34 C
Phnom Penh

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន រិះគន់អត្ថបទ​ដែល​​ចុះ​ផ្សាយ​​​អំពី​ជម្លោះ​នៅ​​សមុទ្រ​ចិន​ខាងត្បូង​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងកាលពីម្សិលមិញថា សារព័ត៌មានក្នុងស្រុកមួយបានបកស្រាយមិនត្រឹមត្រូវអំពីជំនួបរវាងលោក និងសមភាគីជប៉ុនរបស់លោក ដោយអញ្ជើញលោក គូម៉ាម៉ារុ យូជី (Kumamaru Yuji) ឯកអគ្គរាជទូតជប៉ុនបកស្រាយបញ្ជាក់អំពីភាពត្រឹមត្រូវនៃអត្ថបទនោះ។

cam-photo-abe-reuters-800x533ការលើកឡើងនេះទំនងជាសំដៅដល់កាសែត ខេមបូឌា ដេលី ដែលកាលពីថ្ងៃអង្គារ បានចុះផ្សាយអត្ថបទមួយអំពីជំនួបរវាងលោក ហ៊ុន សែន និងលោក ស៊ិនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីជប៉ុន នៅក្រៅកិច្ចប្រជុំអាស៊ី-អឺរ៉ុបក្នុងប្រទេសម៉ុងហ្គោលីកាលពីថ្ងៃសៅរ៍។

ដោយដកស្រង់សេចក្ដីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសជប៉ុន អត្ថបទនេះបានលើកឡើកថា លោក អាេប បានប្រាប់លោក ហ៊ុន សែន ថា លោកបានវិនិច្ឆ័យសាលដីកាតុលាការអន្តរជាតិដែលទុកជាមោឃៈនូវការអះអាងសិទ្ធិកាន់កាប់ដែនទឹកមួយផ្នែកធំរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងថា ជា “សាលក្រមស្ថាពរ និងភ្ជាប់កាតព្វកិច្ចផ្លូវច្បាប់”។ ផ្នែកនៃដែនទឹកទាំងនោះក៏ត្រូវបានអះអាងសិទ្ធិកាន់កាប់ដោយប្រទេសហ្វីលីពីន វៀតណាម និងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ផងដែរ។ អត្ថបទនេះបានហៅការលើកឡើងរបស់លោក អាបេ ថាជា “ការរិះគន់ច្បាស់ក្រឡែត” ពីជំហររបស់កម្ពុជាស្ដីពីដែនសមុទ្រនេះ។

តែប៉ុន្មានថ្ងែប៉ុណ្ណោះបន្ទាប់ពីកម្ពុជាបដិសេធមិនចូលរួមជាមួយប្រទេសដទៃទៀតក្នុងការចេញសេចក្ដីថ្លែងការណ៍គាំទ្រសាលក្រមនោះ ប្រទេសចិនបានសន្យាផ្ដល់ជំនួយដល់រដ្ឋាភិបាលនូវទឹកប្រាក់ជាងកន្លះពាន់លានដុល្លាររហូតដល់ឆ្នាំ២០១៨ ជាជំនួយឥតសំណងមួយក្នុងចំណោមជំនួយឥតសំណងដែលមានទឹកប្រាក់ច្រើនបំផុតដែលធ្លាប់ផ្ដល់ដល់ប្រទេសកម្ពុជា។

ថ្លែងអំឡុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលផ្ដល់ហិរញ្ញប្បទានដោយប្រទេសជប៉ុនក្នុងខេត្តបាត់ដំបងកាលពីម្សិលមិញ លោក ហ៊ុន សែន បានមានប្រសាសន៍ថា កាសែតក្នុងស្រុកមួយបានដកស្រង់មិនត្រឹមត្រូវពីការសន្ទនារបស់លោកជាមួយលោក អាបេ ក្នុងប្រទេសម៉ុងហ្គោលី។

លោកបានមានប្រសាសន៍ថា “វាជាការគួរឱ្យសោកស្ដាយបន្តិចត្រង់ថា ជំនួបខ្ញុំព្រះករុណាខ្ញុំជាមួយនាយករដ្ឋមន្ត្រី អាបេ ហើយក្នុងឋានៈជាមិត្តភក្ដិទៀតផងដែលធ្វើការជាមួយគ្នា វាបែរជាមានសារព័ត៌មាននៅភ្នំពេញ គឺថា ដូចជាប្រហែលជាឯកឧត្ដម គូម៉ាម៉ារុ បានមើលហើយ ប្រហែលឯកឧត្ដមមិនចេះខ្មែរទេ ប៉ុន្តែសារព័ត៌មានហ្នឹងចេញជាខ្មែរផង និងចេញជាអង់គ្លេសផង បានលើកឡើងថា លោក អាបេ ស្តីបន្ទោសឱ្យ ហ៊ុន សែន ឯណាឆ្កុយទៅវិញ។

