លោក អ៊ុក ពេជ្រសំណាង សកម្មជន​​​គណបក្ស​​​ប្រឆាំង​​​មក​​​ដល់​​​សាលា​​​ឧទ្ធរណ៍​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ កាល​​​ពី​​​ម្សិលមិញ។ សាលាឧទ្ធរណ៍​​​បាន​​​តម្កល់​​​សាល​​​ក្រម​​​ផ្តន្ទាទោស​​​សកម្ម​​​ជន​​​រូប​​​នេះ​​​ឲ្យជាប់​​​ពន្ធនាគារ​​​២​​​ឆ្នាំ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី​​​

ព័ត៌មានជាតិ

សាលាឧទ្ធរណ៍​​​តម្កល់​​​សាល​​​ក្រម​​​ផ្តន្ទាទោស​​​សកម្ម​​​ជន​​​គណបក្ស​​​ប្រឆាំង​​​

By

July 21, 2016

កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានតម្កល់សាលក្រមផ្តន្ទាទោសលោក អ៊ុក ពេជ្រសំណាង សកម្មជនគណបក្សប្រឆាំងឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំពីបទបើករ៉ឺម៉កម៉ូតូកង់បីបុកទម្លុះរបាំងដែកអំឡុងការតវ៉ាប្រឆាំងការបណ្តេញចេញនៅខាងក្រៅភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅក្នុងរាជធានីភ្នំពេញកាលពីខែតុលា ឆ្នាំ២០១៤។

សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក អ៊ុក ពេជ្រសំណាង ពីបទបង្កអំពើហិង្សាដោយចេតនា និងរារាំងមន្ត្រីសាធារណៈកាលពីខែកញ្ញា បន្ទាប់ពីប្រើប្រាស់រ៉ឺម៉ុកម៉ូតូកង់បីធ្វើឲ្យរបួសកងសន្តិសុខខណ្ឌមួយចំនួន។

នៅសាលាឧទ្ធរណ៍កាលពីម្សិលមិញ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ សំរិទ្ធ សុផល បានលើកឡើងថា លោក អ៊ុក ពេជ្រសំណាង នឹងនៅតែជាប់ពន្ធនាគារដដែល។

លោក អ៊ុក ពេជ្រសំណាង សកម្មជនគណបក្សប្រឆាំងមកដល់សាលាឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ សាលាឧទ្ធរណ៍បានតម្កល់សាលក្រមផ្តន្ទាទោសសកម្មជនរូបនេះឲ្យជាប់ពន្ធនាគារ២ឆ្នាំ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកបានមានប្រសាសន៍ថា “តុលាការសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ហើយបានបង្គាប់ឲ្យបន្តឃុំឃាំងលោក អ៊ុក ពេជ្រសំណាង នៅក្នុងពន្ធនាគារបន្តទៀត”។

បន្ទាប់ពីសាលដីកាត្រូវបានប្រកាស លោក អ៊ុក ពេជ្រសំណាង បានអះអាងថា លោកគ្មានទោសកំហុសទេ។

លោកបាននិយាយថា “វាអយុត្តិធម៌ណាស់។ខ្ញុំមិនអាចទទួលយកសេចក្តីសម្រេចេនះបានទេ ខ្ញុំនឹងប្តឹងសាទុក្ខទៅតុលាការកំពូល ព្រោះខ្ញុំមិនបានប្រព្រឹត្តបទល្មើសឡើយ”។

អំឡុងពេលបើកសវនាការកាលពីខែមុនលោក លី សុចិត្រា មេធាវីរបស់លោក អ៊ុក ពេជ្រសំណាង បានលើកឡើងថា ព្រះរាជអាជ្ញាមិនបានបង្ហាញភ័ស្តុតាងគួរឲ្យជឿទុកចិត្តដែលថា សន្តិសុខត្រូវបានធ្វើឲ្យរងរបួសដោយរ៉ឺម៉កកង់បីរបស់កូនក្តីលោកនោះទេ។ តុលាការបានស្តាប់សក្ខីកម្មពីសន្តិសុខ ប៉ុន្តែលោក លី សុចិត្រា បានលើកឡើងថា សំណុំរឿងដែលដាក់ប្តឹងគ្មានភ្ជាប់សំបុត្រពេទ្យដែលសន្តិសុខបានអះអាងថា ខ្លួនមានមកជាមួយឡើយ។

ពេលទាក់ទងតាមទូរស័ព្ទកាលពីម្សិលមិញ ចៅក្រម សំរិទ្ធ សុផល បានលើកឡើងថា សេចក្តីសម្រេចរបស់សាលាដំបូងត្រូវបានតម្កល់ដោយជឿលើអ្វីដែលសន្តិសុខបានលើកឡើង។

លោកបានមានប្រសាសន៍ថា “ភ័ស្តុតាងគឺសក្ខីកម្មរបស់ជនរងគ្រោះហ្នឹងឯង”។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។

លោក អ៊ុក ពេជ្រសំណាង ក៏កំពុងអនុវត្តទោសជាប់ពន្ធនាគារពីបទ “ចូលរួមកុបកម្ម” ដោយសារជាប់ពាក់ព័ន្ធនៅក្នុងការតវ៉ាដាច់ដោយឡែកមួយទៀតនៅទីលានប្រជាធិបតេយ្យដែលក៏នៅក្នុងឆ្នាំ២០១៤ផងដែរ។

ការបើកសវនាលើបណ្តឹងឧទ្ធណ៍ជំនុំជម្រះរឿងក្តីរបស់ចុងចោទ១១រូបនៅក្នុងសំណុំរឿងនោះបានចាប់ផ្តើមកាលពីខែមីនាប៉ុន្តែ ត្រូវបានពន្យារពេលជាច្រើនលើកច្រើនសា។ លោក អ៊ុក ពេជ្រសំណាង  និងចុងចោទ៨នាក់ផ្សេងទៀត ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ រីឯ៣នាក់ផ្សេងទៀតត្រូវផ្តន្ទាទោសរយៈពេល២០ឆ្នាំ”៕ស៊ុយឈាង