27 C
Phnom Penh

នគរបាល​បិទ​ការ​ស៊ើបអង្កេត​លើ​ការ​រត់​គេច​ខ្លួន​ពី​មណ្ឌល​ព្រៃ​ស្ពឺ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលបានបិទការស៊ើបអង្កេតលើការវាយធ្វើបាបក្មេងប្រុសនិងយុវជនម្នាក់ដោយសន្តិសុខនៅមណ្ឌលឃុំខ្លួនព្រៃស្ពឺមានឈ្មោះអាក្រក់ក្នុងក្រុងភ្នំពេញ បន្ទាប់ពីមានការលួចរត់ចេញពីមណ្ឌលនេះ ទោះបីជាមានមន្ត្រីនគរបាលសង្កាត់ម្នាក់បានឃើញរបួសរបស់ពួកគេផ្ទាល់ភ្នែកក៏ដោយ។

cam-photo-prey-speu-consiglio1-800x492គេបានប្រាប់នគរបាលថា បន្ទាប់ពីការរត់គេចខ្លួនពីមណ្ឌលនោះជាមួយនឹងអ្នកជាប់ឃុំ១៦នាក់ផ្សេងទៀតកាលពីព្រឹកថ្ងៃអាទិត្យ កុមារា ចក់ សំណាង អាយុ១៣ឆ្នាំ និង យ៉ែម សុខឃិន អាយុ២២ឆ្នាំ ត្រូវបានសន្តិសុខវាយធ្វើបាប មុនពេលក្រុមអ្នកភូមិជួយ។

នគរបាលបាននិយាយកាលពីថ្ងៃច័ន្ទថា ពួកគេត្រូវបាននាំខ្លួនទៅមណ្ឌលក្នុងខណ្ឌពោធិ៍សែនជ័យ ដែលជាផ្លូវការមានឈ្មោះថា មណ្ឌលសង្គមកិច្ចភ្នំពេញ បន្ទាប់ពីត្រូវចាប់ខ្លួនពេលដេកនៅតាមទីសាធារណៈ ហើយបានរត់ចេញដោយសារតែការធ្វើបាបលើរាងកាយពីសំណាក់សន្តិសុខ និងមានរបបអាហារមិនគ្រប់គ្រាន់។

ក្រុមអ្នកភូមិបានប្រាប់នគរបាលថា ពួកគេបានឃើញសន្តិសុខវាយធ្វើបាបដោយផ្ទាល់ភ្នែក ដែលក្នុងពេលនោះ លោក សុខឃិន ត្រូវវាយធ្វើបាបដោយប្រើដំបងឈើ ហើយ សំណាង បានរងរបួសមានស្នាមដាច់រង្វះលើក្បាល។

ទោះជាយ៉ាងនេះក្តី ដើម្បីប្តឹងជាផ្លូវការលើអ្នកវាយធ្វើបាបខ្លួននោះ អ្នកទាំងពីរត្រូវគេស្នើឲ្យត្រឡប់មកមណ្ឌលវិញនៅព្រឹកនោះ ដើម្បីបង្ហាញមុខអ្នកវាយធ្វើបាបលើខ្លួនចំពោះមុខមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ។

មន្ត្រីដែលបានបញ្ជាក់ថាអ្នកទាំងពីរទំនងត្រូវគេធ្វើឲ្យមានរបួសថ្មីៗនោះ បាននិយាយថា ដោយសារតែពួកគេមិនព្រមចូលមកចង្អុលមុខអ្នកវាយនោះ ក៏មិនមានពាក្យបណ្តឹងផ្លូវការដាក់ចូលមកទេ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបាននិយាយកាលពីថ្ងៃអង្គារថា ដោយគ្មានការបង្ហាញមុខសន្តិសុខដែលបានប្រព្រឹត្តនោះ ការស៊ើបអង្កេតនឹងឥតប្រយោជន៍ទេ។

លោក សារ៉ាន់ បាននិយាយថា “យើងបានទៅស៊ើបអង្កេតមណ្ឌលនេះ ហើយសន្តិសុខបានឆ្លើយថា ពួកគេមិនបានវាយក្មេងប្រុសនិងយុវជននោះទេ”។ លោកបាននិយាយបន្ថែមថា ការរៀបរាប់របស់ជនរងគ្រោះនិងក្រុមអ្នកភូមិខ្វះភ័ស្តុតាង។ “ប្រសិនបើគ្មានភ័ស្តុតាងជាក់លាក់ថែមទៀត យើងមិនអាចស៊ើបអង្កេតបានទេ ដូច្នេះយើងបានផ្អាកការស៊ើបអង្កេតនេះ”។

លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានមានយោបល់ត្រូវគ្នានឹងលោក សារ៉ាន់។

លោកបាននិយាយថា “គ្មាននរណាម្នាក់ក្នុងចំណោមពួកគេបានប្តឹងសន្តិសុខទេ ដូច្នេះសមត្ថកិច្ចរបស់យើងមិនអាចស៊ើបអង្កេតបានឡើយ។ សន្តិសុខមិនបានវាយធ្វើបាបពួកគេទេ”។

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី ដែលបានអំពាវនាវជាយូរមកហើយឲ្យបិទមណ្ឌលនេះចោលនោះ បានហៅការឆ្លើយតបរបស់រដ្ឋាភិបាលថា “គួរឲ្យអស់សំណើច” និងបាននិយាយថា ជនរងគ្រោះមិនគួរតម្រូវឲ្យត្រឡប់ទៅមណ្ឌលនោះវិញដើម្បីបង្ហាញមុខពួកវាយធ្វើបាបខ្លួននោះទេ។

លោក រ៉ូបឺតសុន បាននិយាយថា “អ្វីដែលយើងកំពុងមើលឃើញនៅទីនេះគឺជាលេសមិនទទួលខុសត្រូវចំពោះនីតិវិធីព្រហ្មទណ្ឌ ទោះបីជាមានសក្ខីកម្មមិនប្រែប្រួលជាច្រើនឆ្នាំបង្ហាញថា សន្តិសុខនៅពន្ធនាគារបានរំលោភបំពានអ្នកដែលជាប់ឃុំក៏ដោយ”។

កាលពីខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរកែលម្អមណ្ឌលនេះ ដែលមានសេចក្តីរាយការណ៍ជាច្រើនយូរមកហើយអំពីការរំលោភបំពានទាំងរាងកាយ ទាំងផ្លូវភេទទៅលើអ្នកជាប់ឃុំ ឬក៏បិទវាចោល។ ក្រសួងសង្គមកិច្ចមិនទាន់ដាក់ចេញនូវផែនការកែលម្អរបស់ខ្លួននៅឡើយទេ៕និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស