31.8 C
Phnom Penh

ការឆ្លងវីរុស​​​ហ៊ីវ​​​កើន​​​ឡើង​ស្ទើរ​​​តែទ្វេដងកាលពីទសវត្សរ៍​​​​​​កន្លង​​​មក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តាមរបាយការណ៍មួយចេញផ្សាយក្នុងសប្តាហ៍នេះ មានចំនួននៃការឆ្លងវីរុសហ៊ីវថ្មីនៅកម្ពុជាស្ទើរតែទ្វេដងកាលពីទសវត្សរ៍កន្លងមក គឺជាការកើនឡើងយ៉ាងច្រើនបំផុតនៅអាស៊ី ចំណែកឯជនជាតិខ្មែរតិចជាងមួយភាគបីដែលកំពុងរស់នៅជាមួយវីរុសនេះកំពុងទទួលបានថ្នាំលេបពន្យារជីវិត។

ការសិក្សាដែលធ្វើឡើងដោយវិទ្យាស្ថានសម្រាប់វាស់និងវាយតម្លៃសុខភាពនៃសាកលវិទ្យាល័យវ៉ាស៊ីនតោនបានបញ្ជាក់ថា ករណីឆ្លងវីរុសថ្មីនៅកម្ពុជាបានកើនឡើងជាមធ្យមគឺ៦,៦ភាគរយរាល់ឆ្នាំពីចន្លោះឆ្នាំ២០០៥ដល់ឆ្នាំ២០១៥ ទោះបីជាអត្រានេះបានថយចុះក្នុងប្រទេសថៃ វៀតណាម និងម៉ាឡេស៊ីក៏ដោយ។

តាមរបាយការណ៍ ទន្ទឹមគ្នានេះ ចំនួនប្រជាជនដែលរស់នៅជាមួយវីរុសហ៊ីវនៅកម្ពុជាបានកើនឡើងពី៥៤.៨៨០នាក់ដល់៨២.៩៧០នាក់ក្នុងរយៈពេលដូចគ្នា ចំណែកចំនួនប្រជាជនដែលបានស្លាប់ដោយសារអេដស៍បានកើនពី១.៨១០នាក់ដល់២.៦០០នាក់។

តាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយភ្ជាប់នឹងរបាយការណ៍ ក្នុងចំណោមអ្នកដែលរស់នៅជាមួយវីរុសហ៊ីវ គឺមានតែ៣០ភាគរយប៉ុណ្ណោះដែលកំពុងតែទទួលការព្យាបាលដោយលេបថ្នាំពន្យារជីវិត ដែលសំខាន់ដើម្បីបង្អង់ល្បឿនការវិវត្តនៃវីរុសនេះ។

លោក សូវ៉ាតតា កូសេន (Soewarta Kosen)អ្នកស្រាវជ្រាវគោលនយោបាយនៅវិទ្យាស្ថានជាតិអភិវឌ្ឍន៍និងស្រាវជ្រាវសុខភាពនៃប្រទេសឥណ្ឌូនេស៊ីដែលបានធ្វើការសិក្សានេះបាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានថា “អត្រាឆ្លងវីរុសហ៊ីវនៅកម្ពុជានៅតែខ្ពស់។ ប្រទេសនេះគួរតែ ផ្តោតថែមទៀតលើការខិតខំប្រឹងប្រែងទប់ស្កាត់កាន់តែខ្លាំង និងការទទួលបានជាសកលនូវការព្យាបាលដោយប្រើថ្នាំពន្យារជីវិត និងទប់ស្កាត់ការឆ្លងក្នុងបណ្តាអ្នកប្រើគ្រឿងញៀនដោយចាក់។

លោក នួន ស៊ីដារា អ្នកសម្របសម្រួលគម្រោងនៅមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជាបាននិយាយ ថា ក្នុងខណៈដែលរដ្ឋាភិបាលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលវីរុសហ៊ីវកាលពីទសវត្សរ៍ឆ្នាំ១៩៩០ ខ្លួនក៏ត្រូវខិតខំធ្វើថែមទៀត ដើម្បីបញ្ឈប់ការកើនឡើងនាពេលបច្ចុប្បន្ននេះ។

អ្នកសម្របសម្រួលរូបនេះបាននិយាយថា “គួរឲ្យសោកស្តាយ ឥឡូវនេះយើងកំពុងតែមើល ឃើញថា ថវិកាសម្រាប់កម្មវិធីហ៊ីវ/អេដស៍កំពុងតែចំណាយអស់ហើយនៅកម្ពុជា ហើយខ្ញុំខ្លាចថា នេះជាផ្នែកនៃហេតុផលដែលយើងឃើញអត្រាឆ្លងហ៊ីវ/អេដស៍កើនឡើងច្រើនណាស់ “។

លោក ស៊ីដារា បាននិយាយថា “ក្នុងពេលដែលការទប់ស្កាត់និងការព្យាបាលហ៊ីវ/អេដស៍គួរតែផ្ទេរឱ្យរដ្ឋាភិបាលជាបណ្តើរៗនោះ យើងបន្តឃើញការពឹងផ្អែកជ្រុលពេកលើសង្គមស៊ីវិលដែលកំពុងតែពុះពារបំពេញតម្រូវការ”៕មាំ វិបុល

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស