29.3 C
Phnom Penh

នគរបាល​ចាប់ខ្លួន​​ជន​រួមភេទ​ជាមួយ​កុមារ​ក្នុង​ក្រុង​សៀម​រាប​ជុំវិញ​​ទិដ្ឋាការ​អស់​សុពល​ភាព​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា នគរបាលកម្ពុជាបានចាប់ខ្លួនជនជាតិអង់គ្លេសជាជនរួមភេទជាមួយកុមារដែលគេកំពុងតាមចាប់ខ្លួនកាលពីថ្ងៃពុធដោយឥតគ្រោងទុកនៅក្នុងក្រុងសៀមរាបចំពោះការខកខានមិនបានទៅពន្យារលិខិតឆ្លងដែន និងទិដ្ឋាការរបស់ខ្លួន។

cam-headshot-uk-pedo-heiselaយោងតាមលោក អ៊ុក ហៃ សិលា ប្រធានផ្នែកស៊ើបអង្កេតនៅនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានឱ្យដឹងថា លោក ដាមៀន មីដជ្លី (Damien Midgley) អាយុ៣៩ឆ្នាំនៅតំបន់ West Yorkshire ប្រទេសអង់គ្លេស បានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៤ ហើយបានព្យាយាមបន្តទិដ្ឋាការកាលពីខែកុម្ភៈ ប៉ុន្តែគាត់ត្រូវបានប្រាប់ថាលិខិតឆ្លងដែនរបស់គាត់ជិតផុតសុពលភាពហើយ។

លោកបានមានប្រសាសន៍ថា “យើងបានផ្តល់យោបល់ឱ្យគាត់ទៅពន្យារនៅស្ថានទូត…ហើយបានឱ្យគាត់យកលិខិតឆ្លងដែនរបស់ខ្លួនទៅនាយកដ្ឋានអន្តោប្រវេសន៍ផង ប៉ុន្តែគាត់មិនដែលទៅទេ។ ដូច្នេះហើយ យើងបានប្រាប់នគរបាលខេត្តឱ្យស្វែងរកគាត់” នៅក្នុងក្រុងសៀមរាប នៅពេលទិដ្ឋាការរបស់គាត់អស់សុពលភាព។

យោងតាមលោក វ៉ាន់ ទិត្យ នាយរងការិយាល័យនគរបាលអន្តោប្រវេសន៍ខេត្តបានឱ្យដឹងថា លោក មីដជ្លី ត្រូវបានចាប់ខ្លួននៅក្នុងក្រុងសៀមរាបម៉ោង១១ព្រឹកថ្ងៃពុធ។

លោកបានថ្លែងថា “យើងបានចាប់ខ្លួនគាត់ខណៈពេលគាត់កំពុងស៊ីផឹកជាមួយមិត្តភក្តិនៅក្នុងភោជនីយដ្ឋានផ្ទះបាយខ្មែរក្នុងតំបន់ផាប់ស្ទ្រីត”។ លោកបានបន្ថែមថា លោក មីដជ្លី ត្រូវបានប្រគល់ទៅឱ្យក្រុមមន្ត្រីមកពីនាយកដ្ឋានអន្តោប្រវេសន៍ខេត្តភ្លាមៗ។

យោងតាមលោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសិលា បានឱ្យដឹងថា ពីមុនមកគេមិនដឹងថា ជនជាតិអង់គ្លេសរូបនេះមានប្រវត្តិប្រព្រឹត្តបទល្មើសទេ ទើបតែដឹងកាលពីព្រឹកម្សិលមិញ។

ពេលជូនដំណឹងដល់ស្ថានទូតអង់គ្លេសអំពីការចាប់ខ្លួនលោក មីដជ្លី លោកបានមានប្រសាសន៍ថា “ខ្ញុំបានទទួលព័ត៌មានថាគាត់ជាប់ពាក់ព័ន្ធការរួមភេទជាមួយកុមារ”។

លោកបានថ្លែងថា “នៅតុលាការអង់គ្លេស គាត់ត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ ប៉ុន្តែខ្ញុំមិនច្បាប់អំពីកាលបរិច្ឆេទជាក់លាក់ទេ ពីព្រោះខ្ញុំមិនទាន់បានទទួលឯកសារផ្លូវការនៅឡើយ។បន្ទាប់ពីត្រូវបានកាត់ឱ្យជាប់ទោស គាត់បានគេចខ្លួនទៅប្រទេសថៃ ហើយបន្ទាប់មក មកប្រទេសកម្ពុជា”។

ក្រោមការសាកសួរនៅនាយកដ្ឋានអន្តោប្រវេសន៍ខេត្តកាលពីម្សិលមិញ ប៉ុន្តែមុនពេលក្រុមមន្ត្រីដឹងពីរឿងអតីតនៃការប្រព្រឹត្តបទល្មើសរបស់ជននេះ លោក មីដជ្លី បានសារភាពថា គាត់បាននិងកំពុងរស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់។

ឧត្តមសេនីយ៍ទោ អ៊ុក ហៃសិលា បានមានប្រសាសន៍ថា “គាត់មិនហ៊ានបង្ហាញខ្លួននៅស្ថានទូតទេ ពីព្រោះ គាត់កំពុងរត់គេចខ្លួន”។ លោកបានបន្ថែមថា លោក មីដជ្លី នឹងត្រូវនិរទេសទៅប្រទេសអង់គ្លេសនៅសប្តាហ៍ក្រោយ ហើយថា នាយកដ្ឋានរបស់លោកកំពុងទាក់ទងជាមួយក្រុមមន្ត្រីអង់គ្លេសអំពីករណីនេះ។ ស្ថានទូតអង់គ្លេសមិនបានឆ្លើយតបតាមសំណើសុំអត្ថាធិប្បាយទេ។

យោងតាមអត្ថបទខែធ្នូ ឆ្នាំ២០១៤ ដែលបានចេញផ្សាយនៅក្នុងសារព័ត៌មាន The Press   ជាកាសែតដែលមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉ក លោក មីដជ្លី កំពុងធ្វើការជាអ្នកបង្រៀនជិះសេះនៅមជ្ឈមណ្ឌល Newthorpe Equestrian ក្នុងតំបន់ North Yorkshire នៅពេលនោះគាត់ត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទរំលោភផ្លូវភេទសិស្សវ័យក្មេងរបស់ខ្លួនបួននាក់។

យោងតាមកាសែតនេះបានឱ្យដឹងថា បន្ទាប់ពីត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ក្រោយមកគាត់ត្រូវបានចោទប្រកាន់ ហើយកាត់ឱ្យជាប់ទោសកំបាំងមុខ។

អត្ថបទនេះបន្តថា ” ដាមៀន មីដជ្លី បានគេចខ្លួនទៅក្រៅប្រទេសបន្ទាប់ពីគាត់ត្រូវបានចោទប្រកាន់ពីបទល្មើសចំនួន១១ពាក់ព័ន្ធការរំលោភកុមារបួននាក់អាយុក្រោម១៣ឆ្នាំ។ ពួកគេមួយចំនួនបានទៅរៀនជិះសេះលើកដំបូងជាមួយគាត់”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស