28.4 C
Phnom Penh

ជនសង្ស័យ​​​និយាយ​​​មុននឹង​​​មាន​​​ឃាតកម្ម​​​លើ​​​ កែម ឡី៖ ខ្ញុំ​​​ជា​​​ទាហាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុកអង្គរជុំ ខេត្តសៀមរាប – កាលពីចុងសប្តាហ៍មុន អ៊ំ អឿង បានទទួលការហៅទូរស័ព្ទពីមិត្តរបស់គាត់ឈ្មោះ អឿត អាង។ មានរយៈពេលប្រហែល១០ថ្ងៃចាប់តាំងពីលោក អាង បានចាកចេញពីភូមិដ៏ស្ងាត់ជ្រងំនេះក្នុងខេត្តសៀមរាប។

អង្គុយនៅខាងក្រៅផ្ទះមិត្តភក្តិរបស់គាត់បន្ទាប់ពីសម្ភាសដោយនគរបាល លោក អឿង បាននិយាយថា  “ខ្ញុំបាន សួរគាត់ ឯងមានការងារអីធ្វើ?” គាត់និយាយថា គាត់ធ្វើទាហាននៅភ្នំពេញ”។

cam-photo-samlap-channaបុរសរូបនេះនិយាយថា លោក អាង ដូចជាមានជំនឿចិត្ត អ៊ីចឹង បុរសរូបនេះក៏និយាយលេងសើចនឹងគាត់ ដោយសុំឲ្យគាត់រកការងារឲ្យធ្វើផង។

បុរសរូបនេះនិយាយថា “ខ្ញុំបានប្រាប់គាត់ថា ឯងមានការងារនិងប្រាក់ខែ រកឲ្យគ្នាផង”។

បន្ទាប់មកទូរស័ព្ទបានដាច់។ បុរសរូបនេះបានព្យាយាមហៅត្រឡប់ទៅវិញ ប៉ុន្តែ ទូរស័ព្ទមិនចូលសោះ។

ក្រោយមកបុរសរូបនេះបានឃើញលោក អាង នៅតាមកញ្ចក់ទូរទស្សន៍ ដែលគេបង្ហាញឲ្យអ្នកកាសែតថតកាលពីរសៀលថ្ងៃអាទិត្យ ក្រោយពីត្រូវចាប់ខ្លួនទាក់ទងនឹងការបាញ់សម្លាប់លោក កែម ឡី អ្នកធ្វើអត្ថាធិប្បាយនយោបាយដ៏មានប្រជាប្រិយភាពនៅព្រឹកនោះ។

យោងតាមប៉ូលិស លោក អាង បានចូលទៅក្នុងហាងមួយនៅឯស្ថានីយសាំងកាល់តិច នៅកាច់ជ្រុងមហាវិថីមុនីវង្ស និងម៉ៅសេងទុង ហើយក៏បាញ់ពីរគ្រប់ មួយគ្រប់ចំក្បាល កែម ឡី និងមួយគ្រប់ទៀតចំទ្រូង។

ខ្មាន់កាំភ្លើងបានរត់គេចខ្លួនពីកន្លែងកើតហេតុដោយថ្មើរជើង ហើយក៏ត្រូវដេញតាមដោយនគរបាលនិងប្រជាពលរដ្ឋនៅក្បែរផ្សារអុីអន។ ខ្មាន់កាំភ្លើងរូបនេះត្រូវគេចោមវាយបែកឈាម មុននឹងនគរបាលទាញចេញពីហ្វូងមនុស្ស។ បុរសរូបនេះបានប្រាប់ថាឈ្មោះ ជួប សម្លាប់ ហើយក៏មានវីដេអូដែលនិយាយសារភាពបានបង្ហោះតាមអុីនធើណិតក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីការចាប់ខ្លួន។

លោក អឿង បាននិយាយថា លោកភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយស្គាល់បុរសម្នាក់ដែលសារភាពថាបានសម្លាប់ ដែលមជ្ឈដ្ឋានភាគច្រើនជឿថាជាឃាតកម្មនយោបាយ។

បុរសរូបនេះបាននិយាយថា “ពេលខ្ញុំឃើញគាត់ ខ្ញុំតក់ស្លុតណាស់ ព្រោះវាទៅទីនោះដើម្បីសម្លាប់គាត់ វាមិនស្គាល់ កែម ឡី ទេ។ វានិយាយថា វាគ្រាន់តែធ្វើទាហាននៅភ្នំពេញប៉ុណ្ណោះ”។

លោក អឿង បាននិយាយថា ដំបូងគាត់បានជួបលោក អាង វ័យ៤៣ឆ្នាំក្នុងឆ្នាំ១៩៨៨ នៅពេលដែលពួកគេធ្វើជាកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលគាំទ្រដោយវៀតណាម។ អ្នកទាំងពីរជួបគ្នាយូរៗម្តងក្នុងអំឡុងពេល២០ឆ្នាំក្រោយពីពួកគេឈប់ធ្វើទាហាន ប៉ុន្តែ បានបាត់ការទាក់ទងគ្នាមួយរយៈ នៅពេលដែលលោក អាង ទៅរកការងារធ្វើនៅប្រទេសថៃ។ លោក អាង បានវិលមកខេត្តវិញបីឆ្នាំកន្លងមកហើយ ហើយបានបួសជាព្រះសង្ឃដោយគង់នៅវត្តចំនួនបីមុននឹងសឹក។

លោក អឿង បាននិយាយថា លោកបានជួបអតីតមិត្តរួមអាវុធរូបនេះម្តងទៀតនៅពេលដែលលោក អាង ធ្វើការជាមួយក្រុមអង្គការក្រៅរដ្ឋាភិបាល ជាអង្គការអភិវឌ្ឍនិងការពារបរិស្ថាន។ នៅក្នុងផ្ទះរបស់លោក អាង គាត់បានបង្ហាញឲ្យអ្នកយកព័ត៌មានឃើញសៀវភៅមួយដែលមានស្លាកសញ្ញាអង្គការ និងរូបថតរបស់លោក អាង ពាក់ស្បង់ចីវរ។

តំណាងអង្គការនេះមិនអាចទាក់ទងបានទេ។

រាល់អ្នកភូមិដែលបានសម្ភាសនៅក្នុងភូមិនគរភាស ដែលឡោមព័ទ្ធទៅដោយវាលស្រែខៀវខ្ចីស្រស់បំព្រង បាននិយាយថា ពួកគេតក់ស្លុតពេលឃើញអ្នកជិតខាងដ៏ស្រគត់ស្រគំរបស់គេដែលគេចោទថា ជាប់ពាក់ព័ន្ធក្នុងឃាតកម្មដ៏លេចធ្លោបំផុត ចាប់តាំងពីមានឃាតកម្មទៅលើលោក ជា វិជ្ជា មេដឹកនាំសហជីពក្នុងឆ្នាំ២០០៤។

និយាយនៅខាងក្រោមផ្ទះរបស់ខ្លួន អ្នកស្រី ហឿម ហ៊ត់ វ័យ៤៥ឆ្នាំ ដែលនិយាយថា ជាប្រពន្ធរបស់លោក អាង ទោះបីជាអ្នកទាំងពីរមិនបានរៀបការជាផ្លូវការក៏ដោយ បាននិយាយថា ប្តីរបស់គាត់ហាក់ដូចជាធម្មតានៅពេលគាត់បានប្រាប់អ្នកស្រីថា គាត់ទៅលេងមិត្តភក្តិជិតស្និទ្ធម្នាក់នៅភ្នំពេញ។

អ្នកស្រី ហ៊ត់ បាននិយាយថា “ពេលចុងក្រោយដែលខ្ញុំឃើញគាត់ គាត់បាននិយាយថា គាត់ទៅជួបប្អូនធម៌នៅភ្នំពេញ។ ខ្ញុំមិនចាំច្បាស់ទេ ប៉ុន្តែប្រហែល១០ថ្ងៃមុន”។

អ្នកស្រីបាននិយាយថា “ពេលគាត់ទៅដល់ភ្នំពេញ គាត់បានទូរស័ព្ទមកខ្ញុំ ហើយក៏សួរខ្ញុំថា ខ្ញុំហូបបាយហើយនៅ។ គាត់ដូចជាធម្មតា ដូចគ្មានអ្វីប្លែកសោះ។ គាត់ឈប់ទូរស័ព្ទមកខ្ញុំនៅថ្ងៃទី១០” គឺចំថ្ងៃដែល កែម ឡី ត្រូវគេបាញ់សម្លាប់។

