29 C
Phnom Penh

​សភារបស់​សហរដ្ឋអាមេរិក ​​ដាក់​​​​សម្ពាធ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយសារ​តែ​​ចរិត​ហិង្សា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជាការបង្កើនសម្ពាធផ្នែកការទូតលើគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចសភារបស់សហរដ្ឋអាមេរិក បានអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចប់ការយាយីឥស្សរជនគណបក្សប្រឆាំង ហើយដករាល់បទចោទប្រកាន់ក្នុងហេតុផលនយោបាយលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។

cam-headshot-us-resolutionការអនុម័តសេចក្ដីសម្រេចដោយគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភារបស់សហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុននេះ ធ្វើឡើងបន្ទាប់ពីការបញ្ជូនសារស្រដៀងគ្នាមួយមករដ្ឋាភិបាលកម្ពុជា កាលពីចុងខែមិថុនានៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីការចំណាយរបស់ព្រឹទ្ធសភា ដែលស្នើឱ្យសហរដ្ឋអាមេរិក ផ្ដល់ជំនួយដល់កម្ពុជា នៅក្នុងឆ្នាំ២០១៧ ដោយផ្អែកលើការបញ្ចប់ “អំពើហិង្សា និងការយាយី” គណបក្សប្រឆាំង និងសង្គមស៊ីវិល។

លោក អេដ រ៉យស៍ (Ed Royce) ប្រធានគណៈកម្មាធិការកិច្ចការបរទេសបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ”អំពើហិង្សាលើថ្នាក់ដឹកនាំគណបក្សប្រឆាំងបង្ហាញពីចរិតហិង្សាពិតៗរបស់របប ហ៊ុន សែន។ យើងចាំបាច់ត្រូវបន្តទទូចឱ្យវិលទៅរកលទ្ធិប្រជាធិបតេយ្យវិញដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា”។

លោក អេដ រ៉យស៍ សមាជិកសភាគណបក្សសាធារណរដ្ឋមកពីរដ្ឋកាលីហ្វ័រញ៉ា បានមានប្រសាសន៍ថា សេចក្ដីសម្រេចរបស់គណៈកម្មាធិការនេះ ”អំពាវនាវឱ្យលោក ហ៊ុន សែន គោរពសេរីភាពបញ្ចេញមតិ និងសិទ្ធិរបស់ពលរដ្ឋក្នុងការតវ៉ា ហើយជំរុញឱ្យរដ្ឋាភិបាលកម្ពុជា បញ្ចប់ការវាយប្រហារខាងនយោបាយទៅលើថ្នាក់ដឹកនាំគណបក្សប្រឆាំង”។

កាលពីខែមិថុនា សភាអឺរ៉ុបបានអនុម័តសេចក្ដីសម្រេចស្រដៀងគ្នាមួយដោយចោទរដ្ឋាភិបាលកម្ពុជា ថាបានដាក់បទចោទប្រកាន់ក្នុងហេតុផលនយោបាយលើគណបក្សសង្គ្រោះជាតិ។ សភាអឺរ៉ុបបានស្នើឱ្យកាត់ជំនួយ៤៦៥លានដុល្លារដែលសហភាពអឺរ៉ុបបានសន្យាផ្ដល់រហូតដល់ឆ្នាំ២០២០ ប្រសិនបើការគោរពសិទ្ធិមនុស្សពីសំណាក់គណបក្សប្រជាជនកម្ពុជា មិនប្រសើរឡើងទេនោះ។

សេចក្ដីសម្រេចរបស់សហរដ្ឋអាមេរិកនេះ កត់សម្គាល់ពីការសង្ស័យយ៉ាងខ្លាំងចំពោះសុចរិតភាពនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ ការបង្ក្រាបបង្ហូរឈាមលើបាតុកម្មហិង្សាមួយកាលពីដើមឆ្នាំ២០១៤ ការវាយដំតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅខាងក្រៅរដ្ឋសភាកាលពីខែតុលា ឆ្នាំមុន និងការដំណើរការឡើងវិញនូវការផ្ដន្ទាទោសដាក់ពន្ធនាគារ៧ឆ្នាំពីបទបរិហាកេរ្តិ៍លើលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលបច្ចុប្បន្នកំពុងរស់នៅដោយនិរទេសខ្លួននៅក្រៅប្រទេស ដើម្បីគេចវេះពីទោសជាប់ពន្ធនាគាររយៈពេល២ឆ្នាំផ្សេងទៀត។

សេចក្ដីសម្រេចនេះបញ្ចប់ដោយការជំរុញឱ្យលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា “បញ្ចប់ការយាយី និងការបំភិតបំភ័យគណបក្សប្រឆាំងនៅកម្ពុជា ដករាល់បទចោទប្រកាន់ក្នុងហេតុផលនយោបាយលើតំណាងរាស្ត្រគណបក្សប្រឆាំង និងអនុញ្ញាតឱ្យពួកគាត់វិលត្រឡប់ទៅកម្ពុជា វិញដើម្បីចូលរួមដោយសេរីនៅក្នុងដំណើរការនយោបាយ”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងថា លោកមិនទាន់បានអានសេចក្ដីសម្រេចនេះនៅឡើយទេ ប៉ុន្តែមានប្រសាសន៍ថា វាជាការជ្រៀតជ្រែកពីសំណាក់សមាជិកសភារបស់សហរដ្ឋអាមេរិក ដែលលោកចោទប្រកាន់ថាបានឃុបឃិតគ្នាជាមួយគណបក្សសង្គ្រោះជាតិ។

លោកបានលើកឡើងកាលពីថ្ងៃសុក្រថា “យើងជារដ្ឋឯករាជ្យ រដ្ឋអធិបតេយ្យ។ នោះជាមូលហេតុដែលគ្មានអ្នកណាអាចធ្វើការវិនិច្ឆ័យបាន លើកលែងតែប្រជាពលរដ្ឋកម្ពុជា ហេតុដូច្នេះហើយសេចក្ដីសម្រេចនេះគឺជាព័ត៌មានមិនត្រឹមត្រូវ”។

លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានស្វាគមន៍សេចក្ដីសម្រេចនេះ ប៉ុន្តែលោកស្រីថ្លែងថា ត្រូវការវិធានការបន្ថែមទៀត។ លោកស្រីមានប្រសាសន៍ថា “ទោះបីជាចិន កំពុងមានឥទ្ធិពលកាន់តែខ្លាំងឡើងយ៉ាងណាក្ដី ក៏រដ្ឋាភិបាលកម្ពុជា នៅតែចង់បានការអនុម័ត និងការគាំទ្ររបស់បណ្ដារដ្ឋាភិបាលម្ចាស់ជំនួយលោកខាងលិច ដើម្បីធ្វើឱ្យខ្លួនមានភាពស្របច្បាប់នៅលើឆាកអន្តរជាតិ ដូច្នេះសេចក្ដីសម្រេចបែបនេះគឺមានអត្ថន័យ”។

ប៉ុន្តែសេចក្ដីសម្រេចនេះមិនបានគូសបញ្ជាក់ពីការគំរាមកំហែងដែលសង្គមស៊ីវិលកម្ពុជា កំពុងតែប្រឈមឡើយ ក្នុងនោះរួមមានទាំងការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្ស និងការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយកាលពីពេលថ្មីៗនេះផងដែរ។

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ប្រចាំនៅអាស៊ីបានមានប្រសាសន៍ថា សេចក្ដីសម្រេចនេះជាសញ្ញាច្បាស់លាស់បង្ហាញពីរបៀបដែលស្ថានភាពសិទ្ធិមនុស្សកាន់តែដុនដាបទៅយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជា។

លោកបានលើកឡើងតាមសារអេឡិចត្រូនិកថា ”ការអនុម័តសេចក្ដីសម្រេចនេះគឺជាសារដ៏សំខាន់បញ្ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ទង្វើរំលោភបំពានរបស់លោកកំពុងធ្វើឱ្យបណ្ដាមេដឹកនាំពិភពលោកចាប់អារម្មណ៍។ ហើយរដ្ឋាភិបាលរបស់លោកនឹងប្រឈមបញ្ហាជាច្រើននៅពេលខាងមុខ ប្រសិនបើខ្លួនមិនបញ្ឈប់ទេនោះ”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស