27.5 C
Phnom Penh

មន្ត្រី​​​នគ​​​របាល​​​ព្រំដែន​​​ត្រូវ​​​បាន​​​ចាប់ខ​​​្លួន​​​ពាក់​​​ព័ន្ធ​​​ការ​​​បាញ់​​​​​​​​​បុរសជនជាតិ​​​​​​​វៀតណាម​​​ម្នាក់​​​ស្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា មន្ត្រីនគរបាលម្នាក់មកពីខេត្តតាកែវត្រូវបានចាប់ខ្លួននៅក្នុងប្រទេសវៀតណាមកាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីមន្ត្រីនគរបាលរូបនេះបានបាញ់បណ្តាលឲ្យបុរសម្នាក់ស្លាប់និងបុរសទី២រងរបួសនៅក្នុងភោជនីយដ្ឋានមួយមិនឆ្ងាយប៉ុន្មានពីព្រំដែន។

លោក ឡាយ ប៊ុនធី អាយុ៥៣ឆ្នាំជានាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិភ្នំដិន បានបាញ់បុរសជនជាតិវៀតណាមពីរនាក់នៅក្នុងប្រទេសវៀតណាមនៅម៉ោងប្រហែល៨និង៣០នាទីយប់ នេះបើយោងតាមលោកសែម សុជាតិ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។

លោកបានមានប្រសាសន៍ថា “មន្ត្រីនគរបាលមូលដ្ឋានរបស់យើងបានជូនដំណឹងមកខ្ញុំថា គាត់បានបាញ់បុរសជនជាតិវៀតណាមម្នាក់ពីរគ្រាប់ មួយគ្រាប់ត្រូវចំកណ្តាលថ្ងាសនិងមួយគ្រាប់ទៀតធ្លាយឆ្អឹងជំនីរ ហើយថា បុរសរូបនោះបានស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯជនរងគ្រោះម្នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែ ខ្ញុំមិនដឹងអំពីព័ត៌មានលម្អិត នៃរបួសរបស់បុរសទី២រូបនេះឡើយ”។

នាយការិយាល័យរូបនេះបានលើកឡើងទៀតថា លោក ឡាយ ប៊ុនធី និងជនរងគ្រោះជនជាតិវៀតណាមទាំងពីរនាក់នេះមិនបានអង្គុយតុជាមួយគ្នាទេនៅឯភោជនីយដ្ឋានឆ្លងព្រំដែនដែលមានទីតាំងមិនឆ្ងាយប៉ុន្មានពីស្រុកបូរីជលសារ ប៉ុន្តែថា លោកមិនដឹងពីមូលហេតុដែលនាំឲ្យឈានដល់មានការបាញ់ប្រហារនេះឡើយ។ លោកបានលើកឡើងបន្តទៀតថា លោក ឡាយ ប៊ុនធី ត្រូវបានចាប់ខ្លួននៅប្រទេសវៀតណាមនៅម៉ោង៥ព្រឹកម្សិលមិញ។

លោក សុខ សំណាង នាយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិនេះមិនអាចទាក់ទងបានទេ។

លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅក្រសួងមហាផ្ទៃបានលើកឡើងថា ករណីនេះជាប់ពាក់ព័ន្ធ”ជម្លោះ ផ្ទាល់ខ្លួន” ប៉ុន្តែ បានបដិសេធមិនរៀបរាប់លម្អិតឡើយ។

លោក សារិន សារ៉ាណូ មន្ត្រីនាយកដ្ឋានមួយរូបដែលទទួលបន្ទុកផ្នែកច្រកព្រំដែនកម្ពុជា-វៀតណាមបានលើកឡើងថា លោកគ្មានព័ត៌មានលម្អិតបន្ថែមអំពីហេតុការណ៍នេះទេ។ លោកបានមានប្រសាសន៍ថា “ព័ត៌មាននេះគឺជាព័ត៌មានពិត ហើយបញ្ហាកំពុងត្រូវបានដោះស្រាយ”។

ក្រុមមន្ត្រីនៅស្ថានទូតវៀតណាមប្រចាំរាជធានីភ្នំពេញមិនអាចទាក់ទងបានទេ៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស