35 C
Phnom Penh

ប្រទេស​​​ចិន​​​សរសើរ​​​ភាពមិន​​​លម្អៀង​​​របស់​​​ភាគី​​​កម្ពុជា​​​ ​​​នៅ​​​​​ក្នុង​​​ជម្លោះដែន​​​ទឹក​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានសរសើរកម្ពុជាសម្រាប់ “ភាពមិនលម្អៀង” នៅក្នុងអាស៊ាន បន្ទាប់ពីកម្ពុជាបានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់អាសា៊នក្នុងការលើកឡើងជាផ្លូវការនូវសាលដីការបស់តុលាការអន្តរជាតិស្តីពីបញ្ហាសមុទ្រចិនខាងត្បូងដែលធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងខឹងយ៉ាងខ្លាំង។

Cambodia's Foreign Minister Prak Sokhon arrives at a meeting at the sidelines of the ASEAN foreign ministers meeting in Vientianeសាលដីកាកាលពីថ្ងៃទី១២ ខែកក្កដា បានច្រានចោលការអះអាងសិទ្ធិកាន់កាប់ដែនទឹកមួយភាគធំរបស់ចិននៅក្នុងដែនសមុទ្រនេះ ហើយភាគច្រើននៃប្រទេសសមាជិកអាស៊ានទាំង១០ចង់ឲ្យវាត្រូវបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ មុនកិច្ចប្រជុំនៅក្នុងប្រទេសឡាវ រវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន លោក វ៉ាង យី និងលោក ចន ឃើរី រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកកាលពីម្សិលមិញនិងថ្ងៃនេះ។

ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍រួមដែលចេញពីម្សិលមិញ មិនបានលើកឡើងអំពីសាលដីការបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ដែលគាំទ្រដោយអង្គការសហប្រជាជាតិឡើយ បន្ទាប់ពីប្រទេសកម្ពុជាដែលក្នុងពេលថ្មីៗនេះចិនបានសន្យាផ្តល់ជំនួយជាងកន្លះពាន់លានដុល្លាររហូតដល់ឆ្នាំ២០១៨ បានវេតូ។

លោក វ៉ាង យី ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងាររ៉យទ័រ បន្ទាប់ពីសេចក្តីថ្លែងការណ៍ត្រូវបានចេញមកថា “ចិនឯកភាពទាំងស្រុងជាមួយប្រទេសកម្ពុជា និងប្រទេសសមាជិកអាស៊ានផ្សេងទៀតដែលមិនលម្អៀង និងការពារភាពត្រឹមត្រូវ”។

ដោយទំនងជារិះគន់សហរដ្ឋអាមេរិកចំពោះការជ្រៀតជ្រែកនោះ លោក វ៉ាង យីបានមានប្រសាសន៍ថា “យើងនឹងមិនអនុញ្ញាត ឲ្យកម្លាំងខាងក្រៅណាមួយស្វះស្វែងកេងយកចំណេញ ឃោសនាបំផ្លើសសំណុំរឿងរបស់តុលាការមជ្ឈត្តកម្មស្តីពីសមុទ្រចិនខាងត្បូង និងនាំភាពច្របូកច្របល់មកកាន់តំបន់នេះឡើយ”។

កម្ពុជាបានច្រានចោលម្តងហើយម្តងទៀតចំពោះការចោទប្រកាន់ដែលថា ខ្លួនត្រូវបានចិនចាត់ទុកថា ជាអ្នកជួយដ៏សម្ងាត់នៅក្នុងអាស៊ាន ដែលតម្រូវឲ្យមានការឯកភាព ប៉ុន្តែក្រុមមន្ត្រីការទូតបាននិយាយថា កម្ពុជាក៏ចង់ឲ្យដកចេញនូវឃ្លាគេទទួលយកតាមជាទូទៅពីមុនមក ដែលសម្តែងកង្វល់អំពី”សកម្ម ភាពយោធា”នៅក្នុងដែនសមុទ្រនេះដែរ។

មន្ត្រីការទូតអនាមិកត្រូវបានសកស្រង់សម្តីដោយទីភ្នាក់ងាររ៉យទ័រកាលពីថ្ងៃសៅរ៍មកថា “កម្ពុជាមិនគួរឲ្យជឿទេ”។

ប្រទេសសមាជិកអាស៊ានពាក់កណ្តាលមានដូចជាប្រទេសវៀតណាម ឥណ្ឌូណេស៊ី  ម៉ាឡេស៊ី ព្រុយណេ និងហ្វីលីពីនជាដើមនោះក៏បានអះអាងសិទ្ធិកាន់កាប់ដែនទឹក ឬក៏សិទ្ធិប្រើប្រាស់ផ្សេងៗនៅក្នុងដែនសមុទ្រនេះដែរ ហើយភាគច្រើនមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសកម្មភាពយោធារបស់ចិនដែលកំពុងមានការកើនឡើង និងគម្រោងវាតទីយកដែនទឹកនៅទីនោះ។

ទោះបីជាកម្ពុជាខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ តែសេចក្តីថ្លែងការណ៍រួមកាលពីម្សិលមិញបានលើកឡើងថាអាស៊ាន “ព្រួយបារម្ភយ៉ាងខ្លាំងអំពីការអភិវឌ្ឍនាពេលថ្មីៗនិងកំពុងបន្ត” នៅក្នុងដែនសមុទ្រនេះ ដែលធ្វើឲ្យថយចុះសេចក្តីទុកចិត្ត ធ្វើឲ្យភាពតានតឹងកើនឡើង និងប្រហែលធ្វើឲ្យខូចសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់”។

សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារដូច្នេះថា”យើងសង្កត់ធ្ងន់អំពីសារៈសំខាន់នៃភាពគ្មានសកម្មភាពយោធា និងការអត់ធ្មត់នៅក្នុងការអនុវត្តសកម្មភាពទាំងអស់ រួមមានដូចជាការវាតទីយកដែនទឹកដែលអាចបន្តធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញ និងធ្វើឲ្យភាពតានតឹងកើនឡើងកម្តៅនៅសមុទ្រចិនខាងត្បូង”។

លោក អៀ សុផល សាស្ត្រាចារ្យរងផ្នែកការទូត និងកិច្ចការពិភពលោកនៅ Occidental College ក្នុងក្រុងឡូស អេនជឺឡេស និងជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា”ការពឹងផ្អែកលើជំនួយនៅក្នុងប្រទេសកម្ពុជា៖វិធីដែលជំនួយបរទេសធ្វើឲ្យដំណើរការលទ្ធិប្រជាធិបតេយ្យទន់ខ្សោយ” បានលើកឡើងថា  វាច្បាស់ណាស់ថា ចិនបានទិញភាពស្មោះត្រង់របស់កម្ពុជា។

លោកបានមានប្រសាសន៍ថា “កម្ពុជាស្ថិតនៅក្រោមឥទ្ធិពលរបស់ប្រទេសចិនតាំងពីឆ្នាំ២០១២មក ហើយគួរតែនឹកដល់សុភាសិតអាហ្វ្រិកដែលថា បុរសដែលស្ថិតក្រោមឥទ្ធិពលរបស់បុរសម្នាក់ផ្សេងទៀតដាច់ខាតត្រូវធ្វើតាមបុរសរូបនោះជានិច្ច”។ លោកបានបន្ថែមថា វាគ្រាន់តែចម្លែកថា តើកម្ពុជាកាត់ផ្តាច់ចេញពីវៀតណាមបានកម្រិតប៉ុណ្ណា។

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជាភាគច្រើន រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងទទួលបានបទពិសោធន៍នយោបាយដំបូងក្រោមការបង្ហាត់បង្រៀនពីអ្នកផ្តល់ដំបូន្មានវៀតណាម អំឡុងរបបសង្គមនិយមលើកបន្តុបដោយរដ្ឋាភិបាលក្រុងហាណូយក្នុងទសវត្សរ៍ឆ្នាំ១៩៨០ដែលមានសង្គ្រាមជាមួយខ្មែរក្រហមដែលគាំទ្រដោយចិន។

លោក អៀ សុផល បានថ្លែងថា “គេមានការចាប់អារម្មណ៍នៅក្នុងការឃើញប្រទេសវៀតណាមមិនអាចមានឥទ្ធិពលលើមន្ត្រីកម្ពុជាពាក់ព័ន្ធបញ្ហានេះ។ ឥទ្ធិពលរបស់បងធំបងតូចទាំងអស់នោះបានរលាយ ពេលនិយាយអំពីសមុទ្រចិនខាងត្បូង និងការដែលកម្ពុជាដើរតាមលំអានរបស់ចិន”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងម្តងទៀតអំពីជំហរប្រទេសកម្ពុជាដែលថា ក្រោមគោលការណ៍អនុវត្តនៃភាគីដែលពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង អាស៊ានមិនគួរធ្វើសកម្មភាពរួមគ្នាលើជម្លោះដែនទឹកឡើយ ហើយបានច្រានចោលការអះអាងដែលថា ចិនកំពុងទិញឥទ្ធិពល។

លោកបានមានប្រសាសន៍ថា “ចាប់តាំងពីឆ្នាំ២០១២មក ពេលកម្ពុជាធ្វើជាប្រធាននៃកិច្ចប្រជុំអាស៊ាន ហើយចិនបានផ្តល់ប្រាក់មួយចំនួនដល់យើងនោះ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានចោទប្រកាន់កម្ពុជាថា ជាអាយ៉ងរបស់ចិន”។

លោកបានបន្ថែមថា “ប៉ុន្តែ ពួកគេគួរតែអាន [គោលការណ៍អនុវត្តន៍] និងអ្វីដែលយើងគួរធ្វើ និងមិនគួរធ្វើ ដោយមានការឯកភាពពីប្រទេសសមាជិកអាស៊ានទាំងអស់។ លោកបានបន្ថែមថា បំណកស្រាយត្រឹមត្រូវគាំទ្រជំហរកម្ពុជាប្រឆាំងអាស៊ានដែលរួមគ្នាប្រឆាំងចិនពាក់ព័ន្ធនឹងជម្លោះដែនទឹកនេះ។

លោកបានថ្លែងបន្តថា “ការដាក់សម្ពាធឲ្យកម្ពុជាគោរពសាលដីកាអន្តរជាតិគឺមិនត្រឹមត្រូវទេ ព្រោះកម្ពុជាមិនចាប់អារម្មណ៍។ យើងចាប់អារម្មណ៍លើសន្តិភាព និងស្ថិរភាពព្រមទាំងសេរីភាពនៃការធ្វើដំណើរតាមដែនទឹក”។

លោកបានថ្លែងបន្ថែមទៀតថា”ការចោទប្រកាន់ណាមួយ [ដែលថាជាអាយ៉ង] ជារឿងគួរឲ្យខ្មាសអៀនណាស់។ យើងគោរពតាមច្បាប់ មិនមែនសំឡេងភាគ ច្រើនទេ”។

កាលពីខែកក្កដា ឆ្នាំ២០១២ អាស៊ានមិនបានចេញសេចក្តីថ្លែងការណ៍រួមជាលើកដំបូងក្នុងប្រវត្តិ៤៥ឆ្នាំរបស់ខ្លួន។ កម្ពុជាដែលធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំនេះនៅក្នុងរាជធានីភ្នំពេញត្រូវបានចោទប្រកាន់នៅពេលនោះថា ត្រូវបានចិនផ្តល់ប្រាក់ឲ្យដើម្បីឲ្យមានចេនាធ្វើឲ្យខូចសេចក្តី ថ្លែងការណ៍ ឬក្រមប្រតិបត្តិ។

កាលពីថ្ងៃអាទិត្យ កាសែត The Wall Street Journal បានធ្វើសេចក្តីរាយការណ៍ព័ត៌មានពីការត្អូញត្អែរបស់ក្រុមមន្ត្រីការទូតអាស៊ានដែលគេមិនបញ្ចេញឈ្មោះអំពីការការកែប្រែច្បាប់របស់អាស៊ានដើម្បីអនុញ្ញាតឲ្យមានការចេញសេចក្តីថ្លែងការណ៍ដោយពុំចាំបាច់មានការឯកភាពគ្រាន់តែមានការព្រមព្រៀងពីសម្ព័ន្ធតូចៗទៅបានហើយ ដែលនឹងអនុញ្ញាតឲ្យសំឡេងភាគច្រើន “មានដំណើរការទៅមុខលើបញ្ហាដ៏ចម្រូងចម្រាស”។

លោក អៀ សុផល បានលើកឡើងទៀតថា អាស៊ាននឹងនៅតែជាប់គាំងលើបញ្ហាសមុទ្រ ចិនខាងត្បូង បើប្លុកនេះនៅតែមានប្រទេសកម្ពុជានិងមានច្បាប់បច្ចុប្បន្នរបស់ខ្លួន។

លោកបានមានប្រសាសន៍ថា “អាស៊ានទៅណាមិនរួចពីចំណុចនេះទេ។ពួកគេបរាជ័យដោយសារវិធីប្រតិបត្តិរបស់ខ្លួនដែលលោក ផៃ ស៊ីផាន បានកំណត់ហៅប្រកបដោយភាពប៉ិនប្រសប់ថា កុងសង់ស៊ីសនោះ”៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស