យោងតាមលិខិតអនាមិកមួយដែលផ្សព្វផ្សាយដោយបណ្តាញព័ត៌មានដែលមានសម្ព័ន្ធជាមួយគណបក្សប្រជាជនកម្ពុជានិងគាំទ្រដោយអ្នកនាំពាក្យរដ្ឋាភិបាលឲ្យដឹងថា កាសែតបរទេសក្នុងប្រទេសកម្ពុជាជាម៉ាស៊ីនឃោសនារបស់បក្សប្រឆាំង ហើយនឹងប្រឈមផលវិបាកខាងផ្លូវច្បាប់ ប្រសិនបើគេបន្តរំខានស្ថិរភាពក្នុងប្រទេសកម្ពុជា។
លិខិត ដែលមានចំណងជើងថា “ចរិតបំផ្លាញខ្មែរឲ្យធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម ដោយសារជនបរទេស” ត្រូវបាន ផ្សព្វផ្សាយលើគេហទំព័រព័ត៌មាន Fresh News កាលពីព្រឹកថ្ងៃសុក្ររួមជាមួយនឹងរូបត្លុកឃោសនាណាស៊ី ដែលគេកាត់ត ដែលក្នុងរូបត្លុកនោះស្លាកសញ្ញាកាសែត ខេមបូឌា ដេលី កាសែតភ្នំពេញប៉ុស្តិ៍ និងអង្គការក្លូបល វីតណេស ត្រូវបានដាក់លើមុខនៃមេដឹកនាំសម្ព័ន្ធមិត្រសង្គ្រាមលោកលើកទី២ ដែលហៀបនឹងកាត់កស្ត្រីម្នាក់ដែលគេកំណត់ថា ជា”សន្តិភាព”។

លិខិតនោះបានបន្ទរការអះអាងដែលធ្វើឡើងដោយកូនៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាការឆ្លើយតបទៅនឹងសេចក្តីរាយការណ៍ថ្មីមួយដែលចេញដោយក្រុមប្រឆាំងអំពើពុករលួយមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ ហើយត្រូវបានរាយការណ៍ដោយកាសែត ខេមបូឌា ដេលី កាសែត ភ្នំពេញប៉ុស្តិ៍ និងអង្គភាពព័ត៌មានក្នុងស្រុក និងអន្តរជាតិរាប់សិបទៀតកាលពីថ្ងៃពុធ ។
របាយការណ៍ដែលដាក់ឈ្មោះថា “ការក្តោបក្តាប់យកវិនិយោគនៅកម្ពុជា” ភ្ជាប់ត្រកូលគ្រួសារនេះទៅនឹងក្រុមជំនួញដ៏ធំមួយមានដើមទុនរួមច្រើនជាង២០០លានដុល្លារ។
អង្គការក្លូបល វីតណេស បានអនុញ្ញាតឲ្យអង្គភាពព័ត៌មាននានាចូលមើលព័ត៌មានជាមុនក្រោមលក្ខខណ្ឌថា អង្គភាពព័ត៌មានទាំងនោះស្ថិតក្រោមបម្រាបរហូតដល់ថ្ងៃពុធ ដែលជាការអនុវត្តស្តង់ដារមួយក្នុងចំណោមទីភ្នាក់ងាររដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាល។
កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី ហ៊ុន ម៉ាណា កូនស្រីច្បងរបស់លោកនាយករដ្ឋមន្ត្រី បានចាត់ទុកថាជា “ការខិតខំបំផ្លិចបំផ្លាញ”របស់កាសែត ខេមបូឌា ដេលី កាសែត ភ្នំពេញប៉ុស្តិ៍ និងអង្គការក្លូបល វីតណេស ដោយបានចោទអង្គភាពទាំង៣ក្នុងការបង្ហោះហ្វេសប៊ុកមួយថា បានរួមគំនិតបង្ខូចកេរ្តិ៍ឈ្មោះឪពុករបស់លោកស្រីនៅពេលការបោះឆ្នោតជិតមកដល់។
ក្នុងការបង្ហោះរបស់ខ្លួនផ្ទាល់ លោក ហ៊ុន ម៉ានិត កូនប្រុសកណ្តាលរបស់លោកនាយករដ្ឋមន្ត្រី បាននិយាយថា សេចក្តីរាយការណ៍ និងអត្ថបទជាបន្តបន្ទាប់គឺ “ជាធម្មតា ពោរពេញដោយកំហុស និងព័ត៌មានមិនពិត” ហើយសរសេរដើម្បី “បង្អាប់ និងបង្ខូចកិត្តិយសគ្រួសារត្រកូលហ៊ុនដោយសារតែព័ត៌មានមិនពិត។
លិខិតអនាមិកផ្ញើជូននិពន្ធនាយកដែលផ្សព្វផ្សាយតាមអីុនធឺណិតដោយ Fresh News កាលពីថ្ងៃសុក្រមិនបាននិយាយដល់របាយការណ៍ក្លូបល វីតណេស ដោយផ្ទាល់ទេ ប៉ុន្តែ បានលើកឡើងជាថ្មី ដោយការចោទប្រកាន់លើកាសែតទាំងពីរនេះ និងបញ្ចេញប្រតិកម្មកាត់តែខ្លាំងថែមទៀត។
លិខិតនោះមានខ្លឹមសារថា “សារព័ត៌មាន ខេមបូឌា ដេលី និងភ្នំពេញប៉ុស្តិ៍ គឺជាសារព័ត៌មានបរទេសដែលតែងតែរិះរកគ្រប់វិធីពិសពុល និងកលល្បិចគ្រប់បែបយ៉ាង ដើម្បីបំផ្លាញសេចក្តីសុខរបស់សម្តេចតេជោ ហ៊ុន សែន “។
លិខិតមានខ្លឹមសារថា “ពួកបរទេសស្បែកសទាំងនេះមិនដែលធ្លាប់បានឆ្លងកាត់របបវាលពិឃាដខ្មែរក្រហមឡើយ ហើយពួកគេក៏មិនដឹងថា ខ្មែរយើងវេទនាខ្លោចផ្សាប៉ុណ្ណាទេនៅក្នុងភ្នក់ភ្លើងសង្គ្រាម ទម្រាំយើងបានរស់រាននិងរីកចម្រើនមកដល់ថ្ងៃនេះ។ កាសែត បរទេសទាំងនេះមានលក្ខណៈបែបឈ្លើយ សរសេរលម្អៀងគាំទ្របក្សប្រឆាំងដោយគ្មានធ្វើការសិក្សាស្រាវជ្រាវរកប្រភពពិតមុននឹងចុះផ្សាយ”។
លិខិតនោះបានបញ្ចប់ថា “កាសែតបរទេសទាំងពីរនេះត្រូវតែកែខ្លួនធ្វើការងារប្រកបដោយក្រមសីលធម៌ខ្ពស់ និងការទទួលខុសត្រូវច្បាស់លាស់ដែលមានប្រយោជន៍ពិតៗសម្រាប់កម្ពុជាទាំងមូល។ បើពុំនោះសោតទេ កម្ពុជាមិនមានជម្រើសអ្វីផ្សេងក្រៅពីចាត់វិធានការតាមច្បាប់ ហើយបញ្ជូនក្រុមអស់លោកចេញពីកម្្ពុជា”។
រូបត្លុកអមមកជាមួយ ដែលជារូបលេចឡើងដំបូងក្នុងការអធិប្បាយលើការបង្ហោះរបស់លោកស្រី ហ៊ុន ម៉ាណា កាលពីថ្ងៃព្រហស្បតិ៍នោះ ប្រើរូបឃោសនាណាស៊ី ដែលមានចំណងជើងថា “ក្នុងនាមមនុស្សជាតិ”។
រូបកំប្លែងដើមបង្ហាញអតីតប្រធានាធិបតីអាមេរិក លោក ហ្វ្រែងគ្លីន រ៉ូសវេល អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក វីនស្តុន ឈឺឈីល និងអតីតមេដឹកនាំផ្តាច់ការសូវៀត លោក ហ្សូសេប ស្តាលីន ហៀបនឹងកាត់កស្រីក្រមុំម្នាក់លើជ្រញ់សម្គាល់ដោយផ្កាយមានចុងស្រួច៦របស់ជ្វីហ្វ ។ អត្ថបទពីក្រោមរូបភាពលើកឡើងថា ពួកមេដឹកនាំសម្ព័ន្ធមិត្តសម្លាប់សន្តិភាព មិនមែនធ្វើតាមការអះអាងដែលថា ពួកគេតំណាងការសង្គ្រោះមនុស្សជាតិទេ។

ទាក់ទងកាលពីថ្ងៃសុក្រ លោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិព័ត៌មាន Fresh News បាននិយាយថាលិខិតនោះត្រូវបានដាក់ដោយអ្នកអានធម្មតាម្នាក់ហើយថាការចុះផ្សាយលិខិតអនាមិកជាការអនុវត្តស្តង់ដារតាមវេបសាយរបស់លោក។
ដោយបដិសេធថា Fresh News មិនមានការពាក់ព័ន្ធជាផ្លូវការណាមួយជាមួយបក្សកាន់អំណាចនោះ លោក លឹម ជាវុត្ថា បាននិយាយថា “នេះមិនមែនជាចេតនារិះគន់នរណាម្នាក់ទេវាគ្រាន់តែជាព័ត៌មានប៉ុណ្ណោះ”។
ជារឿយៗFresh News ជាអង្គភាពទី១ចុះផ្សាយឯកសាររដ្ឋាភិបាលផ្លូវការហើយជាញឹកញាប់ចុះផ្សាយដោយគ្មានការអត្ថាធិប្បាយទេ។ កាលពីខែឧសភា Fresh News បានបង្ហោះលិខិតមតិអនាមិកមួយដែលលើកឡើងថា ស្ថានទូតអាមេរិកបានប្រើអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដើម្បីបង្កបដិវត្តន៍។
កាលពីថ្ងៃសុក្រ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោក” មិនដឹង” ថា នរណាដាក់លិខិតនោះទេ ប៉ុន្តែ ថា ហេតុផលរបស់អ្នកនិពន្ធត្រឹមត្រូវ។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “លោកជាអ្នកឃោសនា”។ លោកបាននិយាយបន្ថែមថា កាសែត ដេលី និងភ្នំពេញប៉ុស្តិ៍ ជា”ផ្នែកមួយនៃក្រុមប្រឆាំងលោកនាយករដ្ឋមន្ត្រី”។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា កាសែតចាំបាច់ត្រូវពិនិត្យឲ្យប្រយ័ត្នប្រយែងថែមទៀតលើសុក្រឹតភាពនានាមុនពេលចុះផ្សាយ ប៉ុន្តែ លោកបានបដិសេធមិនបញ្ជាក់ប្រាប់អំពីភាពមិនត្រឹមត្រូវណាមួយក្នុងអត្ថបទទាក់ទិននឹងសេចក្តីរាយការណ៍របស់អង្គការក្លូបល វីតណេសទេ។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “ប្រសិនបើអ្នកគ្មានវិជ្ជាជីវៈ យើងនឹងចាត់វិធានការលើរឿងហ្នឹង”។ លោកបាននិយាយបន្ថែមថា លោកមានគម្រោងរៀបចំកិច្ចប្រជុំមួយជាមួយអង្គភាពព័ត៌មានក្នុងស្រុកដើម្បី ទប់ស្កាត់ស្ថានការណ៍មិនឲ្យរីកធំ ប៉ុន្តែ បានបដិសេធមិននិយាយថា នឹងពិភាក្សាអំពីរឿងអ្វីទេ។
លោកបានមានប្រសាសន៍ទាំងសើចថា “ខ្ញុំមិនចង់ឲ្យគេសម្លាប់អ្នកនាំសារណាម្នាក់ទេ សំឡាញ់”៕និត