33 C
Phnom Penh

លោក ហ៊ុន សែន ដកបទបញ្ជាឲ្យប្រើគោរមងារសម្តេច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មិនដល់២៤ម៉ោងផងបន្ទាប់ពីក្រសួងព័ត៌មានបានចេញការព្រមានចុងក្រោយដល់អង្គភាពសារព័ត៌មាននានា ដែលមិនព្រមប្រើគោរមងាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលមួយចំនួនថា “សម្តេច” នោះ លោកនាយករដ្ឋមន្ត្រីបានប្រកាសកាលពីថ្ងៃសុក្រថា លោកបានបដិសេធចោលសេចក្តីណែនាំនោះ។

ដំបូង អ្នកកាសែតត្រូវបានបញ្ជាឲ្យហៅលោក ហ៊ុន សែន តាមគោរមងារសម្តេចកាលពីខែធ្នូ។ សេចក្តីណែនាំ បន្ទាប់មកទៀត ដែលណែនាំអង្គភាពសារព័ត៌មាននានាឲ្យចាប់ផ្តើមប្រើប្រាស់គោរមងារចាប់ពីថ្ងៃទី១ ខែកក្កដា តទៅ គឺមិនទទួលបានការគោរពតាមទេ ហើយក្រសួងក៏បានចេញការព្រមានចុងក្រោយ កាលពីថ្ងៃព្រហស្បតិ៍ ដោយមានមន្ត្រីមួយរូបបាននិយាយថា បណ្តាញសារព័ត៌មានដែលរឹងរូសនឹងត្រូវដកអាជ្ញាបណ្ណ។

ប៉ុន្តែ ក្នុងពេលដែលមានការរិះគន់តាមអ៊ិនធឺណិតកាន់តែខ្លាំង លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុក កាលពីថ្ងៃសុក្រ ដោយប្រកាសថា គោរមងារមិនចាំបាច់ប្រើទេ។

លោកនាយករដ្ឋមន្ត្រីបានសរសេរសារមួយនៅលើទំព័ររបស់លោកថា “ចំពោះការប្រើប្រាស់ “គោរមងាររបស់ ប្រមុខដឹកនាំរាជរដ្ឋាភិបាល” គឺគ្មានការចាំបាច់តម្រូវឲ្យត្រូវតែសរសេរដាក់ឲ្យចំ “គោរមងារ” នោះទេ ប្រសិនបើ អ្នកសារព័ត៌មានមិនចង់ប្រើ។

លោកនាយករដ្ឋមន្ត្រីបានសរសេរបន្តថា “តែសូមសរសេរគោរពក្រមសីលធម៌ និងមានប្រភពព័ត៌មានច្បាស់ លាស់ចៀសវាងចែកចាយព័ត៌មានមិនពិត”។

ទាក់ទងតាមទូរស័ព្ទក្រោយមកកាលពីថ្ងៃសុក្រ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានមានប្រសាសន៍ថា លោក ហ៊ុន សែន គ្រាន់តែសម្រេចចិត្តបដិសេធចោលនូវសេចក្តីណែនាំរបស់ក្រសួងព័ត៌មានប៉ុណ្ណោះ។

អ្នកនាំពាក្យរូបនេះបាននិយាយថា “មែនហើយ លោកនាយករដ្ឋមន្ត្រីបានសម្រេចចិត្តថា លោកមិនគាំទ្រក្រសួង ទេ។ លោកនាយករដ្ឋមន្ត្រីជំទាស់រឿងហ្នឹង។ លោកបានមានប្រសាសន៍ថា លោកនឹងផ្តល់ជម្រើសដល់អ្នក កាសែត។ លោកបានបដិសេធចោលរឿងហ្នឹង”។

ទោះបីជាលោក ស៊ីផាន បាននិយាយថា សារាចរនោះគឺជាគំនិតដើមរបស់ក្រសួង ហើយមិនមែនជាគំនិតរបស់ លោកនាយករដ្ឋមន្ត្រីក៏ដោយ ក៏លោក អ៊ុក គីមសេង អនុរដ្ឋលេខាធិការក្រសួងបាននិយាយថា លោកមិនដឹងថា នរណាជាអ្នកស្នើឡើងដំបូងគេទេ។ លោកបាននិយាយថា “ខ្ញុំអត់ដឹងចេញពីណាទេ”។

ទាក់ទងសុំការអត្ថាធិប្បាយអំពីការប្រកាសរបស់លោក ហ៊ុន សែន នោះ លោក ខៀវ កាញារិទ្ធ បាននិយាយក្នុង សារថា វាគ្រាន់តែ”ការចេញរបស់ក្រសួងខ្ញុំប៉ុណ្ណោះ” ហើយក៏បដិសេធមិនរៀបរាប់ទេ។

លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាសារព័ត៌មានបាននិយាយថា ការសម្រេច ចិត្តលុបចោលសារាចរនោះ គឺទំនងជាធ្វើឡើង ដើម្បីឆ្លើយតបនឹងការរិះគន់តាមអ៊ិនធឺណិត។

លោកបាននិយាយថា “ខ្ញុំគិតថា វាប្រហែជាដោយសារតែអារម្មណ៍សាធារណជន ក៏ដូចជាសហគមន៍អ្នក កាសែតខ្លួនឯង ដែលមិនចង់ប្រើគោរមងារបែបនេះ”។

លោក ឈានណារិទ្ធ បានសរសើរកាសែតភាសាអង់គ្លេស៣ស្ថាប័នរបស់កម្ពុជា ក៏ដូចជាវិទ្យុវីអូអេ និងវិទ្យុអាស៊ី សេរី ដែលមិនព្រមលំទោនតាមក្រសួងព័ត៌មាន។

លោកបាននិយាយថា “ខ្ញុំគិតថា វាជាការធ្វើតេស្តសេរីភាពនៃសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ដោយ ឲ្យប្រព័ន្ធសារព័ត៌មានប្រើគោរមងារ។ សម្រាប់សារព័ត៌មានខ្លួនឯង គេធ្វើបានល្អ ព្រោះគេកំពុងជំរុញនូវកម្រិត នៃសេរីភាពរបស់គេ”។

លោកបាននិយាយបន្តថា “ខ្ញុំគិតថា វាក៏ដោយសារតែប្រព័ន្ធសារព័ត៌មានតំណាង នូវចំនួនច្រើននៃមតិ សាធារណជនទូទៅ អ៊ីចឹងការដាក់សម្ពាធលើប្រព័ន្ធសារព័ត៌មាន គឺដូចជាដាក់សម្ពាធលើសាធារណជន ដូច្នេះដែរ”៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស