33 C
Phnom Penh

សំឡេង​​ដ៏​កម្រ​​មួយ​ត្រូវ​បាន​បំបិទ​ ក្រោយ​ពី​​​លោក​​ កែម ឡី ​​​​ត្រូវ​​ឃាត​ករ​​​ដៃ​ឆៅបាញ់​សម្លាប់​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយមិននឹកស្មានដល់នៅក្នុងសម័យកាលមួយដែលមនុស្សជាច្រើនជឿថា ការញាំញីចាស់របស់អ្នករិះគន់រដ្ឋាភិបាលដែលត្រូវបានធ្វើឃាតលែងមានទៅហើយនោះ ស្រាប់តែកើតមានករណីឃាតកម្មលើលោក កែម ឡី បង្កការតក់ស្លុតទូទាំងប្រទេស ខណៈលោកអង្គុយពិសាកាហ្វេម្នាក់ឯងនៅក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យ។

cam-photo-kem-ley-un-yarat-WEB-ONLYមិនលើសពី ៣០ នាទីផងក្រោយឃាតករបាញ់សម្លាប់អ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពរូបនេះចំនួនពីរគ្រាប់ រូបភាពសាកសពរបស់លោកដែលដេកស្តូកស្តឹងក្នុងស្តាម៉ាតនៃស្ថានីយប្រេងឥន្ធនៈមួយកន្លែង បានធ្វើឱ្យគ្រប់និន្នាការនយោបាយសម្ដែងទុក្ខក្រៀមក្រំជាសាធារណៈ។

សម្រាប់មនុស្សជាច្រើន មានទុក្ខក្រៀមក្រំដោយសារតែបុរសវ័យ៤៦ឆ្នាំរូបនេះបានក្លាយជាសំឡេងពន្យល់ហេតុផលដ៏កម្រក្នុងកម្មវិធីវិទ្យុរបស់ពួកគេ ដែលត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញការមិនសប្បាយចិត្តកាន់តែខ្លាំងឡើងចំពោះប្រព័ន្ធនយោបាយមួយ ដែលមានអំពើហិង្សា អំពើពុករលួយ និងគ្មានការឆ្លើយតបដែលមានមនុស្សតិចតួចហ៊ានបញ្ចេញដោយសារខ្លាចមានផលវិបាក។

លោក សឺន ស៊ូបែរ្តិ៍ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញបានមានប្រសាសន៍ក្នុងថ្ងៃទី១ ខែពិធីបុណ្យសពរបស់លោក កែម ឡី ថា “គាត់ត្រូវគេស្គាល់តាមរយៈបទសម្ភាសន៍របស់គាត់តាមវិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក (VOA) ហើយគាត់បានរំឭកយើងពីអ្វីដែលកំពុងកើតឡើង នៃស្ថានភាពពិតប្រាកដ”។

លោកបានថ្លែងថា សមត្ថភាពរបស់លោក កែម ឡី ក្នុងការពន្យល់អំពីបញ្ហានយោបាយដែលមានលក្ខណៈស្មុគស្មាញដោយប្រើភាសាសាមញ្ញប្រចាំថ្ងៃ និងដោយមិនលម្អៀង បានធ្វើឱ្យសំឡេងរបស់លោកក្លាយជាកម្លាំងមួយដ៏មានឥទ្ធិពលក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខណៈគណបក្សប្រជាជនកម្ពុជា បានព្យាយាមទប់ស្កាត់ការប្រឆាំងដែលកាន់តែកើនឡើង។

លោកបានលើកឡើងទៀតថា “គាត់ចេះពីរបៀបពន្យល់បែបសាមញ្ញទៅដល់ប្រជាពលរដ្ឋអំពីស្ថានភាពនយោបាយ ហើយគាត់ចេះពីរបៀបធ្វើឱ្យមានតុល្យភាពដោយការសម្លឹងមើលភាគីទាំងពីរ។ នេះគឺជាឃាតកម្មនយោបាយ”។

លោក សំ អុិន ដែលជាមិត្តភក្តិយូរមកហើយរបស់លោក កែម ឡី និងជាអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលលោក កែម ឡី បានជួយបង្កើតឡើងកាលពីឆ្នាំមុនមានប្រសាសន៍ថា អ្នកវិភាគដែលបានសិក្សាដើម្បីក្លាយខ្លួនជាវេជ្ជបណ្ឌិតរូបនេះ មានប្រជាប្រិយភាពយ៉ាងខ្លាំងមួយអន្លើដោយសារតែលោកមានចិត្តចង់វិភាគរឿងគ្រប់យ៉ាង។

លោកមានប្រសាសន៍ថា “គាត់បានធ្វើការស្រាវជ្រាវតាមសំណើរបស់អង្គការក្រៅរដ្ឋាភិបាល ប៉ុន្តែក្នុងករណីខ្លះ គាត់ស្រាវជ្រាវដោយខ្លួនឯង។ បើគាត់ចាប់អារម្មណ៍លើអ្វីមួយហើយ គាត់នឹងចំណាយកម្លាំង ពេលវេលា និងធនធានរបស់គាត់ដើម្បីធ្វើវាដោយខ្លួនឯង។ នោះជាផ្នែកមួយនៃបុគ្គលិកលក្ខណៈរបស់គាត់ដែលបានធ្វើឱ្យគាត់ក្លាយជាបុគ្គលពិសេស។ ប៉ុន្តែផ្នែកសំខាន់បំផុតនៃមូលហេតុដែលគាត់មានប្រជាប្រិយភាពខ្លាំង គឺដោយសារគាត់មានជំនាញពូកែខាងទំនាក់ទំនងនៅតាមវិទ្យុ។ វិធីដែលគាត់បង្ហាញលទ្ធផលដែលគាត់រកឃើញបានទាក់ទាញអ្នកស្តាប់។ វាពិបាកនឹងពន្យល់ ប៉ុន្តែគាត់ជាមនុស្សម្នាក់ដែល ពេលគាត់និយាយ អ្នកស្តាប់”។

ចំណាប់អារម្មណ៍ដ៏ធំ និងសមត្ថភាពរបស់លោក កែម ឡី ក្នុងការប្រែក្លាយព្រឹត្តិការណ៍នយោបាយស្មុគស្មាញទៅជាសាច់រឿងដែលអាចយល់បាន បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោកល្បីល្បាញកាន់តែខ្លាំង បន្ទាប់ពីលោកបានចាប់ផ្តើមចេញមុខតាមវិទ្យុជាប្រចាំ ក្រោយការបោះឆ្នោតឆ្នាំ២០១៣ ដោយការអត្ថាធិប្បាយមួយចំនួនរបស់លោកថែមទាំងក្លាយជាចំណុចដ៏សំខាន់នៃព័ត៌មានទៀតផង។

អំឡុងបទសម្ភាសន៍មួយជាមួយគេហទំព័រ ថ្មីៗ កាលពីខែឧសភា ស្តីពីការចាប់ខ្លួនអ្នករិះគន់គណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់ លោកបាននិយាយកំប្លែងលេងថា ”បើអ្នកនយោបាយ ឬគណបក្សខ្លាចការរិះគន់ ទៅធ្វើជាអ្នកដាំដំឡូងវិញទៅប្រសើរជាង”។ ការលើកឡើងនេះបានក្លាយជាចំណងជើងមួយរួចទៅហើយសម្រាប់អត្ថបទមួយដែលទទួលបានការគាំទ្រយ៉ាងខ្លាំង។

ទោះជាយ៉ាងណា អ្នកវិភាគរូបនេះមានអ្វីលើសពីការកំប្លែងនៅក្នុងរឿងរបស់លោក។ ការពន្យល់ដ៏ល្អិតល្អន់របស់លោកអំពីឧបាយទុច្ចរិតរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង បានធ្វើឱ្យអង្គភាពសារព័ត៌មានឯករាជ្យជាច្រើនយកទស្សនៈពេញលេញរបស់លោកទៅចុះផ្សាយព័ត៌មានរបស់ពួកគេ។

លោក ស៊ុន ណារិន អ្នកគ្រប់គ្រង VOD តាមបណ្តាញអុីនធើណិតដែលជាគេហទំព័រ និងជាកម្មវិធីវិទ្យុដ៏មានប្រជាប្រិយភាព បានមានប្រសាសន៍ថា លោក កែម ឡី ទំនេរជានិច្ចសម្រាប់ការធ្វើអត្ថាធិប្បាយតាមទូរស័ព្ទ ហើយចង់ផ្តល់ទស្សនៈយល់ឃើញរបស់លោកលើបញ្ហានានាប្រចាំថ្ងៃ។

លោកបានមានប្រសាសន៍ថា “អ្នកវិភាគនយោបាយមានតែមួយចំនួនតូចប៉ុណ្ណោះហើយគាត់ហ៊ាននិយាយការពិតជាងអ្នកវិភាគផ្សេងៗទៀត ដែលមិនហ៊ាននិយាយអ្វីៗចេញ ពីក្រអៅបេះដូងរបស់ខ្លួន។ ខ្ញុំគិតថា ប្រជាពលរដ្ឋជឿជាក់លើអ្វីដែលគាត់បានលើកឡើង”។

លោក ស៊ុន ណារិន បានថ្លែងបន្ថែមថា”វាគឺជាការបាត់បង់ដ៏ធំធេងសម្រាប់វិជ្ជាជីវៈសារព័ត៌មាន និងប្រទេសជាតិ។ គាត់បើកចំហណាស់ ហើយការអត្ថាធិប្បាយរបស់គាត់តែងតែមានលក្ខណៈវិទ្យាសាស្ត្រ។ គាត់តែងតែលើកឧទាហរណ៍ជាក់ស្តែងចេញពីការសិក្សាស្រាវជ្រាវ និងការអង្កេតតាមដានរបស់គាត់”។

តាមពិតទៅ លោក កែម ឡី ចូលចិត្តបង្កើត គំនិតប្រកបដោយគុណភាពមិនថា ខ្លី ឬវែងទេ “ដោយផ្អែកលើការអង្កេតតាមដាន” ហើយតែងតែធ្វើដំណើរទៅភូមិនានានៅទូទាំងប្រទេសដើម្បីពិភាក្សា ឬធ្វើបាឋកថា តាមការស្នើ។

លោកបានលើកឡើងថា លោកនឹងទៅភូមិណាដែលអញ្ជើញលោក បើភូមិនោះមានការមូលមតិគ្នាចាប់ពី៨០នាក់ ហើយនឹងលើកកម្ពស់គំនិតដែលពលរដ្ឋអាចគ្រប់គ្រងឃុំរបស់ខ្លួនបាន តាមរយៈការកាត់បន្ថយការទទួលទានកាហ្វេ។

លោក កែម ឡី បានលើកឡើងអំឡុងកិច្ចពិភាក្សាមួយបែបនេះនៅក្នុងក្រុងបាត់ដំបងកាលពីខែធ្នូ២០១៤ថា “ប្រសិនបើបងប្អូនមានគ្នា៨០នាក់ បងប្អូនគួរតែងាកមកទទួលទានកាហ្វេត្រឹមតែ១កែវបានហើយក្នុងមួយថ្ងៃ ប្រសិនបើបងប្អូនចង់ធ្វើនយោបាយនៅក្នុងឃុំរបស់បងប្អូន”។

លោកបានបន្ថែមថា “បន្ទាប់មកបើបងប្អូនចូលរួមចំណែកបរិច្ចាគប្រហែល១ដុល្លារក្នុងម្នាក់ៗ អ៊ីចឹងបងប្អូននឹងមានប្រាក់៨០ដុល្លារដែលគ្រប់គ្រាន់សម្រាប់បើកគណបក្សនយោបាយមួយបាន”។

ជាបុរសដាក់ខ្លួនដែលចូលចិត្តស្លៀកឈុតកីឡា លោកបានទៅដល់កន្លែងបើកកិច្ចពិភាក្សានោះក្នុងឈុតខោកីឡា ហើយពាក់ស្បែកជើងកីឡាពណ៌ក្រហម ម៉ាក Nike Air Force One  រួចបានចំណាយពេល៤ម៉ោងដឹកនាំការពិភាក្សាស្តីអំពីនយោបាយថ្នាក់មូលដ្ឋាន មុនពេលចាកចេញជាមួយសហសេវិកទៅចូលរួមកិច្ចប្រជុំមួយទៀត។

លោក សំ អិុន ដែលបានចូលរួមកិច្ចប្រជុំបែបនេះជាច្រើននោះ បានលើកឡើងថា ចិត្តដ៏មោះមុតរបស់លោក កែម ឡី ក្នុងការនិយាយទៅកាន់ប្រជាពលរដ្ឋអំពីបញ្ហានយោបាយគឺជាកត្តាដែលធ្វើឲ្យលោកអាចឈានជើងចូលទៅកាន់កម្មវិធីមួយចំនួនដូចជាកម្មវិធីរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក(VOA) និងកម្មវិធីរបស់វិទ្យុអាស៊ីសេរី (RFA) ព្រមទាំងកាសែតចេញផ្សាយជាភាសាអង់គ្លេសជាដើម ដោយមានការវិភាគស៊ីជម្រៅជាងអ្នកវិភាគជាច្រើនផ្សេងទៀត។

លោកបាននិយាយថា “គាត់ចង់ដឹងអំពីបញ្ហានិងបញ្ហាប្រឈមពិតប្រាកដដែលប្រជាពលរដ្ឋកំពុងប្រឈមជាក់ស្តែង ហើយថា នោះហើយគឺជាមូលហេតុដែលជំរុញឲ្យលោកចុះទៅតាមមូលដ្ឋានស្តាប់ប្រជាពលរដ្ឋលើកឡើងពីបញ្ហាផ្ទាល់ខ្លួន ហើយបន្ទាប់មកប្រើប្រាស់បញ្ហាទាំងនោះជាប្រភពសម្រាប់ ការវិភាគរបស់គាត់”។

លោកបានថ្លែងបន្ថែមថា “ពេលបងប្អូនជួបគាត់ គាត់ដាក់ខ្លួនណាស់ សុភាពរាបសាហើយថែមទាំងរាក់ទាក់ទៀតផង។ គាត់ចាក់ចំបេះដូងរបស់ប្រជាពលរដ្ឋ។ អ្វីដែលខ្ញុំចូលចិត្តគាត់បំផុតនោះគឺត្រង់ថា គាត់ចូលចិត្តរិះគន់រដ្ឋាភិបាល ឬគណបក្សប្រឆាំង ប៉ុន្តែក្នុងន័យកែលម្អ”។

លោកបានបន្ថែមទៀតថា “ជាអកុសល ខ្ញុំគិតថា ការរិះគន់ភាគច្រើនរបស់គាត់ក្នុងន័យកែលម្អ រដ្ឋាភិបាល តែងតែត្រូវបានច្រានចោល ព្រោះវាហាក់បីដូចជាធ្វើពួកគេឈឺចាប់ ប៉ុន្តែ គាត់មិនដែលមានបំណងបែបនោះទេ”។

ទោះជាយ៉ាងណា ការតស៊ូមតិសម្រាប់នយោបាយថ្នាក់មូលដ្ឋានរបស់អ្នកវិភាគរូបនេះក៏បង្កប់នូវសកម្មភាពតវា៉ាដែរ ហើយថា លោកមិនដែលខ្លាចឡើយនៅក្នុងការតស៊ូមតិសម្រាប់បុព្វហេតុដែលលោកជឿថា មានតម្លៃ ក្នុងនោះរួមមានដូចជាការតស៊ូប្រឆាំងនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងឆាយអារ៉ែងនៅក្នុងខេត្តកោះកុងជាដើម។

ទំនប់វារីអគ្គិសនីនេះនឹងធ្វើឲ្យតំបន់ទំហំ៩.៥០០ហិកតានៅក្នុងតំបន់ស្ទឹងឆាយអារ៉ែងលិចលង់ ដោយអាចបង្ខំឲ្យអ្នកភូមិប្រមាណ១.៣០០នាក់នៅក្នុងតំបន់នេះចាកចេញពីផ្ទះសំបែងរបស់ខ្លួន ព្រមទាំងអាចធ្វើឲ្យជម្រកពូជសត្វដែលជិតផុតពូជជាច្រើនលិចលង់ផងដែរ។

លោក អាឡិច ហ្គនហ្សាឡេស ដេវីដសុន ប្រធានអង្គការមាតាធម្មជាតិដែលបានដឹកនាំយុទ្ធនាការជាច្រើនប្រឆាំងនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះ បានលើកឡើងថា ការហ៊ាននិយាយស្តីរបស់លោក កែម ឡី សម្រាប់បុព្វហេតុនេះគឺមានអត្ថប្រយោជន៍ដល់ការខិតខំប្រឹងប្រែងរបស់លោក។

លោក អាឡិច បានលើកឡើងថា “មានរឿងមួយចំនួនដែលធ្វើឲ្យលោក កែម ឡី ល្បីក្នុងចំណោមប្រជាពលរដ្ឋ នោះគឺការជំរុញលើកទឹកចិត្ត និងលក្ខណសម្បត្តិដ៏ទាក់ទាញរបស់គាត់។ ដោយសារតែមានអ្វីៗដូចខាងលើនេះហើយ ទើបគាត់ពូកែខាងរៀបរាប់បញ្ជាក់ថា តើអ្វីដែលពិត និងអ្វីដែលមិនពិត ដោយប្រើប្រាស់ភាសាដែលងាយយល់ និងងាយចងចាំសម្រាប់ពលរដ្ឋទូទាំងប្រទេសដោយគ្មានការភ័យខ្លាចបន្តិចណាសោះឡើយ”។

លោកបានលើកឡើងទៀតថា ការសម្លាប់ ឥស្សរជនដ៏ល្បី និងគួរឲ្យគោរពរូបនេះ គឺជា “ការសម្លាប់ថ្មីមួយដែលត្រូវបានបង្កើតឡើង”។

ប៉ុន្តែ អ្វីដែលធ្វើឲ្យគេចងចាំលោក កែម ឡី មិនភ្លេចនោះ គឺការអត្ថាធិប្បាយយ៉ាងស៊ីជម្រៅរបស់លោក ដែលត្រូវបានផ្សព្វផ្សាយតាមវិទ្យុឯករាជ្យមួយចំនួននៅកម្ពុជា។អំឡុងពិធីកាន់ទុក្ខនៅវត្តចាស់ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ អ្នកកាន់ទុក្ខបន្តធ្វើដំណើរទៅកាន់ទីនោះ ដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក ដែលនៅសល់តែប្រពន្ធមានផ្ទៃពោះម្នាក់ និងកូនប្រុសបួននាក់នោះ។

លោក សៀ សុខហេង កសិករអាយុ៥២ឆ្នាំម្នាក់មកពីខេត្តកំពង់ចាមដែលបានធ្វើដំណើរមកដើម្បីចូលរួមរំលែកទុក្ខ និងគោរពដល់បុគ្គលដែលលោកលើកឡើងថា បានណែនាំយ៉ាងច្រើនអំពីផ្នត់គំនិតនយោបាយនោះ បាននិយាយថា “គាត់គឺជាវីរបុរសរបស់ខ្ញុំ ក៏ដូចជាវីរបុរសរបស់ប្រជាពលរដ្ឋផ្សេងៗដែរ”។

កសិកររូបនេះបានបន្ថែមថា “គាត់មិនដែលលម្អៀងទៅលើអ្នកនេះ ឬអ្នកនោះឡើយ។ គាត់និយាយតែការពិត…ហើយការពន្យល់ និងការវិភាគរបស់គាត់មានភាពច្បាស់លាស់ណាស់។ តាមការយល់ឃើញរបស់ខ្ញុំ គ្មាននរណាដូចគាត់ទេនៅក្នុងប្រទេស កម្ពុជា”៕សុខុម និង ស៊ុយឈាង (រាយការណ៍បន្ថែមដោយ ឃួន ណារីម)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស