34 C
Phnom Penh

ឯកអគ្គ​​​រដ្ឋ​​​ទូត​​​ជិត​​​ចប់​​​​អាណត្តិ​​​​​​៖ គណបក្ស​​​ប្រជាជន​​​​​​​​​ប្តេជ្ញា​​​​​​កាន់​​​អំណាច​​​បន្ត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកអគ្គរដ្ឋទូតជិតចប់អាណត្តិរបស់ប្រទេសអាល្លឺម៉ង់បានលើកឡើងនៅក្នុងសប្តាហ៍នេះថា មនុស្សជាច្រើននៅក្នុងគណបក្សប្រជាជនកម្ពុជាជឿថា ពួកគេមានតួនាទីធ្វើអ្វីៗសម្រាប់ប្រទេសកម្ពុជានៅក្នុងការទប់ស្កាត់កុំឲ្យគណបក្សសង្គ្រោះជាតិឡើងកាន់អំណាច និងកុំឲ្យគណបក្សនេះធ្វើឲ្យប្រទេសបែកខ្ញែក ហើយតាមរយៈនេះ “ពលរដ្ឋគ្រប់រូបអាចទាញការសន្និដ្ឋានផ្ទាល់ខ្លួនបាន” ថា តើវានឹងមានការបោះឆ្នោតដោយសេរី ឬក៏អត់នៅក្នុងឆ្នាំ២០១៨។

cam-photo-baron-channaលោក ចូអាជីម បារ៉ុន វ៉ុន ម៉ាស្កាល់ (Joachim Baron von Marschall) បានមកកាន់តំណែងជាឯកអគ្គរដ្ឋទូតប្រចាំរាជធានីភ្នំពេញកាលពី៣ឆ្នាំមុន ស្របពេលមានភាពចលាចលក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីខែកក្កដា ឆ្នាំ២០១៣ ហើយនឹងចាកចេញពីប្រទេសកម្ពុជានៅសប្តាហ៍ក្រោយ ក្រោមស្ថានភាពនយោបាយស្រដៀង គ្នាដើម្បីទៅធ្វើជាឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសអេក្វាទ័រ។

នៅក្នុងកិច្ចសម្ភាសន៍មួយនៅឯស្ថានទូតអាល្លឺម៉ង់ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃពុធ លោក  វ៉ុន ម៉ាស្កាល់ អាយុ៦២ឆ្នាំបានលើកឡើងថា លោកបានចំណាយពេលយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា ដោយបានជួបជាមួយអ្នកនយោបាយមកពីគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំង។

លោកបានមានប្រសាសន៍ថា “ពលរដ្ឋមួយចំនួនហាក់បីដូចជាមើលឃើញគណបក្សប្រឆាំងត្រឹមតែជាគ្រឿងលម្អប៉ុណ្ណោះ។ ប្រសិនបើគណបក្សនេះព្យាយាមដណ្តើមអំណាច គេដាច់ខាតត្រូវតែបំបិទមាត់គណបក្សនេះ”។

ពេលសួរថា តើការជួបពិភាក្សាជាមួយមេដឹកនាំរដ្ឋាភិបាល និងមេដឹកនាំគណបក្សប្រឆាំងនាំឲ្យលោកជឿថា ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨ នឹងមានការប្រកួតប្រជែងដោយសេរី ឬក៏អត់នោះ ឯកអគ្គរដ្ឋទូតរូបនេះបានលើកឡើងថា លោកអាចផ្តល់បានត្រឹមតែការអង្កេតតាមដានរបស់លោកប៉ុណ្ណោះ។

លោក  វ៉ុន ម៉ាស្កាល់ បានថ្លែងថា “អ្វីដែលខ្ញុំដឹងគឺគណបក្សប្រជាជនកម្ពុជាប្តេជ្ញាយ៉ាងមុតមាំថា នឹងនៅតែកាន់អំណាចបន្តទៀត។ ខ្ញុំបានឮគណបក្សនេះនិយាយថា ‘យើងមានតួនាទីធ្វើអ្វីៗសម្រាប់ប្រទេសជាតិតាមរយៈការទប់ស្កាត់គណបក្សសង្គ្រោះជាតិ ព្រោះគណបក្សនេះធ្វើឲ្យជាតិបែកខ្ញែក’។ ប៉ុន្តែការបោះឆ្នោតប្រឈមហានិភ័យ។ គណបក្សប្រជាជនកម្ពុជាមិនច្បាស់ថា ខ្ញួននឹងទទួលបានការគាំទ្រគ្រប់គ្រាន់នោះឡើយ។ ពលរដ្ឋគ្រប់រូបអាចទាញការសន្និដ្ឋានរបស់ខ្លួនបាន”។

គណបក្សប្រជាជនធ្លាប់បានសន្យាម្តងហើយម្តងទៀតថា នឹងធានាឲ្យបានថា ការបោះឆ្នោតនាពេលខាងមុខពិតជាសេរី និងយុត្តិធម៌ ប៉ុន្តែ បានរងសម្ពាធម្តងទៀតពីស្ថានទូតបរទេសមួយចំនួនដែលសំដែងក្តីព្រួយបារម្ភអំពីការចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំង និងការធ្វើកំណែទម្រង់បោះឆ្នោតយឺតយ៉ាវ។

ដោយឆ្លុះបញ្ចាំងពីតួនាទីដ៏ត្រឹមត្រូវរបស់មន្ត្រីការទូតនៅកម្ពុជា លោក វ៉ុន ម៉ាស្កាល់ បានលើកឡើងថា ពួកគេត្រូវតែប្រកាន់ជំហរកណ្តាល ដោយមិនត្រូវជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ជាតិមួយផង និងត្រូវជួយការពារសិទ្ធិមនុស្សផង។

លោកបានលើកឡើងថា តួនាទីនេះគឺ”មិនត្រូវសន្មតតួនាទីរបស់រដ្ឋាភិបាលថា យ៉ាងនេះ ឬយ៉ាងនោះឡើយ”។ ប៉ុន្តែយើងមានការអភិវឌ្ឍបន្ទាប់ពីសង្គ្រាមលោកលើកទី២ ដោយមានការបង្កើតអង្គការសហប្រជាជាតិ និងសេចក្តីថ្លែងការណ៍ជាសាកលស្តីអំពីសិទ្ធិមនុស្ស ហេតុដូច្នេះប្រទេសនីមួយៗបានក្លាយជាអ្នកគាំពារសិទ្ធិមនុស្ស”។

លោកបានមានប្រសាសន៍បន្ថែមថា “យើងចង់ឃើញការផ្លាស់ប្តូរមកដើរតាមលិទ្ធប្រជាធិបតេយ្យ ប៉ុន្តែ យើងមិនគួរចាក់សាំងលើភ្លើងទេ។ យើងត្រូវផ្លាស់ប្តូរផ្នត់គំនិតតាមរយៈការបញ្ចុះបញ្ចូលមិនមែនតាមរយៈការវាយប្រហារខ្លាំងៗនោះឡើយ។ ខ្ញុំជឿជាក់យ៉ាងម៉ុតមាំថា ទីបំផុតប្រទេសនីមួយៗប្រាកដជាអាចគ្រប់គ្រងវាសនារបស់ខ្លួនបាន”។

ឯកអគ្គរដ្ឋទូតរូបនេះ បានលើកឡើងទៀតថា នៅកម្ពុជាជួនកាលក៏ទំនងជាមិនអាចផ្លាស់ប្តូរដែរ ប៉ុន្តែ លោកឃើញថា មានការផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីលោកបានមកដល់។

លោក វ៉ុន ម៉ាស្កាល់ បានថ្លែងថា “មានការផ្លាស់ប្តូរដ៏គួរឲ្យកត់សម្គាល់នៅក្នុងអ្វីដែលទំនងជាមានលក្ខណៈជាប្រព័ន្ធបន្តទៅមុខទៀត នោះគឺចំនួនពលរដ្ឋដែលមានវ័យក្មេងៗ បានធំពេញវ័យ បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ និងបានក្លាយជាអ្នកចេះរិះគិតពិចារណា ហើយសម្ពាធទាមទារឲ្យមានការផ្លាស់ប្តូរក៏កំពុងតែកើនឡើងដែរ”។

លោកបានបន្ថែមថា “វាប្រហែលមិនចាំថ្ងៃស្អែកទេ ប៉ុន្តែ ទីបំផុតការផ្លាស់ប្តូរនឹងកើតឡើង។ការក្រាញននៀលកាន់អំណាចកាន់តែយូរ ស្ថានភាពគ្រោះថ្នាក់មានកាន់ច្រើន។ ពលរដ្ឋមានវ័យក្មេងៗត្រូវការសិទ្ធិបញ្ចេញមតិ”។

ដោយលើកឡើងអំពីឃាតកម្មទាំងកណ្តាលថ្ងៃចែស កាលពីព្រឹកថ្ងៃអាទិត្យលើលោក កែម ឡី អ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពនោះ លោក វ៉ុន ម៉ាស្កាល់ បាននិយាយថា វាគឺជាការគិតខុសយ៉ាងធ្ងន់ធ្ងរ ដែលថា តើនរណាជាអ្នកត្រូវទទួលខុសត្រូវនោះ។

លោកបានថ្លែងថា “យើងមិនដឹងទេថា តើនរណាចង់ឲ្យលោក កែម ឡី ស្លាប់ ហើយមិនដឹងថាមូលហេតុអ្វីឡើយ។ ប៉ុន្តែ ខ្ញុំជឿថា ទោះជានរណាធ្វើរឿងនេះក៏ដោយវាមិនគ្រាន់តែជាអំពើប្រឆាំងមនុស្សជាតិទេ តែថែមទាំងជាអំពើជួយធ្វើឲ្យជាតិមួយបែកបាក់ទៀតផង”៕ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស