28.4 C
Phnom Penh

សព​លោក កែម ឡី ត្រូវ​បាន​បញ្ចុះដោយ​​​​​គ្មាន​​​​​​​ទូរ​ទស្សន៍​​​​​ណា​​​​ផ្សាយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុកត្រាំកក់, ខេត្តតាកែវ-នៅទីបំផុតសពលោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវបានខ្មាន់កាំភ្លើងធ្វើឃាតត្រូវបានបញ្ចុះនៅទីធ្លាខាងក្រោយផ្ទះរបស់ម្ដាយលោកកាលពីម្សិលមិញ បន្ទាប់ពីពិធីបុណ្យដ៏អធិកអធ័មដូចពិធីដង្ហែសពកាលពីម្សិលម្ងៃ៉ដែរ ត្រូវបានបណ្ដាស្ថានីយទូរទស្សន៍ធំៗនៅក្នុងប្រទេសចៀសវាងមិនចាក់ផ្សាយ។

នៅក្នុងពិធីហុងស៊ុយដែលមានការរៀបចំយ៉ាងប្រុងប្រយ័ត្នផ្អែកខ្លាំងទៅលើប្រពៃណីចិន អាចារ្យបានដឹកនាំភរិយា និងកូនៗរបស់លោក កែម ឡី ធ្វើពិធីប្រសិទ្ធពរជ័យជាបន្តបន្ទាប់ខណៈសពត្រូវបានលើកដាក់មឈូសឈើដែលឆ្លាក់ក្បាច់រលោងស្រិល និងលើកដាក់ផ្នូរដែលក្រាលទៅដោយផ្កាម្លិះ ក្រដាសមាស។

មឈូសតម្កល់សពលោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ ត្រូវបានលើកដាក់ចូលក្នុងផ្នូរនៅស្រុកកំណើតរបស់លោក ក្នុងភូមិអង្គតាកុប ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
មឈូសតម្កល់សពលោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ ត្រូវបានលើកដាក់ចូលក្នុងផ្នូរនៅស្រុកកំណើតរបស់លោក ក្នុងភូមិអង្គតាកុប ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

បន្ទាប់ពីដើរប្រទក្សិណជុំវិញផ្នូរបីជុំ សាច់ញាតិសពទម្លាក់ដីនៅក្នុងដៃទៅលើក្ដារមឈូសដែលគ្របទង់ជាតិ មុនពេលអ្នកកាន់ទុក្ខផ្សេងទៀតបោះដីចូលដើម្បីលុបបំពេញ។

ដោយខុសពីការរំពឹងទុកតាមប្រពៃណីដែលគេចូលចិត្តបូជាជាង ពិធីបញ្ចុះសពកាលពីម្សិលមិញត្រូវបានធ្វើឡើងសម្រាប់អ្នកអត្ថាធិប្បាយ និងជាអ្នករិះគន់រដ្ឋាភិបាលដ៏មានប្រជាប្រិយភាពរូបនេះ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងវ័យ៤៦ឆ្នាំកាលពីព្រឹកថ្ងៃទី១០ ខែកក្កដា នៅក្នុងស្តាម៉ាតមួយកន្លែងនៅរាជធានីភ្នំពេញ កន្លែងដែលលោកជួបជុំមិត្តភក្ដិ និងសហការីជាញឹកញាប់ដើម្បីពិសាកាហ្វេ។

អ្នកកាន់ទុក្ខរាប់ម៉ឺនសែននាក់បានដង្ហែសពបស់លោកចេញពីរាជធានីភ្នំពេញទៅដល់ផ្ទះរបស់ម្ដាយលោកនៅក្នុងភូមិអង្គតាកុប ខេត្តតាកែវកាលពីថ្ងៃអាទិត្យ។

ចំនួនអ្នកចូលរួមដង្ហែសពបានធ្វើឱ្យលោកយាយ ភោគ សែ វ័យ៧៧ឆ្នាំ ដែលជាម្ដាយរបស់លោក កែម ឡី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ លោកយាយនិយាយថា “ខ្ញុំរំភើបចិត្តណាស់ ហើយខ្ញុំគិតថា កូនប្រុសខ្ញុំស្លាប់ដោយមានកិត្តិយស ប៉ុន្តែគ្មានផ្លូវយកវាមកវិញទេ ទោះបីជាមនុស្សមកច្រើនយ៉ាងណាក្ដីក៏ខ្ញុំនៅតែនឹកកូនប្រុសរបស់ខ្ញុំ។

ទោះបីជាលោកយាយបានបដិសេធមិនប៉ាន់ស្មានពីមូលហេតុដែលអាចកើតមាននៅពីក្រោយការធ្វើឃាតរបស់កូនប្រុសលោកយាយក្ដី ក៏ការសង្ស័យអំពីការធ្វើឃាតនយោបាយបានធ្វើឱ្យប្រជាជនទូទាំងប្រទេសជឿ ហើយគឺជាហេតុផលធ្វើឱ្យមានការកាន់ទុក្ខជាសាធារណៈ។ អាវយឺតរបស់បុរសវ័យក្មេងម្នាក់នៅឯពិធីបញ្ចុះសពកាលពីម្សិលមិញ មានអក្សរបោះពុម្ពពណ៌នាពីអារម្មណ៍ថា “ពិភពលោកដឹងថាអ្នកណាជាអ្នកសម្លាប់ពួកគាត់” នៅពីក្រោមមុខរបស់លោក កែម ឡី លោក ជា វិជ្ជា ប្រធានសហជីព និងលោក ឈុត វុទ្ធី សកម្មជនបរិស្ថាន។

ដូចលោក កែម ឡី ដែរ បុគ្គលពីរនាក់ទៀតដែលជាអ្នករិះគន់គណបក្សប្រជាជនកម្ពុជាមិនសំចៃមាត់ ត្រូវបានបាញ់សម្លាប់ក្រោមស្ថានភាពបង្ហាញថា វាជាស្នាដៃរបស់រដ្ឋាភិបាល។

លោក សយ វិសាល និពន្ធនាយកគេហទំព័រសំឡេងប្រជាប្រជាធិបតេយ្យ (VOD) ដែលបានធ្វើការជាមួយលោក កែម ឡី និងដែលបានធ្វើវិយោគកថាកាលពីម្សិលមិញបានមានប្រសាសន៍ថា ជីវិតនិងការស្លាប់របស់មិត្តភក្ដិលោកគឺដូចពួកគាត់អ៊ីចឹងដែរ។

លោកមានប្រសាសន៍ទៀតថា “គាត់បានជំរុញឱ្យយើងតស៊ូ និងយល់ថាការរស់នៅដោយគ្មានសេរីភាពគឺធ្ងន់ធ្ងរជាងស្លាប់ដើម្បីប្រយុទ្ធទាមទារសេរីភាពទៅទៀត។ គាត់បានត្រៀមខ្លួនស្លាប់ជាយូរមកហើយ ហើយគាត់បានស្លាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនឱ្យខិតខំធ្វើការដើម្បីសេរីភាព។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធថា រដ្ឋាភិបាលមិនជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោក កែម ឡី នោះទេ ហើយខ្មាន់កាំភ្លើងដែលត្រូវបានចាប់ខ្លួនក្នុងពេលប្រហែលកន្លះម៉ោងក្រោយពីការបាញ់ប្រហារអះអាងថា ខ្លួនសម្លាប់លោក កែម ឡី ដោយសារខឹងរឿងប្រាក់៣.០០០ដុល្លារ ដែលអ្នកវិភាគរូបនេះខ្ចីមិនព្រមសង។

ទោះជាយ៉ាងណា អ្នកគាំទ្រលោក កែម ឡី មិនទទួលយកការអះអាងទាំងពីរនេះឡើយ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីម្សិលមិញថា ”អាជ្ញាធរគ្មានតម្រុយបន្ថែមទៀតទេនៅក្នុងសំណុំរឿងនេះ ដោយសារតែជនសង្ស័យមិនព្រមនិយាយលម្អិតអំពីចម្លើយសារភាពដើមរបស់ខ្លួន។

ប៉ុន្តែសូម្បីលោក សុខ ទូច អ្នកស្រាវជ្រាវគាំទ្ររដ្ឋាភិបាលដែលបានចូលរួមក្នុងពិធីបុណ្យសពរបស់លោក កែម ឡី នៅក្នុងតាកែវ បានមានប្រសាសន៍ថា រដ្ឋាភិបាលត្រូវតែធ្វើឱ្យសាធារណជនយល់ថា ខ្លួនទទួលបានយុត្តិធម៌ ប្រសិនបើមិនដូច្នោះទេ រដ្ឋាភិបាលនឹងប្រឈមផលវិបាកនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

លោកបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា “ប្រសិនបើរដ្ឋាភិបាលរកមិនឃើញឧក្រិដ្ឋជននៅពីក្រោយរឿងនេះ ហើយធ្វើការបកស្រាយឱ្យបានច្បាស់លាស់ទេ ប្រជាពលរដ្ឋនឹងធ្វើជាតុលាការ។ តុលាការប្រជាជនកើតឡើងរាល់៥ឆ្នាំម្ដង ដូច្នេះរដ្ឋាភិបាលចាំបាច់ត្រូវស្វែងរកការពិតដើម្បីក្មេងជំនាន់ក្រោយ”។

ពិធីដង្ហែសពលោក កែម ឡី កាលពីម្សិលម្ងៃ៉ គឺជាការដង្ហែសពដ៏ធំបំផុតនៅក្នុងប្រទេសចាប់តាំងពីពិធីដង្ហែព្រះបរមសពសម្ដេចឪកាលពីឆ្នាំ២០១៣ ដោយបញ្ឈប់ការធ្វើចរាចរណ៍នៅលើផ្លូវធំពីរខ្សែនៅក្នុងរាជធានីភ្នំពេញ ដោយសារក្បួនអ្នកកាន់ទុក្ខដ៏វែងដែលមានចម្ងាយរាប់គីឡូម៉ែត្រ និងចំណាយពេលស្ទើរមួយព្រឹកទម្រាំតែហែចេញផុតពីរាជធានី។

ទោះជាយ៉ាងណា ក្នុងចំណោមស្ថានីយទូរទស្សន៍ធំៗនៅក្នុងប្រទេស គ្មានស្ថានីយណាមួយផ្សាយអំពីពិធីដង្ហែសព ឬពិធីបញ្ចុះសពលោក កែម ឡី ឡើយ។ និពន្ធនាយកនៅស្ថានីយទាំងនោះនិយាយថា ពួកគេខ្វះបុគ្គលិកធ្វើការ មិនផ្សាយព័ត៌មាននៅចុងសប្ដាហ៍ ឬក៏មានរឿងល្អជាងនេះដែលត្រូវចុះផ្សាយ។

cam-photo-front-channa-5លោក ហ៊ុយ វណ្ណៈ និពន្ធនាយកព័ត៌មាននៃស្ថានីយទូរទស្សន៍ ស៊ីធីអិន និង ស៊ីអិនស៊ី ដែលសុទ្ធតែជារបស់អ្នកឧកញ៉ា គិត ម៉េង ដែលជាមនុស្សស្មោះស្ម័គ្រនឹងរដ្ឋាភិបាលបានលើកឡើងថា ស្ថានីយទូរទស្សន៍របស់លោកជាប់រវល់ផ្សាយព្រឹត្តិការណ៍ផ្សេងៗទៀត។ លោកបន្តថា “យើងបានខកខានការដង្ហែសព ពីព្រោះយើងគ្មានពេលផ្សាយព្រឹត្តិការណ៍នេះ ពីព្រោះស្ថានីយទូរទស្សន៍រវល់ចាក់ផ្សាយការប្រគំតន្ត្រី និងកីឡាប្រដាល់”។

លោក បែន បូណា និពន្ធនាយកនៅស្ថានីយទូរទស្សន៍ ភីអិនអិន របស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា ស្ថានីយទូរទស្សន៍នេះមិនដែលផ្សាយព័ត៌មាននៅថ្ងៃអាទិត្យទេ ហើយថា លោកមិនដឹងថាតើស្ថានីយទូរទស្សន៍នេះនឹងព្យាយាមដូចគេឬក៏អត់នោះទេ។

លោកបានបញ្ជាក់ថា “យើងនឹងមិនចាក់ផ្សាយវាទេ ប្រសិនបើយើងមានព្រឹត្តិការណ៍មួយផ្សេងទៀតដែលសំខាន់ជាងព័ត៌មានស្ដីពីលោក កែម ឡី ពីព្រោះយើងត្រូវបានតម្រូវឱ្យផ្សាយនូវអ្វីដែលសំខាន់ និងអ្វីដែលថ្មី។

លោក ឈាង ប៊ុនថា និពន្ធនាយកព័ត៌មាននៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣បានមានប្រសាសន៍ថា បុគ្គលិករបស់លោកមិនធ្វើការទេនៅថ្ងៃអាទិត្យ ហើយខាងក្រុមហ៊ុនមិនបើកប្រាក់ឱ្យបុគ្គលិកសម្រាប់ការធ្វើការបន្ថែមម៉ោងទេ។

ចំណែកឯលោក ពៅ សុខ និពន្ធនាយករងផ្នែកព័ត៌មាននៅស្ថានីយទូរទស្សន៍ហង្សមាស បានបញ្ជាក់ថា ការដែលកម្មវិធីផ្សាយរបស់ស្ថានីយទូរទស្សន៍លោកមិនផ្សាយអំពីការដង្ហែសពលោក កែម ឡី គ្មានអ្វីពាក់ព័ន្ធនឹងរឿងនយោបាយទេ។

លោកបានមានប្រសាសន៍ថា ស្ថានីយទូរទស្សន៍នេះគ្រោងចាក់ផ្សាយរូបភាពដង្ហែសពលោក កែម ឡី កាលពីម្សិលមិញ ប៉ុន្តែដោយសារតែប្រធានរបស់លោកមានជំងឺទើបប្ដូរកាលវិភាគផ្សាយវិញ ហើយថា ពួកលោកមិនផ្សាយពិធីបញ្ចុះសពលោក កែម ឡី នោះទេ ដោយសារបារម្ភខ្លាចអ្នកទស្សនាទប់អារម្មណ៍មិនបាន។

លោកបានបន្តថា “យើងមិនចង់ផ្សាយពិធីបញ្ចុះសពទេ ព្រោះប្រជាពលរដ្ឋនឹងក្រៀមក្រំប្រសិនបើពួកគាត់ឃើញសាកសព។ ហើយគោលការណ៍របស់ស្ថានីយទូរទស្សន៍គឺមិនផ្សាយពិធីបុណ្យសពទេ លើកលែងតែពិធីបុណ្យសពរបស់មន្ត្រីរដ្ឋាភិបាលកំពូលៗ៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស