មន្ត្រីស្ថានីយវិទ្យុម្នាក់បាននិយាយថា ស្ថានីយវិទ្យុមួយនៅរាជធានីភ្នំពេញ ដែលកំពុងមើលថែក្មេងស្រីអាយុ១០ឆ្នាំដែលរងការវាយធ្វើបាបយ៉ាងខ្លាំងពីយាយមីងរបស់ក្មេងស្រីនោះបានដាក់បណ្តឹងប្រឆាំងនឹងស្រ្តីនោះកាលពីថ្ងៃសុក្រ ហើយមិនមានគម្រោងប្រគល់ក្មេងស្រីទៅយាយមីងឲ្យមើលថែវិញទេ។
វិទ្យុអេប៊ីស៊ីបានយកក្មេងស្រីមកមើលថែនៅកន្លែងរបស់ខ្លួនកាលពីថ្ងៃសុក្រ ក្រោយពីប៉ូលិសនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានទុកក្មេងស្រីឱ្យរស់នៅជាមួយយាយមីងដដែល ទោះបីមានការឲ្យការណ៍ថា មានការវាយធ្វើបាប និងការសារភាពរបស់យាយមីងក្រោយពីសាកសួរថា គាត់បានធ្វើបាបក្មេង។ អ្នកស៊ើបអង្កេតបានឃើញមុខរបួសថ្មីៗ និងស្នាមជាំពេញខ្លួនក្មេងស្រី។
លោក ឆេល សុវណ្ណារ៉ា បុគ្គលិកអេប៊ីស៊ីបាននិយាយថា កាលពីថ្ងៃអាទិត្យ ស្ថានីយបានដាក់បណ្តឹងជាផ្លូវការទៅកងរាជអាវុធក្រុងដោយចោទប្រកាន់អ្នកស្រី សុខ ផល្លី អាយុ៥០ ឆ្នាំ ពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ អ្នកស្តាប់វិទ្យុអេប៊ីស៊ីម្នាក់ដែលបានហៅទូរស័ព្ទចូលប្រាប់ពីការធ្វើបាប បាននិយាយថា ក្មេងស្រីត្រូវបានវាយនឹងខ្សែភ្លើងនិងរំពាត់។
លោក សុវណ្ណារ៉ា បាននិយាយថា “ម្សិលមិញ យើងបាននាំក្មេងស្រីទៅមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីឆ្លុះមើលលលាដ៍ក្បាល និងខ្លួនប្រាណទាំងមូល ហើយយើងបានបង់ថ្លៃព្យាបាល។ លោកបាននិយាយបន្ថែមថា ការឆ្លុះមើលបានបង្ហាញថា ក្មេងស្រីត្រូវបានវាយដំយ៉ាងធ្ងន់ធ្ងរ ហើយហូបចុកមិនគ្រប់គ្រាន់។
បុគ្គលិករូបនេះបាននិយាយថា “នាងត្រូវបានវាយធ្វើបាបយ៉ាងខ្លាំង ដូចជាលលាដ៍ក្បាលនាងត្រូវគេបោកប៉ះរឹងវត្ថុរឹង ប៉ុន្តែមិនបែកទេ។ នៅលើឆ្អឹងជំនីរមានស្នាមជាំ ហើយយើងក៏បាន ឃើញស្នាមជាំនៅលើខ្នងដែរ”។
លោក សុវណ្ណារ៉ា បាននិយាយថា វេជ្ជបណ្ឌិតបានរៀបចំរបាយការណ៍ពេទ្យដែលវិទ្យុអេប៊ីស៊ីបានបញ្ជូនទៅកងរាជអាវុធហត្ថ។
លោក ផាន់ តារាវុធ មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងបានបញ្ជាក់ថា អង្គភាពរបស់លោកបានទទួលបណ្តឹងពីវិទ្យុអេប៊ីស៊ី ប៉ុន្តែ លោកបានបង្វែរសំណួរនេះទៅលោក ខេន សុវណ្ណ មេបញ្ជាការរងម្នាក់ទៀត។
ទាក់ទងតាមទូរស័ព្ទ លោក សុវណ្ណ បដិសេធមិនពន្យល់ទេ។
មុនពេលដាក់ទូរស័ព្ទចុះជាមួយអ្នកយកព័ត៌មាន លោក សុវណ្ណ បាននិយាយថា”អ្នកឯងជាតុលាការឬ? អ៊ីចឹងអ្នកអាចសួររឿងនេះបាន”។
តាមលោក សុវណ្ណារ៉ា ក្មេងស្រីនៅតែស្ថិតក្រោមការមើលថែរបស់អេប៊ីស៊ី ក្នុងពេលដែលស្ថានីយវិទ្យុពិចារណាជម្រើសរបស់ខ្លួន រួមមានការបញ្ជូនក្មេងស្រីឲ្យអង្គការមិនមែនរដ្ឋាភិបាលមើលថែជាដើម៕ មាំ វិបុល