38 C
Phnom Penh

ពិធីដង្ហែសព​លោក កែម​ ឡី ទៅកាន់ស្រុក​​​កំណើត​​​របស់​​​លោក​​​គ្រោង​ធ្វើ​នៅ​ថ្ងៃអាទិត្យ​ខាង​មុខ​នេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មិត្តភក្តិរបស់អ្នកវិភាគនយោបាយដែល ត្រូវបានឃាតករបាញ់សម្លាប់ បាននិយាយកាលពីម្សិលមិញថា ពិធីដង្ហែសពលោក កែម ឡី ចេញពីរាជធានីភ្នំពេញទៅកាន់ស្រុកកំណើតរបស់លោកនៅក្នុងខេត្តតាកែវ នោះ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ។

ដោយដំបូងឡើយគ្រោងដង្ហែនៅថ្ងៃអាទិត្យកន្លងទៅនេះ ពិធីដង្ហែនេះត្រូវបានលុបចោលវិញដើម្បីផ្តល់ពេលវេលាបន្ថែមទៀតដល់ក្រុមអ្នករៀបចំដើម្បីរៀបចំកន្លែងបញ្ចុះសពលោកនៅក្នុងខេត្តតាកែវ ហើយទុកពេលវេលាបន្ថែមទៀតដល់សាធារណជនដើម្បីបានមកមើលសព ដែលកំពុងដាក់តម្កល់នៅវត្តចាស់ក្នុងរាជធានីភ្នំពេញ។

កាលពីម្សិលមិញ ព្រះតេជគុណ ប៊ុត ប៊ុនតិញ សកម្មជនជាព្រះសង្ឃបានមានសង្ឃដីកាថា អ្នករៀបចំបានព្រមព្រៀងធ្វើពិធីដង្ហែសពនៅថ្ងៃទី២៤។ ព្រះអង្គបានមានសង្ឃដីកាថា ក្បួនរថយន្តកំពុងត្រូវបានរៀបចំសម្រាប់ចម្ងាយផ្លូវប្រហែល៩០គីឡូម៉ែត្រ ដោយពិធីដង្ហែនោះរំពឹងថា នឹងមានអ្នកចូលរួមកាន់ទុក្ខរាប់ពាន់នាក់។

អាជ្ញាធររាជធានីភ្នំពេញបានព្រមព្រៀងផ្តល់ការការពារសន្តិសុខចំពោះកាលបរិច្ឆេទដង្ហែសពដំបូង។ ប៉ុន្តែលោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ ថា ក្រុមអ្នករៀបចំមិនទាន់ទទួលបានសំណើសម្រាប់កាលបរិច្ឆេទថ្មីនៅឡើយទេ ហើយថា អាជ្ញាធរត្រូវពិនិត្យមើលគម្រោងដែលបានកែប្រែនេះ។

លោក កែម ឡី អាយុ៤៦ឆ្នាំ អ្នកវិភាគនយោបាយដ៏ល្បីឈ្មោះ និងជាអ្នករិះគន់រដ្ឋាភិបាល ត្រូវបានបាញ់សម្លាប់ក្នុងស្តាម៉ាតមួយនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែកក្កដានៅក្នុងអ្វីដែលមជ្ឈដ្ឋានទូទៅជឿថា ជាការធ្វើឃាតមានចរិតលក្ខណៈនយោបាយ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស