30 C
Phnom Penh

ឯកអគ្គរដ្ឋទូត៖ សាលា​​​អន្តរ​​​ជាតិ​​​នៅ​​​​​​ភ្នំពេញ​​​ត្រូវ​​​បាន​​​ភ្ជាប់​​​ទៅនឹង​​​​ក្រុម​​​រៀបចំ​​​​ផែន​​​ការ​​​​​​រដ្ឋ​​​ប្រហារ​​​នៅ​​​តួក​​​គី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញឯកអគ្គរដ្ឋទូតតួកគីប្រចាំប្រទេសកម្ពុជាបានចោទប្រកាន់ថា សាលាអន្តរជាតិឈានមុខគេមួយនៅក្នុងរាជធានីភ្នំពេញកំពុងត្រូវបានគ្រប់គ្រងដោយ “អង្គការភេរវកម្ម” ដែលនៅពីក្រោយរដ្ឋប្រហារមិនបានសម្រេចកាលពីសប្តាហ៍មុននៅក្នុងប្រទេសតួកគី ដែលជាហេតុនាំឲ្យសាលានេះគំរាមចាត់វិធានការផ្លូវច្បាប់ភ្លាមៗ។

cam-photo-zaman-channaថ្លែងអំឡុងសន្និសីទកាសែតមួយនៅស្ថានទូតតួកគី លោកឯកអគ្គរដ្ឋទូត អីលហាន កេម៉ាល់ ទុក (Ilhan Kenmal Tug) បានលើកឡើងថា លោកកំពុងស្នើឲ្យរដ្ឋាភិបាលកម្ពុជាបិទសាលាមត្តេយ្យ សាលាបឋម និងអនុវិទ្យាល័យរបស់សាលាអន្តរជាតិហ្សាម៉ាន់ ព្រមទាំាងសាកលវិទ្យាល័យហ្សាម៉ាន់ ផងដែរ។

លោកបានមានប្រសាសន៍ថា “យើងបានទាក់ទងយ៉ាងដិតដល់ជាមួយរដ្ឋាភិបាលកម្ពុជាហើយដោយសារតែមានកិច្ចសហការលើគ្រប់វិស័យនោះ ខ្ញុំជឿថារដ្ឋាភិបាលកម្ពុជានឹងចូលរួមសហការ”។

ការមិនទុកចិត្តរបស់ឯកអគ្គរដ្ឋទូតរូបនេះលើសាលាហ្សាម៉ាន់ កើតចេញពីទំនាក់ទំនងរបស់សាលានេះជាមួយលោក ហ្វេទុឡា ហ្គូឡេន (Fethullah Gulen) បព្វជិតជនជាតិតួកគីដ៏ចម្រូងចម្រាសមួយរូបដែលអាជ្ញាធរក្រុងអង់ការ៉ាចាត់ទុកថា ជាភេរវករនោះ។ អ្នកគាំទ្របព្វជិតរូបនេះបានប្រកាសរក្សាសាសនា អុិស្លាមទំនើប និងសន្តិភាពនិយម ហើយបានបង្កើតសាលាទូទាំងពិភពលោក។ នៅក្នុងឆ្នាំ២០០៨ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានបា៉ាន់ប្រមាណថា ចលនាហ្គូឡេន មានអ្នកគាំទ្រ ៥លាននាក់ក្នុងប្រទេសតួកគី ហើយគ្រប់គ្រងបណ្តាញសាលារៀនចំនួន៨០០នៅទូទាំងពិភពលោក។

យោងតាមរដ្ឋាភិបាលតួកគីបានឲ្យដឹងថា អ្នកគាំទ្រលោក ហ្វេទុឡា ហ្គូឡេន បានប៉ុនប៉ងធ្វើរដ្ឋប្រហារក្នុងប្រទេសតួកគីកាលពីយប់ថ្ងៃសុក្រ ដែលធ្វើឲ្យផ្ទុះបាតុកម្មទ្រង់ទ្រាយធំ និងធ្វើឲ្យមនុស្សស្លាប់ជិត៣០០នាក់។

លោក អីុលហាន កេម៉ាល់ ទុក បានលើកឡើងទៀតថា ប្រទេសតួកគីបាននិងកំពុងស្នើប្រទេសទូទាំងពិភពលោក “រួមទាំងកម្ពុជាផង” ឱ្យចាត់ទុកបណ្តាញរបស់បព្វជិតរូបនេះថា ជាអង្គការភេរវកម្ម។

លោកបានថ្លែងថា ” ទោះជាយ៉ាងណា ខ្ញុំក៏សូមគូសបញ្ជាក់ផងដែរថា ការយល់ឃើញរបស់យើងចំពោះអង្គការភេរវកម្មនេះមិនទទួលបានការឆ្លើយតបដូចៗគ្នា ដូចដែលយើងបានរំពឹងទុកនោះទេ។ យើងសង្ឃឹមថា ការប៉ុនប៉ងធ្វើរដ្ឋប្រហារថ្មីបំផុតនេះនឹងជួយធ្វើឲ្យគេគ្រប់គ្នាដឹងពីសារជាតិពិតរបស់អង្គការភេរវកម្មនេះ”។

ឯកអគ្គរដ្ឋទូតរូបនេះបានថ្លែងថា “អង្គការនេះក៏កំពុងតែមានសកម្មភាពយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជាផងដែរ ដូចដែលលោកអ្នកប្រហែលជាដឹងហើយថា គឺចាប់តាំងពីឆ្នាំ១៩៩៣មក។ខ្ញុំច្បាស់ថា លោក អ្នកភាគច្រើនប្រាកដជាដឹងថា ពួកគេបាននិងកំពុងសហការជាមួយក្រុមហ៊ុនហ្សាម៉ាន់ ដើម្បីបើកសាលានៅទីនេះចាប់ពីសាលាមត្តេយ្យរហូតដល់សាកលវិទ្យាយ័យ” ។

នៅក្នុងកិច្ចសម្ភាសន៍មួយ លោក អីុលហាន កេម៉ាល់ ទុក បានលើកឡើងថា បេសកកម្មការទូតតួកគីបានសហការជាមួយសាលាហ្គូឡេន រហូតដល់ឆ្នាំ២០១៣ ជាឆ្នាំដែលលោក ហ្វេទុឡា ហ្គូឡេន និងលោក  រេសេពតាយ យីបអើដូហ្គាន ( Recep Tayyip Erdogan) ដែលជានាយករដ្ឋមន្ត្រីនៅពេលនោះមានជម្លោះដ៏ជូរចត់នឹងគ្នា ហេតុដូច្នេះហើយទើបមានការប្រមូលផ្តុំការយល់ដឹងលម្អិតអំពីទំនាក់ទំនងរបស់សាលាទាំងនេះជាមួយបព្វជិតរូបនេះ។

លោក អេចដឺ គីលីក (Ejder Kilic) នាយកគ្រប់គ្រងសាលាហ្សាម៉ាន់ បានលើកឡើងថា លោកមិនសប្បាយចិត្តទេចំពោះការចោទប្រកាន់របស់ឯកអគ្គរដ្ឋទូតរូបនេះ។

លោកបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយតាមអីុម៉េលថា “ស្ថានិកសាលាអន្តរជាតិហ្សាម៉ាន់ បានចាប់ផ្តើមដោយមានការជំរុញផ្នែកស្មារតី និងការណែនាំពីលោក  ហ្វេទុឡា ហ្គូឡេន”។

ទោះជាយ៉ាងណា លោកបានបន្ថែមថា “លោក ហ្វេទុឡា ហ្គូឡេន មិនដែលមានទំនាក់ទំនងផ្លូវការ មិនដែលគ្រប់គ្រង ឬមានការជាប់ពាក់ព័ន្ធណាមួយទេនៅក្នុងរដ្ឋបាលសាលានេះ ហើយគាត់ក៏មិនដែលចូលរួមធ្វើសេចក្តីសម្រេចណាមួយនៅក្នុងការបង្កើត ឬគ្រប់គ្រងសាលានេះដែរ”។

លោក អេចដឺ គីលីក បានលើកឡើងទៀតថា សាលាហ្សាម៉ាន់ ទាំងបួននៅក្នុងរាជធានីភ្នំពេញដែលមានសិស្សចុះឈ្មោះចូលរៀនសរុបជាង២.០០០នាក់ត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយក្រសួងអប់រំ ហើយត្រូវបានចុះត្រួតពិនិត្យយ៉ាងទៀតទាត់ ហើយជាសាលា “ដែលមានកេរ្តិ៍ឈ្មោះល្បីខាងផ្នែកគុណភាពអប់រំ”។

លោកបានមានប្រសាសន៍ថា “យើងសូមអញ្ជើញឯកអគ្គរដ្ឋទូតបង្ហាញភ័ស្តុតាង សាលក្រម និងភ័ស្តុតាងអ្វីក៏ដោយដែលគាត់មាន ដល់សាធារណជន និងអាជ្ញាធរ។ យើងជឿជាក់ថា យើងគ្មានកំហុសអ្វីឡើយ ហេតុដូច្នេះវាគឺជាភាគីខាងគាត់ដែលត្រូវបង្ហាញភ័ស្តុតាងទាំងនេះ។ យើងសូមប្រកាសថា យើងនឹងស្វះស្វែងរកសិទ្ធិស្របច្បាប់របស់យើងព្រោះថា ការចោទប្រកាន់នេះគឺជាការប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុនរបស់យើង”។

លោកក៏បានសង្កត់ធ្ងន់ផងដែរថា សាលាហ្សាម៉ាន់ សូមថ្កោលទោស “យ៉ាងដាច់អហង្ការ និងគ្មានលក្ខខណ្ឌ” ចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារក្នុងប្រទេសតួកគី។ លោកបានបន្ថែម ថា “យើងជឿជាក់យ៉ាងមុតមាំលើលទ្ធិប្រជាធិបតេយ្យ ហើយយើងគិតថា រដ្ឋាភិបាលនីមួយៗ គួរតែបង្កើតឡើងតាមរយៈដំណើរកាបោះឆ្នោតដោយសេរី និងយុត្តិធម៌។ យើងប្រឆាំងចំពោះអន្តរាគមន៍យោធាណាមួយ”។

លោក ហ្វេទុឡា ហ្គូឡេន ដែលសព្វថ្ងៃកំពុងរស់នៅបែបនិរទេសខ្លួនក្នុងសហរដ្ឋអាមេរិកក៏បានថ្កោលទោសចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះដែរ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងថា លោកមិនដឹងអំពីសំណើរបស់ឯកអគ្គរដ្ឋទូតតួកគីទេ ហើយថា ក្រសួងរបស់លោកគ្មានអំណាច “នៅក្នុងការបើក ឬបិទសាលាណាមួយ” ឡើយ។

លោក  រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ និងលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីសុទ្ធតែបានបដិសេធមិនធ្វើអត្ថាធិប្បាយ៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស