34 C
Phnom Penh

អាបេ ​ប្រាប់​លោក ហ៊ុន សែន ថា​ សាលក្រម​សមុទ្រ​ចិន​​ស្ថាពរ​ហើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន ហាក់រិះគន់ខ្លាំងៗចំពោះជំហររបស់កម្ពុជា លើជម្លោះសមុទ្រចិនខាងត្បូងកាលពីចុងសប្ដាហ៍កន្លងទៅ ដោយលើកឡើងថា សេចក្ដីសម្រេចរបស់តុលាការអន្តរជាតិលើការអះអាងសិទ្ធិកាន់កាប់ទឹកដីដោយប្រទេសចិន គួរតែត្រូវបានគោរព។

cam-photo-abe-reuters-800x533ការអត្ថាធិប្បាយបែបនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រទេសចិន សន្យាផ្ដល់ជំនួយជាងកន្លះពាន់លានដុល្លារដល់កម្ពុជា ដែលបានបដិសេធម្ដងហើយម្ដងទៀតមិនចូលរួមជាមួយបណ្ដាប្រទេសអាស៊ានផ្សេងទៀតនៅក្នុងការប្រឆាំងឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងជម្លោះដែនសមុទ្រនេះ។

កាលពីសប្ដាហ៍មុន តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ (Permanent Court of Arbitration) ក្នុងទីក្រុងឡាអេ បានច្រានចោលការអះអាងសិទ្ធិកាន់កាប់ដ៏ធំទូលាយរបស់ប្រទេសចិនលើទឹកដីក្នុងសមុទ្រចិនខាងត្បូង។ ប្រទេសហ្វីលីពីន វៀតណាម និងប្រទេសផ្សេងៗក៏អះអាងសិទ្ធិកាន់កាប់ដែនសមុទ្រនេះដែរ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បានអះអាងថា បញ្ហានេះគួរតែត្រូវបានដោះស្រាយរវាងប្រទេសចិន និងបណ្ដារដ្ឋនីមួយៗ មិនមែនអាស៊ានទាំងមូលនោះទេ។

ការអត្ថាធិប្បាយរបស់លោក អាបេ គឺជាលើកទី២ហើយក្នុងរយៈពេលមិនដល់១ខែផងដែលប្រទេសជប៉ុនមិនសូវនិយាយស្តី បានរិះគន់កម្ពុជាខ្លាំងៗ ហើយឆ្លុះបញ្ចាំងពីហានិភ័យគោលនយោបាយការបរទេសក្នុងការកាន់ជើងប្រទេសចិន លើបញ្ហាមួយដែលបានធ្វើឱ្យបែកបាក់សាមគ្គីរវាងប្រទេសមហាអំណាចធំបំផុតពីររបស់អាស៊ី និងជាម្ចាស់ជំនួយសប្បុរសធម៌សម្រាប់កម្ពុជា។

យោងតាមសេចក្ដីថ្លែងការណ៍មួយចេញដោយក្រសួងការបរទេសជប៉ុន កាលពីថ្ងៃអាទិត្យឱ្យដឹងថា លោក អាេប និងលោក ហ៊ុន សែន បានជួបគ្នានៅខាងក្រៅកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១១ ក្នុងរដ្ឋធានីអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី នៅមុននេះក្នុងថ្ងៃដដែល។

សេចក្តីថ្លែងការណ៍នេះបានលើកឡើងថា ”លោកនាយករដ្ឋមន្ត្រី អាេប បានមានប្រសាសន៍ថា ‘នីតិរដ្ឋ’ គួរតែជាមូលដ្ឋានសម្រាប់ការដោះស្រាយបញ្ហាតំបន់ដោយសន្តិវិធីដែលមានសារៈសំខាន់សម្រាប់សន្តិភាព និងស្ថិរភាពរបស់តំបន់ទាំងមូល ក្នុងនោះរួមមានទាំងប្រទេសជប៉ុនផងដែរ” ដែលទំនងជាសំដៅដល់ការអះអាងម្ដងហើយម្ដងទៀតរបស់លោក លី ខឹឈាង នាយករដ្ឋមន្ត្រីចិនថា ជម្លោះនេះមិនប៉ះពាល់ដល់ប្រទេសជប៉ុន។

វាបន្តថា “សម្រាប់ជប៉ុន សមុទ្រចិនខាងត្បូងមានសារៈសំខាន់ស្លាប់រស់ជាច្រករបៀងដឹកជញ្ជូន។ សេចក្ដីសម្រេចរបស់តុលាការមជ្ឈត្តកម្មនេះបានចូលជាស្ថាពរ និងចងភ្ជាប់កាតព្វកិច្ចសម្រាប់ភាគីទាំងពីរ គួរតែជាមូលដ្ឋានសម្រាប់ការចរចា”។

យោងតាមសេចក្ដីថ្លែងការណ៍នេះបានឱ្យដឹងទៀតថា ចំណែកឯលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់លោក អាបេ ថា លោកសង្ឃឹមថា ប្រទេសចិន និងអាស៊ាន មានការរីកចម្រើននៅក្នុងការដោះស្រាយជម្លោះនេះ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសរបស់កម្ពុជា បានបដិសេធមិនធ្វើការបំភ្លឺទេទាក់ទិនការអត្ថាធិប្បាយរបស់លោក អាបេ ដោយលើកឡើងពីកំណត់ហេតុមួយចុះថ្ងៃទី៩ ខែកក្កដាដែលចែងថា ការប្រជែងគ្នាអះអាងសិទ្ធិកាន់កាប់ទឹកដីគួរតែត្រូវបានដោះស្រាយទ្វេភាគី។

ដោយមានប្រវត្តិស្ទាក់ស្ទើរក្នុងការរិះគន់រដ្ឋាភិបាលកម្ពុជា ប្រទេសជប៉ុន ក៏បានគូសបញ្ជាក់ដែរអំពី “ការរឹតបន្តឹងគួរឲ្យកត់សម្គាល់លើសកម្មភាពធម្មតា និងស្របច្បាប់របស់គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល” អំឡុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវកាលពីដើមខែនេះ។

ប្រទេសជប៉ុន បានផ្ដល់ជំនួយឥណទាន ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេសសរុបជាទឹកប្រាក់ប្រមាណ១៥០លានដុល្លារដល់កម្ពុជា កាលពីឆ្នាំ២០១៤ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៥របស់អង្គការនេះ ហើយជាយូរមកហើយប្រទេសជប៉ុន គឺជាម្ចាស់ជំនួយដ៏សប្បុរសធម៌បំផុតរបស់កម្ពុជា។

លោក ខាឡាយស៍ សេយ័រ (Carlyle Thayer) អ្នកជំនាញខាងអាស៊ីអាគ្នេយ៍នៅរាជបណ្ឌិត្យសភាកងកម្លាំងការពារអូស្ត្រាលី ក្នុងទីក្រុងកង់បេរ៉ា បានព្យាករកាលពីថ្ងៃអាទិត្យថា លោក ហ៊ុន សែន នឹងបន្តគាំទ្រប្រទេសចិន នៅពេលឈានដល់រឿងសមុទ្រចិនខាងត្បូង។

លោកលើកឡើងតាមសារអេឡិចត្រូនិកថា “លោក ហ៊ុន សែន និយាយមិនសំចៃមាត់ទេនៅក្នុងការគាំទ្រជំហររបស់ប្រទេសចិនលើសមុទ្រចិនខាងត្បូង។ កម្ពុជាទទួលបានកាដូពីចិន ហើយនឹងបន្តទទួលបានកាដូពីចិន សម្រាប់ការគាំទ្ររបស់ខ្លួន។លោក ហ៊ុន សែន ខឹងការរិះគន់ចំពោះការរំលោភសិទ្ធិមនុស្សនៅកម្ពុជា និងការផ្ដល់ជំនួយដោយភ្ជាប់លក្ខខណ្ឌ។ ចិន ផ្ដល់ប្រភពជំនួយដោយគ្មានលក្ខខណ្ឌដែលផ្តល់ធនធានដល់គណបក្សប្រជាជនសម្រាប់គាំទ្រការគ្រប់គ្រងរបស់ខ្លួន”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស