់នាងបានធ្វើយុទ្ធនាការដ៏ធំមួយដើម្បីចុច “មិនចូលចិត្ត” លើទំព័រនាង ដែលភ្លាមនោះក៏ត្រូវបានផ្អាក ចំពេលដែលនាងបង្កើនការធ្វើវេទិកាសាធារណៈរបស់អង្គការក្រៅរដ្ឋាភិបាលរបស់នាងតាមខេត្តនានា។

នៅពេលកញ្ញា សុវណ្ណថា បានបើកទំព័រឡើងវិញកាលពីខែមុន ការបង្ហោះសារដែលធ្លាប់តែមានប្រជាប្រិយភាពរបស់នាងបានក្លាយទៅជាវេទិកាតាមអុីនធើណិតសម្រាប់អ្នកគាំទ្រចាស់ៗរបស់នាងក្នុងការប្រកួតប្រជែងប្រើប្រាស់ពាក្យពេចន៍អាសអាភាសបំផុតដើម្បីវាយប្រហារនាងទៅវិញ។

ទោះជាយ៉ាងនេះក្តី ដោយបានធ្វើឲ្យមានកំហឹងដល់បណ្តាញអ្នកគាំទ្រគណបក្សប្រឆាំងដ៏ច្រើនលើសលប់ពេលកន្លងមកនោះ កញ្ញា សុវណ្ណថា ក៏បានមានអ្នកគាំទ្រថ្មីមួយចំនួនដែរស្ថិតនៅផ្នែកម្ខាងនៃគម្លាតនយោបាយ។

ស្ទើរតែពីរឆ្នាំចាប់តាំងពីការអំពាវនាវរបស់នាងឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង សកម្មជនរូបនេះបានទទួលការអបអរក្នុងសុន្ទរកថាមួយកាលពីថ្ងៃសុក្រ ដោយលោកនាយករដ្ឋមន្ត្រីដែលបានសរសើរការងារការពារបរិស្ថានរបស់នាងនៅក្នុងតំបន់អារែ៉ង ខេត្តកោះកុង។

លោក ហ៊ុនសែន បានមានប្រសាសន៍ថា “កញ្ញា ធី សុវណ្ណថា ដែលជាអ្នកលេងហ្វេសប៊ុក គាត់ធ្លាប់ដឹកនាំក្រុម ធ្វើដំណើរទៅតំបន់អារ៉ែង អ៊ីចឹងអាហ្នឹងជាចលនាជួយការពារមួយ ដូច្នេះជំរុញលើកទឹកចិត្តឱ្យពួកគាត់បន្តទៅ”។

កញ្ញា សុវណ្ណថា បានឆ្លើយតបដោយសរសើរលោកនាយករដ្ឋមន្ត្រីជាសាធារណៈជាលើកដំបូង។

កញ្ញា សុវណ្ណថា បានសរសេរថា “នាងខ្ញុំ ធី សុវណ្ណថា សូមថ្លែងអំណរគុណ គោរពជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងសរសើរនាងខ្ញុំក្នុងការពារព្រៃឈើនៅតំបន់អារ៉ែង”។

កញ្ញាបានសរសេរទៀតថា “នាងខ្ញុំសូមគោរពជូនពរសម្តេចតេជោ និងក្រុមគ្រួសារ
មានសុខភាពល្អ និងទទួលបានជ័យជម្នះគ្រប់ឧបសគ្គ “។

លោក សុវិជ្ជា អ្នកចាត់ចែងយុទ្ធនាការគណបក្សសង្គ្រោះជាតិដែលបាននាំកញ្ញា ធី សុវណ្ណថា ឲ្យចូលបក្សក្នុងឆ្នាំ២០១៣ និងបម្រើការងារជាអគ្គលេខាធិការនៃគណៈកម្មាធិការអចិន្ត្រៃយ៍ បាននិយាយកាលពីថ្ងៃច័ន្ទថា ដំបូងលោកកត់សម្គាល់ឃើញភាពរឹងរូសរបស់សកម្មជនដែលមានប្រជាប្រិយភាពរូបនេះចំពោះគណបក្សសង្គ្រោះជាតិនៅដើមឆ្នាំ២០១៤។

cam-photo-sovantha2-willemyns-WEB-ONLYលោក សុវិជ្ជា បាននិយាយដោយសំដៅទៅលើគណបក្សប្រជាជនកម្ពុជាថា “នាងចាប់ផ្តើមផ្លាស់ប្តូរក្រោយពីនាងមានបញ្ហាជាមួយ កឹម មនោវិទ្យា ហើយក៏ចាប់ផ្តើមទាក់ទង ផែ សុវណ្ណរិទ្ធ។ ផែ សុវណ្ណរិទ្ធ…. ធ្វើការជាមួយ ជា ចំរើន ដែលជាអ្នកនយោបាយជាន់ខ្ពស់ក្នុងគណបក្សប្រជាជនកម្ពុជា”។

លោកបាននិយាយថា “គេបានបង្កើតក្រុមនេះ ដើម្បីធ្វើកិច្ចការខ្លះរួមគ្នាគឺ ជា ចំរើន ស្រី ចំរើន ផែ សុវណ្ណារិទ្ធ និងធី សុវណ្ណថា។ គេធ្វើយុទ្ធនាការរួមគ្នា ដើម្បីវាយប្រហារគណបក្សសង្គ្រោះជាតិ និងកឹម សុខា”។

លោក សុវិជ្ជា បានអះអាងថា លោក សុវណ្ណារិទ្ធ និងលោក ស្រី ចំរើន ដែលមានវ័យក្មេងជាងបានជួបគ្នានៅឯសាកលវិទ្យាល័យដែលឥឡូវនេះបានបិទទ្វារទៅហើយរបស់លោក ចំរើន ដែលមានវ័យចំណាស់ជាង មុននឹងការបោះឆ្នោតក្នុងឆ្នាំ២០១៣ ពោលគឺមុននឹងនាំកញ្ញា សុវណ្ណថា ចូលទៅក្នុងក្រុមពួកគេ នៅពេលដែលគណបក្សសង្គ្រោះជាតិបានបណ្តេញនាងចេញ។

នៅតែជិតស្និទ្ធនឹងកញ្ញា សុវណ្ណថា ក្នុងអំឡុងពេលនាងស្ថិតនៅក្នុងគណបក្សសង្គ្រោះជាតិ លោក សុវិជ្ជា បាននិយាយថា ការពន្យល់តែមួយរបស់លោកចំពោះការប្តូរបក្សរបស់នាង គឺការសន្យាថានាងកាន់តែមានឈ្មោះល្បីល្បាញនិងមានទ្រព្យធន។

លោកបាននិយាយថា “នាងចង់បានលុយនិងផលប្រយោជន៍ អ៊ីចឹងទើបនាងទៅគណបក្សប្រជាជនកម្ពុជា។ បញ្ហាដែលបានកើតឡើងជាមួយនាង និង កឹម មនោវិទ្យា គឺជារឿងតូចតាចទេ។ អ្នកអាចពិចារណា វាជាការដោះសាដើម្បីវាយប្រហារគណបក្សសង្គ្រោះជាតិ”។

កញ្ញា សុវណ្ណថា ជាយូរមកហើយត្រូវញាំញីដោយសំណួរទាក់ទងនឹងប្រភពនៃទ្រព្យធនរបស់នាង ដោយមានអ្នករិះគន់កត់សម្គាល់លើការផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុករបស់នាង និងរថយន្តឡិចស៊ីស ស៊ីវថ្មីសន្លាងមួយគ្រឿងរបស់នាង ប៉ុន្តែ នាងតែងតែថា ប្រាក់កាក់ទាំងនោះគឺបានមកពីជំនួញគ្រួសារនាង។

ទំនាក់ទំនងផ្លាស់ប្តូររបស់កញ្ញា សុវណ្ណថា គឺមិនមែនជាបញ្ហាដែលមជ្ឈដ្ឋានភាគច្រើនចង់ពិភាក្សាពេលនេះទេ ដោយកញ្ញា មនោវិទ្យា ជាអនុប្រធានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ គឺចាប់តាំងពីខែតុលា ឆ្នាំ២០១៤មក បានបដិសេធមិននិយាយជាចំហទាក់ទិននឹងសកម្មជននេះទេ។

លោក សុវណ្ណារិទ្ធ ដែលក៏បានជួយដឹកនាំយុទ្ធនាការប្រឆាំងលោក សុខា ដែរ មិនបានឆ្លើយតបនឹងការស្នើសុំធ្វើអត្ថាធិប្បាយទេ។ កញ្ញា សុវណ្ណថា បានបដិសេធមិនឲ្យសម្ភាសពីរដង ដោយចុចបិទទូរស័ព្ទដាក់អ្នកយកព័ត៌មានម្តង ហើយបន្ទាប់មកកំណត់ការសម្ភាសដែលមិនបានកើតមានទេ។

លោក ចំរើន ជានិស្សិតសាកលវិទ្យាល័យវ័យក្មេង ដែលជាអ្នកធ្វើយុទ្ធនាការដ៏លេចធ្លោបំផុតប្រឆាំងលោក សុខា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗកន្លងមកនេះ ក៏បដិសេធមិនឲ្យសម្ភាសដែរ។ ប៉ុន្តែ និស្សិតរូបនេះ មិនដែលបដិសេធថា ខ្លួនមិនមែនជាមិត្តភក្តិរបស់កញ្ញា សុវណ្ណថា ទេ គឺអ្នកទាំងពីរទាក់ទងគ្នាជាចំហនៅតាមទំព័រហ្វេសប៊ុករបស់គេចាប់តាំងពីដើមឆ្នាំ២០១៤។

លោក ចំរើន បាននិយាយក្នុងកិច្ចសម្ភាសកាលពីថ្ងៃទី២៥ ខែមីនាថា “ខ្ញុំស្គាល់នាងព្រោះយើងធ្លាប់ចូលរួមក្នុងសកម្មភាពសង្គមជាច្រើនជាមួយនាង។ ពេលណានាងចង់ទៅតំបន់ណាមួយ ឬចែកអំណោយពីមូលនិធិរបស់នាង ឬក៏ចុះទៅព្រំដែន យើងទៅជាមួយគ្នា”។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រ ដែលដំបូងឡើយជំទាស់នឹងការបណ្តេញកញ្ញា សុវណ្ណថា បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា លោកគ្មានយោបល់ទៅលើរឿងអ្វីដែលនាំឲ្យអតីតសកម្មជនលេចធ្លោរូបនេះងាកទៅរកគណបក្សប្រជាជនកម្ពុជានោះទេ។

លោកបានមានប្រសាសន៍ថា “ប្រវត្តិសាស្ត្រគឺជាប្រវត្តិសាស្ត្រ។ ទុកឲ្យពលរដ្ឋវិនិច្ឆ័យទៅចុះ គឺអ្នកអាចឃើញប្រតិកម្មនៅលើហ្វេសប៊ុករបស់នាងហើយ”៕

 

 

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស