30 C
Phnom Penh

សមត្ថកិច្ច​ចាប់​មន្ត្រី​នគរបាល​ចប់​ភារកិច្ច​ពីរ​នាក់​ដោយសារ​តែ​គំរាម​បាញ់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចបាននិយាយថា មន្ត្រីនគរបាលចប់ភារកិច្ចពីរនាក់ត្រូវបានចាប់ខ្លួននៅក្រុងភ្នំពេញកាលពីថ្ងៃសៅរ៍ បន្ទាប់ពីពួកគេបានគំរាមបាញ់អ្នកគ្រប់គ្រងបារមួយកន្លែង ក្នុងពេលមានជម្លោះមួយដែលបានបញ្ចប់ នៅពេលដែលអ្នកទាំងពីរបានរកជំនួយពីរបុរសឯកសណ្ឋានពីរអ្នកផ្សេងទៀតដែលស្ពាយកាំភ្លើងអាកា-៤៧។

cam-photo-restaurant-hawkinsលោក កែវ សុខា មេប៉ុស្តិ៍សង្កាត់បាននិយាយថា ឧប្បត្តិហេតុនេះដែលបានកើតឡើងនៅបារ ដឺ ខនន័រ១៣៦ ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ នៅម៉ោងប្រហែល១រសៀល បានចាប់ផ្តើមដោយសារតែជម្លោះមួយរវាងស្ត្រីអ្នកគ្រប់គ្រងនិងមន្ត្រីចប់ភារកិច្ច។

លោក ថាច់ មុនី្នរ័ត្ន ជាម្ចាស់បារ បាននិយាយថា មន្ត្រីម្នាក់ក្នុងចំណោមនោះជាភ្ញៀវមកជារឿយៗ ដែលជាញឹកញាប់រំខានបុគ្គលិក ហើយមន្ត្រីរូបនេះខឹងខ្លាំងនៅពេលដែល សាន ណារិន ជាអ្នកគ្រប់គ្រង បានសួរគាត់ ថាតើគាត់ត្រូវការភេសជ្ជៈផ្សេងទៀតទេ។

លោកបាននិយាយថា “គាត់ខឹងខ្លាំងនិងបានចោទអ្នកគ្រប់គ្រងថាបានមើលងាយគាត់ ថាគ្មានលុយផឹក។ គាត់បាននិយាយថា ‘យើងមកពីអគ្គស្នងការដ្ឋាននគរបាលជាតិ’ “។

លោក មុនី្នរ័ត្ន បាននិយាយថា នៅពេលនោះ មន្ត្រីនោះបានចាកចេញ ហើយបានត្រឡប់មកវិញភ្លាមជាមួយនឹងបុរសពីរនាក់ស្លៀកពាក់ឯកសណ្ឋាននគរបាល ដែល ជិះម៉ូតូហុងដាណៃហ៊កមួយគ្រឿង ដោយមានម្នាក់ស្ពាយកាំភ្លើងអាកា-៤៧មួយដើម។

លោកបាននិយាយថា “ពួកគាត់បានឈប់នៅមុខហាង និងបានឲ្យបុគ្គលិកហៅអ្នកគ្រប់គ្រងចេញមកក្រៅឲ្យសុំទោស”។ លោកបាននិយាយបន្ថែមថា មន្ត្រីម្នាក់ក្នុងចំណោមនោះបាននិយាយថា គាត់ “នឹងបាញ់នាងនិងបិទបារនេះ” ប្រសិនបើនាងមិនព្រម។

លោក មុនី្នរ័ត្ន បាននិយាយថា បន្ទាប់មកមន្ត្រីទាំងនោះខឹងខ្លាំង នៅពេលដែលប្អូនស្រីរបស់លោក បានចាប់ផ្តើមថតរូបពួកគាត់ និងត្រូវបានសន្តិសុខឃាត់មិនឲ្យចូលបារនោះវិញ។

លោកបាននិយាយថា នៅពេលមន្ត្រីទាំងនោះចេញទៅ ពួកគេបានព្រមានថា “យើងនឹងមកវិញ។ អ្នកឯងប្រយ័ត្នខ្លួនទៅ”។

សេចក្តីប្រកាសព័ត៌មានដែលបង្ហោះតាមវិបសាយនគរបាលជាតិបាននិយាយថា មន្ត្រីចប់ភារកិច្ចទាំងពីរនាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍និងត្រូវដាក់ពិន័យ ប៉ុន្តែមិនបាននិយាយថា របៀបណានោះទេ។ មន្ត្រីទាំងនោះមិនត្រូវបានប្រាប់ឲ្យដឹងអំពីអត្តសញ្ញាណឡើយ។

លោក មុនី្នរ័ត្ន បាននិយាយថា លោកមិនបានរាយការណ៍អំពីឧប្បត្តិហេតុនេះ ឬប្តឹងទេ ប៉ុន្តែរូបថតដែលលោកបានចែករំលែកតាមអីុនធឺណិត បង្ហាញមុខបុរសម្នាក់ដែលបានផ្តើមជម្លោះ ព្រមទាំងស្លាកលេខម៉ូតូណៃហ៊កនោះផង។

លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃ បាននិយាយថា ស្លាកលេខម៉ូតូនោះមិនមែនជារបស់មន្ត្រីនគរបាលទេ ហើយអាចក្លែងក្លាយ៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស