29 C
Phnom Penh

កង​ទ័ព​ស៊ើបអង្កេត​ផែនការ​រដ្ឋ​ប្រហារ​​​​ប្រឆាំង​​​​​​​​​រដ្ឋាភិបាល ​ហើយ​​​​​ចល័ត​​​​​រថក្រោះ​មក​ក្បែរ​​​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា ពេលនេះយោធាកំពុងស៊ើបអង្កេតវីដេអូមួយដែលក្នុងនោះបុរសម្នាក់បានប្រកាសផែនការធ្វើរដ្ឋប្រហារប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយដោយឡែកពីនេះបានចល័តកងរថក្រោះពីព្រំដែនថៃ មកកៀករាជធានីភ្នំពេញ សម្រាប់ “ជួសជុល”។

cam-photo-army-facebookការប្រកាសនេះបានកើតមានឡើង ខណៈមានការរំពឹងទុកថាប្រជាពលរដ្ឋរាប់ម៉ឺនសែននាក់នឹងប្រមូលផ្ដុំគ្នាក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមពិធីដង្ហែសពលោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ ទៅកាន់ភូមិកំណើតរបស់លោកក្នុងខេត្តតាកែវ ចម្ងាយប្រមាណ៧០គីឡូម៉ែត្រនាភាគនិរតីរាជធានី។

នាយឧត្ដមសេនីយ៍ ឈុំ សុជាតិ បានមានប្រសាសន៍ថា យោធាបានចាប់ផ្ដើមស៊ើបអង្កេតវីដេអូមួយដែលត្រូវបានបញ្ចូលក្នុងយូធ្យូបនិងបង្ហោះតាមហ្វេសប៊ុកកាលពីថ្ងៃអាទិត្យ បង្ហាញពីបុរសម្នាក់ហៅខ្លួនឯងថា “សៀមរាបអង្គរ” ដែលអំពាវនាវឱ្យយោធាត្រៀមខ្លួនធ្វើរដ្ឋប្រហារ។

លោកថ្លែងថា “សកម្មភាពនេះគឺពិតជាឆ្កួតណាស់ ហើយកងកម្លាំងប្រដាប់អាវុធរបស់យើងកំពុងស្រាវជ្រាវវែកមុខជនដែលចង់ធ្វើរដ្ឋប្រហារប្រឆាំងរដ្ឋាភិបាល។ យើងនឹងមិនបណ្ដោយឱ្យរដ្ឋប្រហារកើតឡើងនៅកម្ពុជាឡើយ ហើយនេះគឺជាសកម្មភាពដ៏ឆ្កួតមួយដែលយើងមិនអាចអត់ឱនឱ្យបាន”។

អង្គុយពីខាងមុខផ្ទាំងក្រណាត់យោធាប៉ារ៉ា និងនិយាយសំនៀងដូចអ្នកខេត្តកោះកុង ភាគនិរតីជិតព្រំដែនថៃ បុរសដែលមិនបញ្ជាក់អត្តសញ្ញាណនេះបានប្រកាសផែនការមិនច្បាស់លាស់ “ដើម្បីរំដោះប្រទេសពីរបបផ្ដាច់ការរបស់លោក ហ៊ុន សែន”។

បុរសរូបនេះនិយាយថា “យើង យើងខ្ញុំតំណាងឱ្យអង្គភាពភូមិភាគនិរតី សូមប្រកាសព័ត៌មានដល់បណ្ដាអង្គភាព និងក្រសួងទូទាំងប្រទេសកម្ពុជាឱ្យបានជ្រាបថា នៅរយៈពេលដ៏ខ្លីខាងមុខនេះសូមកងកម្លាំងទាំងអស់ត្រៀមខ្លួនឱ្យបានមុនរួចជាស្រេច ដើម្បីប្រឆាំងនឹងរបបផ្ដាច់ការដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហ៊ុន សែន និងយួនកុម្មុយនីស្ត។ អង្គភាពនេះមិនទទួលស្គាល់រាជរដ្ឋាភិបាលបច្ចុប្បន្នដែលដឹកនាំដោយលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាជាដាច់ខាត”។

វីដេអូរយៈពេលជាង៤នាទីដែលរៀបរាប់ពីការរំលោភសិទ្ធិមនុស្សយ៉ាងច្រើនពីសំណាក់លោក ហ៊ុន សែន អំឡុងពេលកាន់អំណាច៣១ឆ្នាំមកនេះធ្វើជាមូលហេតុនៃការធ្វើរដ្ឋប្រហារ មិនត្រូវបានចែករំលែកតៗគ្នាច្រើនទេ រហូតទាល់តែគេហទំព័រ Fresh News ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា បង្ហោះវាអមដោយអត្ថបទព័ត៌មានកាលពីម្សិលមិញស្ដីពីផែនការស៊ើបអង្កេត។

អំឡុងពេលដំណាលគ្នានេះ វីដេអូចាប់ផ្ដើមបង្ហោះព្រោងព្រាតតាមហ្វេសប៊ុកដែលបង្ហាញពីរថក្រោះជាច្រើនគ្រឿងត្រូវកងទ័ពចល័តពីមូលដ្ឋានយោធាមួយជិតប្រាសាទព្រះវិហារលើព្រំដែនថៃ តាមផ្លូវជាតិមកកាន់រាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ។

លោក ឈុំ សុជាតិ មានប្រសាសន៍ថា ការដឹកជញ្ជូនរថក្រោះទាំងនេះមិនពាក់ព័ន្ធការគំរាមធ្វើរដ្ឋប្រហារទេ។ លោកបញ្ជាក់ថា តាមពិតរថក្រោះទាំងនេះត្រូវបានចល័តទៅមូលដ្ឋានយោធាដ៏ធំមួយទៀតនៅក្នុងខេត្តកំពង់ស្ពឺ ចម្ងាយប្រហែល៤៥គីឡូម៉ែត្រនាភាគខាងលិចរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ៤។

លោកមានប្រសាសន៍ទៀតថា “រថក្រោះមួយចំនួនត្រូវបាននាំពីខេត្តកំពង់ស្ពឺ ដើម្បីយកទៅទុកនៅមូលដ្ឋានយោធាក្នុងខេត្តកំពង់ស្ពឺ ដើម្បីជួសជុល ព្រោះពេលនេះជារដូវវស្សា ដូច្នេះយើងចាំបាច់ត្រូវយកវាទៅទីនោះដើម្បីជួលជុល និងទុកនៅកន្លែងមានសុវត្ថិភាព។ យើងមិនអាចទុកវាចោលកណ្តាលភ្លៀង និងក្នុងព្រៃបានទេ។ សូមកុំបារម្ភ វាគ្មានបញ្ហាទេ”។

លោក ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ដែលឈរជើងនៅខេត្តព្រះវិហារ បានបដិសេធមិនឆ្លើយបំភ្លឺទេទាក់ទិនការចល័តរថក្រោះទាំងនេះ ហើយបានបង្វែរសំណួរទៅលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សរបស់លោក ហ៊ុន សែន ដែលមិនអាចទាក់ទងបាន។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា ពេលនេះមានហេតុផលតិចតួចណាស់ដែលត្រូវរក្សាទុករថក្រោះទាំងនេះក្បែរប្រាសាទព្រះវិហារ ខណៈភាពតានតឹងជាមួយរដ្ឋាភិបាលថៃ ទាក់ទិនកម្មសិទ្ធិលើប្រាសាទនេះបានថយចុះជាលំដាប់ អញ្ចឹងហើយបានជារថក្រោះទាំងនេះត្រូវចល័តទៅកន្លែងដែលមានប្រយោជន៍ជាងនេះ។

លោកបានមានប្រសាសន៍ថា “ព្រះវិហារលែងសកម្មទៀតហើយ ហេតុដូច្នេះវាត្រូវបញ្ជូនទៅមូលដ្ឋានយោធាមួយចំនួនគឺ១នៅក្នុងខេត្តកំពង់ស្ពឺ ១នៅក្នុងខេត្តកំពង់ឆ្នាំង  និង១ទៀតនៅក្នុងខេត្តបាត់ដំបង ដើម្បីហ្វឹក ហាត់”។ លោកបានបន្ថែមថា លោកមិនទទួល បានដំណឹងណាមួយអំពីរថក្រោះត្រូវបានជួសជុលនោះឡើយ។

លោកបានមានប្រសាសន៍ទៀតថា “តើអាចមានប៉ុន្មានគ្រឿងជួសជុល? ខ្ញុំដឹងថា វាកំពុងហ្វឹកហាត់បាញ់គ្រាប់ពិតប៉ុន្តែប្រហែលជាត្រូវសួរ លោក ទៀ បាញ់ [រដ្ឋមន្ត្រីក្រសួងការពារជាតិ]”។ នាយឧត្តមសេនីយ៍ ទៀ បាញ់ មិនអាចទាក់ទងបានទេ។

លោក ឡុង គឹមខន អ្នកជំនាញផ្នែកយោធាដែលសិក្សាស្រាវជ្រាវផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រក្នុងរាជធានីភ្នំពេញបានលើកឡើងថា មូលដ្ឋាននៅក្នុងខេត្តកំពង់ស្ពឺគឺជាមូលដ្ឋានយុទ្ធសាស្ត្រដ៏សំខាន់ ព្រោះវាមានទីតាំងក្បែររាជធានី និងក្បែរអង្គភាពឆត្រយោង៩១១។

លោកបានមានប្រសាសន៍ថា “វាអាចបញ្ជូនយកមកជួសជុល ឬគ្រាន់តែយកទៅទីនោះសម្រាប់ហេតុផលយោធាមួយចំនួន ប៉ុន្តែការបញ្ជូនឧបករណ៍កលយុទ្ធមកកំពង់ស្ពឺដែលជាតំបន់យោធាដ៏សំខាន់ អាចសម្រាប់បញ្ហាសន្តិសុខនៅក្នុងរាជធានីច្រើនជាងការយកមកជួសជុល”។

អ្នកជំនាញផ្នែកយោធារូបនេះបានលើកឡើងបន្ថែមថា ការបញ្ជូនរថក្រោះទាំងនេះអាចជាប់ពាក់ព័ន្ធនឹងការគំរាមធ្វើរដ្ឋប្រហារផង ឬក៏អាចជាប់ពាក់ព័ន្ធនឹងពិធីដង្ហែសពលោក កែម ឡី អ្នកវិភាគនយោបាយឯករាជ្យដ៏មានប្រជាប្រិយភាព ដែលគ្រោងធ្វើឡើងនៅថ្ងៃអាទិត្យ និងដែលគេរំពឹងថា នឹងមានអ្នកគាំទ្ររាប់មឺុនសែននាក់មកចូលរួមនៅក្នុងរាជធានីភ្នំពេញផង។

លោកបានថ្លែងថា “និយាយតាមត្រង់ទៅនៅក្នុងស្ថានភាពបច្ចុប្បន្នអ្វីៗក៏អាចកើតឡើងបានដែរ។បើខ្ញុំជារដ្ឋាភិបាល សម្រាប់បញ្ហាសន្តិសុខ អ្វីៗអាចកើតឡើងបានគ្រប់ពេល ហើយគេប្រហែលជាព្យាយាមបញ្ជូនវាមកដើម្បីទប់ស្កាត់ជាមុន”។

លោក កែម ឡី ដែលល្បីល្បាញដោយសារការវិភាគនយោបាយ និងការរិះគន់របស់លោកលើគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច ត្រូវបានបាញ់សម្លាប់ពេលរៀបនឹងទទួលទានកាហ្វេនៅស្តារម៉ាតក្នុងស្ថានីយប្រេងឥន្ធនមួយកន្លែងនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែកក្កដា នេះហើយចាប់តាំងពីពេលនោះមកសពរបស់លោកត្រូវបានយកទៅតម្កល់ដោយមានអ្នកនៅកំដរជាប់ជានិច្ចក្នុងវត្តមួយនៅក្នុងខណ្ឌជ្រោយចង្វារ។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាព្រះអង្គប្រកាន់ជំហរប្រឆាំងដែលជួយរៀបចំពិធីដង្ហែសពលោក កែម ឡី បានមានសង្ឃដីកាថា ព្រះអង្គជឿថា ការបញ្ជូនរថក្រោះគឺដើម្បី បំភិតបំភ័យអ្នកកាន់ទុក្ខដែលមានគម្រោងធ្វើដំណើរមកកាន់រាជធានីភ្នំពេញក្នុងចំនួនយ៉ាងច្រើន។

ព្រះអង្គមានសង្ឃដីកាបន្តថា “ពួកគេព្យាយាមបំភ័យប្រជាពលរដ្ឋ ព្រោះវានឹងមានប្រជាពលរដ្ឋជាច្រើនធ្វើដំណើរមកចូលរួមពិធីដង្ហែសពលោក កែម ឡី នៅពេលខាងមុខ”។

ទោះជាយ៉ាងណា លោក ផៃ ស៊ីផាន បានលើកឡើងថា គ្មានបំណងបំភិតបំភ័យអីទេ។

លោកបានមានប្រសាសន៍ថា”ពលរដ្ឋខ្មែរមិនខ្លាចនឹងរឿងបែបនេះទេ។ គឺអ្នកឯងទេ ដែលនិយាយបែបនេះ”៕ សុខុម និងស៊ុយឈាង

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស