40.9 C
Phnom Penh

លោក សម រង្ស៊ី​​ រង​​​ការរិះ​​​គន់​​​ក្រោយ​​​ពី​ការ​គំរាម​ដល់​ឧស្សា​ហកម្ម​កាត់​ដេរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ ក្រសួងការងារ សហជីពឯករាជ្យចំនួន៩ និងក្រុមឧស្សាហកម្មដែលតំណាងឱ្យរោងចក្រកាត់ដេរនៅកម្ពុជាបានសំដែងការរិះគន់យ៉ាងខ្លាំងចំពោះការអំពាវនាវរបស់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងឱ្យសហភាពអឺរ៉ុបពិចារណាឡើងវិញពីការនាំចេញដោយរួចពន្ធទៅកាន់ទីផ្សារអឺរ៉ុប។

cam-photo-workersក្នុងសុន្ទរកថានៅសភាអឺរ៉ុបក្នុងទីក្រុងព្រុចសែលកាលពីសប្តាហ៍មុន លោក សម រង្ស៊ី បានអំពាវនាវឱ្យសមាជិកទាំងអស់ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាឱ្យកែលម្អប្រវត្តិសិទ្ធិមនុស្សរបស់ខ្លួនដោយ “ការធ្វើឱ្យពួកគេយល់ថា ទីផ្សារនេះមិនមែនបើកចំហគ្រប់ពេលវេលាដោយគ្មានលក្ខខណ្ឌឡើយ”។

សហភាពអឺរ៉ុបគឺជាទីផ្សារដ៏ធំបំផុតសម្រាប់ឧស្សាហកម្មកាត់ដេរ និងស្បែកជើងកម្ពុជា ដែលជាកម្លាំងចលករដ៏ធំនៃសេដ្ឋកិច្ច។ សម្លៀក បំពាក់ផលិតនៅកម្ពុជាដែលមានទឹកប្រាក់ជាង២ពាន់លានដុល្លារ ត្រូវបាននាំចេញទៅកាន់អឺរ៉ុបកាលពីឆ្នាំមុនដោយរួចពន្ធក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មអ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ ដែលត្រូវបានបង្កើតឡើងដើម្បីជួយទ្រទ្រង់ឧស្សាហកម្មនាំចេញដ៏ក្មេងខ្ចីនៃប្រទេសកំពុងអភិវឌ្ឍន៍។

ការគំរាមកំហែងចំពោះឧស្សាហកម្មដ៏ធំបំផុតរបស់ប្រទេសបណ្តាលឱ្យមានការឆ្លើយតបយ៉ាងខ្លាំងក្លាពីរដ្ឋាភិបាលកាលពីម្សិលមិញ ដោយក្រសួងការងារបានថ្កោលទោសលោក សម រង្ស៊ី ថា “អមនុស្សធម៌” ចំពោះការអំពាវនាវឱ្យសហភាពអឺរ៉ុប បិទទីផ្សាររបស់ខ្លួនចំពោះប្រទេសកម្ពុជា។

ក្រសួងនេះបានលើកឡើងនៅក្នុងសេចក្តី ថ្លែងការណ៍ថា “ការអំពាវនាវនេះពិតជាអមនុស្សធម៌មែនទែន ជាទង្វើគ្មានការទទួលខុសត្រូវ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់កម្មករ និងក្រុមគ្រួសាររបស់ពួកគេ”។ ក្រសួងបានបន្ថែមទៀតថា ប្រជាពលរដ្ឋប្រហែល៧០០.០០០នាក់ធ្វើការនៅក្នុងឧស្សាហកម្មកាត់ដេរ។

លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាដែលតំណាងឱ្យរោងចក្រកាត់ដេរនាំចេញសម្លៀកបំពាក់ បានមានប្រសាសន៍ថា អាចមានផលប៉ះពាល់ច្រើនដល់វិស័យនេះ ប្រសិនបើការនាំចេញទៅកាន់សហភាពអឺរ៉ុប ត្រូវបានកាត់បន្ថយ។

លោក កែន លូ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា “សហភាពអឺរ៉ុបជាទីផ្សារនាំចេញធំបំផុតសម្រាប់សម្លៀកបំពាក់កម្ពុជា ហើយទង្វើណាមួយរបស់សហជីពក្នុងការបន្ថយល្បឿនការនាំចូលពីកម្ពុជា មានន័យថា វាយបំបែកឆ្នាំងបាយរបស់កម្មករ។ កម្មករអាចបាត់បង់ការងារ ចំណែកនិយោជកអាចងាកចេញពីប្រទេសកម្ពុជា ពីព្រោះពួកគេមិនអាចនាំចេញផលិតផលរបស់ខ្លួនទៅកាន់សហភាពអឺរ៉ុបបាន”។

នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានថ្លែងទៅកាន់ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា សហជីពចំនួន៩បានអំពាវនាវដល់សហគមន៍អឺរ៉ុបពិចារណាអំពីផលប៉ះពាល់ដល់កម្មករ និងក្រុមគ្រួសាររបស់ពួកគេ ប្រសិនបើការនាំចេញសម្លៀកបំពាក់ និងស្បែកជើងទៅកាន់សហភាពអឺរ៉ុប ត្រូវបានរារាំងនោះ។

សេចក្តីថ្លែងការណ៍ដដែលនេះបន្តថាសហភាពអឺរ៉ុប មិនត្រឹមគួរតែ “ពិនិត្យ និងពិចារណា” ពីហេតុផលនៃការកាត់បន្ថយការនាំចេញប៉ុណ្ណោះទេ វាក៏គួរបន្តការសហការ និងបន្ថែមការបញ្ជាទិញបន្ថែមទៀតពីប្រទេសកម្ពុជាដែរ”។ លោក សម រង្ស៊ី បានមានប្រសាសន៍ ថា ការឆ្លើយតបរបស់រដ្ឋាភិបាល ដែលរាប់បញ្ចូលទាំងការគំរាមកំហែងដោយសហជីពដែលគាំទ្ររដ្ឋាភិបាលកាលពីថ្ងៃអង្គារក្នុងការរៀប ចំធ្វើការតវ៉ាដ៏ធំ ប្រឆាំងគណបក្សសង្គ្រោះ ជាតិនោះ បានយល់ខុសចំពោះសុន្ទរកថារបស់លោក។

លោកបានលើកឡើងក្នុងអីុម៉ែលថា         “រដ្ឋាភិបាលបានបកស្រាយមិនត្រឹមត្រូវពីអ្វីដែលខ្ញុំនិយាយដើម្បីធ្វើឱ្យសាធារណជនមានកំហឹងមកលើរូបខ្ញុំសម្រាប់ហេតុផលនយោបាយច្បាស់ក្រឡែតតែម្តង។ ខ្ញុំមិនបានអំពាវនាវឱ្យសហគមន៍អឺរ៉ុបបិទទីផ្សាររបស់ខ្លួនដោយត្រង់ៗចំពោះការនាំចេញរបស់កម្ពុជាទេ”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស