26 C
Phnom Penh

​អ្នក​ចម្រៀង​​ជន​ពិការ​ត្រឡប់​មក​ច្រៀង​​តាម​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពីរសប្ដាហ៍បន្ទាប់ពីនគរបាលបានប្រមូលក្រុមតន្ត្រីជនពិការច្រៀងសុំប្រាក់តាមផ្លូវក្នុងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការកកស្ទះចរាចរណ៍នោះ ក្រុមតន្ត្រីទាំងនេះបានវិលត្រឡប់មកច្រៀងតាមផ្លូវវិញកាលពីម្សិលមិញ ដោយនិយាយការពារសិទ្ធិរបស់ខ្លួននៅក្នុងការរកប្រាក់ចិញ្ចឹមជីវិត។

នៅត្រង់ចំណុចកាច់ជ្រុងនៃមហាវិថីព្រះសីហនុ និងផ្លូវលេខ១៦៤ក្បែរពហុកីឡដ្ឋានជាតិអូឡាំពិក បងប្អូនបង្កើតដែលជាជនពិការភ្នែកពីរនាក់ ឈ្មោះ ឈឿយ តុលា អាយុ១៧ឆ្នាំ និង ឈឿយ ស្រីពៅ អាយុ១៦ឆ្នាំបានលើកឡើងថា ពួកគេធ្វើដំណើរពីខេត្តកណ្ដាលមករាជធានីភ្នំពេញ ដើម្បីជួយទ្រទ្រង់ជីវភាពរបស់បងប្អូនបង្កើត១០នាក់ផ្សេងទៀត ក្នុងនោះមានបីនាក់ក៏ពិការភ្នែកដែរ។ស្រីពៅ ដែលជាប្អូនពៅបានលើកឡើងថា នាងនិងបងប្រុសរបស់នាងជួលបន្ទប់ក្នុង១ខែតម្លៃ៣០ដុល្លារនៅសង្កាត់ស្ទឹងមានជ័យ ហើយរកប្រាក់បានប្រហែល៣០.០០០ទៅ៦០.០០០រៀលក្នុងមួយថ្ងៃ ដោយសារច្រៀងនៅតាមភ្លើងស្តុប។

ឈឿយ តុលា និង ឈឿយ ស្រីពៅ លេងអ័ក និង ច្រៀង នៅលើចិញ្ចើមផ្លូវតាមបណ្តោយមហាវិថីព្រះសីហនុ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ស្រីពៅ បាននិយាយថា “ខ្ញុំដឹងថា អាជា្ញាធរហាមឃាត់ជនពិការមិនឱ្យច្រៀងតាមផ្លូវ ប៉ុន្តែខ្ញុំមិនអាចឈប់បានទេ ព្រោះយើងគឺជាជនក្រីក្រ។ យើងគ្មានការងារផ្សេងក្រៅពីលក់សំឡេងឡើយ”។

នាងបានបន្ថែមថា “ខ្ញុំគិតថា ការសម្ដែងរបស់យើងមិនប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈដូចពួកគាត់អះអាងទេ ព្រោះយើងសម្ដែងត្រឹមតែជាផ្នែកនៃសេរីភាពបញ្ចេញមតិរបស់យើងប៉ុណ្ណោះ។ យើងលក់សំឡេងវាប្រសើរជាងដើរតាមសុំលុយគេ”។

តុលា ដែលត្រូវបានចាប់ខ្លួនជាមួយប្អូនស្រីអំឡុងអាជ្ញាធរដើរប្រមូលជនពិការកាលពីចុងខែមិថុនា បានលើកឡើងថា ខ្លួនមិនយល់សោះហេតុអ្វីបានជាអាជ្ញាធរព្យាយាមធ្វើឱ្យពួកគេកាន់តែធ្លាក់ខ្លួនក្រ។

តុលា បាននិយាយថា “បច្ចុប្បន្ន វាពិតជាលំបាកណាស់នៅក្នុងការទិញម្ហូបអាហារ ព្រោះសាលារាជធានីកំពុងតែតាមប្រមាញ់ពួកយើង។វាហាក់បីដូចជាសាលារាជធានីកំពុងតែតាមសម្លាប់យើងអ៊ីចឹង។ យើងគ្រាន់តែចង់ចិញ្ចឹមជីវិតប៉ុណ្ណោះ ប៉ុន្តែវាហាក់បីដូចជាពួកគាត់បំបែកឆ្នាំងបាយរបស់យើងអ៊ីចឹង”។

តុលា បានបន្ថែមថា “ប្រសិនបើពួកគាត់ចង់ឱ្យយើងឈប់ច្រៀងតាមផ្លូវ រដ្ឋាភិបាលត្រូវតែរកការងារឱ្យយើងជាមុនសិន។ មនុស្សធម្មតាជាច្រើនមិនអាចរកការងារធ្វើបានផង។ យើងជាជនពិការ តើឱ្យយើងអាចផ្លាស់ប្ដូរជីវិតតាមរបៀបណាទៅ?”។

តុលា បានសួរថា “ហេតុអ្វីបានជានគរបាល និងកងសន្តិសុខមិនប្រើប្រាស់ពេលវេលារបស់ខ្លួនទៅចាប់ចោរ តែបែរមកចាប់យើងទៅវិញ?”។

cam-photo-blind-singers-channa-1នៅត្រង់ចំណុចកាច់ជ្រុងនៃមហាវិថីព្រះសីហនុ និងមហាវិថីមុនីរ៉េត ចាន់ ម៉ាញ់ អាយុ៣០ឆ្នាំ ជាអ្នកដឹកនាំក្រុមតន្ត្រីជនពិការ ចាន់ ម៉ាញ់ ដែលសពថ្ងៃមានសមាជិកប្រាំបីនាក់នោះបានយល់ស្របថា សមាជិករបស់ខ្លួនគ្មានជម្រើសផ្សេងក្រៅពីច្រៀងសម្ដែងឡើយ។

លោក ចាន់ ម៉ាញ់ ដែលជាអ្នកលេងអ័ក បាននិយាយថា ”ពេលពួកគេបញ្ជាឱ្យយើងឈប់ វាហាក់បីដូចជាពួកគេកំពុងតែសម្លាប់យើងអ៊ីចឹង។ យើងត្រឡប់មកតាមភ្លើងស្តុបវិញ ព្រោះយើងគ្មានការងារដើម្បីរកប្រាក់ចិញ្ចឹមជីវិតនោះឡើយ”។

ក្រសួងសង្គមកិច្ចបានផ្ដល់ប្រាក់ប្រចាំខែចំនួន១៥០.០០០រៀលដល់ជនពិការ ប្រសិនបើពួកគាត់ឈប់មកច្រៀងតាមទីសាធារណៈ ប៉ុន្តែលោក ចាន់ ម៉ាញ់ បានលើកឡើងថា វាមិនគ្រប់គ្រាន់សម្រាប់ការរស់នៅក្នុងរាជធានីភ្នំពេញទេ។

លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ រីឯលោក សន សុផល ប្រធានមន្ទីរសង្គមកិច្ចរាជធានីបានលើកឡើងថា អ្នកចម្រៀងជនពិការមិនបង្កឱ្យមានការកកស្ទះចរាចរណ៍ច្រើនដូចមុនទេ ប៉ុន្តែពួកគាត់នៅតែមិនគួរមកច្រៀងតាមផ្លូវឡើយ។

លោកបានមានប្រសាសន៍ថា “យើងបានចុះទៅអង្កេតពួកគាត់។ យើងឃើញថា ឥឡូវនេះពួកគាត់ហាក់បីដូចជាមានសណ្ដាប់ធ្នាប់ជាងមុន។ ពេលយើងបានអប់រំពួកគាត់ ពួកគាត់ហាក់បីដូចជាស្ដាប់យើង។ យើងមិនចង់ប្រើអំពើហិង្សាលើពួកគាត់ទេ”។

លោកបានបន្ថែមថា “រឿងសំខាន់នោះគឺថា ឥឡូវនេះយើងកំពុងតែគិតគូររកដំណោះស្រាយដ៏ល្អប្រសើរជូនពួកគាត់”៕ ស៊ុយឈាង

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស