ស្រុកត្រាំកក់, ខេត្តតាកែវ-អ្នកកាន់ទុក្ខរាប់ម៉ឺនសែននាក់បាននាំគ្នាដង្ហែសពលោក កែម ឡី ពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោកកាលពីម្សិលមិញ ខណៈប្រជាពលរដ្ឋរាប់ម៉ឺនសែននាក់ទៀតឈរអមតាមបណ្ដោយដងផ្លូវ ដើម្បីចូលរួមពិធីដង្ហែសពនេះដែលជាពិធីដង្ហែសពដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីពិធីដង្ហែព្រះបរមសពសម្ដេចឪ នរោត្តម សីហនុ កាលពីឆ្នាំ២០១៣មក។
ពួកគេបានចេញមកសម្ដែងការគោរពចំពោះវិញ្ញាណក្ខន្ធអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពរូបនេះ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងវ័យ៤៦ឆ្នាំ ខណៈលោកកំពុងពិសាកាហ្វេពេលព្រឹកនៅស្តាម៉ាតដ៏ពេញនិយមមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា។

ទោះបីជាបុរសដែលត្រូវបានចាប់ខ្លួនចំពោះឃាតកម្មនេះអះអាងថា ខ្លួនសម្លាប់អ្នកវិភាគរូបនេះដោយសារខឹងរឿងជំពាក់ប្រាក់៣.០០០ដុល្លារមិនព្រមសងក្ដី ក៏មជ្ឈដ្ឋានជាច្រើននៅតែយល់ថា ការស្លាប់របស់លោក កែម ឡី ជាការវាយប្រហារទៅលើគោលការណ៍ប្រជាធិបតេយ្យដែលលោកបានធ្វើ ដើម្បីលើកកម្ពស់ក្នុងនាមជាអ្នកវិភាគ អ្នកស្រាវជ្រាវ អ្នកធ្វើអត្ថាធិប្បាយ និងជាអ្នករិះគន់រដ្ឋាភិបាល។
បន្ទាប់ពីចេញដំណើរពីវត្តចាស់ ក្នុងរាជធានីភ្នំពេញ នៅពេលព្រឹកព្រលឹមស្រាងៗ រថយន្តដឹកសពលោក កែម ឡី បានបើកយឺតៗដូចខ្យងវារកាត់ក្រុង និងតាមបណ្ដោយផ្លូវជាតិលេខ៣ ដែលមានក្បួនរថយន្តទួរីស រថយន្តធុនតូច និងម៉ូតូប្រវែងរាប់គីឡូម៉ែត្រហែយឺតៗតាមពីក្រោយ មុនពេលទៅដល់ស្រុកកំណើតរបស់ម្ដាយលោកនៅក្នុងភូមិអង្គតាកុប ខេត្តតាកែវ នៅពេលព្រលប់។
ក្រុមអ្នកកាន់ទុក្ខ និងអ្នកឈរមើលនាំគ្នាគ្រវីរូបថតពោរពេញដោយស្នាមញញឹមរបស់លោក កែម ឡី រួមជាមួយទង់ជាតិ ទង់សាសនា និងបាច់ផ្កាឈូកដែលទើបតែកាត់ថ្មីៗ។
នៅពេលសាកសួរ អ្នកដែលចេញមកដង្ហែសពកាលពីម្សិលមិញ គ្មានអ្នកណាសង្ស័យឡើយ ពោលគឺពួកគេសុទ្ធតែជឿថា លោក កែម ឡី ស្លាប់ដោយសារលោកនិយាយត្រង់ចេញពីចិត្ត លោកគឺជាជនរងគ្រោះម្នាក់ទៀតនៃការធ្វើឃាតនយោបាយជាបន្តបន្ទាប់នៅក្នុងប្រទេស។
ពាក់អាវយឺតថ្មីពណ៌សដែលមានបោះពុម្ពមុខរបស់លោក កែម ឡី ដើម្បីចេញមកមើលក្បួនដង្ហែសពនេះឆ្លងកាត់ យុវជន ស៊ុំ ផាន ជានិស្សិតសាកលវិទ្យាល័យដែលបានស្ដាប់អ្នកវិភាគរូបនេះនិយាយជាញឹកញាប់តាមវិទ្យុ បានលើកឡើងថា លោក កែម ឡី ស្លាប់ដោយសាររឿងនយោបាយ។
យុវជនរូបនេះបាននិយាយទៀតថា “គាត់ស្លាប់ដើម្បីប្រជាពលរដ្ឋខ្មែរ។ គាត់ហ៊ានបូជាជីវិត គាត់ហ៊ាននិយាយការពិត។ ខ្ញុំជឿទាំងស្រុងថា វាជារឿងនយោបាយ ព្រោះការវិភាគរបស់គាត់បានប៉ះពាល់យ៉ាងខ្លាំងដល់អ្នកមានអំណាច។ គាត់ហ៊ាននិយាយអំពីបញ្ហាព្រំដែន អំពីអន្តោប្រវេសន៍ពីវៀតណាម សម្បទានដីសេដ្ឋកិច្ច និងការកាប់បំផ្លាញព្រៃឈើ”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រឆាំងតតាំងនឹងការចោទប្រកាន់ទាំងនេះ ហើយបានច្រានចោលយ៉ាងដាច់អហង្ការ ដោយអះអាងថា រដ្ឋាភិបាលមិនមែនជាអ្នកបញ្ជាឱ្យសម្លាប់លោក កែម ឡី នោះទេ ពីព្រោះអ្នកដែលខាតបង់ធ្ងន់ធ្ងរបំផុតពីប្រតិកម្មប្រឆាំងនេះ គឺរដ្ឋាភិបាល។
ការបដិសេធរបស់លោកនាយករដ្ឋមន្ត្រីគ្មានអ្នកណាជឿឡើយក្នុងចំណោមអ្នកកាន់ទុក្ខកាលពីម្សិលមិញ។
ចំនួនអ្នកចូលរួមដង្ហែសពយ៉ាងច្រើននេះធ្វើឱ្យគេនឹកឃើញដល់ក្បួនដង្ហែព្រះបរមសពសម្ដេចឪ កាលពីបីឆ្នាំមុន។ ប៉ុន្តែនៅផ្នែកស្មារតី វាធ្វើឱ្យគេនឹកឃើញដល់ការដង្ហែសពលោក ជា វិជ្ជា ប្រធានសហជីពដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃចែសដូចលោក កែម ឡី ដែរ ដែលសុទ្ធតែមានសញ្ញាសម្គាល់ពីការវាយប្រហារតាមបទបញ្ជា។
លោក មឿង តារា ដែលរង់ចាំសពលោក កែម ឡី ហែកាត់និយាយថា “ខ្ញុំមិនជឿថា បុរសដែលគេចាប់ខ្លួនគឺជាឃាតករពិតទេ។ ខ្ញុំជឿជាក់ទាំងស្រុងថា នេះជារឿងនយោបាយ ពីព្រោះរឿងនេះវាកើតឡើងដដែលៗ”។
ដូចអ្នកជាច្រើនទៀតដែរ លោក មឿង តារា និយាយទៀតថា គាត់ចាប់ផ្ដើមស្គាល់លោក កែម ឡី តាមរយៈការចូលរួមជាវាគ្មិនកិត្តិយសជាញឹកញាប់របស់លោកនៅតាមស្ថានីយវិទ្យុឯករាជ្យមួយចំនួនតូចនៅក្នុងប្រទេស បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣។ បុរសរូបនេះបាននិយាយទៀតថា ”ខ្ញុំចូលចិត្តស្ដាប់គាត់ គាត់និយាយការពិត គាត់និយាយត្រង់ពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈើ ការចាប់យកដី និងការរំលោភសិទ្ធិមនុស្ស។ ថ្ងៃនេះខ្ញុំមកទីនេះ ពីព្រោះតែខ្ញុំឈឺចាប់យ៉ាងខ្លាំង ដែលខ្មែរសម្លាប់ខ្មែរ”។
សហការីមួយចំនួន និងអ្នកគាំទ្ររបស់លោក ែកម ឡី និយាយថា ប្រជាប្រិយភាពរបស់លោកបានដោយសារភាពប៉ិនប្រសប់នៅក្នុងការបកស្រាយបញ្ហានយោបាយដោយប្រើភាសាសាមញ្ញៗដែលមហាជនទូទៅងាយស្រួលយល់ច្បាស់។ មិនយូរប៉ុន្មានមុនពេលលោកត្រូវបានធ្វើឃាត លោកបានបង្ហោះ “រឿងកំប្លែង” នយោបាយជ្រកក្រោមរូបភាពរឿងនិទានខ្លីៗដ៏មានខ្លឹមសារឆ្លុះបញ្ចាំងពីតថភាពសង្គមរស់នៅក្នុងប្រទេសជាបន្តបន្ទាប់ក្នុងន័យរិះគន់អ្នកកាន់អំណាចនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយយកលំនាំតាមរឿងនិទាន “សួនសត្វ” (Animal Farm) របស់អ្នកនិពន្ធ ចច អ័រវែល (George Orwell)។
លោកបានប្រកាសគម្រោងបង្ហោះរឿងនិទានបែបនេះចំនួន៩៩រឿង ដើម្បីប្រមូលចងក្រងជាសៀវភៅមួយក្បាលនៅដំណាច់ឆ្នាំនេះ ប៉ុន្តែលោកបង្ហោះបានតែ១៩រឿងប៉ុណ្ណោះ។
អង្គុយក្រោមកៅស៊ូតង់នៅផ្ទះគ្រួសាររបស់លោក កែម ឡី អ្នកស្រី ប្រាក់ សំអេង ដែលធ្វើដំណើរពីខេត្តព្រៃវែងដើម្បីចូលរួមពិធីបុណ្យសពរបស់លោកនិយាយថា អ្នកវិភាគរូបនេះមានទេពកោសល្យនៅក្នុងការនិយាយចំៗចំណុច។
អ្នកស្រីនិយាយទៀតថា “គាត់និយាយចំៗចំណុចអំពីអ្នកដែលធ្វើរឿងអាក្រក់។ អ្វីដែលគាត់និយាយគឺងាយយល់។ គាត់ប្រើភាសាសាមញ្ញដែលប្រជាជនធម្មតាអាចយល់បាន។ នោះជាមូលហេតុដែលមានប្រជាពលរដ្ឋយ៉ាងច្រើនមកចូលរួមពិធីបុណ្យសពនេះ”។
ដូចអ្នកគ្រប់គ្នាទៀតដែរ អ្នកស្រី ប្រាក់ សំអេង ជឿថា ករណីឃាតកម្មលើអ្នកវិភាគរូបនេះគឺជារឿងនយោបាយ។ អ្នកស្រីគូសបញ្ជាក់ថា “ខ្ញុំធ្លាប់ស្ដាប់លោក កែម ឡី និយាយតាមវិទ្យុថា គាត់ត្រូវគេគំរាមកំហែង ប៉ុន្តែគាត់មិនខ្លាចទេ ព្រោះគាត់មានវីហ្សាបី៖ វីហ្សាចូលពេទ្យ វីហ្សាចូលគុក និងវីហ្សាចូលវត្តព្រះពុទ្ធ។ នៅក្នុងចិត្តខ្ញុំ ខ្ញុំស្រឡាញ់គាត់។ គាត់ការពារប្រទេសជាតិ និងទឹកដី។ គាត់គ្មានអាវុធគំរាមអ្នកណាទេ។ គាត់គឺជាមនុស្សល្អ”។
នៅពេលយប់ចូលមកដល់នៅផ្ទះគ្រួសាររបស់លោក កែម ឡី អ្នកកាន់ទុក្ខបន្តចេញចូលឥតឈប់ដើម្បីសម្លឹងមើលសពលោក កែម ឡី ដែលគ្របទង់ជាតិតាមមឈូសកញ្ចក់។
គម្រោងដំបូងរបស់គណៈកម្មការរៀបចំបុណ្យសព គឺត្រូវលើកសពដាក់ក្នុងមឈូសឈើ ហើយបញ្ចុះក្នុងផ្នូររៀបស៊ីម៉ងត៍នៅធ្លាខាងក្រោយផ្ទះនៅព្រឹកនេះ។ កាលពីយប់មិញ សាច់ញាតិសពបាននិយាយថា ពិធីបញ្ចុះសពប្រហែលជាត្រូវពន្យារពេល ប៉ុន្តែសមាជិកផ្សេងទៀតនៃគណៈកម្មការបុណ្យសពនិយាយថា ការបញ្ចុះសពនឹងប្រព្រឹត្តទៅតាមការគ្រោងទុក៕ សុខុម