37 C
Phnom Penh

មន្ត្រី​​​នគរ​​​បាល​​​​​​គេច​​​ខ្លួន​​​ បន្ទាប់​​​ពី​​​បាញ់​​​បណ្តាល​​​ឲ្យបុរស​​​ម្នាក់ស្លាប់​នៅ​​​​​​ខេត្ត​​​ក្រចេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា មន្ត្រីនគរបាលម្នាក់បានរត់គេចខ្លួនកាលពីម្សិលមិញ បន្ទាប់ពីបាញ់ស្លាប់បុរសអាយុ៣២ឆ្នាំម្នាក់ដែលវាយបុរសម្នាក់ទៀតរហូតដល់សន្លប់នៅក្នុងកន្លែងវេរលុយមួយកន្លែងក្នុងខេត្តក្រចេះ។

ហេតុការណ៍បាញ់កំាភ្លើងបណ្តាលឲ្យមានមនុស្សស្លាប់នេះបានកើតឡើងនៅក្បាលព្រលប់ថ្ងៃសៅរ៍ បន្ទាប់ពី អ៊ុំ សីុណា អាយុ៣២ឆ្នាំ បានវាយទៅលើបុរសម្នាក់ដែលកំពុងរង់ចាំនៅក្នុងកន្លែងវេរលុយវីងមួយកន្លែងក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ នេះបើយោងតាមលោក ហួត លឹមហៀង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តនេះ។

នាយការិយាល័យរូបនេះ បានលើកឡើងថា អ៊ុំ ស៊ីណា បានដើរចូលទៅជិតអតិថិជនវីងម្នាក់ឈ្មោះ ផន ហីុ ហើយបានវាយគាត់រហូតដល់សន្លប់ដោយប្រើដំបងឈើ។ លោកបានបន្ថែមថា លោក ផន ហីុ បានរងរបួសធ្ងន់ត្រង់ក និងស្មា ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

ប្រហែល៣០នាទីក្រោយមក លោក ទួន លីន មន្ត្រីនគរបាលឃុំ និងមន្ត្រីនគរបាលឃុំពីរនាក់ផ្សេងទៀតបានមកដល់ ហើយលោក ទួន លីន បានតតាំងជាមួយនឹង អ៊ំុ ស៊ីណា នៅខាងក្រៅកន្លែងវេរលុយ ជាកន្លែងដែលបុរសរូបនេះនៅតែកាន់ដំបងជាប់នឹងដៃ នេះបើយោងតាមលោកអធិការស្រុក  ចាន់ សុផល្លា ។

លោកបានមានប្រសាសន៍ទាក់ទិននឹងលោក ទួន លីន ថា “មន្ត្រីនគរបាលរូបនេះដែលមានកាន់កាំភ្លើងជាប់នឹងដៃបានដើរទៅប្រាប់ឲ្យបុរសរូបនោះទម្លាក់ដំបងចុះ ប៉ុន្តែ គាត់មិនព្រមទម្លាក់ទេ ហើយថែមទាំងបានដើរចូលមកកាន់តែកៀកទៀតផង”។

លោក ចាន់ សុផល្លា បានលើកឡើងទៀតថា លោក ទួន លីន បានបាញ់ព្រមានឡើងលើ ដោយប្រើកាំភ្លើងអាកា-៤៧ របស់ខ្លួនដែលគេបើកឲ្យ ប៉ុន្តែអ៊ុំ ស៊ីណា បានបន្តដើរចូលមកកាន់តែកៀក ហើយមន្ត្រីនគរបាលរូបនេះបានបាញ់មួយគ្រាប់ទៀតភ្ជុចដីក្បែរជើងរបស់បុរសរូបនេះ។

លោកបានថ្លែងថា “មន្ត្រីនគរបាលរបស់យើងមានការព្រួយបារម្ភ ហើយមិនដឹងថា គេចចេញតាមវិធីណា ពីព្រោះ គាត់ [អ៊ុំ ស៊ីណា] នៅតែបន្តដើរចូលមកកាន់តែកៀក”។

អធិការស្រុករូបនេះបានលើកឡើងបន្តទៀតថា ពេលលោក ទួន លីន និង អ៊ុំ ស៊ីណា ចាប់ផ្តើមប្រវាយប្រតប់គ្នា កាំភ្លើងបានផ្ទុះឡើង ហើយគ្រាប់កាំភ្លើងមួយគ្រាប់បានទម្លុះទ្រូងរបស់បុរសរូបនេះ។ លោកបានបន្ថែមថា អ៊ុំ ស៊ីណា  ដើរបានប្រហែល១០០ម៉ែត្រ មុនពេលដួលស្លាប់។លោក ទួន លីន និងមន្ត្រីនគរបាលពីររូបផ្សេងទៀតបានគេចខ្លួនពីកន្លែងកើតហេតុ ហើយឥឡូវនេះកំពុងរត់គេចខ្លួននៅឡើយ។

លោកបានមានប្រសាសន៍ថា “គោលបំណងរបស់យើងទៅទីនោះដើម្បីនាំជននេះមកប៉ុស្តិ៍នគរបាលឃុំ ប៉ុន្តែវាបែរជាប្រែក្លាយទៅជាកើតហេតុការណ៍េនះទៅវិញ”។

រូបថតនៃសពរបស់ អ៊ុំ ស៊ីណា បានបង្ហាញឲ្យឃើញថា គ្រាប់កាំភ្លើងបានបុកទម្លុះទ្រូងខាងឆ្វេងធ្លាយដល់ខ្នងរបស់គាត់។

លោក ហួត លឹមហ៊ាង បានឲ្យដឹងបន្តថា មជ្ឈដ្ឋានទូទៅជឿថា អ៊ុំ ស៊ីណា គឺជាអ្នកញៀនថ្នាំ ហើយសកម្មភាពរបស់មន្ត្រីនគរបាលគឺ”គ្រាន់តែដើម្បីការពារខ្លួនប៉ុណ្ណោះ”។ ប៉ុន្តែ លោកបានថ្លែងថា “មន្ត្រីនគរបាលរូបនេះនៅតែមានកំហុស ព្រោះភាគីម្ខាងទៀតគ្មានកាំភ្លើង ហើយគាត់បានប្រើកាំភ្លើង”។

ទាំងលោក ហួត លឹមហ៊ាង និងលោក ចាន់ សុផល្លា សុទ្ធតែលើកឡើងថា គ្មានការព្យាយាមកំណត់ទីតាំង ឬចាប់ខ្លួនលោក ទួន លីន នោះឡើយ លុះត្រាតែសាលាដំបូងខេត្តចេញដីកាផ្លូវការជាមុនសិន។

ហ៊ាន ជាវគុន អ្នកសម្របសម្រួលនៅសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តក្រចេះនេះដែលកំពុងតែសើុបអង្កេតលើករណីនេះបានលើកឡើងថា អ៊ុំ ស៊ីណា ប្រហែលជាមិនស្លាប់ទេ បើសិននគរបាលបានដោះស្រាយស្ថានការណ៍តាមជំនាញរបស់ខ្លួន។

អ្នកសម្របសម្រួលរួបនេះបានថ្លែងថា “ប្រសិនបើបើពួកគេធ្វើការជាមួយគ្នា ពួកគេអាចចាប់ជននេះបានដោយពុំបាច់ប្រើកាំភ្លើងនោះឡើយ”៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស