31 C
Phnom Penh

ក្មេង​និង​យុវជន​រង​ការ​វាយ​ដុំ​បន្ទាប់ពី​មាន​ការ​រត់​គេច​ពី​មណ្ឌល​ឃុំ​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តែប៉ុន្មានសប្តាហ៍បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អាជ្ញាធរក្រុងភ្នំពេញឲ្យកែលម្អមណ្ឌលឃុំខ្លួនព្រៃស្ពឺ ដ៏មានឈ្មោះអសោច ឬបិទទ្វារចោលតែម្តងទៅនោះ ក្មេងជំទង់ម្នាក់និងយុវជនម្នាក់ត្រូវបានសន្តិសុខវាយដុំ នៅពេលដែលពួកគេបានរត់គេចចេញពីមណ្ឌលនេះកាលពីចុងសប្តាហ៍។

channa-prey-speuយោងតាមលោក សាយ ចំរើន មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលបានសម្ភាសអ្នកទាំងពីរឲ្យដឹងថា កុមារា ចក់ សំណាង អាយុ១៣ឆ្នាំ និង យ៉ែម សុខឃិន អាយុ២២ឆ្នាំ ត្រូវបានចាប់ខ្លួនព្រោះដេកតាមទីសាធារណៈ ហើយត្រូវបាននាំខ្លួនដោយឡែកពីគ្នាទៅមណ្ឌលនេះក្នុងខណ្ឌពោធិ៍សែនជ័យ ជាច្រើនខែមកហើយ។

លោក ចំរើន បាននិយាយថា ធុញទ្រាន់នឹងរបបអាហារតិចតួចនិងការធ្វើបាបលើរាងកាយ អ្នកទាំងពីរបានរត់គេចខ្លួនតាមខ្លោងទ្វារមុខជាមួយអ្នកជាប់ឃុំ១៦នាក់ផ្សេងទៀតកាលពីព្រឹកថ្ងៃអាទិត្យ។

លោកបាននិយាយថា “នៅពេលនោះ គ្រួសារមួយចំនួនបានមកសួរសុខទុក្ខ”បងប្អូននៅក្នុងមណ្ឌលព្រៃស្ពឺ។ លោកបានពន្យល់ថា ខណៈដែលសន្តិសុខមិនបានចាក់សោទ្វារបន្ទាប់ពីឲ្យសាច់ញាតិចូល អ្នកជាប់ឃុំបានរុញច្រានគាត់និងរត់ចែកផ្លូវគ្នាយ៉ាងលឿន។

យោងតាមអ្នកភូមិម្នាក់នៅតំបន់នោះដែលសុំមិនប្រាប់ឈ្មោះព្រោះខ្លាចមានការសងសឹងឲ្យដឹងថា សំណាង និង សុខឃិន បានរត់កាត់ភូមិព្រៃកំបុតនៅក្បែរនោះដោយមានសន្តិសុខបួនប្រាំនាក់ដេញតាមពីក្រោយ។

ស្ត្រីនោះបាននិយាយអំពីលោក សុខឃិន ថា “ខ្ញុំបានឃើញសន្តិសុខម្នាក់ប្រើដំបងឈើវាយជើងទាំងពីររបស់បុរសនោះ”។

អ្នកស្រីបាននិយាយថា អ្នកស្រីក៏បានឃើញសន្តិសុខម្នាក់បោចសក់ក្បាលរបស់សំណាងដែរ ហើយក្រោយមកបានសង្កេតឃើញរង្វះដាច់លើក្បាលរបស់ក្មេងប្រុសនោះ។

អ្នកស្រីបាននិយាយថា នៅពេលក្រុមអ្នកភូមិបានជួយអន្តរាគមន៍និងទាញអ្នកយាមទាំងនោះចេញពីអ្នកទាំងពីរ អ្នកយាមលែងតាមចាប់និងបានត្រឡប់ទៅព្រៃស្ពឺវិញ។

យោងតាមលោក ចំរើន មន្ត្រីនគរបាលប៉ុស្តិ៍ អ្នករត់គេចខ្លួនប្រាំបីនាក់នៅរួចខ្លួននៅឡើយ ក្នុងនោះមានទាំង សំណាង និង សុខឃិន ផង។

លោកបាននិយាយថា លោកបានឲ្យព្រាងលិខិតតវ៉ាជាផ្លូវការចំពោះសន្តិសុខ ប៉ុន្តែថា អ្នករត់គេចខ្លួនទាំងនោះមិនព្រមតាមសំណើនេះ ហើយក៏ត្រូវបានអនុញ្ញាតឲ្យទៅ នៅពេលដែលពួកគេបានអះអាងនឹងគាត់ថា ពួកគេមានគ្រួសារនៅផ្ទះ។

លោក បាន វុត្ថា ប្រធានមណ្ឌលព្រៃស្ពឺ ដែលជាផ្លូវការហៅថា មណ្ឌលសង្គមកិច្ចព្រៃស្ពឺក្រុងភ្នំពេញ បាននិយាយថា សន្តិសុខ១០នាក់បានដេញតាមចាប់ពួកអ្នករត់គេចខ្លួនកាលពីថ្ងៃអាទិត្យ ប៉ុន្តែមិនបានធ្វើឲ្យមានរបួសស្នាមទេ។

លោកបាននិយាយថា “ពួកគេគ្រាន់តែកាន់ដំបងឈើបន្លាចអ្នកទាំងនោះ និងការពារខ្លួនក្នុងករណីពួកអ្នកជាប់ឃុំតដៃវិញប៉ុណ្ណោះ។ ពួកគេរបួស ពីព្រោះពួកគេបានរត់បុកគ្នា ហើយក្មេងប្រុសនោះបានរត់ធ្លាក់ចូលប្រឡាយ ហើយមុតអំបែងកែវ”។

លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានី បាននិយាយថា លោកបានឮអំពីការរត់គេចខ្លួននេះ ប៉ុន្តែមិនបានទទួលពាក្យបណ្តឹងទាក់ទិននឹងការប្រើអំពើហិង្សាពីសំណាក់សន្តិសុខនោះទេ ហើយថា នគរបាលកំពុងស៊ើបអង្កេតនៅឡើយ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បាននិយាយថា ការស៊ើបអង្កេតមួយកំពុងតែធ្វើហើយ ប៉ុន្តែថា គ្មានពាក្យបណ្តឹងជាផ្លូវការ គឺទំនងជាគ្មានចំណាត់ការតទៅទៀតទេ។

ទោះជាយ៉ាងនេះក្តី លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសនៅអង្គការលីកាដូ បាននិយាយថា របួសលើខ្លួនអ្នកជាប់ឃុំជាហេតុផលគ្រប់គ្រាន់ដើម្បីបន្តការស៊ើបអង្កេត។

លោកបាននិយាយថា “ប្រសិនបើមានការអះអាងអំពីការវាយធ្វើបាបជនជាប់ឃុំបែបនេះ អាជ្ញាធរមានសមត្ថកិច្ចគួរស៊ើបអង្កេតករណីនេះ។ វាជាករណីធ្ងន់ធ្ងរ ជាពិសេសប្រសិនបើពួកគេប្រើអំពើហិង្សាលើកុមារ”។

លោកបាននិយាយថា “ខ្ញុំគិតថា ស្ថានការណ៍នៅមជ្ឈមណ្ឌលនោះគឺនៅដដែលដូចពីមុន។ មិនមានការកែទម្រង់ប្រព័ន្ធគ្រប់គ្រងទេ”។

ព្រៃស្ពឺមានឈ្មោះអាក្រក់ដោយសារតែការប្រមូលជនអនាថា ជនញៀនថ្នាំ និងស្ត្រីរកស៊ីផ្លូវភេទ ហើយឃុំអ្នកទាំងនោះគ្មានកំណត់ពេល។ ក្រុមសិទ្ធិមនុស្សបានចោទបុគ្គលិកថាបានរំលោភអ្នកជាប់ឃុំទាំងផ្លូវភេទនិងរាងកាយ ហើយបានជំរុញឲ្យរដ្ឋាភិបាលបិទមណ្ឌលនេះ។

អំឡុងសុន្ទរកថាមួយកាលពីចុងខែឧសភា លោក ហ៊ុន សែន បានមានប្រសាសន៍ថា ព្រៃស្ពឺជាការអាម៉ាស់មួយចំពោះរដ្ឋាភិបាល ហើយគួរតែកែលម្អឬបិទចោល។ ពីរថ្ងៃក្រោយមក សាលារាជធានីបាននិយាយថា កន្លែង “អត់ពុំបាន” នេះត្រូវតែបើក។

ទាក់ទងកាលពីថ្ងៃច័ន្ទ លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បាននិយាយថា ការកែលម្អកំពុងតែធ្វើ ហើយលោកបដិសេធមិនធ្វើអត្ថាធិប្បាយអំពីហេតុការណ៍នៅថ្ងៃអាទិត្យនោះទេ៕និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស