31 C
Phnom Penh

ដោយ​អស់​សង្ឃឹម ជន​ជាតិ​ភាគតិច​ម៉ុង​តាញ៉ា​១៦នាក់​ត្រឡប់ទៅ​វៀត​ណាមវិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីក្រសួងមហាផ្ទៃម្នាក់បាននិយាយកាលពីម្សិលមិញថា អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិភាគតិចម៉ុងតាញ៉ាមួយក្រុមមានគ្នា១៦នាក់ ដែលបានភៀសខ្លួនពីប្រទេសវៀតណាមមកប្រទេសកម្ពុជាកាលពីពីរឆ្នាំកន្លងមក បានត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញហើយកាលពីថ្ងៃអង្គារ បន្ទាប់ពីមិនទទួលបានឋានៈជាជនភៀសខ្លួននៅក្នុងរាជធានីភ្នំពេញ។

យោងតាមលោក ជា ប៊ុនធឿន ស្នងការរងនគរបាលខេត្តទទួលបន្ទុកអន្តោប្រវេសន៍បានឱ្យដឹងថា ក្រុមនេះបានត្រឡប់ទៅប្រទេសវៀតណាមវិញតាមខេត្តរតនគិរីកាលពីវេលាព្រឹក ក្រោមការឃ្លាំមើលរបស់មន្ត្រីម្នាក់មកពីទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR)។

លោកបានមានប្រសាសន៍ថា ”ជនជាតិភាគតិចម៉ុងតាញ៉ា១៦នាក់ រួមមានស្ត្រីបីនាក់ និងកុមារបីនាក់ត្រូវបានបញ្ជូនទៅប្រទេសវៀតណាមវិញតាមច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវ។ រឿងនេះត្រូវបានសម្របសម្រួលដោយក្រុមមន្ត្រី UNHCR។ ពួកគេបានយល់ព្រមត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញដោយស្ម័គ្រចិត្ត ហើយពួកគេត្រូវបានជូនដំណើរដោយមន្ត្រី UNHCR ជនជាតិជប៉ុនម្នាក់”។

លោក តាន់ សុវិជ្ជា ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃមានប្រសាសន៍ថា ជនជាតិភាគតិចម៉ុងតាញ៉ាដែលបានចាកចេញពីកន្លែងស្នាក់នៅបណ្ដោះអាសន្នរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទនោះ រួមមានអ្នកដែលមិនមានគុណសម្បត្តិគ្រប់គ្រាន់ជាជនភៀសខ្លួន និងអ្នកដែលមិនបានដាក់ពាក្យសុំសិទ្ធិជ្រកកោនផ្លូវការ។

លោកបានមានប្រសាសន៍ថា “មនុស្សម្នាក់បានស្ម័គ្រចិត្តត្រឡប់ទៅវិញ ប្រាំបួននាក់ត្រូវបានផ្ដល់ការប្រឹក្សាយោបល់បឋម ប៉ុន្តែមិនបានឆ្លើយតបតាមលក្ខខណ្ឌដើម្បីបន្តនីតិវិធី ហើយប្រាំមួយនាក់ទៀតអាចមានសិទ្ធិសម្រាប់នីតិវិធីនេះ ប៉ុន្តែពួកគាត់មិនបានដាក់ពាក្យសុំឋានៈជាជនភៀសខ្លួនទេ។

លោកស្រី វីវៀន តាន (Vivian Tan) អ្នកនាំពាក្យប្រចាំតំបន់របស់ UNHCR បានអះអាងថា អ្នកស្វែងរកសិទ្ធិកោនទាំងនេះបានត្រឡប់ទៅប្រទេសវៀតណាមវិញហើយកាលពីថ្ងៃអង្គារ ប៉ុន្តែលោកស្រីបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។

លោកស្រី ដេនីស ខហ្វលែន (Denise Coghlan) ប្រធានអង្គការជនភៀសខ្លួនយេស៊ូ (Jesuit Refugee Service) បានមានប្រសាសន៍ថា ពាក្យសុំឋានៈជាជនភៀសខ្លួនរបស់ជនជាតិភាគតិចម៉ុងតាញ៉ាទាំងអស់ត្រូវបានច្រានចោល លើកលែងតែម្នាក់ប៉ុណ្ណោះ។

លោកស្រីបានលើកឡើងតាមអុីម៉េលថា “ក្នុងចំណោមក្រុមនេះ ម្នាក់មិនបានដំណើរការនីតិវិធីរបស់ខ្លួនទេ ហើយបានស្នើសុំត្រឡប់ទៅវិញ។ អ្នកផ្សេងទៀតត្រូវបានបដិសេធមិនឲ្យបន្តដំណើរការនីតិវិធីជាជនភៀសខ្លួន។ រដ្ឋាភិបាលកម្ពុជាបានប្រាប់ពួកគេថា ពួកគេនឹងមិនត្រូវទទួលយកជាជនភៀសខ្លួននៅក្នុងប្រទេសកម្ពុជាទេ”។

លោកស្រី ខហ្វលែន បានថ្លែងថា បើតាមលោកស្រីដឹងសមាជិកក្រុមនេះមិនបានប្រឈមការធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរនៅក្នុងប្រទេសវៀតណាមទេ។

លោកស្រីបានមានប្រសាសន៍ថា “ពួកគេទទួលរងការធ្វើទុក្ខបុកម្នេញផ្នែកសាសនា និងជាតិសាសន៍ទូទៅ។ ចំពោះអ្នកទាំងនេះ ខ្ញុំមិនបារម្ភខ្លាំងពេកទេ”។

ជនជាតិភាគតិចម៉ុងតាញ៉ាបាននិយាយថា ពួកគេប្រឈមការធ្វើទុក្ខបុកម្នេញផ្នែកសាសនា និងនយោបាយដោយសារស្នាដៃរដ្ឋាភិបាលវៀតណាម ហើយរាប់រយនាក់ទៀតបានភៀសខ្លួនមកប្រទេសកម្ពុជា និងទៅប្រទេសថៃក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយភ័យខ្លាចការចាប់ខ្លួន។

ដោយត្រូវបានចេញផ្សាយកាលពីដើមសប្ដាហ៍នេះ របាយការណ៍អង្គការលើកលែងទោសអន្តរជាតិដែលមានចំណងជើងថា “ពន្ធនាគារនៅក្នុងពន្ធនាគារ៖ ការធ្វើទារុណកម្ម និងការប្រព្រឹត្តមិនគប្បីលើអ្នកទោសមនសិការនៅក្នុងប្រទេសវៀតណាម” មានខ្លឹមសារថា ជនជាតិភាគតិចម៉ុងតាញ៉ាស្ថិតក្នុងចំណោមក្រុម

ដែលផ្ដោតគោលដៅមិនត្រឹមត្រូវសម្រាប់ការចាប់ខ្លួន និងការរំលោភបំពាននៅក្នុងពន្ធនាគារប្រទេសវៀតណាម”។

ឋានៈជាអ្នកស្វែងរកសិទ្ធិជ្រកកោនរបស់ជនជាតិភាគតិចម៉ុងតាញ៉ាជិត២០០នាក់ ដែលរស់នៅក្នុងរាជធានីភ្នំពេញ នៅមិនទាន់ច្បាស់នៅឡើយ ដោយរដ្ឋាភិបាលបានកំណត់ឱសានវាទ ហើយបន្ទាប់មកបានកែប្រែឱសានវាទជាច្រើនលើកសម្រាប់ការបណ្ដេញពួកគេចេញ។ នគរបាលវៀតណាមបានទៅសួរសុខទុក្ខសមាជិកក្រុមនេះកាលពីខែមុន ក្នុងការខិតខំប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូលពួកគេឱ្យត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។

លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា អ្នកទាំង១៦នាក់នេះនឹងមិនបានចាកចេញពីប្រទេសកម្ពុជាទេ បើពួកគេពិតជាបារម្ភអំពីសុវត្ថិភាពរបស់ខ្លួនមែននោះ។

លោកថ្លែងថា “ប្រសិនបើពួកគេត្រូវបានធ្វើបាបក្នុងប្រទេសវៀតណាម   ពួកគេប្រហែលជាមិនចង់ត្រឡប់ទៅវិញឡើយ”៕ សារុន

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស