ព័ត៌មានជាតិ

អ្នក​សារព័ត៌មាន​ទទួល​បញ្ជា​អាថ៌កំបាំង​ឲ្យ​បញ្ឈប់​ការ​រាយការណ៍​អំពី​ឃាតកម្ម

By

July 25, 2016

បុគ្គលិកនៅស្ថានីយ៍ទូរទស្សន៍ពីរកន្លែងបាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានទទួលសារជាច្រើនតាមអីុនធឺណិត ដែលទំនងជាមកពីមន្ត្រីរដ្ឋាភិបាលមួយរូប ដោយបញ្ជាឲ្យពួកគេឈប់រាយការណ៍អំពីករណីឃាតកម្ម ប៉ុន្តែមន្ត្រីនិងអ្នកនាំពាក្យរដ្ឋាភិបាលបានអះអាងថា មិនបានដឹងអំពីបញ្ជានេះទេ។

សារហ្វេសប៊ុកគ្មានកាលបរិច្ឆេទដែលគេជឿថាផ្ញើដោយលោក ស្វាយ ស៊ីថា រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានផ្សព្វផ្សាយក្នុងចំណោមសមាជិកនៃបណ្តាញព័ត៌មានកាលពីថ្ងៃអាទិត្យ។ សារនោះបានបញ្ជាឲ្យ “ស្ថានីយទូរទស្សន៍ឈប់ផ្សាយរូបភាពនិងព័ត៌មានដែលទាក់ទងនឹងរឿងឃាតកម្មពីពេលនេះតទៅ”។

សារដែលផ្ញើតាមគណនីហ្វេសប៊ុកមានឈ្មោះ “ស្វាយ ស៊ីថា ស៊ីថា ស្វាយ” មានខ្លឹមសារថា “សូមឯកឧត្តមនិងអស់លោកតាមគ្រប់ស្ថានីយទូរទស្សន៍រដ្ឋនិងឯកជន សហការអនុវត្តនូវបទបញ្ជាដ៏ម៉ឺងម៉ាត់បំផុតនេះ”។

ទាក់ទងកាលពីថ្ងៃអាទិត្យ លោក ស៊ីថា បានបដិសេធថាមិនបានចេញបញ្ជានោះ និងបានមានប្រសាសន៍ថា គណនីហ្វេសប៊ុកនោះមិនមែនជារបស់លោកទេ ហើយលោកបាននិយាយបន្ថែមថា លោកមានទូរស័ព្ទដៃណូគាចាស់ ដែលមិនអាចផ្ញើសារហ្វេសប៊ុកបានទេ។

លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា អ្នកសារព័ត៌មានភាន់ច្រឡំ។ វាមិនមែនជារបស់ខ្ញុំទេ។ នៅកម្ពុជា មនុស្សជាច្រើនមានឈ្មោះដូចខ្ញុំ ហើយខ្ញុំមិនដឹងអំពីបទបញ្ជានេះទេ”។

មុនពេលដាក់ទូរស័ព្ទចុះ លោកបានមានប្រសាសន៍បន្ថែមថា “ខ្ញុំគិតថា មានគេប្រើឈ្មោះរបស់ខ្ញុំ ពីព្រោះពួកគេចង់រិះគន់រដ្ឋាភិបាល”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានបដិសេធមិនធ្វើអត្ថាធិប្បាយ និងបានបង្វែរសំណួរទៅលោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរបស់ទីស្តីការនេះ។ លោក សុធា បានមានប្រសាសន៍ថា លោកមិនបានដឹងអ្វីទាក់ទិននឹងបទបញ្ជាដែលគេលើកឡើងនេះទេ។

លោក មាស ឫទ្ធី អ្នកអានព័ត៌មាននៅទូរទស្សន៍ហង្សមាស បានមានប្រសាសន៍ថា បុគ្គលិករបស់លោកបានទទួលបទបញ្ជានេះ “ពីទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសៅរ៍” ប៉ុន្តែលោកបានបដិសេធមិននិយាយអំពីរឿងនេះច្រើនទេ ពីព្រោះលោកមិនបានឃើញវាផ្ទាល់។

លោក សោម ឆាយ៉ា អគ្គនាយកទូរទស្សន៍ភីអិនអិន បានមានប្រសាសន៍ថា លោកក៏បានទទួលបទបញ្ជានេះកាលពីថ្ងៃនេះដែរ ហើយបានបញ្ជូនវាបន្តទៅអគ្គនិពន្ធនាយករបស់លោក គឺលោក ប៉ែន បូណា។

លោក បូណា ដែលក៏ជាប្រធានក្លិបអ្នកកាសែតកម្ពុជាដែរ បានមានប្រសាសន៍ថា លោកមិនបានឃើញបទបញ្ជានោះទេ ប៉ុន្តែថា លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅពេលថ្មីៗនេះ បានណែនាំឲ្យស្ថានីយទូរទស្សន៍ឈប់ផ្សាយរូបភាពនៃរាងកាយដាច់ខ្ទេចខ្ទី ដែលឃើញមានជាញឹកញាប់នៅតាមកម្មវិធីព័ត៌មានប្រចាំថ្ងៃ។

លោកបានមានប្រសាសន៍ថា “នាពេលថ្មីៗនេះ យើងបានទទួលបទបញ្ជាមួយពីក្រសួងព័ត៌មាន ស្នើសុំឲ្យស្ថានីយទូរទស្សន៍ឯកជននិងរដ្ឋ ឈប់ផ្សព្វផ្សាយរឿងឃាតកម្មឃោរឃៅ និងរូបភាពមនុស្សស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍”។

លោក កាញារិទ្ធ និងលោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន មិនអាចទាក់ទងបានទេ។

លោក ហ៊ុយ វណ្ណៈ នាយកគ្រប់គ្រងព័ត៌មានទូរទស្សន៍ CTN និងCNC បានមានប្រសាសន៍ថា លោកមិនបានដឹងអំពីបទបញ្ជានេះទេ ប៉ុន្តែថា វានឹងជាជំហានមួយទៅមុខក្នុងប្រទេសមួយដែលរូបភាពគួរឲ្យរន្ធត់ គឺជារូបភាពសំខាន់ទាំងនៅក្នុងព័ត៌មានបោះពុម្ព ទាំងតាមទូរទស្សន៍។

លោកបានមានប្រសាសន៍ថា “ខ្ញុំមិនទាន់បានឃើញបទបញ្ជានេះទេ ប៉ុន្តែខ្ញុំសូមសម្តែងការគាំទ្រចំពោះបទបញ្ជានេះ ពីព្រោះវានឹងធ្វើឲ្យសីលធម៌សង្គមប្រសើរឡើង។ ការផ្សាយនិងការបោះពុម្ពផ្សាយរឿងឃាតកម្មគឺដូចជាការសម្លាប់ជនរងគ្រោះពីរដងអ៊ីចឹង”៕និត