31 C
Phnom Penh

មេដឹកនាំ​តវ៉ា​ត្រូវ​ចាប់​ខ្លួន​នៅ​ខេត្ត​មណ្ឌលគិរី​បន្ទាប់ពី​ប៉ុនប៉ង​កាន់កាប់​ដី​ជា​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលនិងអ្នកសង្កេតការណ៍សិទ្ធិមនុស្សម្នាក់បាននិយាយថា អ្នកតវ៉ាប្រឆាំងការបណ្តេញចេញពីដីធ្លីម្នាក់ដែលនគរបាលអះអាងថា បានរៀបចំឲ្យមានការព្យាយាមកាន់កាប់ដីជាថ្មីទ្រង់ទ្រាយធំលើចម្ការកៅស៊ូដែលគ្រោងទុកនៅខេត្តមណ្ឌលគិរី ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃច័ន្ទ។

យោងតាមលោក សូ សុវណ្ណ ស្នងការរងខេត្តឲ្យដឹងថា អ្នកស្រី រិទ្ធ វណ្ណី អាយុ៤៣ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីអ្នកស្រីនិងអតីតអ្នកភូមិប្រហែល២០០នាក់នៃឃុំរ៉ាយ៉ា ស្រុកកោះញ៉ែក បានសង់ជម្រកចំនួន១៨លើដីចម្ការនោះកាលពីថ្ងៃអាទិត្យនិងថ្ងៃច័ន្ទ។

ប្រជាជនប្រហែល៥០០គ្រួសារដែលរស់នៅលើដីនោះត្រូវបានបណ្តេញចេញក្នុងឆ្នាំ២០១២ បីឆ្នាំបន្ទាប់ពីក្រុមហ៊ុន Pacific Pearl Joint Stock Company បានទទួលសម្បទានដីសេដ្ឋកិច្ចមួយកន្លែងទំហំ៩.៦១៤ហិកតា ដើម្បីធ្វើចម្ការកៅស៊ូ ដែលមិនទាន់បានចាប់ផ្តើមដំណើរការនៅឡើយ។

លោកបាននិយាយថា “យើងបានឃាត់ខ្លួនស្ត្រីរូបនេះដើម្បីសាកសួរ ពីព្រោះអ្នកស្រីបាននាំមនុស្សមកពីកន្លែងផ្សេងដើម្បីចាប់យកដីរបស់ក្រុមហ៊ុន។ យើងបានឃាត់ខ្លួនមេដឹកនាំនេះដើម្បីអប់រំ និងព្រមានអ្នកផ្សេងទៀតកុំឲ្យចាប់យកដីក្រុមហ៊ុន”។

អតីតអ្នកភូមិអះអាងថា គ្រួសារមួយចំនួនបានមកនៅតំបន់នេះនៅដើមឆ្នាំ២០០៨មកម៉្លេះ ប៉ុន្តែពួកគាត់ទទួលស្គាល់ថា ពួកគាត់មិនមានប័ណ្ណកម្មសិទ្ធិទេ។ ស្នងការរង សុវណ្ណ បាននិយាយថា ពួកគាត់សុទ្ធតែបានមកនៅបន្ទាប់ពីសម្បទានដីសេដ្ឋកិច្ចត្រូវបានផ្តល់ឲ្យ។

មន្ត្រីនគរបាលរូបនេះបាននិយាយបន្ថែមថា អ្នកស្រី វណ្ណី បានព្យាយាមស្រដៀងគ្នាដើម្បីកាន់កាប់ដីជាថ្មីបួនលើកក្នុងពេលបួនឆ្នាំនេះ ចាប់តាំងពីមានការបណ្តេញចេញ ហើយនឹងត្រូវបញ្ចូនទៅតុលាការខេត្តនៅថ្ងៃនេះ បន្ទាប់ពីត្រូវឃាត់ខ្លួនមួយយប់នៅស្នងការខេត្ត។

តំណាងក្រុមហ៊ុន Pacific Pearl មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ លោក អ៊ាង ម៉េងលី មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអាដហុកប្រចាំខេត្តមណ្ឌលគិរី បាននិយាយថា លោកបានឃើញការឃាត់ខ្លួនអ្នកស្រី វណ្ណី ផ្ទាល់ភ្នែក។

លោកបាននិយាយថា “ខ្ញុំបានឃើញមន្ត្រីនគរបាលនិងកងរាជអាវុធហត្ថជាង៣០នាក់ជិះឡានភីកអាប់ប្រាំគ្រឿងមកដល់ ហើយពួកគេបានបិទផ្លូវរថយន្តដឹកមនុស្សដែលព្យាយាមត្រឡប់ទៅផ្ទះរបស់គាត់វិញតាមផ្លូវ៧៨អា”។

លោកបាននិយាយបន្ថែមថា “សមត្ថកិច្ចបានចាប់ស្ត្រីនោះ ហើយបានរុញអ្នកស្រីចូលឡានហើយបើកចេញទៅ”។

លោក ម៉េងលី បាននិយាយថា ប្រជាពលរដ្ឋជាច្រើនគ្រួសារបាននិងកំពុងតវ៉ាចាប់តាំងពីមានការបណ្តេញពួកគាត់ចេញនោះមក ដោយបានដាក់ញត្តិនៅសភាជាតិ ក្រសួងមហាផ្ទៃ និងក្រសួងគ្រប់គ្រងដែនដី តែឥតបានប្រយោជន៍ទេ។

ឯម មឿន អាយុ៥៦ឆ្នាំ បាននិយាយថា លោកបានចាប់ដីទំហំ៥ហិកតាក្នុងឆ្នាំ២០០៩ ដែលនៅពេលនោះក្រុមហ៊ុននេះបានទទួលសម្បទានដីសេដ្ឋកិច្ច ប៉ុន្តែបាននិយាយថា គ្រួសារផ្សេងទៀតបានមករស់នៅមួយឆ្នាំមុននោះ។

លោកបាននិយាយថា “អាជ្ញាធរបានបង្ខំឲ្យប្រជាពលរដ្ឋចេញពីដីនេះ ប៉ុន្តែយើងបានបដិសេធ។ ដូច្នេះហើយ ពួកគេបានបញ្ជាឲ្យនគរបាលចាប់ខ្លួនតំណាងរបស់យើងនិងដាក់ពន្ធនាគារ ដើម្បីប៉ុនប៉ងបំបាក់ស្មារតីប្រជាពលរដ្ឋរបស់យើង”។

លោក មឿន បាននិយាយថា មនុស្សប្រហែល៤០នាក់បានមកជួបជុំគ្នាកាលពីរសៀលថ្ងៃអង្គារនៅសាលាខេត្ត ដើម្បីតវ៉ាប្រឆាំងនឹងការឃុំខ្លួនអ្នកស្រី វណ្ណី។

លោកបាននិយាយថា “យើងបានផ្តុំគ្នានៅខាងក្រៅសាលាខេត្តដើម្បីសុំឲ្យអភិបាលខេត្តដោះលែងតំណាងរបស់យើង ពីព្រោះអ្នកស្រីមិនបានប្រព្រឹត្តបទល្មើសណាមួយដូចគេចោទនោះទេ”៕និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស