ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ទាហានក្នុងខេត្តតាកែវបានបាញ់ការពារខ្លួនបណ្តាលឲ្យជនជាតិវៀតណាមពីរនាក់ស្លាប់កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអ្នកនេសាទបរទេសមួយក្រុមបានបើកការវាយប្រហារដោយប្រើដាវ និងលំពែង។
លោក ឃុន ភិន អធិការនគរបាលស្រុកបានមានប្រសាសន៍ថា ទាហានពីរនាក់កំពុងល្បាតនៅព្រែកជីកមួយក្នុងស្រុកបូរីជលសារតាមអូប័រជាមួយមន្ត្រីជលផលកាលពីថ្ងៃព្រហស្បតិ៍ ស្រាប់តែពេលនោះពួកគេបានជួបប្រទះអ្នកនេសាទប្រហែល២០នាក់ នៅក្នុងទូកជាច្រើនគ្រឿង។
លោក ឃុន ភិន បានមានប្រសាសន៍ថា “ជនជាតិវៀតណាមទាំងនេះកំពុងធ្វើការនេសាទដោយខុសច្បាប់ក្នុងដែនទឹកកម្ពុជា។ ពួកគេសាហាវណាស់ ពីព្រោះពួកគេបានយកច្រវាទូកវាយមកលើអាជ្ញាធររបស់យើងដើម្បីព្យាយាមដណ្តើមយកកាំភ្លើង។ នេះជាមូលហេតុដែលទាហានរបស់យើងផ្ទុះអាវុធដើម្បីព្យាយាមបំបែកពួកគេ”។
លោកបានថ្លែងថា អ្នកនេសាទទាំងនេះក៏ប្រដាប់ដោយដាវ លំពែង និងឧបករណ៍ ឆក់ផងដែរ។ លោកបានមានប្រសាសន៍ថា “ក្រុមទាហានបានបាញ់កាំភ្លើង អាកា-៤៧ ព្រោះពួកគេព្យាយាមសម្លាប់អាជ្ញាធររបស់យើង ដោយសារពួកគេដឹងថា អាជ្ញាធរនឹងចាប់ពួកគេដាក់គុក។ ប្រសិនបើយើងមិនបាញ់ទៅលើអ្នកនេសាទជនជាតិវៀតណាមទាំងនេះទេនោះ អាជ្ញាធររបស់យើងនឹងត្រូវពួកគេសម្លាប់មិនខានឡើយ”។
លោក ឃុន ភិន បានលើកឡើងទៀតថា ក្រុមទាហានបានបាញ់ត្រូវអ្នកនេសាទម្នាក់ត្រង់ជើងបន្ទាប់ពីអ្នកនេសាទផ្សេងទៀតបានរត់គេចខ្លួន ដោយបន្សល់ទុកទូកចំនួន៣គ្រឿង។
លោក ហុង ហីុ ជាស្មៀននៅនាយកដ្ឋានជលផលនៃក្រសួងកសិកម្មបានមាន ប្រសាសន៍ថា បុរសដែលរងរបួសត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ក្នុងរាជធានីភ្នំពេញ ហើយបានស្លាប់ដោយសាររបួសកាលពីថ្ងៃអាទិត្យ។
លោកបានមានប្រសាសន៍ថា អាជ្ញាធរវៀតណាមដែលឆ្លងព្រំដែនពីខេត្តតាកែវបានបញ្ជូនរបាយការណ៍ពីការប៉ះទង្គិចគ្នានេះមកមន្ត្រីមូលដ្ឋានកាលពីថ្ងៃសុក្រ ដោយលើកឡើងថា អ្នកនេសាទវៀតណាមទី២ ម្នាក់ទៀតក៏ត្រូវបានបាញ់ស្លាប់ផងដែរ ហើយ ពីរនាក់ទៀតរងរបួស។
លោក ហុង ហីុ បានមានប្រសាសន៍ថា “មានអ្នកនេសាទវៀតណាម២០នាក់នៅលើទូក ហើយពួកគេបានឡោមព័ទ្ធអាជ្ញាធររបស់យើង ហើយបានព្យាយាមវាយពួកគាត់។ ទាហានម្នាក់បានបាញ់មួយគ្រាប់ចូលទៅក្នុងក្រុមនោះដើម្បីបំបែកពួកគេ ប៉ុន្តែ ពួកគេមិនខ្លាចឡើយ ហើយចូលមកកាន់តែជិត ដូច្នេះហើយទាហានរបស់យើងបានបាញ់ទៅលើក្រុមនោះ ខណៈដែលពួកគាត់ត្រូវបានដេញតាម”។
លោកបានថ្លែងថា ទាហានម្នាក់ត្រូវមួយច្រវា ខណៈដែលជនសីុវិលពីរនាក់ទៀតកំពុង ល្បាតដែរនោះត្រូវបានឆក់នឹងឧបករណ៍ឆក់ប៉ុន្តែ គ្មាននរណាម្នាក់រងរបួសធ្ងន់ទេ។
លោកបានមានប្រសាសន៍ថា ហេតុ ការណ៍ នេះត្រូវបានដោះស្រាយដោយអាជ្ញាធរនៃភាគីទាំងពីរនៅតាមព្រំដែន។
លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ លោក ឈុន សារ៉េត ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា សាកសពបុរសជនជាតិវៀតណាមដែលបានស្លាប់ក្នុងរាជ ធានីភ្នំពេញត្រូវបានប្រគល់ឲ្យមន្ត្រីវៀត ណាមនៅវេលាថ្ងៃត្រង់ម្សិលមិញ។
ក្រុមមន្ត្រីនៅស្ថានទូតវៀតណាមក្នុងរាជធានីភ្នំពេញមិនអាចទាក់ទងបានទេ៕សារុន