អ្នកស្រី ហ៊ត់ បាននិយាយថា អ្នកស្រីប្រឹងគិតថា ហេតុអ្វីប្តីអ្នកស្រីបាញ់សម្លាប់អ្នកវិភាគនយោបាយនោះ ព្រោះអ្នកស្រីមិនជឿថា ពួកគេស្គាល់គ្នាទេ។ លោក អាង អះអាងថា បានសម្លាប់លោក កែម ឡី ដោយសារតែជំពាក់ប្រាក់ ៣.០០០ដុល្លារដែលអ្នកវិភាគរូបនេះមិនព្រមសង។

អ្នកស្រីបាននិយាយថា “ខ្ញុំព្រួយចិត្តណាស់ ខ្ញុំមិនជឿថា គាត់ធ្វើបែបនេះសោះ។ ខ្ញុំមើលចិត្តគាត់មិនធ្លុះទេ។ ពេលគាត់នៅផ្ទះ គាត់មិនទាំងហ៊ានសម្លាប់មាន់ផង”។

អ្នកស្រីបាននិយាយថា “គាត់មិនស្គាល់ កែម ឡី ទេ ហើយក៏មិនដែលនិយាយអំពីឈ្មោះ កែម ឡី ដែរ”។

អ្នកជិតខាងនិងសាច់ញាតិផ្សេងទៀតបានអះអាងដូចគ្នាដែរ ដោយនិយាយថា លោក អាង រស់រាយនៅក្នុងភូមិ ហើយតែងតែជួយអ្នកជិតខាង ដោយចិត្តមេត្តា ឬតាមរយៈអង្គការក្រៅរដ្ឋាភិបាល។

ទោះជាយ៉ាងនេះក្តី ចៅអធិការវត្តដែលលោក អាង បានស្នាក់នៅពីឆ្នាំ២០១៣ដល់ឆ្នាំ ២០១៥ បានរ៉ាយរាប់រឿងរ៉ាវខុសស្រឡះទាក់ទងនឹងឃាតកររូបនេះ។

ព្រះតេជគុណ ណៃ នឿន អធិការវត្តជុំកំពរ ក្នុងឃុំដូនពេង មានសង្ឃដីកាថា “ចរិតគាត់អាក្រក់ណាស់”។

ព្រះសង្ឃអង្គនេះបានមានសង្ឃដីកាថា ទាស់ទែងគ្នានឹងថ្នាក់ដឹកនាំវត្តដ៏តូចមួយនេះប្រហែលមួយឆ្នាំកន្លះ ដែលកើតឡើងដោយសារតែលោក អាង យកបច្ច័យដែលប្រមូលបានពីអ្នកភូមិដាក់ហោប៉ៅនោះ លោក អាង បានចាកចេញទៅនៅចុងឆ្នាំ២០១៤។

ព្រះតេជគុណ ណៃ នឿន បានមានសង្ឃដីកាថា “គាត់តែងតែទៅប្រមូលបច្ច័យពីអ្នកស្រុក ហើយចាយវាយសម្រាប់ខ្លួនឯង ដូចជាកាតទូរស័ព្ទជាដើម”។

មានចម្ងាយប្រហែល១៥គីឡូម៉ែត្រស្ថិតនៅជើងភ្នំមានព្រៃក្រាស់នៅក្នុងឃុំគោកដូងដាច់ស្រយាល ព្រះតេជគុណ តោ ញិល ព្រះជន្ម២៦ឆ្នាំ នៅវត្តពើងតានន្ទ បានចាត់ទុកលោក អាង ថា ជាមនុស្សចរិតកោងកាច។

យោងតាមព្រះតេជគុណ តោ ញិល បន្ទាប់ពីមកដល់ក្នុងខែមេសា ឆ្នាំ២០១៤ លោក អាង បានវាយលោកនេន ហើយគំរាមបាញ់ព្រះសង្ឃអង្គណាដែលហ៊ានផ្សឹកគាត់ក្នុងពេលគាត់នៅវត្តរយៈពេល១៨ខែ។

ព្រះតេជគុណ តោ ញិល បានមានសង្ឃដីកាក្នុងពេលឈរក្នុងចំណោមព្រះសង្ឃនិងអ្នកភូមិផ្សេងទៀតថា “គាត់និយាយថា បើហ៊ានផ្សឹក អាត្មានឹងបាញ់ឲ្យងាប់។ គាត់បាននិយាយថា គាត់ធ្លាប់ធ្វើទាហាន ហើយបើត្រូវបាញ់ គឺបាញ់ហើយ”។

សួរថាតើព្រះតេជគុណចាត់ទុកការគំរាមរបស់លោក អាង ថាធ្ងន់ធ្ងរប៉ុណ្ណានោះ ព្រះសង្ឃអង្គនេះបានមានសង្ឃដីកាថា ព្រះអង្គមិនដឹងថាត្រូវគិតយ៉ាងម៉េចទេ។

ព្រះសង្ឃអង្គនេះបានមានសង្ឃដីកាថា “យើងគិតថា ៥០ភាគរយគាត់អាចធ្វើអ៊ីចឹង”។

ព្រះសង្ឃអង្គនេះបានមានសង្ឃដីកាថា “គាត់មិនប្រើហិង្សាច្រើនទេ ប៉ុន្តែគាត់គំរាមគេឯង ហើយជួនកាលវាយលោកនេន។ គាត់វាយព្រះសង្ឃនឹងរំពាត់ នឹងក្បាលមេក្រូ នៅពេលដែលលោកនេនមិនស្តាប់គាត់”។

ព្រះសង្ឃអង្គនេះបានមានសង្ឃដីកាថា លោក អាង ក៏បានប្រាប់ព្រះសង្ឃផ្សេងទៀតថា គាត់មានទំនាក់ទំនងជាមួយមនុស្សសក្តិខ្ពស់នៅក្នុងយោធានិងនគរបាល។

ព្រះសង្ឃអង្គនេះបានមានសង្ឃដីកាថា “គាត់ធ្លាប់និយាយថា គាត់ស្គាល់មេបញ្ជាការធំៗនិងស្នងការប៉ូលិសនៅភ្នំពេញ”។ ព្រះតេជគុណបានបញ្ជាក់ថា គ្មាននរណាដេញដោលសួរឈ្មោះអ្នកធំនោះទេ។

លោក ជុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បាននិយាយថា ឈ្មោះ អឿត អាង មិនមាននៅក្នុងបញ្ជីយោធាទេ។

ជាការចម្លែក តុលាការក្រុងភ្នំពេញបានចោទប្រកាន់លោក អាង ពីបទឃាតកម្មគិតទុកជាមុននៅសប្តាហ៍នេះដោយប្រើឈ្មោះ ជួប សម្លាប់ ដែលជាឈ្មោះហៅក្រៅ និងមានអាយុ៣៨ឆ្នាំ។

ត្រឡប់មកភូមិនគរភាសវិញ ម្តាយរបស់លោក អាងឈ្មោះ ឯក តាប់ វ័យ៦៤ឆ្នាំ បាននិយាយថា អ្នកស្រីប្រឹងនឹករកអ្វីដែលកូនគាត់បានធ្វើ។ អ្នកស្រី តាប់ បាននិយាយថា “ខ្ញុំគិតថា ចុះមេ៉ចបានវាធ្វើអ៊ីចឹង? ពេលនៅទីនេះ វាមិនដែលធ្វើអ៊ីចឹងទេ”។ អ្នកស្រីបានបញ្ជាក់ថា អ្នកស្រីបានជួបកូនចុងក្រោយក្នុងខែឧសភា នៅពេលដែលកូនមកលេងគាត់ ហើយឲ្យលុយគាត់ខ្លះ។

អ្នកស្រីបាននិយាយថា “គេគិតថា ប្រហែលមានគេបញ្ជាវាឲ្យធ្វើអ៊ីចឹងហើយ។ ខ្ញុំមិនដែលបង្រៀនវាឲ្យធ្វើអ៊ីចឹងទេ។ ខ្ញុំគិតថា បើគេមិនបញ្ជាវាឲ្យធ្វើអ៊ីចឹងទេ វាមិនធ្វើទេ”។

ព្រះតេជគុណ តោ ញិល ជឿថា លោក អាង អាចសម្លាប់មនុស្ស ប៉ុន្តែ បានយល់ស្របថា គាត់ធ្វើតាមបញ្ជាគេ។

ព្រះសង្ឃអង្គនេះបានមានសង្ឃដីកាថា “អាត្មាជឿថា គាត់ជាឃាតករ ព្រោះ គាត់តែងតែនិយាយថា បើគេប្រឆាំងនឹងគាត់ គាត់នឹងបាញ់។ គាត់បាននិយាយថា នៅពេលគាត់ធ្វើជាទាហាន គាត់គោរពតែមេប៉ុណ្ណោះពេលបញ្ជាឲ្យធ្វើអ្វីមួយ។ ពេលបញ្ជា គាត់តែងតែធ្វើតាម”៕

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស