សាលាដំបូងរាជធានីភ្នំពេញបានកោះ ហៅ មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុកមកធ្វើជាសាក្សីនៅក្នុងសំណុំរឿងរបស់សហសេវិកបួនរូបដែលត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទសូកប៉ាន់ស្ត្រីម្នាក់ឲ្យបដិសេធរឿងស្នេហាលួចលាក់ជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។
មន្ត្រីសមាគមអាដហុកបួនរូបត្រូវបានចាប់ខ្លួន និងចោទប្រកាន់កាលពីខែឧសភាជាមួយលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគឺជាករណីដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជាហេតុផលនយោបាយ។ សមាគមអាដហុកបានលើកឡើងថា ខ្លួនបានផ្ដល់ប្រាក់ពីរបីរយដុល្លារដល់ស្ត្រីរូបនេះដើម្បីជួយឧបត្ថម្ភនាង ខណៈដែលអង្គការសិទ្ធិមនុស្សកំពុងតំណាងឲ្យរូបនាង ហើយបដិសេធថា ប្រាក់នេះមិនមែនជាការសូកប៉ាន់ទេ។
កាលពីម្សិលមិញ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍ថា ដីកាកោះត្រូវបានបញ្ជូនទៅលោកស្រី អៀង គឹមលី អ្នកសម្របសម្រួលសមាគមអាដហុកក្នុងខេត្តព្រៃវែងកាលពីថ្ងៃសៅរ៍ ដោយស្នើសុំឲ្យលោកស្រីមកបង្ហាញខ្លួននៅតុលាការនៅថ្ងៃទី២៦ ខែកក្កដា ។
លោកបានមានប្រសាសន៍ថា លោកជាប់រវល់ខ្លាំងណាស់កាលពីម្សិលមិញមិនអាចផ្តល់ព័ត៌មានលម្អិតបានទេ។
ដោយសំដៅដល់ការបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយ លោកបានមានប្រសាសន៍ថា ”សូមរង់ចាំរហូតដល់ថ្ងៃស្អែកដើម្បីទទួលបានព័ត៌មានលម្អិតអំពីរឿងនេះពីព្រោះថ្ងៃ នេះយើងរវល់ខ្លាំងណាស់ជាមួយករណីឃាតកម្ម”។
កាលពីថ្ងៃសៅរ៍ គេហទំព័រព័ត៌មាន Fresh News បានដកស្រង់សម្តីលោក លី សុផាណា ដែលបានពន្យល់ថា លោកស្រី គឹមលី ត្រូវបានកោះហៅមកធ្វើសាក្សីនៅក្នុងសំណុំរឿងសហសេវិករបស់លោកស្រីដែលត្រូវបានចាប់ខ្លួន ហើយមានសាក្សីជាច្រើនទៀតទំនងជាត្រូវបានកោះហៅនៅពេលក្រោយ។
លោក ស្រី គឹមលី បានមានប្រសាសន៍កាលពីម្សិលមិញថា លោកស្រីបានឮព័ត៌មានអំពីដីកាកោះនេះ ប៉ុន្តែ មិនទាន់បានទទួលនៅឡើយទេ ប្រហែលជាដោយសារលោកស្រីនៅក្នុងខេត្តព្រៃវែងនៅឡើយ ហើយថា លោកស្រីមិនទាន់សម្រេចចិត្តថា តើត្រូវទៅកាន់តុលាការនៅ ពេលលោកស្រីទទួលបានដីកាកោះឬយ៉ាងណាឡើយ។
លោកស្រីបដិសេធមិនធ្វើអត្ថាធិប្បាយនៅពេលត្រូវបានសួរថា តើលោកស្រីជាប់ពាក់ព័ន្ធក្នុងការផ្តល់ប្រាក់ដល់ស្ត្រីម្នាក់ដែលគេអះអាងថា ជាស្រីកំណាន់ ឬយ៉ាងណាឡើយ។
លោក កឹម សុខា បាននិងកំពុងសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញចាប់តាំងពីថ្ងៃទី២៦ខែឧសភាមក នៅពេលនោះនគរបាលបានព្យាយាមចាប់ខ្លួនលោកតែមិនបានសម្រេចចំពោះការដែលលោកមិនអើពើនឹងដីកាកោះចំនួនពីរលើកដែលស្នើឲ្យរូបលោកទៅបង្ហាញខ្លួនក្នុងនាមជាសាក្សីពាក់ព័ន្ធករណីសញ្ចរកម្ម។
ទន្ទឹមនឹងនោះដែរ ក្រសួងយុត្តិធម៌កំពុងស្វះស្វែងឲ្យដកអភ័យឯកសិទ្ធិតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងពីរនាក់ដោយចោទថាបានជួយរកស្រីឲ្យលោក កឹម សុខា ។
ទោះយ៉ាងណា គណបក្សប្រជាជនកម្ពុជាខ្វះចំនួនសំឡេងឆ្នោតដើម្បីបន្ត ដោយមិនមានការគាំទ្រពីគណបក្សសង្គ្រោះជាតិ៕សារុន