29 C
Phnom Penh

លោក កែម ឡី ​អ្នក​វិភាគ​នយោ​​​​បាយ​​ដ៏​លេចធ្លោ​​ត្រូវ​​ខ្មាន់​កាំភ្លើង​​​​​​បាញ់​សម្លាប់​ក្នុង​រាជធានី​ភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កែម ឡី ដែលប្រហែលជាអ្នកវិភាគនយោបាយដ៏លេចធ្លោបំផុតនៅក្នុងប្រទេសកម្ពុជា និងជាអ្នករិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាញឹកញាប់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកម្សិលមិញនៅស្តាម៉ាតនៃស្ថានីយប្រេងឥន្ធនៈមួយកន្លែងដែលលោកតែងតែទៅពិសាកាហ្វេ និងជួបជុំជាមួយមិត្តភក្ដិស្ទើរតែរាល់ព្រឹក។

អង្គុយតែម្នាក់ឯងក្នុងស្តាម៉ាតនៃស្ថានីយប្រេងឥន្ធនៈកាល់តិច នៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង (ស្តុបបូកគោ)អ្នកវិភាគវ័យ៤៦ឆ្នាំរូបនេះត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ ដោយមួយគ្រាប់បាញ់ចំពីក្រោយត្រចៀកខាងឆ្វេង និងមួយគ្រាប់បាញ់ចំក្រោមដៃខាងឆ្វេង  នេះបើយោងតាមការលើកឡើងរបស់លោក នង សុវណ្ណារ័ត្ន វេជ្ជបណ្ឌិតប្រចាំនៅសាលាដំបូងរាជធានីភ្នំពេញ។

cam-photo-front

 

លោកមានប្រសាសន៍នៅម៉ោងប្រមាណ៣រសៀល បន្ទាប់ពីធ្វើកោសល្យវិច័យសាកសពនៅខាងក្នុងស្តាម៉ាតអស់រយៈពេលជាច្រើនម៉ោងថា “គាត់ត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំក្បាលពីក្រោយត្រចៀក និងមួយគ្រាប់ទៀតចំបោះដៃផុតធ្លាយមកទ្រូងខាងស្ដាំ”។

យោងតាមមន្ត្រីមានសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ការបាញ់ប្រហារនេះបានកើតឡើងក្រោយម៉ោង៨និង៣០នាទីព្រឹក។ បុគ្គលិកផ្នែកចាក់សាំងនិយាយថា ពួកគេគិតថា ស្នូរគ្រាប់កាំភ្លើងដែលបានផ្ដាច់ជីវិតលោក កែម ឡី គឺជាស្នូរទុស្សេខ្សែភ្លើង ដោយបុគ្គលិកម្នាក់ថែមទាំងបានរត់ទៅចុចកុងតាក់ប្រកាសអាសន្នដើម្បីបិទចរន្តអគ្គិសនីទៀតផង។

បុគ្គលិកផ្នែកចាក់សាំងម្នាក់ឈ្មោះ សំ ប្រសិទ្ធ អាយុ២៥ឆ្នាំ និយាយថា “ខ្ញុំបានឮស្នូរ ‘ផាំង!ផាំង!’ ហើយខ្ញុំគិតថា ផ្ទុះម៉ាស៊ីនកាហ្វេ ព្រោះព្រឹកនេះម៉ាស៊ីនកាហ្វេខូច។ បុគ្គលិកបានរត់ចេញមកក្រៅ ហើយស្រែកថា ‘គេបាញ់លោក កែម ឡី’។ គេទើបតែលើកកាហ្វេជូនគាត់រួច មិនទាន់ទាំងបានពិសាផង”។

និស្សិតវ័យ២៥ឆ្នាំម្នាក់ឈ្មោះ ឡេង ឧត្តម ដែលជាភ្ញៀវប្រចាំនៅស្តាម៉ាតខាងលើនេះនិយាយថា លោក កែម ឡី តែងតែទៅពិសាកាហ្វេនៅទីនោះស្ទើរតែរាល់ព្រឹកដើម្បីជួបជុំមិត្តភក្ដិពិភាក្សាគ្នារឿងនយោបាយ ហើយជាញឹកញាប់លោកត្រឡប់ទៅវិញនៅពេលរសៀល។

និស្សិតរូបនេះនិយាយទៀតថា “ពេលខ្លះគាត់ពិសាកាហ្វេម្នាក់ឯង ហើយអង្គុយលេងទូរស័ព្ទ និងអានកាសែត ហើយអ្នកនៅក្នុងម៉ាតដែលស្គាល់គាត់តែងតែមកនិយាយជាមួយគាត់។ គាត់ជាមនុស្សរួសរាយ”។

លោក កឹម រតនា ជាមន្ត្រីនគរបាលសង្កាត់ទន្លេបាសាក់ដែលបានដេញតាមចាប់ខ្លួនខ្មាន់កាំភ្លើងលើកឡើងថា ជនល្មើសត្រូវចាប់ខ្លួនបាននៅម៉ោងប្រហែល៩ព្រឹកក្បែរផ្សារទំនើបអុីអន ចម្ងាយប្រមាណ១,៥គីឡូម៉ែត្រពីស្ថានីយប្រេងឥន្ធនៈកើតហេតុ។

ក្រសួងមហាផ្ទៃបានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ថា ឃាតករជាជនជាតិខ្មែរ វ័យ៣៨ឆ្នាំ ដែលបានទៅធ្វើការក្នុងប្រទេសថៃជាញឹកញាប់។ សេចក្ដីថ្លែងការណ៍ដដែលលើកឡើងថា “បន្ទាប់ពីការចាប់ខ្លួន ឃាតករបានសារភាពថា វាឈ្មោះ ‘ជួប សម្លាប់’” ហើយថា ឃាតករគឺជាកម្មករចម្ការនៅក្នុងខេត្តស្រះកែវ ប្រទេសថៃ។

លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍ក្នុងសន្និសីទកាសែតនាពេលរសៀលថា ”ឈ្មោះនេះ យើងមិនជឿទេ។ តាំងពីណាពីណីមក មិនដែលមានអ្នកណាដាក់ឈ្មោះ ‘សម្លាប់’ ឲ្យកូនទេ”។

Relatives of Kem Ley, anti-government figure and the head of a grassroots advocacy group, "Khmer for Khmer" sit inside a gas station after he was shot dead in Phnom Penh July 10, 2016. REUTERS/Samrang Pring

លោកលើកឡើងទៀតថា ខ្មាន់កាំភ្លើងបានបាញ់លោក កែម ឡី ក្នុងចម្ងាយពីគ្នា “ប្រហែល២ជំហាន” ហើយពេលនេះជនល្មើសកំពុងជាប់ឃុំនៅស្នងការដ្ឋាន។ ការស៊ើបអង្កេតនឹងផ្ដោតលើចំណុចថា តើមានអ្នកបញ្ជានៅពីក្រោយឃាតកម្មនេះ ឬក៏អត់។

លោកគូសបញ្ជាក់ថា “ភ័ស្តុតាងដែលយើងដកហូតបានពីជនល្មើសបង្ហាញយ៉ាងច្បាស់ថា ជនល្មើសគឺជាឃាតករដែលបានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី”។

វីដេអូឃ្លីបរយៈពេល៣៥វិនាទីបង្ហាញពីការសារភាពរបស់ជនសង្ស័យដែលប្រឡាក់សុទ្ធតែឈាមលើផ្ទៃមុខផ្នែកខាងឆ្វេង និងដើមទ្រូង ត្រូវបានបង្ហោះលើគេហទំព័រហ្វ្រេស ញូស (Fresh News) នៅពេលរសៀល។ ជនេនះអះអាងថា ខ្លួនបានទិញកាំភ្លើងខ្លីមួយដើមខណៈនៅក្នុងប្រទេសថៃដើម្បីសម្លាប់លោក កែម ឡី រឿងជំពាក់លុយជាង១ឆ្នាំមិនព្រមសង។

នៅពេលសួរចម្លើយថា តើខ្លួនស្គាល់លោក កែម ឡី តាមវិធីណា ជននេះឆ្លើយថា “យើងធ្លាប់ស្គាល់ជួបគ្នា”។ ជននេះបាននិយាយអំពីប្រាក់៣.០០០ដុល្លារដែលខ្លួនអះអាងថាបានឲ្យទៅលោក កែម ឡី ខ្ចីថា “គាត់ខ្ចីយកជួយប្រជាជន”។

ទោះជាយ៉ាងណា ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ២.០០០នាក់ដែលបានចេញទៅប្រមូលផ្ដុំជុំវិញស្ថានីយប្រេងឥន្ធនៈកើតហេតុកាលពីម្សិលមិញ មានអ្នកខ្លះបានបន្ទោសលោក ហ៊ុន សែន ចំពោះឃាតកម្មនេះ ហើយអ្នកខ្លះទៀតស្រែកថា “ខ្ញុំមិនជឿទេ”។

លោក មឿន តុលា ដែលជាមិត្ដិជិតស្និទ្ធរបស់លោក កែម ឡី និងដែលរូបលោកផ្ទាល់ក៏ជាអ្នករិះគន់រដ្ឋាភិបាលមិនសំចៃមាត់ក្នុងឋានៈជាប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (Central) បានមានប្រសាសន៍នៅខាងក្រៅស្ថានីយប្រេងឥន្ធនៈកើតហេតុថា អ្នកដែលមានផែនការធ្វើឃាតលោក កែម ឡី ប្រាកដជាដឹងពីកន្លែងរកលោក។

លោកគូសបញ្ជាក់ថា “គាត់មកទីនេះរាល់ថ្ងៃដើម្បីពិសាកាហ្វេ និងជួបជុំគ្នា លើកលែងតែគាត់មានបេសកកម្មចុះទៅតាមខេត្ត” ហើយលោកបានច្រានចោលទស្សនៈដែលលើកឡើងថា មិត្ដរបស់លោកត្រូវបានបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃចែសដោយសារជំពាក់បំណុលគេមិនព្រមសង។

លោកមានប្រសាសន៍ទៀតថា ”វាគួរឱ្យអស់សំណើច រឿងនេះពាក់ព័ន្ធបញ្ហានយោបាយ។ គាត់ជាអ្នករិះគន់រដ្ឋាភិបាលមិនសំចៃមាត់។ ទើបតែពីរថ្ងៃមុន គាត់បានឡើងវេទិកាវិទ្យុអាស៊ីសេរី ដើម្បីនិយាយអំពីរបាយការណ៍របស់អង្គការក្លូបល វីតណេស”។

របាយការណ៍ដែលរៀបរាប់អំពីភាគហ៊ុនយ៉ាងច្រើនរបស់គ្រួសារលោកហ៊ុន សែន បានរងការរិះគន់យ៉ាងខ្លាំងពីគ្រួសារលោកនាយករដ្ឋមន្ត្រីកាលពីសប្តាហ៍មុន។លោក កែម ឡី បានលើកឡើងថា វាគឺជាស្ថានភាពដ៏អាក្រក់ ប៉ុន្តែ ថា លោក ហ៊ុន សែន មិនសូវជាព្រួយបារម្ភទេ។

cam-photo-kem-ley_jump-2_SOVANNARAលោកបានមានប្រសាសន៍តាមកម្មវិធីរបស់វិទ្យុអាស៊ីសេរីកាលពីថ្ងៃសុក្រថា “វាគឺជាជម្លោះផលប្រយោជន៍”។ លោកបានបន្ថែមថា របាយការណ៍នេះបង្ហាញពីរបៀបដែលគ្រួសាររបស់លោក ហ៊ុន សែន គ្រប់គ្រងទាំងស្រុងទាំងវិស័យឯកជន និងវិស័យសាធារណៈនៅក្នុងសង្គមកម្ពុជា។

លោកបានថ្លែងថា “ម្នាក់ជាអ្នកចុះហត្ថលេខា ម្នាក់ទៀតជាអ្នកអនុម័ត។ ប្រធានអង្គភាពប្រឆាំងពុករលួយបានរាយការណ៍ដោយផ្ទាល់ទៅលោកនាយករដ្ឋមន្ត្រី ហើយប្រសិនបើខ្លួនរកឃើញថា សែស្រឡាយនេះស្ថិតក្នុងស្ថានភាពនេះ១០០ភាគរយ ច្បាស់ជាមិនហ៊ានសើុបអង្កេតទេ”។

បើទោះជាមានអ្នកខ្លះនៅក្នុងចំណោមមនុស្សយ៉ាងច្រើនបានអះអាងថា ការធ្វើឃាតនេះ ជាប់ពាក់ព័ន្ធរឿងនយោបាយ ដូចគ្នានឹងករណីឃាតកម្មជាច្រើនក្នុងពេលកន្លងមកក៏ដោយ តែលោក ហ៊ុន  សែន  បានចេញមុខថ្កោលទោសភ្លាមៗចំពោះអំពើឃាតកម្មនេះនៅលើទំព័រហ្វេសប៊ុករបស់លោក។

ដោយអំពាវនាវឲ្យមានការសើុបអង្កេតឲ្យបានហ្មត់ចត់ លោក ហ៊ុន សែន បានសរសេរថា “ខ្ញុំសូមចូលរួមមរណទុក្ខចំពោះមរណភាពរបស់លោក កែម ឡី ដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារយ៉ាងឃោរឃៅដែល ខ្ញុំសូមថ្កោលទោសអំពើដ៏ព្រៃផ្សៃនេះ”។

ការខិតខំរបស់នគរបាលដើម្បីយកសពរបស់លោក កែម ឡី ចេញពីម៉ាតក្នុងស្ថានីយប្រេងឥន្ធនៈត្រូវបានរារាំងម្តងហើយម្តងទៀតដោយក្រុមប្រជាពលរដ្ឋ ដោយសារមានការព្រួយបារម្ភខ្លាចក្រែងនគរបាលព្យាយាមលាក់បាំងហេតុការណ៍ដោយការព្យាយាមបិទទ្វារម៉ាត ហើយបន្ទាប់មកប្រញាប់ប្រញាល់ដឹកសពចេញទៅ។

ពេលរថយន្តសង្គ្រោះបន្ទាន់ដែលមានរូបសញ្ញាកាកបាទក្រហមកម្ពុជា ជាអង្គការដែលភរិយារបស់លោក ហ៊ុន សែន ធ្វើជាប្រធានបានមកដល់ មនុស្សជាច្រើនក្នុងចំណោមប្រជាពលរដ្ឋយ៉ាងច្រើនកកកុញបានស្រែកថា “វាជាឡានឃាតករ” ហើយបានទាមទាររួមគ្នាសែងដង្ហែសពរបស់អ្នកវិភាគនយោបាយរូបនេះទៅវត្ត។

ទាំងរថយន្តសង្គ្រោះបន្ទាន់របស់កាកបាទក្រហមកម្ពុជា និងរថយន្តសង្គ្រោះបន្ទាន់ឯកជនដាច់ដោយឡែកមួយទៀតដែលត្រូវក្រុមប្រជាពលរដ្ឋគប់ដបទឹកសុទ្ធិដាក់ សុទ្ធតែត្រូវបានរារាំងមិនឲ្យដឹកសពលោក កែម ឡី ចេញ ដោយប្រជាពលរដ្ឋបានកើនឡើងប្រហែល៥.០០០នាក់នៅពេលរសៀល។

ពេលអាជ្ញាធរអនុញ្ញាតឲ្យលើកសព លោក កែម ឡី ដាក់ចូលក្នុងរថយន្តដែលលោកបានជិះមកម៉ាតនេះ ប្រជាពលរដ្ឋយ៉ាងច្រើនបានចាប់ផ្តើមរួមគ្នាយ៉ាងស្រុះដៃស្រុះជើង។ ដោយគ្របទង់ជាតិខ្មែរពីលើសពរបស់លោកត្រូវបានលើកដាក់ចូលបាំងខាងក្រោយនៃរថយន្តរបស់លោកនៅម៉ោងប្រហែល៣រសៀល ជាពេលចាប់ផ្តើមការដង្ហែសពរយៈពេលមួយម៉ោងតាមផ្លូវក្នុងរាជធានីភ្នំពេញទៅកាន់វត្តចាស់ ទីដែលសពរបស់លោកត្រូវបានលើកចុះពីរថយន្តហើយរោមជុំជិតដោយអ្នកកាន់ទុក្ខរហូតដល់ពេលល្ងាច។

លោក កែម ឡី បានស្លាប់ចោលប្រពន្ធមានផ្ទៃពោះ៥ខែ និងកូនប្រុសចំនួន៤នាក់។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោកបានហៅពួកគេទាំងសេចក្តីក្លាហានឲ្យចូលរួមស្លៀកពាក់ខ្មៅ រួចថតរូបរួមគ្នាដើម្បីបង្ហាញការគាំទ្រដល់យុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ”ទាមទារឲ្យដោះលែងសកម្មជនដែលជាប់ពន្ធនាគារ។

សពរបស់លោក កែម ឡី ត្រូវបានតម្កល់នៅវត្តចាស់ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីលោកត្រូវបានឃាតករបាញ់សម្លាប់នៅស្តាម៉ាត ស្ថានីយប្រេងឥន្ធនៈកាលពីព្រឹកម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
សពរបស់លោក កែម ឡី ត្រូវបានតម្កល់នៅវត្តចាស់ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីលោកត្រូវបានឃាតករបាញ់សម្លាប់នៅស្តាម៉ាត ស្ថានីយប្រេងឥន្ធនៈកាលពីព្រឹកម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក សួន ប៊ុនសាក់ អគ្គលេខាធិការគណៈកម្មាធិការប្រព្រឹត្តកម្មនៃអង្គការការពារសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា ការបាត់បង់លោក កែម ឡី គឺជាការបាត់បង់ដ៏ធំធេងដោយសារអ្នកអត្ថាធិប្បាយរូបេនះមាននាទីដ៏សំខាន់ក្នុងការពន្យល់រឿងរ៉ាវនៅពីក្រោយឧបាយកលទុច្ចរិតនៃនយោបាយនៅកម្ពុជាដែលជារឿយៗតែងតែធ្វើការអត្ថាធិប្បាយតាមវិទ្យុជួយធ្វើឲ្យបញ្ហាទាំងនេះបានជ្រួតជ្រាបដល់ប្រិយមិត្តអ្នកស្តាប់ទូទៅ។

លោកបានមានប្រសាសន៍ថា “វាគឺជាការបាត់បង់ធនធានមនុស្សនៅកម្ពុជា ព្រោះគាត់មានចំណេះដឹងនៅក្នុងការអត្ថាធិប្បាយអំពីដំណើរការទូទៅនៃនីតិរដ្ឋ ព្រមទាំងបញ្ហាសង្គមផ្សេងៗ”។

លោកបានបន្ថែមថា “យើងមិនងាយរកបានមនុស្សបែបនេះទេ…ដូច្នេះការបាត់បង់លោក កែម ឡី គឺជាការបាត់បង់ដ៏ធំធេង”។

លោក សួន ប៊ុនសាក់ បានលើកឡើងបន្ថែមថា លោកក៏ដូចលោក កែម ឡី ដែរ មិនខ្លាចការគំរាមជាយូរមកហើយក្នុងការតស៊ូមតិដើម្បីសិទ្ធិនៅកម្ពុជា ប៉ុន្តែ បាននិយាយបន្ទាប់ពីហេតុការណ៍ម្សិលមិញថា “ខ្ញុំសូមទទួលស្គាល់ថា ខ្ញុំមានការភ័យខ្លាច”។

លោក កែម ឡី មិនដែលខ្លាចក្នុងការរិះគន់ឥស្សរជននយោបាយទាំងសងខាងឡើយ ហើយតែងតែរងការរិះគន់ពីគណបក្សសង្គ្រោះជាតិ ដោយមានមន្ត្រីខ្លះលើកឡើងថា លោកកំពុងតែរៀបចំសម្រាប់ វិថីនយោបាយផ្ទាល់ខ្លួន តាមរយៈការរិះគន់គណបក្សនេះថា គ្មានជំហរប្រជាធិបតេយ្យពិតប្រាកដ។

ការមិនពេញចិត្តរបស់លោកចំពោះស្ថានភាពនយោបាយបែបនេះ បានធ្វើឲ្យអ្នកវិភាគរូបនេះដឹកនាំបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋានកាលពីឆ្នាំមុន ជាការខិតខំដើម្បីដាក់ឲ្យគណបក្សនេះស្ថិតក្រោមការគ្រប់គ្រងរបស់សមាជិកខ្លួន មុនពេលចាកចេញវិញ ហើយវិលត្រឡប់មកធ្វើអត្ថាធិប្បាយពាក់ព័ន្ធនយោបាយ និងធ្វើដំណើរទូទាំងប្រទេសដើម្បីចូលរួមកិច្ចប្រជុំ និងធ្វើបាឋកថា។

ក្នុងចំណោមអ្នកវិភាគ លោក កែម ឡី ក៏មានទស្សនៈសុទិដ្ឋិនិយមបំផុតដែរ សម្រាប់អនាគតកម្ពុជា ដោយជារឿយៗបានរិះគន់លាយឡំជាមួយនឹងសារក្តីសង្ឃឹមលើជំនឿចិត្តនយោបាយដែលកើនឡើងក្នុងចំណោមសាធារណជនក្នុងសម័យអីុនធឺណិត។

ពេលសួរអំពីផលប៉ះពាល់នៃការដាក់ពន្ធនាគារអ្នករិះគន់គណបក្សប្រឆាំងប្រហែល២០នាក់កាលពីឆ្នាំមុនអំឡុងកិច្ចសម្ភាសមួយកាលពីខែឧសភា លោកបានឆ្លើយថា “ប្រជាពលរដ្ឋមានការភ័យខ្លាច១០ឆ្នាំមកហើយ ប៉ុន្តែប្រហែល៣ឆ្នាំមកនេះ ពួកគាត់ស៊ាំហើយ”។

លោកបានបន្ថែមថា “សូម្បីតែខ្ញុំ ក៏កាន់តែមានទំនុកចិត្តដែរនៅក្នុងការនិយាយស្តី និងរិះគន់ក្នុងលក្ខណៈត្រឹមត្រូវ”៕  សុខុម និង ស៊ុយឈាង (រាយការណ៍បន្ថែមដោយ ឃួន ណារីម និង គីម ចាន់)

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស