មន្ត្រីម្នាក់នៅនាយកដ្ឋានគយនិងរដ្ឋាករនៃក្រសួងហិរញ្ញវត្ថុត្រូវជាប់ពន្ធនាគារពីបទចោទប្រស៊ីសំណូក ក្រោយពីការចាប់ខ្លួនដោយអង្គភាពប្រឆំាងអំពើពុករលួយ (អ.ប.ព.) កាលពីសប្តាហ៍មុនដែលសង្ស័យថាទារប្រាក់សគុណពីក្រុមហ៊ុនបរទេស។
លោក លី សុផាណា អ្នកនាំពាក្យតុលាការក្រុងបាននិយាយកាលពីថ្ងៃអាទិ្យថា លោក អ៊ឹង ជាវែង នាយការិយាល័យវិនិយោគមិនមែនកាត់ដេរត្រូវបានចោទប្រកាន់នៅតុលាការក្រុងភ្នំពេញកាលពីព្រឹកថ្ងៃសៅរ៍។
លោក សុផាន់ណា បាននិយាយថា ក្រោយសាកសួរ លោក ជាវែង និងពិនិត្យឯកសារនិងភ័ស្តុតាងដែលដាក់ជូនដោយអ.ប.ពរួចមក ព្រះរាជអាជ្ញារងបានចោទប្រកាន់ប្រធានការិយាល័យរូបនេះពីបទប្រើប្រាស់ថវិកាសាធារណៈដោយខុសច្បាប់។ លោកបាននិយាយបន្ថែមថា ចៅក្រមស៊ើបសួរបានបញ្ជាក់អំពីបទចោទ ហើយបានបញ្ជូន លោក ជាវែង ទៅឃុំខ្លួននៅពន្ធនាគារព្រៃសដើម្បីរងចាំសវនាការ។
បទល្មើនេះមានទោសជាប់ពន្ធនាគារពី២ឆ្នាំទៅដល់៥ឆ្នាំ និងផាកពិន័យពី៤លាន ទៅ១០លានរៀល ឬប្រហែល ១.០០០ដុល្លារដល់២.៥០០ដុល្លារ។
លោក ឱម យ៉ិនទៀង ប្រធានអ.ប.ព.បាននិយាយកាលពីថ្ងៃសុក្រថា លោក ជាវែងត្រូវបាន ចាប់ខ្លួននៅសណ្ឋាគារមួយក្នុងក្រុងភ្នំពេញកាលពីថ្ងៃពុធដោយមន្រី្តអ.ប.ព. ពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង ក្រោយពីទទួលបានពាក្យបណ្តឹងជាច្រើនដែលចោទលោកថាបានទារសំណូកពីក្រុមហ៊ុនបរទេស។
លោក យ៉ិនទៀង បានបដិសេធមិននិយាយថា ប្រាក់ចំនួនប៉ុន្មានលោក ជាវែង បានទទួល ឬលោកបានផ្តល់សេវាអ្វី ដើម្បីជាថ្នូរនឹងប្រាក់ទេ។
លោក សុផាណា បាននិយាយកាលពីម្សិលមិញថា នាយការិយាល័យរូបនេះបានទារប្រាក់ក្រៅផ្លូវការពីក្រុមហ៊ុន ដើម្បីទុករត់ឯកសារនាំចូលសម្ភារៈមកក្នុងប្រទេស។
ទោះជាយ៉ាងនេះក្តី លោក សុផាន់ណា បាននិយាយថា “ខ្ញុំអាចប្រាប់ថា ជនត្រូវចោទបានជំរិតទារប្រាក់ជាថ្នូរនឹងរត់ឯកសារ ដើម្បីនាំចូលសម្ភារៈ។ ចំពោះចំនួនប្រាក់ យើងពុំទាន់បានទទួលលម្អិតនៅឡើយទេ”។
ការចាប់ខ្លួនលោក ជាវែង បានធ្វើឡើងក្រោយពីការចាប់ខ្លួនលោក ឡាយ ថារ័ត្ន មន្រ្តីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលត្រូវជាប់ពន្ធនាគារកាលពីខែឧសភាដោយសារទទួលសំណូក១.០០០ ដុល្លារ ដើម្បីធ្វើបែបបទពន្ធឲ្យក្រុមហ៊ុនឯកជនមួយ។
ហើយកាលពីខែមេសា លោក អ៊ា សែ ប្រធានការិយាល័យនៅក្រសួងការបរទេសត្រូវបានចោទប្រកាន់ពីបទស៊ីសំណូក ដោយទារប្រាក់បន្ថែមសម្រាប់រត់ឯកសារឲ្យក្រុមហ៊ុនបរទេសមួយ៕ មាំ វិបុល