33 C
Phnom Penh

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ CPP ទម្លាក់​កំហុស​​​​លើ​ CNRP​ ទាក់​ទិន​ការ​​ធ្វើ​ឃាត​លោក កែម ឡី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពលរដ្ឋរាប់ពាន់នាក់ដែលបានប្រមូលផ្តុំគ្នានៅស្ថានីយប្រេងឥន្ធនៈ កន្លែងដែលលោក កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃអាទិត្យ មានការសង្ស័យតិចតួចចំពោះមេខ្លោងនៅពីក្រោយការធ្វើឃាតអ្នករិះគន់គណបក្សប្រជាជនកម្ពុជា មិនសំចៃមាត់ និងដ៏មានប្រជាប្រិយភាពរូបនេះ។

cam-photo-conspiraciesការធ្វើឃាតនៅទីសាធារណៈទាំងកណ្តាលថ្ងៃចែសនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងករណីវាយប្រហារលើអ្នកផ្សេងៗទៀត ដែលបានចោទសួរអំពីការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរយៈពេលជាង ៣១ឆ្នាំមកនេះ ហើយប្រជាពលរដ្ឋយ៉ាងច្រើននេះមិនសង្ស័យលើអ្នកណាម្នាក់ផ្សេងទៀតឡើយ។

ទោះជាយ៉ាងណា ក្នុងរយៈពេល២ថ្ងៃមកនេះ ប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រគណបក្សប្រជាជនកម្ពុជា បានរៀបរាប់ផ្សេងពីនេះជុំវិញឃាតកម្មនេះ ហើយបែរជាបង្ហាញថា គណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធានគណបក្សនេះថាអាចជាពិរុទ្ធជនទៅវិញ។

អត្ថបទមួយស្តីពីការស្លាប់របស់លោក កែម ឡី បង្ហោះតាមគេហទំព័រហ្វ្រេសញូស (Fresh News) ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា កាលពីយប់ថ្ងៃច័ន្ទ បានចោទសួរថា “សំណួរសួរថា តើក្នុងស្ថានភាពបែបនេះ អ្នកណាដែលត្រេកអរទទួលផល? គឺមានតែគណបក្សប្រឆាំងទេ ពីព្រោះគេព្រួតគ្នាគាបសង្កត់ ដាក់គំនាបលើរដ្ឋាភិបាលថា គ្រប់គ្រងសន្តិសុខមិនបានល្អ មានអំពើមនុស្សឃាតកណ្តាលទីក្រុង បានដោយងាយ”។

សរសេរដោយ “ក្រុមពិសេសមួយ” អត្ថបទនេះត្រូវបានលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបង្ហោះយ៉ាងរហ័សតាមហ្វេសប៊ុក។ អត្ថបទនេះក៏អះអាងដែរថា ការសម្លាប់លោក កែម ឡី មានតែបង្កបញ្ហាដល់លោក ហ៊ុន សែន ប៉ុណ្ណោះ ហើយលោក កឹម សុខា កាន់តែមានការសង្ស័យលើអ្នកវិភាគរូបនេះ ។

អត្ថបទនេះលើកឡើងទៀតថា “ព័ត៌មានសម្ងាត់ពីមនុស្សជំនិតរបស់លោក សម រង្ស៊ី ដែលដឹងច្បាស់ពីល្បិចកលរបស់លោក កឹម សុខា បានទម្លាយឲ្យដឹងថា កាលពីខែមុន លោក កែម ឡី បានទៅជួបលោក កឹម សុខា នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដើម្បីសួរសុខទុក្ខ និងសម្តែងការអាណិតអាសូរចំពោះលោក”។

លោក កឹម សុខា បានសម្ងំស្នាក់នៅក្នុងទីស្នាក់ការកណ្តាលគណបក្សចាប់តាំងពីថ្ងៃទី២៦ ខែឧសភា មកម៉្លេះ នៅពេលនគរបាលប៉ុនប៉ងចាប់ខ្លួនលោកពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទមួយដែលសមត្ថកិច្ចបាននិងកំពុងចោទប្រកាន់។ ទោះជាយ៉ាងណា គ្មានការប៉ុនប៉ងចាប់ខ្លួនលោកទៀតឡើយ ហើយលោកទទួលបានការកោតសរសើរចំពោះប្រឈមតតាំងការគំរាមកំហែងទាំងនេះ។

អត្ថបទខាងលើគូសបញ្ជាក់ថា ការទៅជួបរបស់លោក កែម ឡី បានធ្វើឡើង ខណៈសេចក្តីក្លាហានរបស់លោក កឹម សុខា បានថយចុះ និងជាការ “បង្ហាញការគាំទ្រចំពោះលោក កឹម សុខា ថា ‘មិនត្រូវចុះញ៉ម ឬខ្លបខ្លាចជាដាច់ខាតនូវការគំរាមផ្លូវច្បាប់ណាមួយឡើយ’ ហើយថែមទាំងបានចាត់ទុកទង្វើរបស់លោក កឹម សុខា ថា ធ្វើត្រូវតែរឹងមាំ”។

អត្ថបទដដែលបានលើកឡើងទៀតថា “ព័ត៌មានសម្ងាត់បានទម្លាយឱ្យដឹងថា បន្ទាប់ពីជួបជាមួយលោកបណ្ឌិត កែម ឡី និងប្រពន្ធរបស់គាត់មក ‘លោក កឹម សុខា គិតថា លោក កែម ឡី បង្ហាញវត្តមានពេលនេះអាចជាការឆក់ឱកាសចង់ដណ្តើមយកឥទ្ធិពលលើបក្សប្រឆាំងរបស់គាត់ និងមានបំណងដឹកនាំបក្សនេះ’។ មនុស្សជំនិតរបស់លោក សម រង្ស៊ី បានឲ្យដឹងទៀតថា លោក កឹម សុខា បានចាត់ទុកលោក កែម ឡី ជាមនុស្សក្បត់”។

អត្ថបទនេះអះអាងថា ជនសង្ស័យជាឃាតករដែលមានឈ្មោះ អឿត អាង អាយុ៤៣ឆ្នាំ តាមពិតជាអង្គរក្សម្នាក់ដែលលោក ឡុង រី ប្រធានអង្គរក្សរបស់គណបក្សសង្គ្រោះជាតិ បានជួលឱ្យការពារលោក កឹម សុខា។

អត្ថបទនេះបន្តថា “មានលេចឮថា ជនដៃដល់ឈ្មោះ អឿត អាង នោះ ត្រូវបុរសម្នាក់ឈ្មោះ ‘រី’ អ្នកធំនៅគណបក្សសង្គ្រោះជាតិ បបួលមកធ្វើអង្គរក្សការពារលោក កឹម សុខា នៅស្នាក់ការគណបក្សសង្គ្រោះជាតិចាក់អង្រែ។ ប៉ុន្មានថ្ងៃក្រោយមកស្រាប់តែឃើញសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីបាញ់សម្លាប់លោក កែម ឡី ទៅវិញ។ ព័ត៌មាននេះអាចជាសញ្ញាបង្ហាញមួយ”។

គេហទំព័រ Fresh News តែងតែជាស្ថាប័នដំបូងគេបង្អស់ដែលចុះផ្សាយឯកសារផ្លូវការរបស់រដ្ឋាភិបាល ក្នុងនោះរួមមានទាំងដីកាតុលាការកាលពីឆ្នាំមុនដែលបង្គាប់ឱ្យដាក់ពន្ធនាគារលោក សម រង្ស៊ី រយៈពេល ២ ឆ្នាំផងដែរ ហើយត្រូវបានកោតសរសើរជាសាធារណៈដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលផ្តល់បទសម្ភាសន៍ផ្តាច់មុខដល់គេហទំព័រមួយនេះជាញឹកញាប់។

ទោះជាយ៉ាងណា គេហទំព័រនេះបានបដិសេធចំពោះទំនាក់ទំនងផ្លូវការជាមួយគណបក្សប្រជាជនកម្ពុជា ហើយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិរបស់ Fresh News បានបដិសេធទំនាក់ទំនងណាមួយជាថ្មីម្តងទៀតកាលពីម្សិលមិញ នៅពេលសួរថា តើមន្ត្រីណាម្នាក់ក្នុងជួររដ្ឋាភិបាលជាអ្នកសរសេរអត្ថបទនេះ ឬយ៉ាងណា។

លោកបានឆ្លើយថា “ខ្ញុំសុំនិយាយដោយខ្លីថា ខ្ញុំមិនថាអ្នកណានៅពីក្រោយ [អត្ថបទនេះ] ទេ ប៉ុន្តែវាជាការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ និងទស្សនៈរបស់សាធារណជន”។

ទោះជាយ៉ាងណា អត្ថបទនេះគឺដូចគ្នាយ៉ាងខ្លាំងទៅនឹងការអត្ថាធិប្បាយរបស់លោក ហ៊ុន សែន អំពីការស្លាប់របស់លោក កែម ឡី អំឡុងសុន្ទរកថាជាសាធារណៈកាលពីថ្ងៃច័ន្ទ ដែលបានព្រមានកុំឱ្យយកបញ្ហានេះធ្វើជារឿងនយោបាយ មុនពេលបន្ទោសលើគណបក្សសង្គ្រោះជាតិ។

ដោយអះអាងថា រដ្ឋាភិបាលរបស់លោកពិតជាទទួលនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនោះ លោក ហ៊ុន សែន បានសួរថា “តើនរណា នឹងទទួលផលចំណេញពីសោកនាដកម្មដែលបានកើតឡើងនេះ ហើយនរណានឹងទទួលផលខាត?។ ខណៈម្ខាងអសមត្ថភាពក្នុងការការពារសន្តិសុខសម្រាប់ប្រជាពលរដ្ឋ តែម្ខាងទៀតត្រូវបានគេលាបពណ៌ភ្លាមៗអំពីបញ្ហានេះដែលមានចរិតជាបញ្ហាខាងនយោបាយ”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា លោកមិនដឹងអំពីអត្ថបទរបស់គេហទំព័រព័ត៌មាន Fresh News ទេ ប៉ុន្តែ បានទទួលព័ត៌មានដូចគ្នាអំពីការដែលថា គណបក្សសង្គ្រោះជាតិនៅពីក្រោយការសម្លាប់លោក កែម   ឡី ដោយសារមានបំណងមួលបង្កាច់គណបក្សកាន់អំណាច។

លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលនិងគណបក្សកាន់អំណាចមានការសោកស្តាយចំពោះការបាញ់សម្លាប់លោក បណ្ឌិតកែម   ឡី។វាគឺជាការបាត់បង់យ៉ាងធំធេងសម្រាប់ រដ្ឋាភិបាល និងគណបក្សកាន់អំណាច”។ លោកបានបន្ថែមថា “អ្វីដែលយើងមិនចង់ឲ្យកើតឡើង ក្រុមប្រឆាំងចង់ឲ្យវាកើត ពួកគេចង់ឲ្យបញ្ហាកើតឡើងដើម្បីបន្ទោសមកលើរដ្ឋាភិបាល”។

សារបង្ហោះតាមហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន កាលពីថ្ងៃច័ន្ទទទួលបានការចុចចូលចិត្ត (Like) ជាច្រើនពីឥស្សរជនគណបក្សប្រជាជនកម្ពុជា ប៉ុន្តែ លោកលើកឡើងតាម ទូរស័ព្ទថា អត្ថបទនេះមិនបង្ហាញពីជំហរផ្លូវការរបស់រដ្ឋាភិបាលលើការស្លាប់របស់លោក កែម ឡី ឡើយ។

លោកបានមានប្រសាសន៍ថា “ពិតហើយ ខ្ញុំមិនបាននិយាយអ្វីទេ ខ្ញុំគ្រាន់តែចែករំលែកប៉ុណ្ណោះ។ ខ្ញុំនឹងទុកឲ្យអាជ្ញាធរមានសមត្ថកិច្ចនិងតុលាការចាត់ការ ប៉ុន្តែមានពាក្យចចាមអារ៉ាមមួយចំនួនបាននិយាយអំពីបញ្ហានេះហើយគណបក្សប្រជាជនកម្ពុជាមិនបានទទួលផលអ្វីទេពីឃាតកម្មនេះ”។

លោកបានបន្ថែមថា “ខ្ញុំមិនចោទប្រកាន់នរណាម្នាក់ទេ [ទាក់ទិននឹងឃាតកម្មនេះ] ដរាបណាអាជ្ញាធរនៅមិនទាន់រកឃើញអ្នកនៅពីក្រោយ”។

លោក ឡុង រី ប្រធានផ្នែកសន្តិសុខនៅគណបក្សសង្គ្រោះជាតិបានលើកឡើងថា  លោកអត់បានឃើញអត្ថបទនេះទេ ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។

លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានលើកឡើងថា លោកជឿថា គណបក្សប្រជាជនកម្ពុជាចង់ដឹងថា តើនឹងមានប្រតិ កម្មយ៉ាងដូចម្តេច បើតម្រុយទាំងអស់អំពី  អឿត អាង ជាជនដែលគេសង្ស័យថា ជាឃាតករ បែរជាចង្អុលដាក់គណបក្សសង្គ្រោះជាតិនោះ។

លោក សម រង្ស៊ី បានលើកឡើងតាមរយៈអីុម៉េលថា ”ពួកគេចង់ដឹងថាតើ ប្រជាពលរដ្ឋនឹងទទួលយករឿងដ៏គួរឲ្យអស់សំណើចរបស់ពួកគេដែលមានបំណងបង្វែរការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋពីការពិត និងភ័ស្តុតាងជាក់ស្តែងក្នុងទំហំប៉ុណ្ណា។ ពួកគេពិតជាកំពុងបន្ថែមការប្រមាថមកលើអ្នកដែលកំពុងរងរបួស”។

លោកបានបន្ថែមថា “ផ្ទុយទៅវិញការធ្វើដូច្នេះមានតែផ្តល់ផលត្រឡប់ទៅឲ្យពួកគេវិញទេ ដោយបង្ហាញអំពីគោលបំណងពិតប្រាកដរបស់ពួកគេក្នុងការធ្វើឲ្យប្រជាពលរដ្ឋយល់ខុស និងការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងហេតុការណ៍សម្លាប់លោក កែម ឡី។  ពួកគេគួរតែរៀនសូត្រអំពីពេលមួយដែលពួកគេបានចោទប្រកាន់ខ្ញុំថា បានរៀបចំការបោកគ្រាប់បែកកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧”។

ការបោកគ្រាប់បែកលើបាតុកម្មក្នុងរាជ ធានីភ្នំពេញនេះបានសម្លាប់មនុស្សយ៉ាងតិច១៦នាក់ ហើយលោក ហ៊ុន សែន បានលើកឡើងថា លោក សម រង្ស៊ី ដែលស្ទើរតែបាត់បង់ជីវិតក្នុងហេតុការណ៍នោះ បានរៀបចំផែនការនេះ ដើម្បីឲ្យគេមើលមកថា លោកជាមនុស្សអាក្រក់។ ផ្ទុយទៅវិញ ការសើុប  អង្កេតរបស់ការិយាល័យសើុបអង្កេតសហ ព័ន្ធ (FBI) បានរកឃើញថា អង្គរក្សផ្ទាល់របស់លោក ហ៊ុន សែន ជាអ្នកដែលត្រូវទទួលខុសត្រូវ។

លោក សម រង្ស៊ី បានបន្ថែមថា លោកជឿថា វាមិនទំនងទេដែលថា លោក កឹម សុខា ចង់សម្លាប់លោក កែម ឡីនោះ ។

លោកបានថ្លែងថា “លោក កែម ឡី បានជួយគណបក្សសង្គ្រោះ ជាតិធ្វើសេចក្តីព្រាងកម្មវិធីនយោបាយជាលក្ខណៈឯកជនប្រកបដោយជោគជ័យ។ គាត់ជិតស្និទ្ធជាមួយលោក កឹម សុខា ណាស់។ វាមិនសមហេតុសមផលទេ ដែលថា លោក កឹម សុខា ចង់សម្លាប់លោក កែម ឡី នោះ”។

លោកបានថ្លែងបន្តថា “ការរួមដៃគ្នាកាន់តែខ្លាំងរវាងគណបក្សសង្គ្រោះជាតិ និងលោក កែម ឡី នៅមុនថ្ងៃបោះឆ្នោតពិតជាគ្រោះថ្នាក់ដល់គណបក្សប្រជាជនកម្ពុជា។ យើងដឹងថា លោក ហ៊ុន សែន ចូលចិត្តធ្វើអ្វីបង្កាទុកជាមុន”។

អត្ថបទរបស់គេហទំព័រ Fresh News  កាលពីថ្ងៃច័ន្ទមិនមែនជាអត្ថបទតែមួយគត់ដែលបន្ទោសគណបក្សសង្គ្រោះជាតិចំពោះការសម្លាប់លោក កែម ឡី នោះទេ។ អត្ថបទមួយផ្សេងទៀតដែលចុះផ្សាយដោយគេហទំព័រព័ត៌មាន CEN កាលពីម្សិលមិញ បានបង្ហាញរូបភាពឃាតករនៅក្នុងកិច្ចប្រជុំមួយរបស់គណបក្សសង្គ្រោះជាតិ ប៉ុន្តែ ត្រូវបានគេរិះគន់តាមបណ្តាញទំនាក់ទំនងសង្គម ពេលបុរសម្នាក់ទៀតបានចេញមកអះអាងថា តាមពិតរូបនោះគឺគាត់ទេ។

កាលពីថ្ងៃអាទិត្យ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលលោក កែម ឡី ត្រូវគេសម្លាប់ លោក សយ សុភាព បណ្តាធិកាគេហទំព័រព័ត៌មានដើមអម្ពិលនិងដែលគេល្បីថា ជាអ្នក “ដោះស្រាយបញ្ហា” សម្រាប់លោក ហ៊ុន សែន នោះ ក៏បានសរសេរអត្ថបទមួយអះអាងថា លោក កែម ឡី បានទាក់ទងមកលោកឲ្យជួយដើម្បីឲ្យកាត់បានជួបជាមួយលោក ហ៊ុន សែន ផងដែរ ហើយលោកបានរៀបចំឲ្យអ្នកទាំងពីរជួបគ្នានៅចុងសប្តាហ៍នេះ។

គេហទំព័រ Fresh News បានលើកឡើងថា នេះគឺជាភ័ស្តុតាងបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជាមិនស្ថិតនៅពីក្រោយការសម្លាប់លោក កែម ឡី ទេ។

ពេលនៅរស់ អ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពរូបនេះតែងតែមានការសង្ស័យយ៉ាងខ្លាំងចំពោះការអះអាងរបស់គណបក្សប្រជាជនកម្ពុជាដែលបានរៀបចំព្រឹត្តិការណ៍នយោបាយចម្លែកៗជាផ្នែកនៃ”ល្បែង”ដែលមានការរៀបចំយ៉ាងល្អរបស់គណបក្សេនះ។ កាលពីខែមេសា លោកបានដាក់ការសង្ស័យដដែលនេះលើការតាមរុកគួនយ៉ាងសកម្មរបស់គណបក្សនេះមកលើលោក កឹម សុខា ចាប់តាំងពីលោក សម រង្ស៊ី បានភៀសខ្លួនចេញពីប្រទេសកម្ពុជាកាលពីឆ្នាំមុនមក។

លោក កែម ឡី បានលើកឡើងទាក់ទិននឹងការវាយប្រហាររបស់គណបក្សប្រជាជនកម្ពុជាលើមេដឹកនាំរបស់គណបក្សសង្គ្រោះជាតិនៅពេលនោះថា “វាគ្មានអីប្លែកទេ។ ពួកគេមិនអាចទាក់ទាញប្រជាប្រិយភាពរបស់ខ្លួនមកវិញបានឡើយ ពួកគេមិនអាចទាក់ទាញទឹកចិត្តប្រជាពលរដ្ឋមកវិញបានទេហេតុដូច្នេះពួកគេមានតែប្រើវិធីនេះ គឺកម្ចាត់ គណបក្សប្រឆាំង ហើយដណ្តើមប្រទេសយកមកគ្រប់គ្រងបន្តទៀត”៕ សុខុម និង ស៊ុយឈាង

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស