បណ្តាសហជីពគាំទ្ររដ្ឋាភិបាលបានគំរាមធ្វើការតវ៉ាដ៏ធំប្រឆាំងគណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង បានអំពាវនាវឲ្យសហភាពអឺរ៉ុបបង្កើនសម្ពាធលើរដ្ឋាភិបាលកម្ពុជា ដោយសំដៅលើសេដ្ឋកិច្ចរបស់ប្រទេសនេះ។
ក្នុងវីដេអូមួយដែលបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោកកាលពីសប្តាហ៍មុន លោក រង្ស៊ី អាចត្រូវគេមើលឃើញកំពុងថ្លែងសុន្ទរកថាអំឡុងសវនាការមួយស្តីពីកម្ពុជានៅសភាអឺរ៉ុបក្នុងក្រុងព្រុចសែស ជាកន្លែងដែលលោកអំពាវនាវឲ្យសមាជិកសភា “បង្ហាញលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ថា ម៉ឺងម៉ាត់” អំពីការធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជាប្រសើរឡើង។
ធ្វើដូច្នេះ លោកផ្តោតលើឧស្សាហកម្មកាត់ដេរ ដែលសព្វថ្ងៃទទួលបានសិទ្ធិរួចពន្ធនាំចូលទីផ្សារសហភាពអឺរ៉ុប ក្រោមការផ្តួចផ្តើមពាណិជ្ជកម្មគ្រប់មុខលើកលែងតែអាវុធសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ វិស័យកាត់ដេរគឺជាឧស្សាហកម្មនាំចេញធំបំផុតរបស់ប្រទេសកម្ពុជា ហើយសហភាពអឺរ៉ុបជាទីផ្សារធំបំផុតរបស់វិស័យនេះ ដោយបានទិញច្រើនជាង២ពាន់លានដុល្លារក្នុងផ្នែកកាត់ដេរនិងស្បែកជើងរួចពន្ធពីប្រទេសកម្ពុជាកាលពីឆ្នាំមុន។
លោកបានមានប្រសាសន៍ថា “ប្រសិនបើអ្នកធ្វើឲ្យពួកគេយល់ថា ទីផ្សារនេះមិនមែនបើកគ្រប់ពេលដោយគ្មានលក្ខខណ្ឌនោះ ពួកគេអាចចាប់ផ្តើមគិតអំពីវា”។
ជាការឆ្លើយតបទៅនឹងការថ្លែងរបស់លោក សម្ព័ន្ធសហជីពបួនគាំទ្ររដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍ប្រើពាក្យដូចតែគ្នាកាលពីថ្ងៃច័ន្ទ ដោយចោទលោក រង្ស៊ី ថាបានព្យាយាមបំផ្លាញសេដ្ឋកិច្ចកម្ពុជា។
សេចក្តីថ្លែងការណ៍មួយ ដែលចុះហត្ថលេខាដោយសហភាពសហព័ន្ធសហជីព ជាតិកម្ពុជា (CCTU) ដែលថាខ្លួនតំណាងកម្មករ៣១០.០០០នាក់ បាននិយាយថា “យើងថ្កោលទោសអ្នកនយោបាយរូបនេះពីព្រោះបំផ្លាញជាតិនិងបំផ្លាញការងាររបស់យើងក្នុងវិស័យកាត់ដេរ”។
សេចក្តីថ្លែងការណ៍បានបន្តទៀតថា “ប្រសិនបើយើងគ្មានការងារធ្វើ យើងនឹងទាមទារឲ្យក្រុមអ្នកនយោបាយប្រឆាំងទទួលខុសត្រូវ ហើយនឹងធ្វើបាតុកម្មនិងដើរហែទៅទីស្នាក់ការរបស់គណបក្សនេះ និងស្ថានទូតនានាដែលពាក់ព័ន្ធដើម្បីទាមទារការងាររបស់យើងវិញ”។
ក្នុងបទសម្ភាសមួយកាលពីថ្ងៃអង្គារ លោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធ បានលើកឡើងជាថ្មីនូវការគំរាមធ្វើបាតុកម្មដ៏ធំនៅពេលមានចំណាត់ការណាមួយដោយសហភាពអឺរ៉ុបលែងឲ្យមានការអនុគ្រោះពាណិជ្ជកម្ម ដែលលោកបាននិយាយថា អាចឈានទៅដល់ការបិទរោងចក្ររាប់រយកន្លែង។
លោកបានមានប្រសាសន៍ថា “ប្រសិនបើវាកើតឡើងមែន យើងនឹងធ្វើបាតុកម្ម។ ខ្ញុំមិនដែលឃើញមនុស្សណាដូច សម រង្ស៊ី ទេ។ គាត់ចង់បានតំណែងនាយករដ្ឋមន្ត្រី ដោយផ្ចាញ់គណបក្សកាន់អំណាច និងបំផ្លាញជាតិ”។
នៅពេលស្នើសុំកាលពីថ្ងៃអង្គារឲ្យបំភ្លឺថាលោកនឹងលើកសំណើអ្វីទៅសហភាពអឺរ៉ុបឲ្យចាត់វិធានការណ៍នោះ លោក រង្ស៊ី បានមានប្រសាសន៍ថា លោកចង់បាន “ការដាក់ទណ្ឌកម្មដូចគ្នានឹងទណ្ឌកម្មដែលបានអនុវត្តហើយ…ដាក់សម្ពាធលើរបបផ្តាច់ការនៃប្រទេសភូមានិងអាហ្វ្រិកខាងត្បូងជាច្រើនទសវត្សរ៍មកហើយ”។
លោកបាននិយាយបន្ថែមថា “គឺក្រុមមេដឹកនាំកម្ពុជាថ្នាក់ខ្ពស់បំផុតនិងពុករលួយបំផុតដែលកំពុងទទួលបានប្រយោជន៍ច្រើនបំផុតពីការបើកទីផ្សារនាំចេញដ៏ធំនៅអឺរ៉ុបសម្រាប់ឧស្សាហកម្មកាត់ដេរដែលផលិតនៅប្រទេសកម្ពុជា”។
“ម្ចាស់រោងចក្រធំៗនឹងខាតប្រយោជន៍របស់ខ្លួន ដែលមួយផ្នែកជាប្រាក់សំណូកបានទៅថ្នាក់ដឹកនាំពុករលួយរបស់ប្រទេសកម្ពុជា ប៉ុន្តែវាមិនសូវប៉ះពាល់ខ្លាំងដល់កម្មកររោងចក្រធម្មតាដែលរងការកេងប្រវ័ញ្ចខ្លាំងស្រាប់ហើយនោះទេ”៕ និត