27 C
Phnom Penh

នគរបាល​នៅ​ស្ងៀម​ស្ងាត់​​​ចំពោះ​​​​ការ​ស៊ើប​អង្កេត​ករណី​ធ្វើឃាត​លោក​ កែម​ ឡី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាននិយាយថា បុរសម្នាក់ដែលគេសង្ស័យថា ជាអ្នកសម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយដ៏ឆ្នើមមួយរូបកាលពីថ្ងៃអាទិត្យនោះ ធ្លាប់បួសជាសង្ឃនៅវត្តមួយក្នុងខេត្តសៀមរាបរហូតដល់ឆ្នាំមុន ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វះស្វែងបង្វែរការសង្ស័យរបស់សាធារណជនដែលថា ការសម្លាប់នេះជាហេតុផលនយោបាយ។

លោក កែម ឡី អាយុ៤៦ឆ្នាំ ជាអ្នកធ្វើអត្ថាធិប្បាយដ៏ល្បីឈ្មោះមួយរូប និងជាអ្នករិះគន់រដ្ឋាភិបាលជារឿយៗនោះ ត្រូវបានបាញ់សម្លាប់ខណៈលោកកំពុងពិសាកាហ្វេនៅស្តាម៉ាតមួយកន្លែងកណ្ដាលរាជធានីភ្នំពេញ បន្ទាប់ពីម៉ោង៨និង៣០នាទីព្រឹកបន្តិច។

cam-photo-front-channa-1នគរបាលបានចាប់ខ្លួនខ្មាន់កាំភ្លើងជាប់សង្ស័យម្នាក់ប្រហែល៣០នាទីក្រោយមក នៅជិតផ្សារទំនើបអុីអន ហើយបានលើកឡើងថា បុរសរូបនេះត្រូវបានកំណត់អត្តសញ្ញាណថា ឈ្មោះ ជួប សម្លាប់។ ពួកគេបានលើកឡើងថា កាលពីពេលថ្មីៗបំផុតនេះ ជននេះបានធ្វើការជាកសិករម្នាក់នៅក្នុងប្រទេសថៃ។

នគរបាលរាជធានីភ្នំពេញបានបដិសេធមិននិយាយអំពីករណីនេះទេកាលពីម្សិលមិញ ហើយបានបង្វែរសំណួរទៅលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីដែលគេមិនអាចទាក់ទងបាន។ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍ថា ជននេះត្រូវបាននាំទៅសាកសួរហើយ ប៉ុន្តែលោកបានបដិសេធមិននិយាយលម្អិតទេ។

ប៉ុន្តែ អាជ្ញាធរខេត្តសៀមរាបលើកឡើងថា ពួកគេបានស្គាល់បុរសដែលត្រូវបានចាប់ខ្លួននេះថា ជាអតីតអ្នកភូមិនៅតំបន់នេះ។

លោក ធឿន ទ្រី នាយប៉ុស្តិ៍ឃុំនគរភាស ស្រុកអង្គរជុំ បានមានប្រសាសន៍ថា “យើងបានឃើញរូបថតជននេះបង្ហោះក្នុងទំព័រហ្វេសប៊ុក។ តាមរយៈសំបុត្រកំណើត ជននេះ ឈ្មោះ អឿត អាង អាយុ៤៣ឆ្នាំ”។

លោក ម៉ាន់ សុផាត អធិការនគរបាលស្រុកបានមានប្រសាសន៍ថា អឿត អាង ធ្លាប់បួសជាសង្ឃគង់នៅទីនេះប្រហែល៣វស្សា មុនពេលលាចាកសិក្ខាបទក្នុងឆ្នាំ២០១៥ ទៅធ្វើការឲ្យអង្គការបរិស្ថានមួយដែលលោកមិនចាំឈ្មោះ។

លោកបានបន្ថែមថា “យើងបានដឹងរឿងនេះពីប្រពន្ធរបស់គាត់ថា ជននេះនិយាយថា គេនឹងទៅរាជធានីភ្នំពេញនៅថ្ងៃទី១ ខែកក្កដា ប៉ុន្តែគេមិនបាននិយាយថាទៅដើម្បីអ្វីនោះទេ”។

រូបថត អឿត អាង ស្លៀកពាក់ឯកសណ្ឋានមើលទៅដូចជាឧទ្យានុរក្សបានផ្សព្វផ្សាយតាមប្រព័ន្ធអុីនធឺណិតកាលពីម្សិលមិញ បណ្តាលឱ្យមានការសន្និដ្ឋានថា ជននេះជាមន្ត្រីក្រសួងបរិស្ថាន។ ប៉ុន្តែប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបបានមានប្រសាសន៍ថាគ្មាននរណាម្នាក់ឈ្មោះ ដូចនេះធ្វើការនៅមន្ទីរបរិស្ថានឡើយ។

លោកបានមានប្រសាសន៍ថា ”បើតាមឯកសណ្ឋាន ប្រហែលជាជននេះធ្វើការឱ្យអង្គការបរិស្ថានមួយ។ យើងកំពុងស៊ើបអង្កេតរឿងនេះ”។

កាលពីរសៀលថ្ងៃអាទិត្យ គេហទំព័រព័ត៌មាន Fresh News បានបង្ហោះវីដេអូខ្លីមួយរបស់ជនសង្ស័យត្រូវបានចាប់ខ្លួននេះដែលសារភាពចំពោះអំពើឃាតកម្មនោះ ដោយអះអាងថា ខ្លួនបាញ់សម្លាប់លោក កែម ឡី ដោយសារតែអ្នកវិភាគរូបនេះជំពាក់លុយ៣.០០០ដុល្លារមិនព្រមសង។

ប៉ុន្តែអ្នកស្រី ប៊ូ រចនា ប្រពន្ធរបស់លោក កែម ឡី បានអះអាងថា ប្ដីរបស់អ្នកស្រីមិនដែលជំពាក់លុយនរណាទេ ហើយគាត់មិនទាំងស្គាល់ជនសង្ស័យនេះផង។

អ្នកស្រីបាននិយាយថា ”អ្វីដែលគេបានចុះផ្សាយគឺខុសទាំងស្រុង។ គាត់មិនដែលខ្ចីលុយនរណាទេ សូម្បីតែ១០០ខ្មែរ។ គាត់មិនដែលបានជួបឬស្គាល់ជននេះទេ”។

មិត្តរួមការងារ មិត្តភក្ដិ និងអ្នកគាំទ្រលោក កែម ឡី មានមន្ទិលលើវីដេអូសារភាពរបស់ជននេះ ដោយសង្ស័យថា ជាការងាកទៅរកការធ្វើឃាតពាក់ព័ន្ធរឿងនយោបាយមិនខុសពីពេលកន្លងមកនៅក្នុងប្រទេសកម្ពុជាដែលតែងតែផ្ដោតគោលដៅលើអ្នកនយោបាយ អ្នកសារព័ត៌មាន និងមន្ត្រីសហជីពដែលរិះគន់ពីការដឹកនាំផ្តាច់ការរបស់លោក ហ៊ុន សែន។

cam-photo-killer-jump2-channaនៅក្នុងសារបង្ហោះតាមទំព័រហ្វេសប៊ុកកាលពីថ្ងៃអាទិត្យ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបាននិយាយឥតលាក់លៀម ដោយហៅការធ្វើឃាតលោក កែម ឡី ថាជា “អំពើភេរវកម្មមួយទៀតរៀបចំដោយរដ្ឋអំណាច”។

លោក សម រង្ស៊ី ដែលរស់នៅក្នុងភាពនិរទេសខ្លួនឯងដើម្បីគេចពីការផ្ដន្ទាទោសដាក់ពន្ធនាគារជុំវិញការកាត់ឱ្យជាប់ទោសពាក់ព័ន្ធបណ្ដឹងបរិហារកេរ្តិ៍ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជាហេតុផលនយោបាយនោះ បានមានប្រសាសន៍ថា ”ដោយសារគាត់ជាមនុស្សគ្រោះថ្នាក់នយោបាយសម្រាប់ភាគីម្ខាងទៀត បានជាភាគីម្ខាងនោះបានជួលឃាតករឱ្យសម្លាប់គាត់”។

កាលពីម្សិលមិញ លោក ហ៊ុន សែន បានជំរុញឱ្យសាធារណជនច្រានចោលការចោទប្រកាន់បែបនេះ ដោយលើកឡើងថា រដ្ឋាភិបាលគ្មានហេតុផលណាបញ្ជាឱ្យមានការធ្វើឃាតដែលបង្កឱ្យមានប្រតិកម្មតបតមិនល្អនោះឡើយ។ លោកបានថ្លែងថា អ្នកដែលនៅពីក្រោយអំពើឃាតកម្មនេះសង្ឃឹមថា នឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការកសាងសង្គមដែលមានសន្តិភាព និងស្ថិរភាព។

លោកបានលើកឡើងពីហេតុការណ៍នេះនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងរាជធានីភ្នំពេញថា ”តើនរណានឹងទទួលផលចំណេញពីសោកនាដកម្មដែលបានកើតឡើងនេះ ហើយអ្នកណានឹងទទួលផលខាត។ រាជរដ្ឋាភិបាលគឺជាពិតជាទទួលនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះមុខមាត់អំពីកង្វះដែលហៅថា ម្ខាងអសមត្ថភាពក្នុងការការពារសន្តិសុខសម្រាប់ប្រជាពលរដ្ឋ តែម្ខាងទៀតត្រូវបានគេលាបពណ៌ភ្លាមៗអំពីបញ្ហា នេះ ដែលមានចរិតជាបញ្ហាខាងនយោបាយ”។

លោកបានមានប្រសាសន៍ថា “សង្ឃឹមថា រឿងទាំងនេះអ្នកនយោបាយផ្សេងទៀតនឹងមិនប្រើប្រាស់បញ្ហាទាំងនេះធ្វើជាបញ្ហានយោបាយអុជអាលដែលនាំឱ្យជាតិចលាចលនោះទេ”។

អ្នកកាន់ទុក្ខចូលរួមគោរពសពលោក កែម ឡី អ្នកវិភាគនយោបាយដ៏លេចធ្លោនៅវត្តចាស់ក្នុងខណ្ឌជ្រោចង្វា រាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
អ្នកកាន់ទុក្ខចូលរួមគោរពសពលោក កែម ឡី អ្នកវិភាគនយោបាយដ៏លេចធ្លោនៅវត្តចាស់ក្នុងខណ្ឌជ្រោចង្វា រាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបន្ទរការលើកឡើងរបស់លោក ហ៊ុន សែន អំឡុងសន្និសីទកាសែតជាមួយប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជា ដោយលោកបន្ថែមថា រដ្ឋាភិបាលមិនចាប់អារម្មណ៍លើលោក កែម ឡី ទេ។

លោកបានថ្លែងថា ”នៅកម្ពុជា ការរិះគន់ជាការធម្មតា ហើយមិនមែនលោកបណ្ឌិត កែម ឡី ជាមនុស្សទី១ដែលជាអ្នករិះគន់អំពីដំណើរការនៃរដ្ឋាភិបាល ដំណើរការនៃសង្គមកម្ពុជានោះទេ។ យើងមានអ្នករិះគន់ច្រើនណាស់”។

គណបក្សកាន់អំណាចកំពុងប្ដឹងលោក អ៊ូ វីរៈ អ្នកវិភាគនយោបាយចំពោះការចែករំលែកការសង្ស័យយ៉ាងទូលំទូលាយថា គណបក្សប្រជាជនកម្ពុជាកាន់អំណាចកំពុងជំរុញឱ្យមានការស៊ើបអង្កេតរឿងអាស្រូវផ្លូវភេទដែលបច្ចុប្បន្ននេះពាក់ព័ន្ធលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។

កាលពីម្សិលមិញ អង្គការសង្គមស៊ីវិលបានចេញសេចក្ដីថ្លែងការណ៍អំពាវនាវឱ្យមានការស៊ើបអង្កេតឱ្យបានល្អិតល្អន់ពីការធ្វើឃាតលោក កែម ឡី ជាមួយដំណើរឆ្ពោះទៅការជួយធានាឱ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨។

លោកស្រី ណាលី ពីឡូក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ថា ”ប្រជាពលរដ្ឋកម្ពុជាត្រូវតែមានសេរីភាពក្នុងការចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យដោយគ្មានការភ័យខ្លាច”។

លោកស្រីបន្ថែមថា ”ការធ្វើឃាតលោក កែម ឡី គឺជាការបាត់បង់ដ៏ធំធេងសម្រាប់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ហើយយើងទាមទារឱ្យមានការចាត់វិធានការឱ្យបានឆាប់ជាមួយការស៊ើបអង្កេតប្រកបដោយភាពឯករាជ្យពេញលេញ ដោយការប្រើប្រាស់អ្នកជំនាញអន្តរជាតិដើម្បីទទួលបានយុត្តិធម៌”៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស