30 C
Phnom Penh

លោក សម រង្ស៊ី៖ តុលាការ​បារាំង​​ច្រាន​ចោល​បណ្តឹង​បរិហារកេរ្តិ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការបារាំងបានច្រានចោលបណ្ដឹងបរិហារកេរ្តិ៍ដែលប្ដឹងដោយលោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេសប្រឆាំងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងជាសេចក្ដីសម្រេចថ្មីបំផុតនៅក្នុងការតស៊ូផ្លូវច្បាប់ដ៏អូសបន្លាយជាយូរមកហើយរវាងអ្នកទាំងពីរ។

cam-photo-rainsy-channa-800x533ដោយបច្ចុប្បន្ននេះ ស្ថិតក្នុងការនិរទេសខ្លួនដោយខ្លួនឯងដើម្បីគេចពីការផ្ដន្ទាទោសជាប់ពន្ធនាគាររយៈពីរឆ្នាំរបស់សាលាដំបូងរាជធានីភ្នំពេញជុំវិញករណីបរិហារកេរ្តិ៍ដែលប្តឹងដោយលោក ហោ ណាំហុង នៅប្រទេសកម្ពុជានោះ លោក សម រង្ស៊ី បានមានប្រសាសន៍ ថា សេចក្ដីសម្រេចថ្មីបំផុតនេះគឺជាភ័ស្តុតាងថា តុលាការកម្ពុជាជាឧបករណ៍នយោបាយ។

លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃសៅរ៍ថា “នៅចំពោះមុខតុលាការបារាំង ថ្ងៃនេះលោក ហោ ណាំហុង បានចាញ់បណ្ដឹងបរិហារកេរ្តិ៍របស់លោកម្ដងទៀត ដែលប្ដឹងលោក សម រង្ស៊ីដែលបានចោទប្រកាន់លោកថា ជាអ្នកសមគំនិតជាមួយខ្មែរក្រហមនៅមន្ទីរឃុំឃាំងបឹងត្របែកក្រោមរបប ប៉ុល ពត”។

លោកបានបន្ថែមថា ប៉ុន្តែដោយប្រើតុលាការអាយ៉ងរដ្ឋាភិបាលលោក ហ៊ុន សែន បន្តធ្វើទុក្ខបុកម្នេញលោក សម រង្ស៊ី ដែលត្រូវបានបណ្ដេញចេញពីរដ្ឋសភាកាលពីខែវិច្ឆិកាឆ្នាំនោះ ដោយផ្អែកលើបណ្ដឹងតុលាការដែលគ្មានមូលដ្ឋានរបស់លោក ហោ ណាំហុង”។

ប៉ុន្តែ លោក សម រង្ស៊ី បានពន្យល់នៅក្នុងអុីម៉េលថា មេធាវីរបស់លោកនៅក្នុងទីក្រុងបា៉រីសបានទាញទឡ្ហីករណ៍ដោយជោគជ័យក្នុងការឱ្យច្រានចោលរឿងក្ដីថា ជាមូលហេតុ បច្ចេកទេស។

លោក សម រង្ស៊ី បានលើកឡើងពីបណ្ដឹងរបស់លោក ហោ ណាំហុង ថា “វាធ្វើឲ្យមានការភាន់ច្រឡំ និងការយល់ខុស។ មេធាវីរបស់ខ្ញុំបានវាយប្រហារគាត់ទៅលើចំណុចនោះ ហើយបានឈ្នះក្ដីនេះ។ ជាលទ្ធផល បណ្ដឹងតាមប្រព័ន្ធតុលាការទាំងមូលរបស់លោក ហោ ណាំហុង ត្រូវបាន “ប្រកាសទុកជាមោឃៈ ឬគ្មានសុពលភាព”។

ពាក្យបណ្ដឹងរបស់លោក ហោ ណាំហុង ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី បានបដិសេធមិនសុំទោសចំពោះការអះអាងរបស់លោកដែលថា លោក ហោ ណាំហុង ជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋដែលបានប្រព្រឹត្តនៅមន្ទីរឃុំឃាំងរបស់ខ្មែរក្រហម។

លោក សម រង្ស៊ី បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីខែវិច្ឆិកាថា “លោក ហោ ណាំហុង ទេដែលគួរសុំទោសដល់វិញ្ញាណក្ខន្ធ និងក្រុមគ្រួសារជនរងគ្រោះដែលត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហមនៅមន្ទីរឃុំឃាំងបឹងត្របែក នៅចុងទសវត្សរ៍ឆ្នាំ១៩៧០ ពីព្រោះគាត់ បានចូលដៃជាមួយពួកខ្មែរក្រហម ហើយរាយការណ៍ប្រាប់អ្នកធ្វើទារុណកម្ម និងពេជ្ឈឃាត”។

ការផ្ដន្ទាទោសរូបលោកចំពោះបណ្ដឹងបរិហារកេរ្តិ៍ដំបូងត្រូវបានសម្រេចក្នុងឆ្នាំ២០១១ ហើយត្រូវបានមជ្ឈដ្ឋានទូទៅជឿថា ទទួលបានការលើកលែងទោសរួចទៅហើយ។ ប៉ុន្តែអំឡុងពេលមានភាពតានតឹងនយោបាយកើនឡើងកាលពីឆ្នាំមុន សាលាដំបូងរាជធានីភ្នំពេញ បានចាត់វិធានការតាមសំណើរបស់មេធាវីលោក ហោ ណាំហុង ក្នុងការអនុវត្តទោសជាប់ពន្ធនាគារនេះ ខណៈដែលលោក សម រង្ស៊ី ធ្វើដំណើរទៅក្រៅប្រទេស ហើយចាប់តាំងពីពេលនោះមកលោកស្ថិតនៅក្រៅប្រទេសនៅឡើយ។

សេចក្ដីសម្រេចរបស់តុលាការបារាំងកើតឡើងជាង៧ឆ្នាំមកហើយ បន្ទាប់ពីលោក ហោ ណាំហុង បានឈ្នះក្ដីនៅក្នុងតុលាការក្រុងបា៉រីស ជុំវិញការអះអាងស្ទើរតែដូចគ្នាបេះបិទ បើទោះជាសេចក្ដីសម្រេចប្រឆាំងលោក សម រង្ស៊ី ក្រោយមកត្រូវបានច្រានចោលដោយតុលាការជាន់ខ្ពស់បារាំងក៏ដោយ។

លោក ការ សាវុធ មេធាវីរបស់លោក ហោ ណាំហុង បានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនដឹងថាកូនក្ដីរបស់លោកធ្លាប់ចាញ់ក្ដីមេដឹកនាំគណបក្សប្រឆាំងរូបនេះឡើយ។

លោកបានមានប្រសាសន៍ថា “សាលក្រមទាំងអស់ដែលឯកឧត្ដម ហោ ណាំហុង ផ្ដល់ឲ្យខ្ញុំមិនបានបង្ហាញថា គាត់បានចាញ់ក្ដីឡើយ”។ លោកបានបន្ថែមថា ការអះអាងរបស់លោក សម រង្ស៊ី ផ្ទុយពីនេះគឺជា “រឿងរបស់គាត់”។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា លោកមិនចង់ធ្វើអត្ថាធិប្បាយអំពីសេចក្ដីសម្រេចរបស់តុលាការក្នុងទីក្រុងប៉ារីសទេ។

លោកបានមានប្រសាសន៍ថា”ប៉ុន្តែប្រព័ន្ធតុលាការរបស់ប្រទេសកម្ពុជាយើងបានធ្វើសេចក្ដីសម្រេចផ្អែកតាមអង្គហេតុ ច្បាប់ និងភ័ស្តុតាង”។ ចៅក្រមនៅក្នុងតុលាការក្រុងបារីសបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីរឿងក្ដីនេះទេ៕ សារុន (រាយការណ៍បន្ថែមដោយ Aisha Down)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស