28 C
Phnom Penh

សកម្មជន​ពីរ​នាក់​បង​ប្អូន​ភ្លោះ​​​ដែល​បាន​ជួប​ជាមួយ​លោក កែម ឡី ភៀស​ខ្លួន​ទៅ​​ក្រៅ​ប្រទេស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជនពីរនាក់បងប្អូនភ្លោះដែលបានជួបជាមួយលោក កែម ឡី អ្នកវិភាគនយោបាយដ៏លេចធ្លោមួយថ្ងៃមុនពេលលោកត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ បានភៀសខ្លួនទៅប្រទេសថៃកាលពីម្សិលមិញ ដែលទំនងជាព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ខ្លួន។

cam-photo-twins-facebookយុវជន ជុំ ហួ និង ជុំ ហួត បានជួបជាមួយលោក កែម ឡី កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននៅស្តាម៉ាតដែលលោកត្រូវខ្មាន់កាំភ្លើងសម្លាប់កាលពីថ្ងៃអាទិត្យ ហើយអះអាងថាបានឃើញមនុស្សតាមឃ្លាំមើលសកម្មភាព និងយកការណ៍ពីពួកគេ។ ពួកគេបានបង្ហោះរូបថតរបស់ខ្លួនមួយសន្លឹកលើទំព័រហ្វេសប៊ុករួមគ្នារបស់ពួកគេទាំងពីរកាលពីម្សិលមិញ ដែលបង្ហាញពីពួកគេអង្គុយលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways និងកាន់លិខិតឆ្លងដែនក្នុងដៃ។

ពួកគេបានសរសេរសារមួយភ្ជាប់នឹងរូបថតថា “មានខោអាវមួយកំផ្លេជាប់នឹងខ្លួន ត្រូវបង្ខំចិត្តចាកចេញទៅទាំងអារម្មណ៍ក្ដុកក្ដួលក្រៃលែង។ លាហើយកម្ពុជាអើយ”។

កាលពីយប់ម្សិលម្ងៃ បងប្អូនទាំងពីរក៏បានបង្ហោះរូបថតពួកគេមួយសន្លឹកដែរ ដែលទំនងជាកំពុងសម្ងំលាក់ខ្លួន ហើយពួកគេបានសរសេរថា “ពេលនេះពួកខ្ញុំអត់មានសុវត្ថិភាពទេ ហើយកំពុងតែនៅកន្លែងមួយ”។

កាលពីថ្ងៃអង្គារ លោកស្រី ប៊ូ រចនា ភរិយារបស់លោក កែម ឡី បានប្រាប់ក្រុមអ្នកយកព័ត៌មានថា បន្ទាប់ពីស្វាមីរបស់លោកស្រីត្រូវគេធ្វើឃាត លោកស្រីសង្ឃឹមថា នឹងនាំគ្រួសាររបស់លោកស្រីទៅរស់នៅក្រៅប្រទេស ព្រោះ លោកស្រីព្រួយបារម្ភចំពោះអាយុជីវិតផ្ទាល់ខ្លួន។ លោកស្រីមានកូនប្រុសក្មេងៗចំនួនបួននាក់ ហើយកំពុងមានផ្ទៃពោះកូនទី៥។

លោក កែម ឡី វ័យ៤៦ឆ្នាំ ជាអ្នករិះគន់រដ្ឋាភិបាលមិនសំចៃមាត់ដ៏មានប្រជាប្រិយភាពត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងស្តាម៉ាតនៃស្ថានីយប្រេងឥន្ធនៈមួយ (កាល់តិច) ត្រង់ចំណុចផ្លូវប្រសព្វដ៏អ៊ូអរនៃមហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុងកាលពីព្រឹកថ្ងៃអាទិត្យ។ ចំណែកឯខ្មាន់កាំភ្លើងជាជនសង្ស័យត្រូវបានចាប់ខ្លួននៅចម្ងាយផ្លូវពីរបីប្លុក ហើយបានសារភាពយ៉ាងរហ័សថា ខ្លួនពិតជាបានសម្លាប់លោក កែម ឡី ប្រាកដមែនដោយសារលោក កែម ឡី ជំពាក់ប្រាក់ចំនួន៣.០០០ដុល្លារមិនព្រមសង។

ប៉ុន្តែការវាយប្រហារដ៏គឃ្លើនទាំងកណ្ដាលថ្ងៃចែសនេះ ត្រូវមជ្ឈដ្ឋានទូទៅសង្ស័យថាជាការវាយប្រហារបញ្ជាដោយគណបក្សប្រជាជនកម្ពុជា ក្នុងបំណងបំភិតបំភ័យអ្នករិះគន់គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចជាយូរមកហើយ ឬដើម្បីបង្ខូចកេរ្តិ៍ឈ្មោះគណបក្សប្រឆាំងនៅមុនការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨។

គ្រួសាររបស់លោក កែម ឡី និងគ្រួសាររបស់ជនសង្ស័យដែលចាប់ខ្លួនបានលើកឡើងថា ពួកគាត់មិនបានដឹងពីទំនាក់ទំនងរវាងអ្នកទាំងពីរទេ កុំថាឡើយដឹងដល់រឿងជំពាក់លុយមិនព្រមសងនោះ។

មនុស្សមួយចំនួនដែលបានជួបជាមួយលោក កែម ឡី ប៉ុន្មានថ្ងៃមុនពេលលោកត្រូវគេធ្វើឃាតនិយាយថា អ្នកវិភាគរូបនេះជឿថាលោកត្រូវគេតាមឃ្លាំមើលសកម្មភាព ហើយអះអាងថា ពួកគេក៏បានឃើញសញ្ញាតាមដាននោះដែរ។

កាលពីថ្ងៃទី៩ ខែកក្កដា លោក កែម ឡី និងពីរនាក់បងប្អូនភ្លោះសុទ្ធតែបង្ហោះរូបពួកគេនៅស្តាម៉ាតដែលអ្នកវិភាគរូបនេះចូលចិត្តទៅពិសាកាហ្វេ និងជួបជុំគ្នីគ្នា។

កាលពីថ្ងៃពុធ លោក ហ៊ុន វណ្ណៈ សមាជិកក្រុមសកម្មជនយុវជនការពារសង្គម និងបរិស្ថាន រួមជាមួយបងប្អូនទាំងពីរបាននិយាយថា លោកក៏មានវត្តមានអំឡុងពេលជួបពិភាក្សាគ្នានោះដែរ ហើយថា កូនភ្លោះទាំងពីរមានអារម្មណ៍ថា ពួកគេត្រូវបានបុរសមួយក្រុមមានគ្នាបីនាក់អង្គុយនៅតុមួយផ្សេងទៀតតាមឃ្លាំមើល។ លោកនិយាយថា បងប្អូនទាំងពីរបានបង្ហាញការសង្ស័យរបស់ខ្លួនក្នុងបទសម្ភាសន៍មួយនៅខាងក្រៅស្តាម៉ាតរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីការធ្វើឃាត ហើយក្រោយមកក៏ព្រួយបារម្ភថា ការផ្សាយជាសាធារណៈនេះអាចធ្វើឲ្យពួកគេមានគ្រោះថ្នាក់។

កាលពីម្សិលមិញ លោក ហ៊ុន វណ្ណៈ បានបដិសេធមិននិយាយអំពីស្ថានភាពនៃការចាកចេញរបស់បងប្អូនទាំងពីរ ឬផែនការក្នុងពេលដ៏ខ្លីខាងមុខនោះទេ។លោកលើកឡើងថា ”ក្រុមរបស់យើងបានប្រជុំគ្នា ហើយសម្រេចមិនផ្ដល់ព័ត៌មានណាមួយស្ដីពីកន្លែងសំចតរបស់បងប្អូនភ្លោះទាំងពីរទេ ពីព្រោះយើងព្រួយបារម្ភចំពោះសន្តិសុខរបស់ពួកគេ”។

ចំណែកឯបងប្អូនទាំងពីរមិនបានឆ្លើយតបទៅនឹងសំណើសុំការបំភ្លឺទេ។ ព្រះតេជគុណ ប៊ុត ប៊ុនទិញ សកម្មជនព្រះសង្ឃដែលបានជួបជាមួយបងប្អូនទាំងពីរនៅស្ថានទូតអាមេរិក កាលពីថ្ងៃពុធបានមានសង្ឃដីកាថា យុវជន ជុំ ហួ និង ជុំ ហួត ព្រួយបារម្ភខ្លាចគេតាមប្រមាញ់ដោយសារក្រុមបុរសដែលពួកគេបានឃើញនៅស្តាម៉ាតអំឡុងពេលពួកគេជួបជាមួយលោក កែម ឡី។

ព្រះអង្គមានសង្ឃដីកាថា ”អាត្មាគិតថា [ពួកគេចាកចេញ] ដោយសារតែពួកគេនៅក្មេង ហើយមានការភ័យខ្លាច”។

ប៉ុន្តែព្រះសង្ឃអង្គនេះដែលបានធ្វើឱ្យរដ្ឋាភិបាលខឹងយ៉ាងខ្លាំងចំពោះការរិះគន់ធ្ងន់ៗរបស់ព្រះអង្គទៅលើគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច បានមានសង្ឃដីកាថា ព្រះអង្គជឿថា បងប្អូនទាំងពីរប្រតិកម្មជ្រុលពេក ហើយព្រះអង្គបានណែនាំឱ្យពួកគេនៅក្នុងប្រទេស។

ព្រះអង្គលើកឡើងថា “រាល់កន្លែងដែលអាត្មាទៅ គឺតែងតែមានមនុស្សតាមថតរូបអាត្មា។ ប៉ុន្តែយើងមិនគិតច្រើនពីពួកគេទេ”។ ព្រះអង្គបានបន្តទៀតថា ព្រះអង្គបាននិមន្តទៅស្ថានទូតដើម្បីរៀបចំទិដ្ឋាការសម្រាប់ការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដែលព្រះអង្គបានគ្រោងទុកតាំងពីមុនពេលលោក កែម ឡី ត្រូវគេធ្វើឃាត។

កាលពីថ្ងៃពុធ ពីរនាក់បងប្អូន ជុំ ហួ និង ជុំ ហួត និយាយថា ពួកគេត្រូវបានអញ្ជើញឱ្យទៅស្ថានទូតអាមេរិក ដើម្បីពិភាក្សាអំពីឃាតកម្មនេះ ដោយគេឃើញពួកគេទាំងពីរចូលទៅក្នុងបរិវេណស្ថានទូត ប៉ុន្តែមិនអាចទាក់ទងបានទេនៅពេលក្រោយមក។ លោក ហ៊ុន វណ្ណៈ ដែលបានដឹកពួកគេទៅទម្លាក់ចោល និងទៅទទួលពួកគេវិញនិយាយថា បងប្អូនភ្លោះទាំងពីរបានប្រាប់លោកថា មន្ត្រីស្ថានទូតបានសួរពួកគេអំពីទំនាក់ទំនងរបស់ពួកគេជាមួយលោក កែម ឡី។

ទោះជាយ៉ាងណា ស្ថានទូតអាមេរិក បានបដិសេធមិននិយាយអំពីជំនួបជាមួយបងប្អូនទាំងពីរទេ។ លោក ខតនី វូដស៍ (Courtney Woods) អ្នកនាំពាក្យស្ថានទូតមានប្រសាសន៍ថា “ស្ថានទូតអាមេរិក តែងតែជួបជាប្រចាំជាមួយបុគ្គលផ្សេងៗដើម្បីពិភាក្សាអំពីបញ្ហានានា។ ជាគោលការណ៍ទូទៅ យើងមិនចែករំលែកខ្លឹមសារនៃការជជែកទាំងនោះទេ”។

គួរបញ្ជាក់ថា យុវជន ជុំ ហួ និង ជុំ ហួត បានចាប់ផ្ដើមបំពេញបុព្វហេតុមួយចំនួនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះដែលបានធ្វើឱ្យពួកគេក្លាយជាអ្នកប្រឆាំងរដ្ឋាភិបាល។ នៅថ្ងៃទី១៥ ខែកក្កដា បងប្អូនទាំងពីរបានស្ថិតក្នុងចំណោមមនុស្សប្រាំមួយនាក់ដែលត្រូវបានឃាត់ខ្លួននៅខាងក្រៅរដ្ឋសភាចំពោះការតវ៉ាដោយមានដាក់ច្រវាក់ និងស្លៀកសម្លៀកបំពាក់អ្នកទោស។

សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ជនសង្ស័យជាឃាតករហៅ ជួប សម្លាប់ កាលពីថ្ងៃពុធ ពីបទមនុស្សឃាតគិតទុកជាមុន និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធគ្មានការអនុញ្ញាត។

ទោះជាយ៉ាងណា សមត្ថកិច្ចនៅក្នុងខេត្តសៀមរាប បានបញ្ជាក់អត្តសញ្ញាណបុរសនេះថា ជាពលរដ្ឋក្នុងមូលដ្ឋានមានឈ្មោះ អឿត អាង អាយុ៤៣ឆ្នាំ ជាអតីតទាហាន និងព្រះសង្ឃដែលកាលពីពេលថ្មីៗនេះបានចូលបម្រើការងារឱ្យអង្គការបរិស្ថានមួយ។

តុលាការក៏បានចោទប្រកាន់បុគ្គលដែលបានលក់អាវុធឲ្យទៅខ្មាន់កាំភ្លើងដើម្បីប្រើប្រាស់សម្រាប់ធ្វើឃាតលោក កែម ឡី ពីបទលក់អាវុធខុសច្បាប់ ប៉ុន្តែសមត្ថកិច្ចបានបដិសេធមិនបញ្ចេញអត្តសញ្ញាណមនុស្សម្នាក់នោះឡើយ៕ សុខុម (រាយការណ៍បន្ថែមដោយ Zsombor Peter)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស