កាលពីម្សិលមិញ ប្រេសិតសិទ្ធិមនុស្សអាមេរិកដែលមកបំពេញទស្សនកិច្ចបានជំរុញឱ្យរដ្ឋាភិបាលដោះលែងនិងទម្លាក់ការចោទប្រកាន់លើមន្ត្រីសិទ្ធិមនុស្ស និងអតីតមន្ត្រីសិទ្ធិមនុស្សប្រាំរូប ដែលត្រូវបានចាប់ខ្លួនកាលពីខែមេសា អំឡុងអ្វីដែលលោកចាត់ទុកថា ជាស្ថានការណ៍នយោបាយដែលកាន់តែធ្ងន់ធ្ងរទៅ ដែលក្នុងនោះតុលាការផ្ដោតគោលដៅលើអ្នករិះគន់រដ្ឋាភិបាលដោយមិនសមហេតុផល។
មន្ត្រីបួនរូបរបស់សមាគមសិទ្ធិមនុស្សក្នុងស្រុកអាដហុកត្រូវបានចាប់ខ្លួនជាមួយអតីតមន្ត្រីសមាគមអាដហុកមួយរូបទៀត ដែលឥឡូវនេះកំពុងបម្រើការងារនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ហើយត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់សាក្សីម្នាក់ដោយផ្ដល់ប្រាក់ដល់ស្ត្រីម្នាក់ឱ្យបដិសេធស្នេហាលួចលាក់ជាមួយលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង។ សមាគមអាដហុកបានបដិសេធការចោទប្រកាន់នេះ ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា មានចរិតនយោបាយ។

លោក ថម ម៉ាលីណូស្គី (Tom Malinowski)ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ បានមានប្រសាសន៍ថា លោកបានស្នើឱ្យមន្ត្រីរដ្ឋាភិបាលដោះលែងអ្នកការពារសិទ្ធិមនុស្សទាំងនេះ។
លោកបានប្រាប់អ្នកយកព័ត៌មាននៅស្ថានទូតអាមេរិកនៅថ្ងៃទី២នៃដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកមកកាន់ប្រទេសកម្ពុជាថា “យើងបានជំរុញឱ្យរដ្ឋាភិបាលដោះលែង និងទម្លាក់ការចោទប្រកាន់លើអ្នកដែលបាននិងកំពុងការពារសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋកម្ពុជា”។
លោកមានប្រសាសន៍ថា “ការការពារសិទ្ធិមនុស្សជួនកាល ជាការងារដ៏ចម្រូងចម្រាស ។ជារឿយៗវាពាក់ព័ន្ធការរិះគន់អ្នកមានអំណាច។ ប៉ុន្តែវាជាការចាំបាច់ណាស់ចំពោះស្ថានភាព និងស្ថិរភាពនៃលទ្ធិប្រជាធិបតេយ្យ។ ហើយនៅក្នុងស្ថានភាពនេះ ខ្ញុំនឹងរួមបញ្ចូលសកម្មជនសមាគមសិទ្ធិមនុស្សអាដហុក សមាជិកអង្គការអាដហុក រួមទាំងអតីតសមាជិកដែលជាសមាជិក គ.ជ.ប.”។
លោក ម៉ាលីណូស្គី បានមានប្រសាសន៍ថា លោកក៏បានជួបជាមួយសាច់ញាតិអ្នកទោសមួយចំនួនផងដែរ “ហើយខ្ញុំគិតថា វាពិតជាធ្វើឱ្យខ្ញុំមើលឃើញថា ក្រុមគ្រួសារទាំងនោះមិនត្រឹមតែស្ថិតនៅក្នុងស្ថានភាពដ៏ក្រៀមក្រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅក្នុងស្ថានភាពមិនយុត្តិធម៌ ដែលតម្រូវឱ្យមានដំណោះស្រាយទៀតផង”។
ប្រេសិតសិទ្ធិមនុស្សរូបនេះបានលើកឡើងថា បញ្ហាផ្លូវច្បាប់បានកើតឡើងអំឡុងពេលមាន ”ការបារម្ភពីការចាប់ខ្លួន និងការចោទប្រកាន់ពាក់ព័ន្ធបញ្ហានយោបាយដែលមិនអាចប្រកែកបាន។
លោកបានថ្លែងថា “វាច្បាស់ណាស់ថា ក្នុងរយៈពេលប៉ុន្នានសប្ដាហ៍ និងប៉ុន្មានខែកន្លងមកនេះនៅក្នុងប្រទេសកម្ពុជា មានការចាត់វិធានការច្បាប់ជាច្រើនមកលើភាគីមួយ ប្រឆាំងអ្នកដែលត្រូវបានចាត់ទុកថា ជាអ្នករិះគន់រដ្ឋាភិបាល។ ហើយខ្ញុំគិតថា បញ្ហាទាំងនោះជាមូលហេតុនាំឱ្យមានបញ្ហាផ្លូវច្បាប់សម្រាប់ហេតុផលនយោបាយនេះ”។
អំឡុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំតំបន់ក្នុងឆ្នាំ២០១២ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិកបានដាក់សម្ពាធលើរដ្ឋាភិបាលស្រដៀងគ្នានេះឱ្យដោះលែង ”អ្នកទោសនយោបាយ” ដោយបានលើកឡើងពីលោក ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុ និងជាអ្នករិះគន់រដ្ឋាភិបាលដែលត្រូវបានដោះលែងនៅឆ្នាំបន្ទាប់មក។
កាលពីម្សិលមិញ លោក ម៉ាលីណូស្គី មិនបានលើកឡើងពីអ្នកទោសបច្ចុប្បន្នទេ។ លោកបានថ្លែងថា “ខ្ញុំចង់និយាយថា ប្រទេសកម្ពុជាស្ថិតក្នុងហានិភ័យនៃការធ្វើដំណើរថយក្រោយទៅរកសម័យមួយដែលមានអ្នកទោសមនសិការ ហើយថា បញ្ហានេះវាមិនស្របគ្នានឹងមុខមាត់នៃការវិវឌ្ឍលទ្ធិប្រជាធិបតេយ្យ ដែលទាំងរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាចង់ឃើញឡើយនោះទេ”។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។
រដ្ឋាភិបាលបានបដិសេធថា ការស៊ើបអង្កេតរបស់ខ្លួនពីស្នេហាលួចលាក់របស់លោក កឹម សុខា ដែលត្រូវបានស៊ើបអង្កេតដោយនាយកដ្ឋានប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយនោះមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេ។
ចន្លោះជំនួបនៅក្រសួងការបរទេស ក្រសួងមហាផ្ទៃ និងក្រសួងការងារ លោក ម៉ាលីណូស្គី ក៏បានទៅគោរពសពលោក កែម ឡី ដែលត្រូវបានបាញ់សម្លាប់ក្នុងស្តាម៉ាតមួយកន្លែងក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែកក្កដាផងដែរ។ អ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពរូបនេះក៏ជាអ្នករិះគន់រដ្ឋាភិបាលជារឿយៗផងដែរ ដែលបង្កឱ្យមានការចោទប្រកាន់ថាជាការធ្វើឃាតពាក់ព័ន្ធនយោបាយ។
ខ្មាន់កាំភ្លើងជាប់សង្ស័យដែលត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីការធ្វើឃាត បានអះអាងថា គេបានសម្លាប់លោក កែម ឡី ដោយសាររឿងជំពាក់ប្រាក់៣.០០០ដុល្លារ។ ប៉ុន្តែក្រុមគ្រួសារលោក កែម ឡី និងក្រុមគ្រួសារឃាតករជាប់សង្ស័យនិយាយថា អ្នកទាំងពីរមិនស្គាល់គ្នាទេ ហើយក៏មិនដែលបាននិយាយពីរឿងជំពាក់ប្រាក់ដែរ។
លោក ម៉ាលីណូស្គី បានចូលរួមជាមួយអង្គការសិទ្ធិមនុស្សក្នុងការទាមទារឱ្យមានការស៊ើបអង្កេតគួរឱ្យជឿទុកចិត្តពីការបាញ់សម្លាប់នេះ។ លោកបានថ្លែងថា “ដោយសារមានការសង្ស័យដែលកំពុងវិលវល់នៅក្នុងហេតុការណ៍នេះ ខ្ញុំគិតថា រដ្ឋាភិបាលនឹងទទួលបានផលប្រយោជន៍ពីការចូលរួមពាក់ព័ន្ធរបស់អ្នកជំនាញឯករាជ្យនៅក្នុងការស៊ើបអង្កេតនោះ”។
លោកបានបន្ថែមថា “លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ការបោះឆ្នោតនៅពេលខាងមុខ មិនមាននរណាម្នាក់បានខាតបង់ពីសោកនាដកម្មនេះជាងរដ្ឋាភិបាលកម្ពុជាឡើយ។ ប្រសិនបើរឿងនេះពិតមែន នោះគ្មាននរណាម្នាក់ទទួលបានប្រយោជន៍ពីការស៊ើបអង្កេតឯករាជ្យ ជាងរដ្ឋាភិបាលកម្ពុជាទេ”។
លោក ម៉ាលីណូស្គី លើកឡើងថា “ស្ថានការណ៍នេះពិតជាធ្ងន់ធ្ងរ” ចាប់តាំងពីគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាមានទំនាក់ទំនងល្អនឹងគ្នាក្នុងរយៈពេលខ្លីកាលពីឆ្នាំ២០១៤ បន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីឆ្នាំ២០១៣។
លោកថ្លែងថា ការបោះឆ្នោតនៅពេលខាងមុខ គឺការបោះឆ្នោតឃុំ-សង្កាត់ក្នុងឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ ជាថ្មីម្តងទៀតនឹងធ្វើឱ្យប្រទេសកម្ពុជាស្ថិតក្រោមការឃ្លាំមើលពីអន្តរជាតិ ហើយបានព្រមានពីហានិភ័យនៃការរារាំងដល់ការផ្លាស់ប្ដូរដោយសន្តិវិធី។
លោកបានថ្លែងថា “វាពិតជាសំខាន់ណាស់ក្នុងការផ្ដល់សុភនិច្ឆ័យដល់ប្រជាពលរដ្ឋថា ប្រសិនបើពួកគាត់ចង់ផ្លាស់ប្ដូរ ពួកគាត់អាចធ្វើដោយសន្តិវិធីតាមរយៈដំណើរការប្រជាធិបតេយ្យ ហើយយើងឃើញថា នៅក្នុងប្រទេសជាច្រើនទីដែលប្រជាពលរដ្ឋមិនមានសុភនិច្ឆ័យ ពួកគេតែងតែមានកំហឹង មិនសូវជាមានវិធីសាស្ត្រសន្តិវិធីទេ ដែលឈានទៅរកបញ្ហាអស្ថិរភាព និងបញ្ហាដែលខ្ញុំគិតថា រដ្ឋាភិបាលកម្ពុជាលើកឡើងថា ខ្លួនភ័យខ្លាច”។
ការចាប់ខ្លួនជាបន្តបន្ទាប់កាលពីពេលថ្មីៗក៏បានបន្តការគំរាមកំហែងដល់ការកាត់ផ្តាច់ជំនួយរបស់អាមេរិកផងដែរ។ កាលពីខែមុន គណៈកម្មាធិការថវិកានៃព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់ដែលស្នើឱ្យលៃទុកថវិកា៧៧,៨លានដុល្លារសម្រាប់ផ្ដល់ឱ្យប្រទេសកម្ពុជាក្នុងឆ្នាំសារពើភណ្ឌ២០១៧ លុះណាតែក្រសួងការបរទេសអាមេរិកច្បាស់លាស់ថា រដ្ឋាភិបាលកម្ពុជាបាន “បញ្ឈប់អំពើហិង្សា និងការយាយី” ដល់គណបក្សប្រឆាំង និងសង្គមស៊ីវិល៕ សារុន