ជនសង្ស័យទី២ត្រូវបានតុលាការចោទប្រកាន់ពីបទលក់អាវុធខុសច្បាប់
កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុន និងបទកាន់កាប់ឬដឹកជញ្ជូនអាវុធគ្មានការអនុញ្ញាតលើជនដែលត្រូវបានចាប់ខ្លួនចំពោះការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយដ៏ល្បីល្បាញកាលពីថ្ងៃអាទិត្យ ប៉ុន្តែសមត្ថកិច្ចមិនបានបង្ហាញព័ត៌មានថ្មីស្ដីពីសំណុំរឿងនេះទេ ដោយធ្វើបានតិចតួចប៉ុណ្ណោះក្នុងការបំបាត់ការប៉ាន់ស្មានជាទូទៅថាឃាតកម្មនេះជារឿងនយោបាយ។
លោក កែម ឡី វ័យ៤៦ឆ្នាំ ដែលជាអ្នករិះគន់រដ្ឋាភិបាលមិនសំចៃមាត់ដ៏មានប្រជាប្រិយភាព ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារចំនួនពីរគ្រាប់ បន្ទាប់ពីលោកអង្គុយចុះដើម្បីពិសាកាហ្វេពេលព្រឹកក្នុងស្ដាម៉ាតមួយនៅកណ្ដាលរាជធានីភ្នំពេញ។ បន្ទាប់ពីចាប់ខ្លួនបាននៅចម្ងាយផ្លូវប៉ុន្មានប្លុកពីកន្លែងកើតហេតុ ជនសង្ស័យជាខ្មាន់កាំភ្លើងបានសារភាពថា ខ្លួនពិតជាបានធ្វើឃាតលោក កែម ឡី ពិតប្រាកដមែនដើម្បីសងសឹករឿងជំពាក់ប្រាក់ចំនួន៣.០០០ដុល្លារមិនព្រមសង។
លោក លី សុផាណា អ្នកនាំពាក្យតុលាការបានមានប្រសាសន៍ថា បន្ទាប់ពីសាកសួររយៈពេលបីថ្ងៃ ទីបំផុតចៅក្រមសាលាដំបូងរាជធានីបានចោទប្រកាន់ជននេះកាលពីព្រឹកម្សិលមិញ។
សូមបញ្ជាក់ថា បទចោទប្រកាន់មនុស្សឃាតគិតទុកជាមុនត្រូវមានទោសជាប់ពន្ធនាគារមួយជីវិត។
សមត្ថកិច្ចនៅក្នុងខេត្តសៀមរាប បានកំណត់អត្តសញ្ញាណជនដែលចាប់ខ្លួនបានថាមានឈ្មោះ អឿត អាង អាយុ៤៣ឆ្នាំ ជាពលរដ្ឋមូលដ្ឋានដែលធ្លាប់បួសជាសង្ឃ និងថ្មីៗនេះធ្លាប់បម្រើការងារឱ្យអង្គការបរិស្ថានមួយ។
ប៉ុន្តែរហូតមកទល់ពេលនេះ តុលាការនៅតែប្រើឈ្មោះ ជួប សម្លាប់ ដែលនគរបាលបានផ្ដល់ឱ្យ។
លោក លី សុផាណា បានមានប្រសាសន៍ថា ”យើងបានសម្រេចចោទប្រកាន់ជនសង្ស័យដោយផ្អែកលើព័ត៌មានសាវតារដែលជននេះផ្ដល់ឱ្យ។ ជំហានបន្ទាប់គឺត្រូវស៊ើបអង្កេតប្រវត្តិរបស់ជននេះ។ ជនល្មើសនិយាយថា ខ្លួនឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំ”។
អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ទៀតថា តុលាការក៏បានចោទប្រកាន់មនុស្សម្នាក់ទៀតដែលជាប់សង្ស័យពីបទលក់អាវុធធ្វើឃាត គឺកាំភ្លើងខ្លីម៉ាក ឡុក ពីបទលក់អាវុធដោយខុសច្បាប់ផងដែរ។ ប៉ុន្តែលោកបានបដិសេធមិនផ្ដល់ព័ត៌មានណាមួយស្ដីពីជនសង្ស័យទី២ ឬការស៊ើបអង្កេតជាទូទៅឡើយ ចំណែកឯអ្នកនាំពាក្យនគរបាលជាតិ និងក្រសួងមហាផ្ទៃមិនអាចទាក់ទងសុំការបំភ្លឺបានទេ។
ចៅក្រមស៊ើបសួរ សេង លាង ដែលទទួលបន្ទុកដោះស្រាយសំណុំរឿងនេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
ការឆ្លើយសារភាពរបស់ជនសង្ស័យជាឃាតករបានលេចចេញភ្លាមៗបន្ទាប់ពីការចាប់ខ្លួនកាលពីថ្ងៃអាទិត្យ នៅក្នុងវីដេអូឃ្លីបមួយបង្ហោះតាមអុីនធឺណិតដោយគេហទំព័រ Fresh News ជាស្ថាប័នសារព័ត៌មានគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលជាញឹកញាប់ចុះផ្សាយមុនគេនូវសេចក្ដីប្រកាស និងឯកសារនានារបស់រដ្ឋាភិបាល។
មជ្ឈដ្ឋានជាច្រើនបានច្រានចោលមូលហេតុធ្វើឃាតរបស់ខ្មាន់កាំភ្លើង ហើយនិយាយថា វាជាការលាក់បាំងរបស់រដ្ឋាភិបាល ខណៈឃាតកម្មដ៏គឃ្លើនទាំងកណ្ដាលថ្ងៃចែសនេះបានធ្វើឱ្យមានការភ័យខ្លាចជាថ្មីចំពោះការវិលទៅរកការស្ថានភាពវាយប្រហារលេចធ្លោទៅលើអ្នករិះគន់រដ្ឋាភិបាលនៅក្នុងអតីតកាលថ្មីៗនេះរបស់កម្ពុជា។ គ្រួសាររបស់លោក កែម ឡី និងគ្រួសាររបស់ អឿត អាង សុទ្ធតែប្រាប់ក្រុមអ្នកយកព័ត៌មានថា ពួកគាត់មិនបានដឹងថា អ្នកទាំងពីរស្គាល់គ្នាទេ កុំថាឡើយមានរឿងជំពាក់ប្រាក់មិនព្រមសងរវាងអ្នកទាំងពីរនោះ។
មជ្ឈដ្ឋានគ្រប់ទិសទីបានអំពាវនាវឱ្យមានការស៊ើបអង្កេតហ្មត់ចត់ និងឯករាជ្យលើឃាតកម្មនេះ ក្នុងនោះរួមមានទាំងអង្គការមិនមែនរដ្ឋាភិបាល គណបក្សសង្គ្រោះជាតិ និងក្រុមអ្នកជំនាញខាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលបានលើកឡើងថា ឃាតកម្មនេះអាចជាមូលហេតុនយោបាយផងដែរ។
ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួមមួយចេញកាលពីម្សិលមិញថា “យើងសូមអំពាវនាវឱ្យមានការស៊ើបអង្កេតភ្លាមៗ ហ្មត់ចត់ និងមិនលម្អៀងលើឃាតកម្មនេះដើម្បីធានាថា ជនល្មើសត្រូវបានផ្ដន្ទាទោស។ ការស៊ើបអង្កេតនេះគួរតែធ្វើឡើងដោយស្ថាប័នឯករាជ្យមួយដែលគ្មានទំនាក់ទំនងនឹងរដ្ឋាភិបាល។ ស្ថានភាពនៃការស្លាប់របស់លោក កែម ឡី បានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងដោយសារតែលោកធ្វើជាអ្នករិះគន់រដ្ឋាភិបាល និងការអត្ថាធិប្បាយជាប្រចាំរបស់លោកតាមប្រព័ន្ធផ្សព្វផ្សាយដើម្បីបង្ហាញពីអភិបាលកិច្ច និងក្ដីបារម្ភអំពីសិទ្ធិមនុស្ស”។
អ្នកដែលបានជួបពិភាក្សាជាមួយលោក កែម ឡី ប៉ុន្មានថ្ងៃមុនពេលលោកត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងស្តាម៉ាតនៃស្ថានីយប្រេងឥន្ធនៈកាល់តិច នៅកែងមហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង កន្លែងដែលលោកជួបជាមួយមិត្តភក្ដិជាញឹកញាប់ បានអះអាងថា ពួកគាត់បានសង្កេតឃើញថា មានគេកំពុងឃ្លាំមើលសកម្មភាពរបស់ខ្លួន។
យុវជន ជុំ ហួ ជាអ្នករិះគន់រដ្ឋាភិបាលម្នាក់ទៀត និងជាសកម្មជនបរិស្ថានបានជួបជាមួយលោក កែម ឡី នៅស្តាម៉ាតកើតហេតុកាលពីថ្ងៃសុក្រ រួមជាមួយយុវជន ជុំ ហួត បងប្អូនភ្លោះរបស់ខ្លួន និងមិត្តភក្ដិដែលមានចិត្តគំនិតដូចគ្នាប៉ុន្មាននាក់ទៀត។
កាលពីម្សិលមិញ យុវជន ជុំ ហួ និងបងប្អូនរបស់ខ្លួនត្រូវគេអញ្ជើញឱ្យទៅស្ថានទូតអាមេរិក ដើម្បីពិភាក្សាអំពីឃាតកម្មនេះ។ ទោះជាយ៉ាងណា បងប្អូនទាំងពីរនេះមិនអាចទាក់ទងបានទេនៅពេលក្រោយមក។
លោក ហ៊ុន វណ្ណៈ ជាសមាជិកម្នាក់ទៀតនៃក្រុមសកម្មជនមួយមានឈ្មោះថា យុវជនការពារសង្គម និងបរិស្ថានបានលើកឡើងថា គាត់បានដឹកបងប្អូនទាំងពីរនេះទៅស្ថានទូតអាមេរិក សម្រាប់ជំនួបមួយ ហើយបានទៅទទួលពួកគេវិញនៅពេលជំនួបនោះចប់។ គាត់និយាយទៀតថា គាត់បានចូលរួមពិភាក្សាជាមួយបងប្អូនទាំងពីរនេះ និងលោក កែម ឡី នៅស្តាម៉ាតកើតហេតុកាលពីថ្ងៃសុក្រ ហើយថា បងប្អូនទាំងពីរមានអារម្មណ៍ថា ខ្លួនត្រូវបានឃ្លាំមើលសកម្មភាពដោយបុរសមួយក្រុមដែលអង្គុយនៅតុមួយផ្សេងទៀត។
គាត់បានបន្តថា “បងប្អូនភ្លោះទាំងពីរបានប្រាប់ខ្ញុំថា មន្ត្រីស្ថានទូតបានសួរពួកគាត់អំពីទំនាក់ទំនងរបស់ពួកគាត់ជាមួយលោក កែម ឡី និងអំពីប្រវត្តិរបស់ពួកគាត់”។
ទោះជាយ៉ាងណា អ្នកនាំពាក្យស្ថានទូតអាមេរិក បានបញ្ជាក់ថា លោកមិនបានដឹងអំពីជំនួបបែបនេះទេ ហើយថា ជាគោលការណ៍ ស្ថានទូតមិនជួបពិភាក្សារឿងឯកជនទេ។
កាលពីថ្ងៃអង្គារ លោកស្រី ប៊ូ រចនា ភរិយារបស់លោក កែម ឡី ដែលមានកូនប្រុសចំនួន៤នាក់ និងដែលកំពុងមានផ្ទៃពោះកូនទី៥បានមានប្រសាសន៍ថា លោកស្រីព្រួយបារម្ភចំពោះសុវត្ថិភាពរបស់គ្រួសារលោកស្រី ហើយសង្ឃឹមថា ស្ថានទូតបរទេសនឹងជួយនាំពួកគាត់ទៅរស់នៅក្រៅប្រទេស។ លោកស្រីលើកឡើងថា សហព័ន្ធសមាគមន៍ខ្មែរអូស្ត្រាលី ជាសហគមន៍ជនជាតិខ្មែរដែលបានតាំងលំនៅថ្មីនៅអូស្ត្រាលីរួចទៅហើយ បានស្ម័គ្រចិត្តធានានាំលោកស្រីទៅរស់នៅក្នុងប្រទេសអូស្ត្រាលី។
កាលពីម្សិលមិញ លោក ជា យូហ៊ន ប្រធានសហព័ន្ធសមាគមន៍ខ្មែរអូស្ត្រាលីបានបញ្ជាក់ថា សហព័ន្ធពិតជាបានស្ម័គ្រចិត្តធានាលោក ប៊ូ រចនា ប្រាកដមែន។ លោកមានប្រសាសន៍ថា “បើគាត់ចង់មក យើងត្រូវការឱ្យគាត់ទៅ UNHCR [ឧត្ដមស្នងការអង្គការសហប្រជាតិទទួលបន្ទុកជនភៀសខ្លួន] ដើម្បីដាក់ពាក្យសុំសិទ្ធិជ្រកកោនក្នុងប្រទេសអូស្ត្រាលី។ វាស្រេចលើគាត់…បើគាត់មានអារម្មណ៍ថា នៅកម្ពុជា គ្មានសុវត្ថិភាព គាត់គួរតែធ្វើអ្វីម្យ៉ាង”។
លោកបានលើកឡើងទៀតថា មូលនិធិរបស់សហព័ន្ធបានជួយធានាពលរដ្ឋជាង២០០គ្រួសារឲ្យទៅជ្រកកោនក្នុងប្រទេសអូស្ត្រាលី ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក។
ទោះជាយ៉ាងណា អ្នកនាំពាក្យប្រចាំតំបន់នៃ UNHCR បានមានប្រសាសន៍ថា លោកស្រីមិនបានដឹងអំពីទំនាក់ទំនងណាមួយជាមួយលោក កែម ឡី នោះទេ ហើយស្ថានទូតអូស្ត្រាលី នៅក្នុងរាជធានីភ្នំពេញក៏បានលើកឡើងដូចគ្នានេះដែរ៕ សុខុម (រាយការណ៍បន្ថែមដោយ Zsombor Peter)