បន្ទាប់ពីការសម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយ នៅស្ថានីយប្រេងមួយកន្លែងក្នុងក្រុងភ្នំពេញ សាក្សីជាច្រើននាក់និយាយថា អឿត អាង បានដើរយ៉ាងលឿនតាមមហាវិថីម៉ៅសេទុងនិងមហាវិថីសុធារស ម្តងគ្រវីកាំភ្លើង ម្តងលាក់កាំភ្លើង ខណៈដែលម៉ូតូកាន់តែច្រើនដេញតាមពីក្រោយគាត់។
សាក្សីជាច្រើននាក់បាននិយាយថា អឿត អាង បានប្រឈមនឹងសន្តិសុខនិងនគរបាលបីលើក ប៉ុន្តែនៅតែរត់រហូតទៅដល់វត្តមួយ ដែលនៅទីនោះគាត់លែងគេចខ្លួនរួច ហើយត្រូវវាយហូរឈាមពីសំណាក់ក្រុមមនុស្ស ដែលគេជឿថា ពួកគេកំពុងដេញតាមចោរ។
ចាប់តាំងពីមរណភាពរបស់លោក កែម ឡី នៅព្រឹកថ្ងៃទី១០ខែកក្កដាមក សមត្ថកិច្ចបាននិយាយតិចតួចអំពីរយៈពេល៣០នាទី រវាងពេលកើតឡើងឃាតកម្មនិងការចាប់ខ្លួនជនសង្ស័យបាញ់សម្លាប់ ដែលបានប្រាប់ឈ្មោះរបស់ខ្លួនថា “ជួប សម្លាប់”។
ទោះជាយ៉ាងនេះក្តី សាក្សីនៅតាមបណ្តោយមហាវិថីទាំងពីរដែលមានមនុស្សអ៊ូអរបានរៀបរាប់អំពីការរត់គេចខ្លួនចម្ងាយ១,៥គីឡូម៉ែត្ររបស់ខ្មាន់កាំភ្លើង។
កម្មករ លី ឆូងសុខា ដែលបានមើលឃើញឧប្បត្តិហេតុនោះកើតឡើងពីការដ្ឋានសំណង់នៅម្ខាងផ្លូវបាននិយាយថា បន្ទាប់ពីការបាញ់ស្លាប់ ខ្មាន់កាំភ្លើងបានស្ទុះចេញពីហាងនៅស្ថានីយកាល់តិច និងបានចាប់ផ្តើមរត់តាមបណ្តោយផ្លូវម៉ៅសេទុង ដេញតាមដោយភ្ញៀវនិងអ្នកផ្សេងទៀត។
ឆូងសុខា បាននិយាយថា នៅពេលគាត់រត់ទៅហួសហាងកាហ្វេ ប្រោន ខុហ្វី (Brown Coffee) នៅចំពីក្រោយស្ថានីយនោះ ខ្មាន់កាំភ្លើងរូបនេះបានភ្ជង់អ្នកដំណើរឆ្លងកាត់ ជាការព្រមានកុំឲ្យចូលជិត។
គាត់បាននិយាយថា “គេបានស្រែកថា ‘ចោរៗ!’ ” ហើយនៅពេលឃើញកាំភ្លើង គេក៏ថយក្រោយ”។
សន្តិសុខវ័យជំទង់ម្នាក់នៅហាងមួយក្បែរនោះ ដែលសុំមិនប្រាប់ឈ្មោះព្រោះខ្លាចមានការសងសឹក បាននិយាយថា សន្តិសុខនៅហាងប្រោនបានស្ទុះទៅរកខ្មាន់កាំភ្លើងប្រុងឃាត់ខ្លួនគាត់ នៅពេលនោះជននេះបានបង្ហាញកាំភ្លើងរបស់ខ្លួន។
សន្តិសុខរូបនេះបាននិយាយថា “ខ្មាន់កាំភ្លើងដើរធម្មតា។ គ្មាននរណាដេញតាមគាត់ទេ។ អ្នករត់ម៉ូតូឌុបម្នាក់បានស្រែកថា ‘ចោរៗ!’ ហើយសន្តិសុខហាងប្រោនបានព្យាយាមឃាត់ខ្លួនគាត់ ប៉ុន្តែនៅពេលនោះ ជននេះបានដកកាំភ្លើង ហើយពួកគេក៏ដកថយ”។
លោក ដួង សុខេង សន្តិសុខនៅហាងលក់ទំនិញងាយៗកាច់ជ្រុងផ្លូវម៉ៅសេទុងនិងផ្លូវលេខ៦៣បាននិយាយថា បន្ទាប់ពីគំរាមសន្តិសុខនៅហាងកាហ្វេនោះ ខ្មាន់កាំភ្លើងរូបនេះបានបន្តដំណើរតាមផ្លូវនោះទៀត ខណៈដែលម៉ូតូប្រាំឬប្រាំមួយគ្រឿងបើកតាមពីក្រោយគាត់នៅចម្ងាយប្រហែល៥០ម៉ែត្រ។
លោក សុខេង បាននិយាយថា “គាត់ដើរយ៉ាងលឿន។ មានមនុស្សមួយចំនួនស្រែកពីក្រោយគាត់ ប៉ុន្តែពួកគេមិនហ៊ានទៅជិតទេ ពីព្រោះគាត់មានកាំភ្លើង”។
“គាត់កាន់កាំភ្លើងក្នុងអាវរបស់គាត់។ គាត់មើលទៅដូចធម្មតា។ ខ្ញុំខ្លាចណាស់ អ៊ីចឹងហើយ ខ្ញុំមិនហ៊ានចូលជិតទេ”។
ឡាយ អេង អ្នកលក់ផ្កានៅកាច់ជ្រុងនោះបាននិយាយថា បន្ទាប់មកខ្មាន់កាំភ្លើងនោះរត់ឆ្លងមហាវិថីនរោត្តម មុនពេលដើរទៅទិសខាងជើងលើផ្លូវសុធារស។
សាក្សីបាននិយាយថា នៅត្រង់នោះ មនុស្សជាច្រើននាក់ជិះម៉ូតូដេញតាមគាត់ មានតាំងពីមន្ត្រីនគរបាលម្នាក់ផង ដែលទំនងជាបានបញ្ចុះបញ្ចូលគាត់មួយភ្លែតឲ្យប្រគល់ខ្លួននៅខាងក្រៅសណ្ឋាគារសូហ្វីតែល។
សាក្សីម្នាក់ដែលប្រាប់តែឈ្មោះ ភក្តិ បាននិយាយថា “នៅពេលគាត់នៅទីនេះ មន្ត្រីនគរបាលម្នាក់បានបើកម៉ូតូពីក្រោយគាត់និងបានស្រែកថា ‘ហេតុអីបានឯងធ្វើរឿងហ្នឹង? និយាយមក’ ” និងបានធ្វើសញ្ញាឲ្យគាត់ឡើងជិះម៉ូតូពីក្រោយ។
លោក ភក្តិ បាននិយាយថា “ឃាតកររូបនេះបន្ទាប់មកហៀបនឹងឡើងជិះម៉ូតូ តែនៅពេលនោះបានឈប់វិញ ដកកាំភ្លើងចេញពីកាបូបហើយកាន់ដើរ។ ហើយមន្ត្រីនគរបាលនោះបានឈប់តាម”។
លោក ណយ សំណាង អ្នករត់ម៉ូតូឌុប ដែលចាំម៉ូយនៅខាងក្រៅផ្សារទំនើបអីុអន បាននិយាយថា ខ្មាន់កាំភ្លើងនៅពេលនោះបានដើរកាត់ផ្សារទំនើបនេះ។ លោកបាននិយាយថា ជននេះហាក់ដូចជាមិនខ្វល់ខ្វាយ ថែមទាំងមិនចាប់អារម្មណ៍អ្វីទេ នៅពេលគាត់បន្តដើរទៅទិសខាងជើងតាមផ្លូវមានមនុស្សកកកុញនេះ។
លោក សំណាង បាននិយាយថា “មានម៉ូតូប្រហែល៣០គ្រឿងតាមគាត់ ប៉ុន្តែពួកគេបានត្រឹមតែតាមប៉ុណ្ណោះ មិនបានព្យាយាមឃាត់គាត់ទេ ពីព្រោះគាត់ដើរមានកាំភ្លើងនៅនឹងដៃ។ គាត់មិនបានគំរាមកំហែងនរណាទេ គាត់ចេះតែដើរ ហាក់បីដូចជាដើរក្នុងសួនច្បាររបស់គាត់អ៊ីចឹង”។
លោកបាននិយាយថា ប៉ុន្តែខ្មាន់កាំភ្លើងនេះបានចាប់ផ្តើមរត់យ៉ាងលឿននៅពេលដែលមន្ត្រីនគរបាលពីរនាក់តម្រង់កាំភ្លើងសំដៅគាត់នៅខាងក្រៅស្ថានទូតរុស្ស៊ី។
លោកបាននិយាយថា “គាត់បានទម្លាក់កាំភ្លើងរបស់គាត់ចោល នៅពេលដែលមន្ត្រីប៉ូលិសភ្ជង់គាត់។ ខ្ញុំតាមគាត់រហូតដល់គាត់រត់ទៅដល់វត្ត ហើយបន្ទាប់មកយើងបានវាយទាត់ធាក់គាត់”។
អិន បូណា ជាងកាត់សក់ដែលប្រកបរបរនេះលើផ្លូវជាប់នឹងវត្តស្វាយពពែ បាននិយាយថា លោកជឿថា មន្ត្រីទាំងនោះចេញមកពីខាងក្នុងស្ថានទូតរុស្ស៊ី។
លោក បូណា បាននិយាយថា “នៅពេលជននេះទៅដល់អីុអន អ្នករត់ម៉ូតូឌុបនិងមនុស្សជាច្រើននាក់បានតាមពីក្រោយគាត់។ ខ្ញុំបានឮគេស្រែកថា ‘វាជាចោរ!’។ គេនិយាយថា វាបានឆក់ខ្សែករបស់ជនបរទេស។ វាកំពុងតែរត់”។
លោកបាននិយាយថា “នគរបាលពីស្ថានទូតរុស្ស៊ីបានរត់កាត់ផ្លូវ ហើយបានភ្ជង់កាំភ្លើងនិងប្រាប់ឲ្យគាត់ទម្លាក់កាំភ្លើង។ ក្រោយពីគាត់បានទម្លាក់កាំភ្លើងហើយ គាត់មិនបាននិយាយអ្វីទេ គាត់បានព្យាយាមរត់គេចខ្លួន”។
មួយប្លុកបន្ទាប់មក គាត់ត្រូវបានគេស្ទាក់ជាប់នៅខ្លោងទ្វារវត្ត ហើយភ្លាមនោះក្រុមមនុស្សបានចាប់ផ្តើមវាយជននោះដែលគេគិតថាជាចោរ។
លោកបាននិយាយបន្ថែមថា “បន្ទាប់ពីគាត់ទម្លាក់កាំភ្លើងចោល គាត់បានព្យាយាមរត់ចូលវត្តនោះហើយមនុស្សជាច្រើននាក់បានស្ទាក់ផ្លូវគាត់។ អ្នកទាំងនោះបានដាល់និងទាត់ធាក់គាត់”។
លោក បូណា បាននិយាយថា មនុស្សប្រហែល២០ទៅ៣០នាក់វាយលោក អាង ប្រហែលជា១០នាទី មុនពេលនគរបាលធ្វើអន្តរាគមន៍ ហើយដាក់ខ្មាន់កាំភ្លើងដែលបែកឈាមឲ្យជិះម៉ូតូពីក្រោយ។
ស្គាល់ឈ្មោះជាផ្លូវការថា “ជួប សម្លាប់” លោក អាង នៅថ្ងៃទី១៣ខែកក្កដាត្រូវបានចោទប្រកាន់ពីបទឃាតកម្មលើលោក កែម ឡី។ ក្នុងវីដេអូសារភាព អតីតសង្ឃនិងទាហានរូបនេះបាននិយាយថា គាត់បានសម្លាប់អ្នករិះគន់រដ្ឋាភិបាលដ៏មានប្រជាប្រិយភាពរូបនេះ ដោយសារតែជំពាក់ប្រាក់៣.០០០ដុល្លារ ក៏ប៉ុន្តែមជ្ឈដ្ឋានជាច្រើនសង្ស័យថា ឃាតកម្មនេះគឺជារឿងនយោបាយទៅវិញ។
សាក្សីជាច្រើននាក់ដែលបានឃើញការរត់គេចខ្លួនរបស់លោក អាង បាននិយាយថា ពួកគេនឹងបញ្ចេញកំហឹងសងសឹក បើសិនពួកគេបានដឹងអត្តសញ្ញាណគាត់នៅថ្ងៃទី១០ខែកក្កដានោះ ថាគាត់សម្លាប់អ្នកវិភាគនយោបាយ។
លោក បូណា បាននិយាយថា “ប្រសិនបើខ្ញុំបានដឹងមុនព័ត៌មាននេះផ្សព្វផ្សាយនោះ ប្រហែលខ្ញុំទៅវាយគាត់ហើយ”។
លោក អួង សំអឿង ដែលកាត់សក់នៅក្បែរនោះ បាននិយាយថា ស្ថានភាពនឹងខុសគ្នាស្រឡះ ប្រសិនបើអ្នកដែលដេញតាមទាំងនោះបានដឹងថា គាត់ពិតជាបានសម្លាប់មនុស្សម្នាក់ក្នុងចំណោមអ្នកអត្ថាធិប្បាយនយោបាយដែលគេគោរពបំផុតរបស់ប្រទេសនេះ។
លោកបាននិយាយថា “មនុស្សជាច្រើនបានគិតថា គាត់ជាចោរដែលបានលួចជនបរទេស។ ប្រសិនបើពួកគេបានដឹងថា គាត់បានសម្លាប់លោក កែម ឡី វិញនោះ គាត់មុខជាត្រូវសម្លាប់ដោយប្រជាជននៅតាមផ្លូវនោះហើយ”។ និត (រាយការណ៍បន្ថែមដោយ ប៊ុត គឹមសាយ)