27.5 C
Phnom Penh

ភរិយាលោក កែម ឡី ស្វះស្វែង​​ភៀស​​​ខ្លួន​​​​ទៅ​រស់​នៅ​ក្រៅប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភរិយាមេម៉ាយរបស់សពលោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវបានបាញ់សម្លាប់បាននិយាយកាលពីម្សិលមិញថា អ្នកស្រីកំពុងស្វែងស្វែងចាកចេញពីប្រទេសកម្ពុជាជាមួយក្រុងគ្រួសាររបស់អ្នកស្រី ដោយសារភ័យខ្លាចអំពីសុវត្ថិភាពរបស់ខ្លួន ហើយបានទាក់ទងជាមួយតំណាងសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលីដែលផ្ដល់ការឧបត្ថម្ភដល់ពួកគាត់។

លោក កែម ឡី អាយុ៤៦ឆ្នាំ ជាអ្នករិះគន់រដ្ឋាភិបាលដ៏មានប្រជាប្រិយភាពនិងឥតសំចៃត្រូវបានបាញ់សម្លាប់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានដាក់គូទអង្គុយពិសាកាហ្វេពេលព្រឹកនៅស្តាម៉ាតមួយកន្លែងកណ្ដាលរាជធានីភ្នំពេញបានបន្តិចមក។ នគរបាលបានចាប់ខ្លួនខ្មាន់កាំភ្លើងជាប់សង្ស័យម្នាក់បន្តិចក្រោយមក ហើយបុរសរូបនេះបានសារភាពភ្លាមៗចំពោះអំពើឃាតកម្មនោះ ដោយអះអាងថា រូបគេបាញ់សម្លាប់លោក កែម ឡី ដោយសារតែអ្នកវិភាគរូបនេះជំពាក់លុយខ្លួន៣.០០០ដុល្លារមិនព្រមសង។

សាកសពលោក កែម ឡី អ្នកវិភាគនយោបាយដែលខ្មាន់កាំភ្លើងបាញ់សម្លាប់ ត្រូវបានដាក់តម្កល់ក្នុងមឈូសកញ្ចក់នៅវត្តចាស់ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
សាកសពលោក កែម ឡី អ្នកវិភាគនយោបាយដែលខ្មាន់កាំភ្លើងបាញ់សម្លាប់ ត្រូវបានដាក់តម្កល់ក្នុងមឈូសកញ្ចក់នៅវត្តចាស់ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក កែម ឡី បានស្លាប់ចោលប្រពន្ធកំពុងមានផ្ទៃ និងកូនប្រុសបួននាក់។ នៅពិធីបុណ្យសពស្វាមីរបស់អ្នកស្រីនៅវត្តចាស់ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ អ្នកស្រី ប៊ូ រចនា ជាភរិយាមេម៉ាយរបស់សពលោក កែម ឡី បាននិយាយថា អ្នកស្រីត្រូវបានសហព័ន្ធខ្មែរ-អូស្ត្រាលីទាក់ទងមក ដោយជំរុញឱ្យអ្នកស្រីទៅរស់នៅប្រទេសអូស្ត្រាលីទាំងក្រុមគ្រួសារ។

អ្នកស្រីបាននិយាយថា “ពួកគេបានសុំឱ្យខ្ញុំទៅរស់នៅទីនោះ។ ខ្ញុំបានប្រាប់ពួកគេថា ខ្ញុំកំពុងពិចារណារឿងនេះ”។

អ្នកស្រី ប៊ូ រចនា បាននិយាយថា អ្នកស្រីបារម្ភអំពីសុវត្ថិភាពរបស់អ្នកស្រីចាប់តាំងសា្វាមីរបស់អ្នកស្រីត្រូវបានសម្លាប់ ហើយថា អ្នកស្រីសង្ឃឹមថា នឹងចាកចេញទាំងគ្រួសារពីប្រទេសកម្ពុជាឆាប់ៗនេះបន្ទាប់ពីរៀបចំពិធីបុណ្យសពរួចរាល់។ អ្នកស្រីបានលើកឡើងថា អ្នកស្រីមិនទាន់សម្រេចចិត្តអំពីថ្ងៃបូជាសពនៅឡើយទេ ប៉ុន្តែថានឹងមិនធ្វើនៅមុនបញ្ចប់ពិធីតាមប្រពៃណីដែលមានរយៈពេល១០ថ្ងៃឡើយ។

អ្នកស្រីបាននិយាយថា “ខ្ញុំមិនទាន់ប្រាកដពីពេលវេលាដែលខ្ញុំនឹងអាចទៅនៅឡើយទេ ប្រហែលជានៅពេលរៀបចំពិធីបុណ្យសពរួចរាល់។ ចាប់តាំងពីហេតុការណ៍នេះកើតឡើងមក ខ្ញុំបារម្ភអំពីសុវត្ថិភាពរបស់ខ្ញុំណាស់”។

អ្នកស្រី ប៊ូ រចនា បាននិយាយថា អ្នកស្រីកំពុងពិចារណាសំណើរបស់សហព័ន្ធអូស្ត្រាលី ប៉ុន្តែប្រាកដថា អ្នកស្រីចង់ចាកចេញពីប្រទេសកម្ពុជា។ អ្នកស្រីបានបន្តថា “ខ្ញុំសង្ឃឹមថា ស្ថានទូតនឹងជួយខ្ញុំចាកចេញពីប្រទេសនេះ”។

ពីដំបូង អ្នកស្រី ប៊ូ រចនា បានប្រាប់ក្រុមអ្នកយកព័ត៌មានថា អ្នកស្រីត្រូវបានផ្ដល់ឱកាសឱ្យចាកចេញទៅប្រទេសអូស្ត្រាលីដោយក្រុមមន្ត្រីមកពីស្ថានទូតអូស្ត្រាលីប្រចាំរាជធានីភ្នំពេញ។ ប៉ុន្តែក្រោយមក អ្នកស្រីបាននិយាយកែតម្រូវការលើកឡើងនេះ ហើយស្ថានទូតបដិសេធថា មិនបានទាក់ទងក្រុមគ្រួសារនេះអំពីបញ្ហានេះទេ។

ស្ថានទូតនេះបានសរសេរតាមអុីម៉េលថា ”មិនមានការទាក់ទង ទាំងផ្លូវការឬក្រៅពីនេះ រវាងរដ្ឋាភិបាលអូស្ត្រាលី  និងក្រុមគ្រួសារបណ្ឌិត កែម ឡី អំពីបញ្ហានេះទេ”។

សហព័ន្ធខ្មែរ-អូស្ត្រាលី ដែលមានមូលដ្ឋានក្នុងរដ្ឋវិកតូរីយ៉ា ប្រទេសអូស្ត្រាលីមិនអាចទាក់ទងភ្លាមៗដើម្បីសុំអត្ថាធិប្បាយបានទេ។ ជា យូហន សមាជិកសហព័ន្ធនេះបានជួបជាមួយលោក កែម ឡី អំឡុងដំណើររបស់អ្នកវិភាគរូបនេះមកកាន់ប្រទេសអូស្ត្រាលីកាលពីខែមុន។

ប្រទេសអូស្ត្រាលីផ្ដល់កន្លែងជ្រកកោនដល់សហគមន៍ខ្មែរជាច្រើន ភាគច្រើនគឺក្រុមគ្រួសារដែលបានភៀសខ្លួនចេញពីរបបខ្មែរក្រហម និងរបបកុម្មុយនីស្តដែលបានជំនួសរបបនោះក្នុងឆ្នាំ១៩៧៩។

cam-photo-kem-ley-folo-channa-KHMERលោក សុន ឆ័យ តំណាងរាស្ត្រគណបក្សប្រឆាំងដែលមានសញ្ជាតិពីរ គឺសញ្ជាតិខ្មែរ និងអូស្ត្រាលី បានមានប្រសាសន៍ថា លោកមិនបានដឹងអំពីផែនការចាកចេញពីប្រទេសរបស់ក្រុមគ្រួសារលោក កែម ឡី ឡើយ ប៉ុន្តែបានលើកឡើងពីករណីលោក ជា វិជ្ជា។

មេដឹកនាំសហជីពដ៏មានប្រជាប្រិយភាពរូបនេះ ត្រូវបានបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃ ខណៈពេលលោកកំពុងអានកាសែតពេលព្រឹកនៅតូបកាសែតមួយជាប់វត្តលង្កា កាលពីឆ្នាំ២០០៤។ បុរសពីរនាក់ត្រូវបានកាត់ឱ្យជាប់ទោសពីបទឃាតកម្មនេះកាលពីឆ្នាំ២០០៥ បើទោះជាអ្នកទាំងពីរត្រូវបានមជ្ឈដ្ឋានទូទៅចាត់ទុកថា ត្រូវគេទម្លាក់កំហុសពីការធ្វើឃាតដែលមានលក្ខណៈនយោបាយនេះ ហើយមានសេរីភាពវិញក្នុងឆ្នាំ២០១៣ បន្ទាប់ពីត្រូវបានសម្រេចឱ្យរួចខ្លួនក៏ដោយ។ ករណីនេះនៅមិនទាន់បានដោះស្រាយនៅឡើយ។

បន្ទាប់ពីការធ្វើឃាត ភរិយាលោក ជា វិជ្ជា និយាយថា អ្នកស្រីបារម្ភពីអាយុជីវិតរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយក្រោយមកទទួលបានសិទ្ធិជ្រកកោនក្នុងប្រទេសហំ្វាងឡង់។

លោក សុន ឆ័យ បាននិយាយពីទស្សនៈរបស់ក្រុមគ្រួសារនេះពីការទទួលបានសិទ្ធិជ្រកកោននៅក្រៅប្រទេសផងដែរថា ”ប្រាកដជាបញ្ហាស្រដៀងគ្នាសម្រាប់ក្រុមគ្រួសារលោក កែម ឡី”។

ការអះអាងរបស់ឃាតករជាប់សង្ស័យអំពីការបាញ់សម្លាប់លោក កែម ឡី ដោយសារតែរឿងជំពាក់លុយ៣.០០០ដុល្លារនោះ នៅក្នុងខ្សែអាត់វីដេអូមួយដែលបានថតប៉ុន្មានម៉ោងបន្ទាប់ពីការចាប់ខ្លួន ហើយបានផ្សព្វផ្សាយតាមប្រព័ន្ធអុីនធឺណិតដោយគេហទំព័រព័ត៌មាន Fresh News បានធ្វើឲ្យមានការសង្ស័យពីការបិទបាំងមួយទៀតរបស់រដ្ឋាភិបាល។

ភរិយាមេម៉ាយរបស់លោក កែម ឡី បាននិយាយថា ស្វាមីរបស់អ្នកស្រីមិនស្គាល់ជនដែលត្រូវបានចាប់ខ្លួនចំពោះបទឧក្រិដ្ឋនេះទេ ហើយគាត់មិនដែលជំពាក់លុយនរណាដល់ថ្នាក់រាប់ពាន់ដុល្លារឡើយ។

អាជ្ញាធរខេត្តសៀមរាបបានកំណត់អត្តសញ្ញាណជននេះថា ឈ្មោះ អឿត អាង អាយុ៤៣ឆ្នាំ ជាអ្នកភូមិក្នុងមូលដ្ឋានម្នាក់។ ពីដំបូង ជននេះបានប្រាប់នគរបាលថា គេឈ្មោះ ជួប សម្លាប់។ អ្នកស្រី ហឿម ហ៊ត ប្រពន្ធមិនបានរៀបការរបស់ អឿត អាង បាននិយាយកាលពីម្សិលមិញថា អ្នកស្រីបានជួបប្តីអ្នកស្រីកាលពីខែមេសា ហើយថា ពួកគេបានមករស់នៅជាមួយគ្នានៅខែបន្ទាប់។ ដោយនិយាយនៅផ្ទះរបស់គាត់ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប អ្នកស្រីបានលើកឡើងថា កាលពីពេលថ្មីៗនេះ អឿត អាង បានឈប់ធ្វើការនៅអង្គការការពារ និងអភិវឌ្ឍន៍បរិស្ថាន ជាអង្គការមិនមែនរដ្ឋាភិបាល បន្ទាប់ពីធ្វើការប្រហែល៦ខែ ហើយបានទៅរាជធានីភ្នំពេញប្រហែល១០ថ្ងៃមកហើយ ដោយប្រាប់អ្នកស្រីថា គាត់ទៅជួបមិត្តភក្ដិជិតស្និទ្ធ។

អ្នកស្រីបាននិយាយថា អ្នកស្រីមានការតក់ស្លុតដោយឮការចាប់ខ្លួនគាត់ ហើយថា អឿត អាង មិនដែលបាននិយាយពីលោក កែម ឡី ឬពីការជំពាក់លុយអ្វីឡើយ។

អ្នកស្រីនិយាយថា “គាត់មិនស្គាល់លោក កែម ឡី ទេ ហើយគាត់ក៏មិនដែលនិយាយពីលោក កែម ឡី ដែរ។ ខ្ញុំមិនដឹងថា គាត់ឱ្យលោក កែម ឡី ខ្ចីលុយទេ ប៉ុន្តែខ្ញុំមិនជឿឡើយ។ គាត់មិនមានលុយច្រើនទេ”។

អ្នកស្រី ឯក តាប់ ត្រូវជាម្ដាយរបស់ អឿត អាង បាននិយាយថា អ្នកស្រីកម្រឃើញកូនប្រុសរបស់អ្នកស្រីណាស់ ហើយមិនបានដឹងពីទំនាក់ទំនងរវាងកូនគាត់ និងលោក កែម ឡី ឡើយ។ អ្នកស្រីបាននិយាយថា អំពើមនុស្សឃាតនេះមិនមែនជាទង្វើកូនប្រុសរបស់អ្នកស្រីនោះឡើយ។

អ្នកស្រីនិយាយពីប្រតិកម្មរបស់អ្នកស្រីពេលដឹងថា កូនប្រុសរបស់អ្នកស្រីត្រូវបានចាប់ខ្លួនចំពោះអំពើឃាតកម្មនោះថា “ខ្ញុំគិតថា ’ហេតុអ្វីបានជាវាធ្វើរឿងហ្នឹង? នៅពេលវារស់នៅទីនេះ វាមិនបានធ្វើរឿងអ៊ីចឹងទេ”។

លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីបានមានប្រសាសន៍ថា ជនសង្ស័យ រូបនេះត្រូវបានសាកសួរសម្រាប់ថ្ងៃទី២ ហើយ ប្រហែលជាត្រូវបានចោទប្រកាន់នៅថ្ងៃនេះ។

ដោយបដិសេធមិននិយាយលម្អិត លោកបានថ្លែងថា ជននេះត្រូវបានសាកសួរដោយមិនមានមេធាវីទេ ពីព្រោះជននេះមិនបានស្នើសុំ ហើយបានផ្ដល់តម្រុយជាច្រើនដល់អាជ្ញាធរក្នុងករណីនេះ ។

លោកបានមានប្រសាសន៍ថា “យើងកំពុងពិនិត្យមើលឯកសារនៅក្នុងសំណុំរឿងដែលបានបញ្ជូនមកពីនគរបាលរាជធានីភ្នំពេញជាមួយចម្លើយរបស់ជនដៃដល់ និងសាក្សី និងភ័ស្តុតាងផ្សេងៗទៀតដែលប្រមូលបាននៅកន្លែងកើតហេតុ”៕ សារុន (រាយការណ៍បន្ថែមដោយ គុច ណារ៉េន ឃួន ណារីម និង George Wright)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស