បណ្តើរចេញពីសាលាឧទ្ធរណ៍ក្រោយពីសំណើសុំនៅក្រៅឃុំចុងក្រោយត្រូវបានច្រានចោល លោក អ៊ំុ សំអាន តំណាងរាស្ត្របក្សប្រឆាំងដែលនិយាយឥតសំចៃដែលត្រូវសមត្ថកិច្ចចាប់ដាក់ពន្ធនាគារកាលពីខែមេសា បាននិយាយថា លោកមានសុវត្ថិភាពនៅក្នុងពន្ធនាគារជាជាងលោកនៅខាងក្រៅ។
កើតឡើងរយៈពេលពីរថ្ងៃក្រោយពីឃាតកម្មបាញ់សម្លាប់អ្នកវិភាគនយោបាយ កែម ឡី សាលាឧទ្ធរណ៍បានទាត់ចោលទឡ្ហីករណ៍របស់លោក សំអាន ថា ការចាប់ខ្លួនរបស់លោកគឺខុសច្បាប់ ដោយសារតែលោកមានការការពារតាមរដ្ឋធម្មនុញ្ញឲ្យរួចផុតពីការផ្តន្ទាទោសក្នុងឋានៈលោកជាសមាជិកតំណាងរាស្ត្រ។
តំណាងរាស្ត្ររូបនេះបានប្រាប់អ្នកកាសែតក្នុងពេលដែលនគរបាលបណ្តើរលោកចេញពីតុលាការក្នុងក្រុងភ្នំពេញថា “វាអយុត្តិធម៌ណាស់ ព្រោះតុលាការមិនបានអនុវត្តតាមមាត្រា៨០នៃរដ្ឋធម្មនុញ្ញ ហើយឃុំខ្លួនខ្ញុំជាតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិ”។
លោកបាននិយាយថា “ខ្ញុំនៅក្នុងពន្ធនាគារមានសុវត្ថិភាពជាងនៅក្រៅពន្ធនាគារ ព្រោះបើនៅក្រៅអាចមានវាសនាដូចលោក កែម ឡី ដែលហ៊ានរិះគន់រដ្ឋាភិបាល…ហើយបានគេសម្លាប់គាត់”។
លោក សំអាន ត្រូវបានចាប់ខ្លួនពេលវិលត្រឡប់មកកម្ពុជាវិញបន្ទាប់ពីស្នាក់នៅក្រៅប្រទេសជាច្រើនខែ ហើយបន្ទាប់មកត្រូវចោទប្រកាន់ពីបទញុះញង់ឲ្យមានអស្ថេរភាពនិងញុះញង់ឲ្យមានការរើសអើងដោយសារការបង្ហោះតាមហ្វេសប៊ុកដែលចោទរដ្ឋាភិបាលថា ប្រើប្រាស់ផែនទីព្រំដែនខុសច្បាប់ ហើយប្រគល់ដីឲ្យវៀតណាម។
រដ្ឋាភិបាលបានលើកឡើងថា ការចាប់ខ្លួនលោក សំអាន គឺស្របច្បាប់ ព្រោះការបង្ហោះតាមហ្វេសប៊ុកមិនទាន់បានលុបចោលនៅឡើយ ដែលមានន័យថាលោកត្រូវបានចាប់ខ្លួនពេលកំពុងប្រព្រឹត្តបទល្មើស ជាខលើកលែងចំពោះអភ័យឯកសិទ្ធិ។ គណបក្សសង្គ្រោះជាតិនិងអ្នកជំនាញខាងច្បាប់និយាយថា គណបក្សប្រជាជនកម្ពុជាកំពុងរំលោភបំពានលើរដ្ឋធម្មនុញ្ញ។
តំណាងរាស្ត្ររូបនេះក៏បានងាកទៅរកសម្តីប្រកាន់ពូជសាសន៍កាលពីថ្ងៃអង្គារ ដោយចោទតុលាការធ្វើតាម”យួន” ជាពាក្យមើលងាយវៀតណាម។
លោកបាននិយាយថា “លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាបានធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ព្រោះគេឃុំខ្លួនតំណាងរាស្ត្រដែលកំពុងតែមានអភ័យឯកសិទ្ធិ។ រដ្ឋាភិបាលចាប់អ្នកស្នេហាជាតិដើម្បីផ្គាប់យួន”។
លោក អ៊ឹម សុផាន ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍បានបដិសេធមិនធ្វើអត្ថាធិប្បាយលើសវនាការដែលធ្វើឡើងដោយបិទទ្វារទេ។
លោក ហែម សុជាតិ មេធាវីលោក សំអាន បាននិយាយថា លោកនឹងប្តឹងសាទុក្ខ។
លោកបាននិយាយថា “យើងនឹងប្តឹងសាទុក្ខទៅតុលាការកំពូល”៕