29 C
Phnom Penh

កងរក្សា​​​សន្តិភាពកម្ពុជា​​​ម្នាក់​​​​​​រង​​​របួស​​​ដោយសារ​​​គ្រាប់​​​កាំភ្លើង​​​ធ្លាក់​​​ត្រូវចំ​​ក្នុង​ប្រទេស​សូដង់ខាងត្បូង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមមន្ត្រីម្នាក់បានឲ្យដឹងកាលពីម្សិលមិញថា កងរក្សាសន្តិភាពកម្ពុជាម្នាក់បានរងរបួសនៅក្នុងប្រទេសស៊ូដង់ខាងត្បូងកាលពីសប្តាហ៍មុនពេលគ្រាប់កាំភ្លើងដែលគេបាញ់ឡើងលើអំឡុងពេលប្រារព្ធទិវាឯករាជ្យតាមមូលដ្ឋានបានធ្លាក់ត្រូវចំដៃខាងស្តាំរបស់គាត់។

រិទ្ធ វីរៈ ជាទាហានកងយោធពលខេមរភូមិន្ទដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសនៅតំបន់អាហ្វ្រិកមួយនេះ ប្រហែលមួយខែកន្លងមកជាផ្នែកនៃកងរក្សាសន្តិភាពអន្តរជាតិនោះ បានត្រូវគ្រាប់កំាភ្លើង ពេលដើរនៅក្នុងបរិវេណទីស្នាក់ការរបស់អង្គការសហប្រជាជាតិក្នុងរដ្ឋធានីជូបា នេះបើយោងតាម លោកស្រី កុសល ម៉ាលីនដា អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងការពារសន្តិភាព ។

អ្នកនាំពាក្យរូបនេះបាននិយាយថា “នៅថ្ងៃនោះប្រទេសសូ៊ដង់ខាងត្បូងបានបាញ់កាំភ្លើងឡើងលើដើម្បីប្រារព្ធទិវាឯករាជ្យជាតិ”។ លោកស្រីបានបន្ថែមថា កងរក្សាសន្តិភាពទើបតែបញ្ចប់ការហ្វឹកហាត់នៅថ្ងៃនោះហើយស្រាប់តែក្រុមអ្នកអបអរសាទរបានចាប់ផ្តើមបាញ់កាំភ្លើងឡើងលើនៅក្បែរនោះតែម្តង។

លោកស្រីបានលើកឡើងទាក់ទិននឹងលោក រិទ្ធ វីរៈ ដែលមានអាយុខ្ទង់២០ឆ្នាំថា “គាត់រងរបួសដោយសារគ្រប់កាំភ្លើងពេលដើរនៅក្នុងបរិវេណទីស្នាក់ការនៅពេលល្ងាច”។

លោកស្រីបានថ្លែងបន្តថា “គ្រាប់កាំភ្លើងនោះគ្រាន់តែត្រូវប្រផិតដៃស្តាំរបស់គាត់ប៉ុណ្ណោះ។ លោកស្រីបានបន្តទៀតថា លោក រិទ្ធ វីរៈ ត្រូវបានព្យាបាលនៅកន្លែងព្យាបាលក្នុងបរិវេណទីស្នាក់ការតែម្តង។

លោកស្រី កុសល ម៉ាលីនដា បានលើកឡើងទៀតថា កងរក្សាសន្តិភាពបរទេសម្នាក់ទៀតក៏បានរងរបួសដោយសារគ្រាប់កាំភ្លើងធ្លាក់ត្រូវចំដែរ ប៉ុន្តែ ថា លោកស្រីមិនដឹងអ្វីបន្ថែមទៀតឡើយ។

លោកស្រីមានប្រសាសន៍ថា ពិធីប្រារព្ធទិវាឯករាជ្យនោះធ្វើឡើងមុនថ្ងៃប្រទេសស៊ូដង់ខាងត្បូងប្រារព្ធទិវាឯករាជ្យជាតិរបស់ខ្លួនដែលទទួលបានពីប្រទេសស៊ូដង់នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦។

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា កងរក្សាសន្តិភាពកម្ពុជារូបនេះពិតជារងរបួសនៅក្នុងប្រទេសស៊ូដង់ខាងត្បូងមែន ប៉ុន្តែ ថាហេតុការណ៍នោះកើតឡើងនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនអំឡុងពេលហ្វឹកហាត់។

លោកបានថ្លែងថា “វាគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ”។ លោកមិនបានធ្វើអត្ថាធិប្បាយបន្ថែមឡើយ។

ទោះជាយ៉ាងណា លោក ផល សាម៉ន អនុប្រធានមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងការពារសន្តិភាពបានបដិសេធថា គ្មានហេតុការណ៍បែបនោះកើតឡើងទេ។

លោកបានមានប្រសាសន៍ថា “គ្មានកងរក្សាសន្តិភាពកម្ពុជារូបណារងរបួសឡើយ”។

កងរក្សាសន្តិភាពកម្ពុជាចំនួន៤នាក់បានស្លាប់នៅក្រៅប្រទេសចាប់តាំងពីកម្ពុជាបានចាប់ផ្តើមបញ្ជូនទាហានទៅចូលរួមក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិកាលពីឆ្នាំ២០០៥មក។ អ្នកទាំងបួននាក់នេះសុទ្ធតែបាត់បង់ជីវិតនៅក្នុងប្រទេសម៉ាលី ប៉ុន្តែមិនមែនដោយសារជម្លោះនោះទេ។

មាគ សេរីវឌ្ឍនា អាយុ២៦ឆ្នាំ និង នី ណុល បានស្លាប់ដោយសារ “បញ្ហាផ្លូវដង្ហើម” ពេលពុលអាហារនៅក្នុងខែមិថុនា ឆ្នាំ២០១៤ រីឯចាន់ សមគម អាយុខ្ទង់៣០ឆ្នាំ បានស្លាប់បន្ទាប់ពីសន្លប់ដោយសារបះទង្គិចត្រូវដំបូលតង់អំឡុងព្យុះដ៏ខ្លាំងនៅក្នុងខែសីហាឆ្នាំដដែលនោះ។ចំណែកឯ សួន សំបូរ បានស្លាប់ ដោយសារជំងឺគ្រុនចាញ់កាលពីខែកញ្ញាឆ្នាំមុន៕ ­ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស