29 C
Phnom Penh

ឧត្តមសេនីយ៍ សារ៉ាត់ អវត្តមាន​នៅ​ពេល​សវនាការ​រឿង​ឃាតកម្ម​ចាប់​ផ្តើម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតឧត្តមសេនីយ៍យោធា ថោង សារ៉ាត់ ដែលមានភាគហ៊ុនរកស៊ីច្រើន មិនបានមានវត្តមានទេកាលពីថ្ងៃសុក្រ នៅពេលដែលសវនាការរឿងឃាតកម្មដែលគេរង់ចាំយ៉ាងយូរបានចាប់ផ្តើមនៅតុលាការក្រុងភ្នំពេញ។ លោករងការចោទប្រកាន់ពីបទធ្វើឃាតឧកញ៉ា អុឹង ម៉េងជឺ នៅក្រៅហាងលក់ផ្លែឈើមួយកន្លែង កាលពីថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០១៤។

អង្គរក្សផ្ទាល់ម្នាក់របស់លោកតាមចោទថាបានបាញ់សម្លាប់ផ្ទាល់ដៃ។ អង្គរក្សបីនាក់ផ្សេងទៀតកំពុងត្រូវ ជំនុំជម្រះក្នុងនាមជាអ្នករួមគំនិតធ្វើឃាតកម្មនេះ ដែលថតបានដោយកាមេរ៉ាសន្តិសុខនៅខាងក្រៅហាងនោះ។ លោក អុឹង ម៉េងជឺ ត្រូវបានគេបាញ់ចំ៦គ្រាប់ នៅពេលលោកចុះពីរថយន្តឡិចស៊ិសរបស់លោក។

អង្គរក្សរបស់ ថោង សារ៉ាត់ គឺ ជុន ចិត្រា (ខាងមុខឆ្វេងដៃ) និងសៀង វាសនា (ខាងឆ្វេងដៃ)មកដល់តុលាការក្រុងកាលពីថ្ងៃសុក្រ។ រូបថត ស៊ីវ ចាន់ណា/The Cambodia Daily
អង្គរក្សរបស់ ថោង សារ៉ាត់ គឺ ជុន ចិត្រា (ខាងមុខឆ្វេងដៃ) និងសៀង វាសនា (ខាងឆ្វេងដៃ) មកដល់តុលាការក្រុង កាលពីថ្ងៃសុក្រ។ រូបថត ស៊ីវ ចាន់ណា/The Cambodia Daily

លោក សារ៉ាត់ អាយុ៣៨ឆ្នាំ ត្រូវបានគេកំណត់ថាជាជនសង្ស័យសំខាន់ក្នុងឃាតកម្មនេះនៅថ្ងៃទី៣ខែធ្នូ ឆ្នាំ២០១៤ ប៉ុន្តែបានរត់គេចខ្លួនមុនពេលនគរបាលចូលឆែកភូមិគ្រឹះរបស់គ្រួសារលោកក្នុងក្រុងភ្នំពេញ។ បន្ទាប់ពីដាក់ក្នុងបញ្ជីតាមចាប់ខ្លួនបំផុតរបស់អាំងទែប៉ូល លោកបានប្រគល់ខ្លួនឲ្យនគរបាលនៅខែមេសាឆ្នាំមុន ប៉ុន្តែនៅតែអះអាងថាគ្មានទោសដដែល។

ការបើកសវនាការនៅម៉ោង៨និង៣០នាទីព្រឹកកាលពីថ្ងៃសុក្រ ចៅក្រមជំនុំជម្រះ តុប ឈុនហេង បាននិយាយថា តុលាការបានសម្រេចថា លោក សារ៉ាត់ មិនបានចូលរួមសវនាការនេះទេ ពីព្រោះគាត់ឈឺ និងពីព្រោះគាត់ត្រូវ បានសាកសួររួចហើយដោយចៅក្រមស៊ើបសួរ។

ចៅក្រម ឈុនហេង បាននិយាយអំពីលោក សារ៉ាត់ ដែលចេញចូលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ញឹកញាប់ ចាប់តាំងពីត្រូវចាប់ខ្លួនមកថា “គាត់ឈឺក្រពះ សម្ពាធឈាមគាត់ទាប ហើយស្មារតីគាត់មិននឹងនរទេ”។

ចុងចោទតែម្នាក់ប៉ុណ្ណោះត្រូវគេសាកសួរក្នុងអំឡុងសវនាការនោះ គឺ គយ ចាន់ថុល អាយុ៣០ឆ្នាំ ជាអង្គរក្សម្នាក់ ក្នុងចំណោមបីនាក់ដែលជាប់ចោទជាអ្នករួមគំនិត។ លោក សារ៉ាត់ ជាប់ចោទពីបទផ្ដើមគំនិតធ្វើឃាតកម្ម ដែលគ្រោងទុក រីឯអង្គរក្សរបស់លោកឈ្មោះ សៀង វាសនា អាយុ៤៥ឆ្នាំ រងការចោទប្រកាន់ពីបទបាញ់សម្លាប់។

យោងតាមក្រុមមន្ត្រីឲ្យដឹងថា លី សៅ អាយុ៤២ឆ្នាំ ជាអង្គរក្សម្នាក់ផ្សេងទៀតរបស់លោក សារ៉ាត់ ក៏ជាប់ចោទពី បទឃាតកម្មដែរ ព្រោះជាអ្នកបើកម៉ូតូគេចខ្លួន ប៉ុន្តែបានស្លាប់ក្នុងពន្ធនាគារកាលពីខែមុនទៅហើយ ដោយសារ តែជំងឺរលាកខួរក្បាល។

លោក ចាន់ថុល ដែលតាមចោទថាជាអ្នកឃ្លាំមើលក្នុងពេលឃាតកម្ម បានប្រាប់តុលាការកាលពីថ្ងៃសុក្រថា លោកមិនបានជាប់ពាក់ព័ន្ធក្នុងឃាតកម្មនេះទេ ដែលកើតឡើងនៅម៉ោងប្រហែល៧យប់ល្ងាចថ្ងៃសៅរ៍ ហើយមិនបានដឹងអ្វីទេ។

ដោយសំដៅដល់ក្រុមហ៊ុនអចលនទ្រព្យនិងសំណង់របស់លោក សារ៉ាត់ ដែលមានងារ “ឧកញ៉ា” ជាធម្មតា ក្នុងចំណោមអ្នករកស៊ីស្តុកស្តម្ភដែលមានទំនាក់ទំនងជិតស្និទ្ធនឹងគណបក្សកាន់អំណាចនោះ លោកបាន និយាយថា “នៅថ្ងៃមានហេតុការណ៍នោះ ខ្ញុំកំពុងធ្វើការពីម៉ោង៧ព្រឹកដល់៧យប់នៅបូរី៩៩៩”។

លោក ចាន់ថុល បាននិយាយថា “នៅថ្ងៃនោះ ខ្ញុំមិនបានទៅក្រៅតាំងពីព្រឹកដល់យប់។ ខ្ញុំធ្វើការនៅបូរី៩៩៩ ជាមួយ មាស សម្បត្តិ លី សៅ និងលោក ជុយ ដើម្បីការពារលោក ឧកញ៉ា”។

លោក សម្បត្តិ ត្រូវគេគិតថាជិះម៉ូតូការពារពីក្រោយ។ គាត់មានវត្តមាននៅតុលាការជាមួយលោក វាសនា និង ជុន ចិត្រា អាយុ៤៨ឆ្នាំ ជាអង្គរក្សម្នាក់ផ្សេងទៀតដែលតាមចោទថា បានឲ្យសហការីខ្ចីម៉ូតូរបស់ខ្លួន សម្រាប់ប្រើ នៅពេលបាញ់នោះ។

និយាយតាមទូរស័ព្ទបន្ទាប់ពីសវនាការនោះ លោក តី វិសាល នាយរងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិត ធ្ងន់ បាននិយាយថា ភ័ស្តុតាងសំខាន់ដែលចងរឿងក្តីនេះជាប់គ្នា គឺការឆ្លើយសារភាពចំពោះនគរបាល ដោយលោក វាសនា និង លីសៅ។

លោកបាននិយាយថា “សៀង វាសនា និង លី សៅ បានសារភាពថា កាលពីថ្ងៃទី២០ខែវិច្ឆិកា លោក ឧកញ៉ា ថោង សារ៉ាត់ បានបញ្ជាឲ្យពួកគេសម្លាប់ ឧកញ៉ា អុឹង ម៉េងជឺ ហើយពួកគេទាំងពីរនាក់បានតាមដានឧកញ៉ា អុឹង ម៉េងជឺ ជាសម្ងាត់ ពីថ្ងៃទី២០ខែវិច្ឆិកាដល់ទី២២ខែវិច្ឆិកា”។

លោក វិសាល បាននិយាយថា អ្នកទាំងពីរបានអះអាងថាបានប្រគល់អាវុធធ្វើឃាតទៅលោក សារ៉ាត់ នៅម៉ោងប្រហែល៨យប់នៃឃាតកម្មនោះ។ លោកបាននិយាយបន្ថែមថា លោក វាសនា ក៏បានប្រាប់នគរបាល ដែរអំពីការនិយាយទូរស័ព្ទទៅលោក ចាន់ថុល។

នាយរងការិយាល័យរូបនេះបាននិយាយថា “សៀង វាសនា បានទូរស័ព្ទហៅ គយ ចាន់ថុល បន្ទាប់ពីគាត់បាន ប្រព្រឹត្តឧក្រិដ្ឋកម្ម និងបាននិយាយថា ‘ខ្ញុំបានសម្លាប់ឧកញ៉ាម្នាក់’ ហើយ គយ ចាន់ថុល ក៏បានឆ្លើយតប ‘ហេតុអ្វីបានជាឯងសម្លាប់ឧកញ៉ា?’ ហើយ សៀង វាសនា ក៏បាននិយាយថា ់ខ្ញុំធ្វើនៅពេលគេឲ្យលុយខ្ញុំ’ ”។

ទួត លុច មេធាវីរបស់លោក សារ៉ាត់ បាននិយាយថា លោកមានភ័ស្តុតាងវីដេអូដែលបញ្ជាក់បានថា គ្មានកាំភ្លើង ត្រូវបានប្រគល់ឲ្យទៅកូនក្តីរបស់លោកនៅយប់មានឃាតកម្មនោះទេ។

មេធាវីរូបនេះបាននិយាយថា “ក្នុងឃ្លីបវីដេអូពីផ្ទះរបស់ឧកញ៉ា ថោង សារ៉ាត់ វាមិនបង្ហាញថា សៀង វាសនា និង លី សៅ ជួបជាមួយគាត់ទេ”។ លោកបាននិយាយបន្ថែមថា លោក វាសនា មិនបានមកធ្វើការពីរថ្ងៃ មុននឹងមាន ឃាតកម្មកើតឡើង។

ចៅក្រម ឈុនហេង បាននិយាយថា សវនាការនឹងបន្តនៅថ្ងៃទី៨ខែសីហា៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស