ក្រុមអ្នករិះគន់បាននិយាយកាលពីម្សិលមិញថា កិច្ចព្រមព្រៀងដែលមានទឹកប្រាក់២,៦លានដុល្លាររបស់ក្រុមហ៊ុន Walt Disney ដើម្បីអភិរក្សព្រៃឈើទំហំជិត៣០០.០០០ហិកតានៅក្នុងប្រទេសកម្ពុជាភាគបូពា៌តាមរយៈការទិញឥណទានកាបូន ចាំបាច់ត្រូវពុះពារបរាជ័យនាពេលកន្លងមកដើម្បីទទួលបានជោគជ័យ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការសង្គមអភិរក្សសត្វព្រៃ (WCS) ដែលបានសម្របសម្រួលការដោះដូរបានឱ្យដឹងថា ពាណិជ្ជកម្មកាបូនសំដៅទប់ស្កាត់ការបំភាយទម្ងន់៣៦៥.០០០តោន ដោយក្រុមហ៊ុនកម្សាន្តដ៏ធំនេះ ដោយការអភិរក្សព្រៃឈើទំហំ២៩២.៦៩០ហិកតា នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា រហូតដល់ឆ្នាំ២០១៩។
មន្ត្រីរដ្ឋាភិបាល និងអង្គការសង្គមអភិរក្សសត្វព្រៃ បានសាទរកិច្ចព្រមព្រៀងនេះថា ជាជោគជ័យដ៏សំខាន់ក្នុងការការពារប្រភេទសត្វព្រៃជាង៦០ប្រភេទដែលរងការគំរាមកំហែងនៅក្នុងដែនជម្រកសត្វព្រៃខេត្តមណ្ឌលគិរីដោយការផ្ដល់ប្រាក់លើកទឹកចិត្តដល់អ្នកភូមិក្នុងមូលដ្ឋានដើម្បីអភិរក្សព្រៃឈើ ដោយផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពួកគាត់ និងការបង្កើនការរៀបចំគោលនយោបាយ។
លោក រស់ ស៊ីនគ្លែរ (Ross Sinclair) នាយកប្រចាំប្រទេសអង្គការសង្គមអភិរក្សសត្វព្រៃបានសរសេរនៅក្នុងអុីម៉េលថា “ប្រាក់ចំណូលស្ទើរតែទាំងអស់នឹងទុកសម្រាប់ការការពារព្រៃឈើ និងការអភិវឌ្ឍសហគមន៍។ វានឹងរួមចំណែកដ៏សំខាន់ក្នុងការកាត់បន្ថយការកាប់ឈើ និងការបរបាញ់ខុសច្បាប់តាមរយៈការគាំទ្រ និងការចូលរួមពីសហគមន៍ក្នុងមូលដ្ឋាន”។
លោក ជួប ប៉ារីស អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃក្រសួងបរិស្ថានមានប្រសាសន៍ថា ទឹកប្រាក់នេះនឹង “ធ្លាក់ទៅលើសហគមន៍ដោយផ្ទាល់”។ លោកបានមានប្រសាសន៍ថា “យើងនឹងពិភាក្សាជាមួយប្រជាពលរដ្ឋពីអ្វីដែលពួកគាត់ត្រូវការពិតប្រាកដ”។
ទោះយ៉ាងណា ក្រុមអ្នករិះគន់បានព្រមានថា គំនិតផ្ដួចផ្ដើមពាណិជ្ជកម្មកាបូនលើកដំបូងរបស់ប្រទេសកម្ពុជា ដែលគេស្គាល់ថា REDD សម្រាប់ការកាត់បន្ថយការបំភាយកាបូនពីការកាប់បំផ្លាញព្រៃឈើ និងការសឹករេចរឹលមិនបានទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅក្នុងខេត្តឧត្ដរមានជ័យទេ។ កិច្ចព្រមព្រៀងឆ្នាំ២០០៧រវាងរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីអភិរក្សព្រៃឈើទំហំ៨.០០០ហិកតា ត្រូវបានបង្កើតឡើងជាមួយគោលបំណងការពារព្រៃឈើស្រដៀងគ្នានេះ។ ប៉ុន្តែអ្នករៀបចំផែនការមិនបានប្រគល់ដីដល់វិនិយោគិនណាមួយទេ ហើយក្រុមអ្នកភូមិទំនងជាបានបោះបង់ចោលគម្រោងនេះអំឡុងការកាប់បំផ្លាញព្រៃឈើដោយក្រុមកាប់ឈើខុសច្បាប់។
លោក ធីម ហ្វ្រេវើ (Tim Frewer) ដែលបានស្រាវជ្រាវកម្មវិធីនេះក្នុងនាមលោកជានិស្សិតក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ ស៊ីដនី បានសរសេរនៅក្នុងអុីម៉េលកាលពីម្សិលមិញថា ប្រជាពលរដ្ឋជាច្រើននៅក្នុងខេត្តឧត្តរមានជ័យមិនទាន់បានឃើញទម្រង់នៃផលប្រយោជន៍ជារូបិយវត្ថុណាមួយទេ ហើយផ្ទុយទៅវិញដីរបស់ពួកគាត់ត្រូវបានបាត់បង់ទៅលើទាហាន និងអ្នករកស៊ីគួកជេដី”។
លោកបានមានប្រសាសន៍ថា ភាគច្រើននៃអ្នកភូមិដែលលោក ហ្វ្រេវើ បានសម្ភាសមិនដែលទទួលបានប្រាក់តាមការសន្យារបស់កម្មវិធីនេះសម្រាប់ការល្បាតព្រៃ ឬទទួលបានប័ណ្ណកម្មសិទ្ធិដីឡើយ។ ពាក់កណ្ដាលនៃពួកគាត់ដែលបានស្ទង់មតិ បានបាត់បង់ដីរបស់ខ្លួនទៅលើក្រុមហ៊ុន ទាហាន ឬមន្ត្រីក្នុងមូលដ្ឋាន។
លោក ហ្វ្រេវើ បានថ្លែងថា “ដូចក្នុងខេត្តឧត្តមានជ័យដែរ ហានិភ័យធំគឺថា នៅពេលមូលនិធិស្នូលអស់ទៅ សហគមន៍នឹងត្រូវពឹងផ្អែកលើខ្លួនឯងក្នុងការដោះស្រាយភាពស្មុគស្មាញទាក់ទិនការអះអាងសិទ្ធិកាន់កាប់ដីព្រៃ និងដីដែលត្រួតស៊ីគ្នា”។
លោកស្រី ឡឹក ស្រីនាង មន្ត្រីគម្រោងនៅអង្គការជនជាតិដើមភាគតិចកម្ពុជា មានប្រសាសន៍ថា លោកស្រីមិនជឿទុកចិត្តលើរដ្ឋាភិបាលក្នុងការបញ្ជូនប្រាក់ណាមួយតាមរយៈកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន Disney ទៅឱ្យជនជាតិព្នងក្នុងមូលដ្ឋានដែលពឹងផ្អែកទៅលើព្រៃឈើឡើយ។ ប៉ុន្តែលោកស្រីបានលើកឡើងកាលពីម្សិលមិញថា លោកស្រីនៅតែសង្ឃឹមថា “ប្រសិនបើប្រាក់នេះធ្លាក់ទៅលើអង្គការជនជាតិដើមភាគតិចមែននោះ វាជាការល្អណាស់ ព្រោះយើងធ្វើការដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ”៕ សារុន