លោក ហ៊ុន សែន បានបន្ថែមថា “ងាប់ហើយ នៅលើលោកនេះ អត់មាននរណាហ៊ានស្តីបន្ទោសឱ្យ ហ៊ុន សែន ទេ។ សូម្បីតែប្រធានាធិបតីអាមេរិក អូបាម៉ា ម៉ោស្រុកខ្មែរ ក៏មិនមែនម៉ោស្តីឱ្យនាយករដ្ឋមន្ត្រីខ្មែរទេ”។

ដោយទំនងជាសំដៅដល់សារបែបរិះគន់តាមហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន នោះ លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកមិនឆ្លើយតបចំពោះអត្ថបទនេះទេ ដោយសារលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានឆ្លើយតបហើយ។

លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យលោក អាបេ និងលោកឯកអគ្គរាជទូត គូម៉ាម៉ារុ វាយតម្លៃអត្ថបទនេះ។ លោកបានថ្លែងថា “ខ្ញុំទុកឱ្យឯកឧត្ដម គូម៉ាម៉ារុ កែតម្រូវចុះ ព្រោះខ្ញុំធុញទ្រាន់ណាស់ជាមួយអាការដែលមួលបង្កាច់ម្ដងហើយម្ដងទៀតមិនចេះចប់មិនចេះហើយរបស់មនុស្សមួយចំនួន”។

លោក ណៅអាគី កាម៉ូស៊ីដា (Naoaki Kamoshida) ទីប្រឹក្សានៅស្ថាទូតជប៉ុនបានលើកឡើងជាថ្មីថា អំឡុងជំនួបរបស់លោកជាមួយលោក ហ៊ុន សែន លោក អាបេបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃនីតិរដ្ឋ និងសាលដីការបស់តុលាការមជ្ឈតត្កម្មដែលសម្រេចស្ថាពរ និងភ្ជាប់កាតព្វកិច្ចច្បាប់”។

លោក កាមូស៊ីដា បានបន្ថែមថា “បើទោះជាលោកនាយករដ្ឋមន្ត្រី អាបេ បានលើកឡើងអំពីជំហររបស់ជប៉ុនដូចបានរៀបរាប់ខាងលើក៏ដោយ ក៏លោកមិនមានបំណងរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីបញ្ហានេះដែរ”។

លោក ម៉ៃឃើល ហ្គ្រីន (Michael Green) ប្រធានមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបានមានប្រសាសន៍ថា វាមិនទំនងជាថាលោក អាបេ បានរិះគន់លោក ហ៊ុន សែន ដោយផ្ទាល់អំពីជំហររបស់កម្ពុជាទាក់ទិនជម្លោះដែនសមុទ្រឡើយ។

លោក ហ្គ្រីន បានលើកឡើងតាមអុីម៉េលកាលពីម្សិលមិញថា “ខ្ញុំសង្ស័យថា រដ្ឋាភិបាលជប៉ុនអាក់អន់ចិត្តនឹងជំហររបស់កម្ពុជា ហើយខ្ញុំជឿជាក់ថា នាយករដ្ឋមន្ត្រី អាបេ បានពន្យល់លម្អិតប្រាប់នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយពីមូលហេតុដែលផលប្រយោជន៍របស់ជប៉ុនត្រូវបានប៉ះពាល់ដោយផ្ទាល់ដោយបញ្ហាសមុទ្រចិនខាងត្បូងនេះ”។

លោក អៀន ស្តូរី (Ian Storey) សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ក្នុងប្រទេសសិង្ហបុរីបានមានប្រសាសន៍ថា សមុទ្រចិនខាងត្បូងគឺជាប្រធានបទដ៏រសើបសម្រាប់លោក ហ៊ុន សែន។

លោកសរសេរតាមអុីម៉េលថា “រដ្ឋាភិបាល ហ៊ុន សែន ខឹងសម្បារនឹងការចោទប្រកាន់ដែលថា ជំហររបស់ខ្លួនស្តីពីសមុទ្រចិនខាងត្បូងគឺជាថ្នូរនឹងជំនួយសេដ្ឋកិច្ចរបស់ចិន”។

លោក ស្តូរី បានមានប្រសាសន៍ថា ទោះជាយ៉ាងណា ជំនួយរបស់ចិនបានដាក់លោក ហ៊ុន សែន មិនខ្វល់ពីផលប៉ះពាល់ដល់ការទូត។

លោកបានបន្ថែមថា “ជាធម្មតា លោក ហ៊ុន សែន មិនខ្វល់នឹងម្ចាស់ជំនួយទេ ព្រោះលោកដឹងហើយថា លោកតែងតែពឹងផ្អែកលើចិនសម្រាប់ជំនួយសេដ្ឋកិច្ច”៕ សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស