ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិម្នាក់ក្នុងខេត្តពោធិ៍សាត់បាននិយាយថា លោកទទួលបានការគំរាមសម្លាប់កាលពីសប្ដាហ៍មុនក្នុងទម្រង់ជាលុយប្រឡាក់ឈាម ធូប និងអំបិលក្នុងគោលបំណងដាក់បណ្ដាសាដល់រូបលោក ហើយក្រោយមកមានដំបងឈើក្រាស់ពីដើមត្រូវបានគេសរសេរសារគំរាមសម្លាប់ផងដែរ។
លោក សម សេងហ៊ត ប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តរបស់គណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា លោក រ៉ែម សាមឿន ប្រធានគណៈកម្មាធិការប្រតិបត្តិក្រុងពោធិ៍សាត់របស់គណបក្សសង្គ្រោះជាតិបានដាក់ពាក្យបណ្ដឹងទៅនគរបាលកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីវត្ថុគំរាមលើកដំបូងត្រូវបានបន្សល់ទុកនៅមុខផ្ទះរបស់លោកកាលពីព្រឹកថ្ងៃនោះ។
ដោយពន្យល់ពីដំបងដែលបានមកដល់កាលពីថ្ងៃសុក្រ បន្ទាប់ពីមានការដាក់ពាក្យបណ្ដឹងជាមួយនគរបាលសង្កាត់នោះ លោក សេងហ៊ត បានថ្លែងថា “ពួកគេបានយកខោអាវ អំបិល ធូប លុយប្រឡាក់ឈាម និងដំបងទៅបោះចោល ហើយមានការសរសេរថា៖ ‘ខ្ញុំបន់ឱ្យអ្នកស្លាប់ដោយដំបងទាំងនេះ”។
លោកបានបន្ថែមថា ”ខ្ញុំំគិតថាវាជាបញ្ហានយោបាយ ពីព្រោះមានចលនាប្រជាពលរដ្ឋដែលគាំទ្រគណបក្សសង្គ្រោះជាតិក្នុងពេលឥឡូវនេះ បើប្រៀបធៀបទៅនឹងការបោះឆ្នោតអាណត្តិមុន”។
ប៉ុន្តែលោក សែម វណ្ណា នាយនគរបាលសង្កាត់ព្រៃញី កន្លែងដែលលោក សាមឿន រស់នៅបានមានប្រសាសន៍ថា លោកមិនជឿថា វត្ថុដែលបន្សល់ទុកនៅទ្វារផ្ទះរបស់មន្ត្រីគណបក្សសង្គ្រោះជាតិគឺជាការគំរាមកំហែងទេ ហើយបានសន្និដ្ឋានថា របស់ទាំងនោះទំនងគ្រាន់តែជាសំរាមប៉ុណ្ណោះ។
លោកថ្លែងថា “ខ្ញុំមិនគិតថា វាជាបញ្ហានយោបាយទេ។ វាអាចជារបស់អ្នកសុំទានដែលយកទៅបោះចោលនៅទីនោះ ឬប្រហែលជារបស់នរណាម្នាក់ផ្សេងទៀត។ ប៉ុន្តែយ៉ាងណាក៏ដោយ នគរបាលកំពុងស៊ើបអង្កេតរឿងនេះ”។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា គណបក្សកាន់អំណាចនឹងមិនធ្វើការគំរាមកំហែងបែបនេះទេ ហើយថា ក្រុមមន្ត្រីគណបក្សប្រឆាំងរហ័សពេកក្នុងការចាត់់ទុកហេតុការណ៍មិនច្បាស់លាស់បែបនេះជារឿងនយោបាយ។
លោក សុខ ឥសាន បានថ្លែងថា “វាជាការសន្និដ្ឋានគ្មានមូលដ្ឋាន។ កុំពង្រីកបញ្ហាខ្លាំងពេក ដែលសូម្បីឡានបុកឆ្កែក៏ជារឿងនយោបាយដែរនោះ”។
ទោះជាយ៉ាងណា លោក សាមឿន បានថ្លែងថា លោកជឿថាការគំរាមកំហែងនេះមកពីគណបក្សប្រជាជនកម្ពុជាជាទម្រង់ការបំភិតបំភ័យចំពោះការគាំទ្រដោយបើកចំហរបស់លោកចំពោះគណបក្សសង្គ្រោះជាតិ។
លោកបានថ្លែងថា “ខ្ញុំគិតថា វាជាការគំរាមកំហែងបែបនយោបាយដើម្បីបំបាក់ស្មារតីរបស់ខ្ញុំ ព្រោះខ្ញុំស្ថិតនៅក្នុងរចនាសម្ព័ន្ធរបស់គណបក្សសង្គ្រោះជាតិ។ ហេតុការណ៍នេះកើតឡើងពីរថ្ងៃជាប់គ្នាតែម្តង។ យើងតែងតែបារម្ភអំពីសុវត្ថិភាព និងសន្តិសុខរបស់យើង ហើយយើងសុំឱ្យនគរបាលស្វែងរកមូលហេតុពិត”៕ សារុន